វិភាគ៖ តើ​​ធ្វើ​​យ៉ាង​ណា​​ឱ្យ​​យុវជន​​ចូល​រួម​​សកម្ម​​ក្នុង​​នយោ​បាយ​?​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

យុវជន​ គេ​តែងតែ​ប្រៀប​ដូចជា​ទំពាំង​ដែល​នឹង​ក្លាយទៅជា​អ្នកស្នង​ឫស្សី​នាពេលអនាគត ចុះបើ​ទំពាំង​មិន​ហ៊ាន​ស្នង​ឫស្សី ឬការ​ស្នង​នោះ​មិនបាន​ត្រឹមត្រូវ​ វា​នឹង​ប៉ះពាល់​ដល់​អនាគត​ឫស្សី​ទាំងមូល។

នយោបាយ​បច្ចុប្បន្ន ​រួមមាន ​អ្នកនយោបាយ និង អ្នកចូលរួម​សកម្មភាព​នយោបាយ។ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ អ្នកនយោបាយ​ជា​អ្នក​ដែល​ចេញមុខ​ធ្វើសកម្មភាព​ឬឈរឈ្មោះ​ក្នុង​តួនាទី​ណាមួយ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ឱ្យ។ ចំណែក​អ្នកចូលរួម​សកម្មភាព​នយោបាយ ​អាច​គ្រាន់តែ​ជា​អ្នក​ដែល​ចូលរួម​សកម្មភាព​គាំទ្រឬស្វែងយល់​ពី​គោលនយោបាយ ដើម្បី​បាន​ជា​មូលដ្ឋាន​ពិចារណា​មុន​បោះឆ្នោត​ឱ្យ​អ្នកណា​ម្នាក់។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) បង្ហាញថា ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០១៨ យុវជន​អាយុ​ចន្លោះ១៨ដល់៣៥មាន​ប្រមាណ៤លាន​នាក់​ ស្មើនឹង​ចំនួន៥០ភាគរយ​នៃ​ចំនួន​អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​នៅពេល​នោះ។

ក្នុង​គេហទំព័រ​របស់​អង្គការ​យូនី​សេ​ហ្វ លើកឡើង​ថា ៦០ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​គឺជា​យុវជន​អាយុ​ក្រោម២៥ឆ្នាំ ហើយ​ពួក​គេ​នឹង​ក្លាយជា​កម្លាំង​សក្តា​នុ​ពល​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​តាម​គោលដៅ​នៅ​ឆ្នាំ២០៣០។

បើ​និយាយ​ពី​ពាក្យ«នយោបាយ​»នៅក្នុង​ស្រទាប់​យុវជន​ឬឪពុក​ម្តាយ​យុវជន​មួយចំនួន ពួក​គាត់​នឹកឃើញ​ដល់គុកច្រ​វា​ក់ ការ​បាញ់សម្លាប់ ឬរត់ចោលស្រុក។ ពេល​និយាយ​រឿង​នេះ ពួក​គាត់​នឹង​ឧទាហរណ៍​ជាក់ស្តែង​បង្ហាញ​ពី​អ្នកជាប់ពន្ធ​នា​គារឬស្លាប់​ដោយសារ​រឿង​នយោបាយ។ អ្នកខ្លះ​ក៏​មាន​ទស្សនៈ​ថា រឿង​ទាំងអស់​នេះ​ជា​រឿង​របស់​អ្នកនយោបាយ ជា​រឿង​របស់​ថ្នាក់ដឹកនាំ ​គឺ​គេ​មាន​មន្ត្រី​ជំនាញ​ធ្វើ​ហើយ។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក សុខ ទូច បែងចែក​យុវជន​និង​កិច្ចការ​នយោបាយ​ជា៣ក្រុម។

លោក សុខ ទូច៖ «៣០ភាគរយ​នៃ​យុវជន​ហ្នឹង​ គាត់​ស្តាប់ ប៉ុន្តែ​ឱ្យ​គាត់​យកចិត្ត​ទុកដាក់​ក្នុង​រឿងហ្នឹង​ អត់ទេ! ​គឺ​គ្រាន់តែ​ស្តាប់​ហើយ​ទុកចោល​ទៅ។ ៣០ភាគ​រយ​ទៀត ​អ្នក​ដែល​ចូលចិត្ត​តាមដាន​ហើយ​យក​កិច្ចការ​ហ្នឹង​មក​វិភាគ ប៉ុន្តែ​គាត់​ខ្វះ​មូលដ្ឋាន​ គាត់​ចេះ​ជ្រុង​មួយ​ហើយ​យក​មក​វិភាគ ​អាហ្នឹង​ជិត៣០ភាគរយ​ដែរ។ ៤០ភាគរយ គាត់​អត់​ឈឺក្បាល​ទេ គេ​ហៅថា ងប់​ងល់ ភា​ពងប់ងល់​ហ្នឹង​យ៉ាងម៉េច​? ឧទាហរណ៍​ថា គាត់​មាន​មនោគម​ទៅ​រក​បក្ស​ណា “បក្ស.ក” “បក្ស.ខ” “បក្ស.គ” អញ្ចឹង​ទៅ គាត់​អត់​ខ្វល់​ថា បក្ស​គាត់​ខុសឬធ្វើ​ត្រឹមត្រូវ​ទេ ​គឺ​ឱ្យ​តែ​និយាយ​មក​ ដឹង​តែ​ងប់​ងល់»។

លោកបន្ត​ថា បើ​យុវជន​កម្ពុជា​នៅតែ​បន្តសកម្មភាព​របៀប​នេះ​ជាមួយ​រឿង​នយោបាយ​ទៀត​នោះ​វា​ជាចំណុច​គ្រោះថ្នាក់​សម្រាប់​សង្គមជាតិ។

លោក សុខ ទូច៖ «គាត់​អត់​ឈឺក្បាល​នឹង​អ្នកណា​បង្កើត​គោលនយោបាយ​ថ្មី​ទេ គាត់​ពេញចិត្ត​ជាមួយ​អ្វី​ដែល​គាត់​បាន​ធ្វើ​ហើយ​គាត់​ឈប់​ទៅ ព្រោះ​គាត់​អត់​អាន គាត់​អត់​ស្តាប់ អត់​វិភាគ គាត់​អត់​បាន​មើល​គេ។ មិន​ខុសពី​មនុស្សម្នាក់​ដែល​ឡើង​ទៅ​ថា គ្មាន​អ្នកណា​អស្ចារ្យ​ជាង​ខ្លួន»។

អ្នក​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយនិងទំនាក់ទំនង​អន្តរជាតិ យុវជន ​ប៉ោ មករា មើលឃើញ​ថា បញ្ហា​ដែល​នាំ​ឱ្យ​យុវជន​ខ្លាច​រឿង​នយោបាយ ដោយសារតែ​ចំណេះដឹង កត្តា​អ្នកនយោបាយ​បច្ចុប្បន្ន​មិន​បង្ហាញ​ភាព​គំរូ និងការរារាំង​ពី​សាច់ញាតិ។

យុវជន​ ប៉ោ មករា៖ «នៅពេល​ដែល​គាត់​ចូលរួម​ មិន​ត្រឹមតែ​មិន​លើកទឹកចិត្ត​ទេ ហើយ​គាត់​មាន​អារម្មណ៍​ថា ចូលរួម​នយោបាយ​ដឹង​តែ​មាន​បញ្ហា​ហើយ នយោបាយ​ធ្វើ​ឱ្យ​គាត់​ជាប់គុក ជាប់​ច្រ​វាក់ នយោបាយ​ធ្វើ​ឱ្យ​គាត់​ស្លាប់ នយោបាយ​ធ្វើ​ឱ្យ​បាត់​ឆ្នាំង​បាយអញ្ចឹង​ទៅ។ អញ្ចឹង​ធ្វើ​ឱ្យ​គាត់​ខ្លាច អ្នកនយោបាយ​ជំនាន់​ចាស់​មិន​លើកទឹកចិត្ត​ហើយ មជ្ឈដ្ឋាន​ជុំវិញ​ក៏​អត់​លើកទឹកចិត្ត​ដែរ ដោយសារ​អី​? ដោយសារ​គាត់​បាក់ស្បាត​រឿង​នយោបាយ​ ហើយដល់​អញ្ចឹងឪពុក​ម្តាយ​គាត់​ សាច់ញាតិ​គាត់​ គឺ​ត្រូវ​រារាំង​គាត់​មួយ​ផ្នែក​ធំ​ទៀត»។

កត្តា​ផ្សេង​ៗទាំងនេះ​នាំ​ឱ្យ​យុវជន​ខ្លាច​រឿង​នយោបាយ មិន​ហ៊ាន​ចូលរួម ឬមិន​ហ៊ាន​និយាយ​ទាំង​ផ្ទាល់និងតាម​បណ្តាញ​សង្គម។

តើ​ការ​ខ្លាច​នេះ​ធ្វើ​ឱ្យ​យុវជន​ទទួល​បាន​សេចក្តី​សុខ​គេច​ផុត​ពី​គ្រោះថ្នាក់​ទេ​? 

មិន​អាច​ទេ! យុវជន​មួយចំនួន​កំពុង​រងគ្រោះ​ថ្នាក់ លំបាក​វេទនា​ដោយសារតែ​ឥទ្ធិពល​នៃ​ការប្រើ​ប្រាស់​គ្រឿងញៀន។ គ្រឿងញៀន ​សមត្ថកិច្ច​ចាប់​អ្នក​ពាក់ព័ន្ធ​ដែល​ភាគច្រើន​ជា​ក្រុម​យុវជន ​មាន​ប្រមាណ២ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ។ នៅ​តាម​ភូមិ​ យុវជន​ដែល​ញៀន​ថ្នាំ មិនបាន​ជួយ​ធ្វើ​កិច្ចការ​ងារ​ហើយថែមទាំង​បង្ក​បញ្ហា​នៅក្នុង​គ្រួសារនិង​សង្គមជាតិ ហើយ​អ្នកខ្លះ​ទៀត​ខូច​បញ្ញា​ស្មារតី​ឬ ហៅថាឡប់សតិ។

បញ្ហា​មួយទៀត ​យុវជន​ខ្លះ​ក៏​ជួប​បញ្ហា​មិន​មានការ​ងារ​ធ្វើ​គ្រប់គ្រាន់ ​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​នៅ​ក្រៅប្រទេស ទាំង​អ្នកខ្លះ​ទៅ​ដោយ​ស្របច្បាប់ និងអ្នកខ្លះ​ទៀត​ទៅ​ដោយ​មិន​ស្របច្បាប់​ប្រឈម​បញ្ហាច្រើន ​រួម​ទាំង​ត្រូវ​គេ​ជួញដូរ។

ចំពោះ​ដំណោះស្រាយដែល​អាច​លើកទឹកចិត្ត​ឱ្យ​យុវជន​ហ៊ាន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ចូលរួម​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម ពិសេស​ដោះស្រាយ​បញ្ហា​យុវជន​ខ្លួនឯង​នេះ​ លោក សុខ ទូច លើកឡើង​ថា គឺ​ត្រូវ​បញ្ចូលការ​អប់រំ​នៅក្នុង​កម្មវិធី​សិក្សា​តាំងពី​ក្រោម​មក ​ដើម្បី​ឱ្យ​ពលរដ្ឋ​ស្គាល់​អ្វី​ជា​នយោបាយ និង​មានគំនិត​ពិចារណា​លើ​ហេតុផល មិន​ងប់​ងល់​ជាមួយ​ក្រុម​ណាមួយ​ផ្តាច់​មុខ។

លោក​ថា កា​រប​ញ្ចូលក្នុង​កម្មវិធី​អប់រំ​ឱ្យ​ពលរដ្ឋ​ស្គាល់​ពី​នយោបាយ ​គឺ​ប្រទេស​ជឿនលឿន​មួយចំនួន​នៅ​អាស៊ី​បាន​អនុវត្ត​ហើយ។ 

លោក សុខ ទូច៖ «ដូចជា​នៅ​ជប៉ុន នៅ​កូរ៉េ​ខាងត្បូង ខ្ញុំ​អត់​និយាយ​ពួក​ស្បែកសទេ ខ្ញុំ​យក​អា​ពណ៌​សម្បុរ​ប៉ុន​ៗយើង សាំងហ្គា​ពួ គេ​រុញ​ឱ្យ​គាត់​មាន​មូលដ្ឋាន​ពី​ក្រោម​ៗមក»។

លោក ប៉ោ មករា លើកឡើង​ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ត្រូវការ​ប្រជាពលរដ្ឋ​ដែល​មានចំណេះ​ដឹងនិង​ជា​ពលរដ្ឋ​ដែល​សកម្ម។

លោក ប៉ោ មករា៖ «ប្រទេស​ប្រជាធិបតេយ្យ​ គេ​ត្រូវការ​ពលរដ្ឋ​សកម្ម ពលរដ្ឋ​សកម្ម​ហ្នឹង​គឺ​ពាក់ព័ន្ធ​ចំណេះដឹង​ដូចជាច្បាប់ ដូចជា​វប្បធម៌​អី​ជាដើម គឺ​ត្រូវការ​ចូលរួម​យ៉ាងសកម្ម​ពី​ពលរដ្ឋ​ទាំងអស់​ហ្នឹង។ ពលរដ្ឋ​សកម្ម​ហ្នឹង​ចូលរួម​ទៅ​បាន​ អាស្រ័យ​លើ​ការយល់​ដឹង ឧទាហរណ៍​បញ្ហា​នយោបាយ គាត់​ត្រូវ​ដឹង​ថា នយោបាយ​ជា​ស្អី​ ទើប​គាត់​ចូលរួម​ទៅ ​វា​អត់​ខ្លាច អត់​ខ្លាច​ហើយ គាត់​ចូលរួម​សកម្ម​ហើយ អ៊ូអរ​តែម្តង»។

ពលរដ្ឋ​សកម្ម​នៅក្នុង​ន័យ​នេះ គឺ​មិនមែន​អ្នកនយោបាយ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​នោះ​ទេ តែ​ជា​អ្នក​តាមដានស្វែងយល់​ពី​បញ្ហា​សង្គម​នយោបាយ ដើម្បី​មាន​ជា​មូលដ្ឋាន​ក្នុង​ការពិចារណា​ថា អ្នកនយោបាយ​ក្រុម​ណា​ដែល​គាត់​អាច​ជ្រើសរើស​ឱ្យ​ដឹកនាំ ឱ្យ​បម្រើ​ពួក​គាត់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ