នាយក​រដ្ឋ​មន្ត្រី​ ប្រកាស​​បញ្ចប់​ព្រឹត្តិ​ការណ៍​​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​សហ​គមន៍​នៅ​ថ្ងៃ​នេះ​

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ (ជន ចាន់រ៉ែន)

នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃនេះ ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា ដោយសារ​កម្ពុជា បាន​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី១៩បាន និង​ពុំ​មាន​រក​ឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​ថ្មី​ក្នុងរយៈពេល១៤ថ្ងៃ​កន្លងមក​នេះ។

តាមរយៈ​ការ​ថ្លែង​សារ​វីដេអូ​ពិ​សេស​មួយនៅ​ថ្ងៃអង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា ត្រូវ​ប្រកាស​បិទ​បញ្ចប់ដោយសារ​មូលហេតុ​សំ​ខាន់​ៗចំនួន៣។

លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើង​នូវ​មូលហេតុ​ទាំងនោះ​ថា ដោយសារ​កម្ពុជាអាច​គ្រប់គ្រង​បាន​ហើយ​សម្រាប់​ព្រឹត្តិ​ការណ៍២៨វិច្ឆិកា ដោយ​មិន​មាន​រក​ឃើញ​អ្នកជំងឺ​កូ​វីដ១៩ថ្មី​ក្នុងរយៈពេល១៤ថ្ងៃ ខណៈ​អ្នកជំងឺ​ក្នុង​ព្រឹត្តិ​ការណ៍​នេះបាន​ជាសះស្បើយ​ជាបន្តបន្ទាប់ដែល​នៅសល់​តែ៣នាក់​កំពុង​ព្យាបាល ហើយ​ក្រៅពីនោះ អ្នក​ដែល​ត្រូវ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​នៅសល់​តែ៨នាក់ដែល​ពុំ​មាន​ហានិភ័យ​នៃ​ការ​ឆ្លង។

ចំពោះពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ចាប់តាំងពី​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ១៩នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នោះ មកដល់ពេលនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ក៏​ពុំ​ទាន់​រក​ឃើញថា​ មានការ​ឆ្លង​ជំងឺ​នេះ​មក​ពី​ប្រទេសជិតខាង​ដែរ។

លោក​បាន​គូសបញ្ជាក់​ថា៖ «បើ​ទោះ​ថ្ងៃនេះ​យើង​បិទ​បញ្ចប់​ព្រឹត្តិការណ៍២៨វិច្ឆិកា​ក៏​ពិតមែន ក៏ប៉ុន្តែ​មិនមែន​មានន័យថា កូ​វីដ​ត្រូវ​បាន​បញ្ចប់​ទេ​ បញ្ហា​កូ​វីដ​អត់​ទាន់​ចប់​ទេ ប្រហែស​តែ​បន្តិច​គឺ​កើតរឿង»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ក្រើនរំឭក​ជាថ្មី​នូវ​វិធានការ​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ផង​ដែរ ជាពិសេសត្រូវ​អនុវត្ត​នូវ​វិធានការ៣ការពារ រួមមាន ពាក់​ម៉ាស់ លាងដៃ និង​រក្សា​គម្លាត​សុវត្ថិភាព១ម៉ែត្រ​កន្លះ​ឡើង ហើយ​ក្រៅពីនោះ អ្នក​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័​កក៏​ត្រូវ​អនុវត្ត​ឱ្យ​បាន​គ្រប់១៤ថ្ងៃ។

បើ​តាម​ការ​ជូនដំណឹង​របស់ក្រ​សួង​សុខាភិបាលនៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកជំងឺ​កូ​វីដ១៩ដែល​បាន​រក​ឃើញ​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា មាន​ចំនួន៤១នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន៣៨នាក់ ខណៈ​សំណាក​ដែល​ត្រូវ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ១៩នៅសល់​ចំនួន៨សំណាក ក៏​មាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់។

គិត​មកដល់​ព្រឹក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបាន​រក​ឃើញ​អ្នកជំងឺ​កូ​វីដ១៩ សរុប​ចំនួន៣៦៤នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន៣៦០នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន៤នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ