សមត្ថ​កិច្ច​​កំពុង​​ស្រាវ​ជ្រាវ​​ស្វែង​រក​​ចាប់​ខ្លួន​​ខ្មាន់​​កាំភ្លើង​​ម្នាក់​​ដែល​​បាញ់​សម្លាប់​​មន្ត្រី​​នគរ​បាល​​រាជ​ធានី​​ភ្នំពេញ​​

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក រ៉េ​ត ស៊ី​ណែ​ត។ (​ហ្វេសប៊ុក​ជនរងគ្រោះ​)

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវនិង​ស្វែងរក​ចាប់ខ្លួន​ខ្មាន់​កាំភ្លើង​ម្នាក់ដែល​បាន​បាញ់ប្រហារ​សម្លាប់​មន្ត្រី​នគរបាល​មួយ​រូប​ កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃពុធ​នេះ​ នៅក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ។

របាយការណ៍​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ បានឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក រ៉េ​ត ស៊ី​ណែត អាយុ៣៩ឆ្នាំ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​២គ្រាប់​ចំ​ដងខ្លួន និង១គ្រាប់​ចំក្បាល បណ្ដាល​ឱ្យ​ស្លាប់​នៅ​ទីកន្លែង​កើតហេតុ​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី នៅ​មុ​ខព្រលា​នយន្តហោះអន្តរជាតិ​ភ្នំពេញ នៅ​វេលា​ម៉ោង១២យប់​ឈាន​ចូល​ថ្ងៃពុធ ក្រោយពី​មាន​ទំនាស់​ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍។

មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថរាជធានី​ភ្នំពេញ លោក រ័ត្ន ស៊្រាង បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា កម្លាំង​អាវុធហត្ថ​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ខ្មាន់​កាំភ្លើង ដើម្បី​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​ទៅតាមច្បាប់។

របាយការណ៍​របស់​សមត្ថកិច្ច​ដដែល​នោះ បញ្ជាក់​ថា ខ្មាន់​កាំភ្លើង​បាន​បើកបរ​រថយន្ត Lexus RX300 មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ «សៀមរាប 2A 4546» ហើយ​រថយន្ត​នោះ​បាន​ប៉ះ​គ្នា​ជាមួយ​រថយន្ត​របស់​ជនរងគ្រោះ។

មេ​ប៉េ​អឹ​មរា​ជធានី​ភ្នំពេញ បានឱ្យ​ដឹងផង​ដែរ​ថា សមត្ថកិច្ច​បាន​រក​ឃើញ​ស្លាក​លេខ​រថយន្ត​ដែល​ខ្មាន់​កាំភ្លើង​បើកបរ​ហើយ ប៉ុន្តែលោក​បដិសេធ​បកស្រាយ​លម្អិត ដោយ​ថា វា​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច។

លោក រ័ត្ន ស៊្រាង មានប្រសាសន៍​ថា៖ «ជាទូទៅ រឿង​ខ្លះ យើង​ចេះតែ​យល់​ច្រឡំ ខ្ញុំ​ឃើញ​បងប្អូន​យើង​គាត់​ចេះតែថា សមត្ថ​កិ​ច្ច​ស្ងាត់​ៗ អត់​ធ្វើការ តាមពិត​សមត្ថកិច្ច​គេ​អត់​ដែល​បណ្តោយ​រឿង​បទឧក្រិដ្ឋ​ណាមួយ​ដល់​ថ្នាក់​មិន​ធ្វើ​ទេ គេ​ធ្វើ គេ​តាម​ណាស់! ប៉ុន្តែគេ​មិន​ផ្សាយ​លើ​ហ្វេសប៊ុក​កំពុង​ធ្វើ​អ្វី​ៗទេ ជាទូទៅ​ វិ​ជ្ជា​ជីវៈ​របស់​សមត្ថកិច្ច​ គេ​ធ្វើ​ដោយ​ស្ងប់​ស្ងាត់​ៗ»។

អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា បានឱ្យ​ដឹង​ថា ការ​បាញ់ប្រហារ​នេះកើត​ចេញពី​ទំនាស់​គ្រោះថ្នាក់​ចរាចរណ៍ មិនមែន​ជា​រឿង​គំនុំ​នោះ​ទេ។

អ្នកនាំពាក្យ​រូប​នេះ​ប្រាប់​ទៀត​ថា សមត្ថកិច្ច​កំពុង​សហការ​គ្នា​ជាមួយ​ស្ថាប័ន​ជំនាញ ដើម្បី​ចាប់​ខ្មាន់​កាំភ្លើង​មក​ផ្តន្ទា​ទោស​តាមច្បាប់ ខណៈ​បច្ចុប្បន្ន​នេះ សមត្ថកិច្ច​បាន​កំណត់​អត្តសញ្ញាណ​ជនល្មើស​បាន​ខ្លះ​ហើយ។ ប៉ុន្តែសមត្ថកិច្ច​មិន​អាច​បង្ហាញ​អត្តសញ្ញាណ​ជា​សាធារណៈ​នោះ​ទេ ខ្លាច​ប៉ះពាល់​ដល់​នីតិវិធី​នៃ​ការស៊ើបអង្កេត។

លោក សាន សុខ​សីហា មានប្រសាសន៍​ថា៖ «ឃាតករ​ ជន​បង្ក យើង​ឃើញ​ផ្លាក​លេខ​ដែល​ប្រើប្រាស់​រថយន្ត​ហ្នឹងហើយ ប៉ុន្តែគ្រាន់តែ​ថា ការប្រើ​ប្រាស់​រថយន្ត​ យើង​គ្រាន់តែ​ដឹង​ថា យើង​មិនដឹង​ថា​ជារ​ថយន្ត​ម្ចាស់​ដើមឬក៏​លក់​អី​យ៉ាងម៉េច យើង​អត់​ទាន់​ថាម៉េច អ្នកជំនាញ​កំពុងធ្វើការ ដុតដៃដុតជើង ដើម្បី​ស្វែងរក​ឃាតករ ជន​បង្ក»។

របាយការណ៍​របស់​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ បានឱ្យ​ដឹង​ទៀត​ថា ខ្មាន់​កាំភ្លើង​បាន​ប្រើប្រាស់​កាំភ្លើងខ្លី​មួយ​ដើម​ដែលគេ​មិន​ស្គាល់​ប្រភេទ ហើយ​បាន​បាញ់ប្រហារ​ចំនួន៩គ្រាប់។ ចំណែក​មន្ត្រី​នគរបាល រ៉េ​ត ស៊ី​ណែ​ត បាន​ដក​កាំភ្លើង Glock ១៩ មួយ​ដើម ភ្ជង់​ទៅលើ​ខ្មាន់​កាំភ្លើង​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ។

ការប្រើ​ប្រាស់​កាំភ្លើង​សម្រាប់​បាញ់ប្រហារនិង​គំរាមកំហែង បាន​កើតឡើង​ជា​រឿយ​ៗនៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំនេះ។ កាលពី​ខែកញ្ញា​កន្លងមក​នេះ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួងមហាផ្ទៃ លោក ថ្លាង ភិន​រ៉ា បាន​រង​បណ្ដឹង​ដោយ​ចោទ​ថា បាន​ប្រើ​កាំភ្លើងខ្លី​គំរាម​ថៅកែ​ភោជនីយដ្ឋាន​មួយ​នៅ​ម្ដុំ​ទួលគោក​ អំឡុង​ពេល​ផឹកស៊ី។

៣ថ្ងៃក្រោយ​មក ជាងកាត់សក់​ម្នាក់ត្រូវ​បាន​បាញ់សម្លាប់​នៅ​ជិត​សាលារៀន​ទួលគោក ស្ថិត​ក្នុង​ខណ្ឌទួលគោក​ផង​ដែរ ហើយ​ខ្មាន់​កាំភ្លើងត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា ជាម​ន្ត្រី​នគរបាល។

កាលពី​ខែសីហា មន្ត្រី​នគរបាល៧រូប​នៅ​ស្រុក​សំរោងទង ត្រូវ​បាន​ស៊ើបអង្កេត​ដោយសា​លា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ ជុំវិញ​ការប្រើ​កាំភ្លើង​បាញ់បោះ​សេរី។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិម​អេង មានប្រសាសន៍​ថា សមត្ថកិច្ច​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ចាប់​ជនល្មើស​មក​ផ្តន្ទា​ទោស​តាមច្បាប់ ហើយ​តុលាការ​ត្រូវ​កាត់សេចក្តី​ឈរ​លើ​គោលការណ៍​ឯករាជ្យ ដើម្បី​លុបបំបាត់​វប្បធម៌​ហិង្សា​នៅ​កម្ពុជា​បាន​ប្រសិទ្ធភាព​ខ្ពស់។

លោក យង់ គិម​អេង មានប្រសាសន៍​ថា៖ «ពង្រឹង​ប្រព័ន្ធ​តុលាការ​ឱ្យ​បាន​កាន់តែ​ប្រសើរ កុំឱ្យ​ប្រព័ន្ធ​តុលាការ​ដែល​អាច​ត្រូវ​បាន​គេ​ចោទប្រកាន់​ជាបន្តបន្ទាប់ ដោយ​ថា មិន​អាច​រក​យុត្តិធម៌​ពិតប្រាកដ ហើយ​អ្នកខ្លះ​ចោទប្រកាន់​តុលាការ​ពី​រឿង​សំណូកសូកប៉ាន់​ជាដើម បើ​យើង​ជម្រះ​មន្ទិល​អស់ហ្នឹង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋគាត់​មាន​ការ​ជឿជាក់​លើ​ប្រព័ន្ធ​ច្បាប់​របស់​យើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ