វិភាគ៖ ការ​បែង​ចែក​​រវាង​​មន្ត្រី​​រាជការ​និង​​មន្ត្រី​​បក្ស​​

អ្នកភូមិ​ម្នាក់​ជិះកង់​នៅមុខ​សាលាឃុំ​គោកចក ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (សុខ ណា​ក់​)

នៅក្នុង​ច្បាប់​របស់​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ​ដែល​កំណត់​យក​ការ​ជ្រើសរើស​មេដឹកនាំ​ដោយ​វិធីសាស្ត្រ​បោះឆ្នោត​ដោយសេរី​ពី​ប្រជាពលរដ្ឋ តែងតែមាន​ការបែងចែក​រវាង​មន្ត្រី​គណបក្ស​នយោបាយនិង​មន្ត្រី​របស់​រាជការ។

ការបែងចែក​នេះ​គឺ​ដើម្បី​ធានា​ពី​តម្លាភាព​នៅក្នុង​សង្គម ការអនុវត្ត​​ច្បាប់ ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព​នយោបាយ និង​ការប្រកួត​ប្រជែង​ដោយ​ត្រឹមត្រូវ។

ច្បាប់​របស់​កម្ពុជា​ក៏​មានការ​បែងចែក​ដាច់ពី​គ្នា​រវាង​មន្ត្រី​គណបក្ស​នយោបាយ និង មន្ត្រី​រដ្ឋ​ឬមន្ត្រី​រាជការ​ដែរ។

មាត្រា៣៧ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល បាន​ចែង​ពីអ​ព្យា​ក្រឹត​ភាព​របស់​មន្ត្រី​រាជការ។ ក្នុង​មាត្រា​នេះ បាន​ហាម មិន​ឱ្យ​ប្រើប្រាស់​មុខងារឬសម្ភារ​របស់​រដ្ឋធ្វើសកម្មភាព​ដើម្បី​ផលប្រយោជន៍​បេក្ខជន​នយោបាយឬប្រឆាំង​បេក្ខជន​នយោបាយ​ណាមួយ និង​មិន​ឱ្យធ្វើ​សកម្មភាព​ដើម្បី​ផលប្រយោជន៍​បក្សនយោបាយឬប្រឆាំង​បក្សនយោបាយ​ណាមួយ​ទេ។

ចំណែក​មាត្រា១០ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរៈ​ភូមិន្ទ​ចែងថា យោធិន​ម្នាក់​អាច​មានគំនិតឬជំនឿ​ជា​លក្ខណៈ​ទស្សនវិជ្ជាឬន​យោ​បាយ​ផ្ទាល់ខ្លួន​បាន ប៉ុន្តែពុំ​អាច​សម្តែង​ជា​សាធារណៈ​ឡើយ។ 

ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា៦ បាន​ហាម​គណបក្ស​មិន​ឱ្យ​បំបែក​ប្រទេស (អបគមន៍​) នាំ​ឱ្យ​អន្តរាយ​ដល់​ប្រទេសនិង​ជាតិ​, ធ្វើ​វិទ្ធរង្ស​នា​ប្រឆាំង​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​, ធ្វើ​ឱ្យ​ប៉ះពាល់​សន្តិសុខ​នៃ​រដ្ឋ​, បង្កើត​កម្លាំងប្រដាប់អាវុធ និង​ញុះញង់​នាំ​ឱ្យ​មានការ​បែកបាក់​ជាតិ។

ការ​ប្រយ័ត្ន​ប្រយែង​របស់​អ្នក​តាក់តែង​ច្បាប់ ក៏ដូចជា​មេដឹកនាំ​ជំនាន់​មុន​ក្នុង​ការ​ហាម​កងទ័ព​ឬ មន្ត្រី​រាជការ មិន​ឱ្យ​មាន​ទំនាក់ទំនង​ជា​រចនាសម្ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​នេះ មិនមែន​មានតែ​នៅ​កម្ពុជា​ទេ គឺ​នៅ​តាម​បណ្តា​ប្រទេស​កាន់​របប​ប្រជា​ធិប​តេយ្យ​ផ្សេង​ៗទៀតក៏​ប្រយ័ត្ន​ត្រង់​ចំណុច​នេះ​ដូចគ្នា​ដែរ។

នៅក្នុង​ពិធី​ចូលកាន់​តំណែង​របស់​អភិបាលខេត្តប៉ៃលិនថ្មី នៅ​ថ្ងៃទី២១ ខែធ្នូ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា​ បាន​រំឭក​ដល់​អភិបាលខេត្ត​ថ្មី ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត ​ឱ្យ​ខិតខំ​បំពេញការងារ​ទៅតាម​តួនាទី ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់បក្ស​នយោបាយ ដើម្បី​ផលប្រយោជន៍​ជាតិ ក៏ដូចជា​ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត។ លោកបាន​រំឭក​ឱ្យ​មន្ត្រី​លើកកម្ពស់​ឧត្តមគតិ​ស្នេហាជាតិ​ជាធំ។

លោក ស ខេង៖ «ប្រទេសជិតខាង​យើង​ដូច​គ្នាអញ្ចឹង​ដែរ ប្រទេស​វៀតណាម​ក្តី ប្រទេស​ថៃ​ក្តី គេ​លើកកម្ពស់​ឧត្តមគតិ​ស្នេហាជាតិ ធំ​ណាស់។ ចង់និយាយ​អញ្ចេះ! ចង់និយាយ​ថា យើង​ធ្វើ​អី​ធ្វើ​ទៅ ប៉ុន្តែ​យើង​ត្រូវ​ដាក់​ផលប្រយោជន៍​ជាតិ​ធំជាង​ផលប្រយោជន៍​អីទាំងអស់»។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចន្ទ​រឿន គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​លោក ស ខេង។ ទោះ​ជាយ៉ាង​ លោកមើលឃើញ​ថា មួយ​រយៈ​ចុងក្រោយ​នេះ មានការ​ជ្រើសរើស​មន្ត្រី​រាជការ​សាធារណៈ​តាំងពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម​ឱ្យ​ចូល​ជាម​ន្ត្រី​បក្ស។

លោក ប៉ា ចន្ទ​រឿន៖ «តាំងពី​ថ្នាក់​កំពូល​រហូត​សឹងតែ​ដល់​ថ្នាក់ក្រោម សូម្បីតែ​គ្រូបង្រៀន​ហ្នឹង ត្រូវតែចង់​មិន​ចង់​ ក៏​មាន​សម្ពាធ​ឱ្យ​ចូល​គណបក្ស​នយោបាយ​ដែរ។ សង្គម​យើង​សព្វថ្ងៃ​ហាក់ដូចជា​ច្របូកច្របល់​គ្នា អត់​ដឹង​ថាអ្នកណា​ជាម​ន្ត្រី​រវាង​ឥទ្ធិពល​បក្ស និង​មន្ត្រី​បក្ស និង​មន្ត្រី​រាជការ​ពិតប្រាកដ​ទេ ​ណា​បាទ!»

លោក ប៉ា ចន្ទ​រឿន លើកឡើង​ថា ការបែងចែក​មិន​ច្បាស់​រវាង​មន្ត្រី​រាជការនិង​មន្ត្រី​បក្ស​ នាំ​ឱ្យ​មាន​ទំនាស់​ផលប្រយោជន៍ និង​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ។

លោក ប៉ា ចន្ទ​រឿន៖ «នៅពេល​ដែល​ធ្វើការងារ​ដោះស្រាយ​បញ្ហា​ឬក៏​កិច្ចការ​ងារ​ធ្វើ​កំណែទម្រង់ ដើម្បី​លើកកម្ពស់ ស្តារ​ស្ថាប័ន​ ឬក៏​ប្រសិទ្ធភាពនិង​ប្រសិទ្ធផល សេវា​សាធារណៈ និង​កិច្ចការ​សាធារណៈ​របស់​យើង​ហ្នឹង វា​តែង​តែ​ប្រ​ទើសប្រទះ​គ្នា​រវាង​ផលប្រយោជន៍​ជាតិនិង​ផលប្រយោជន៍​បក្សហ្នឹងឯង»។

កាលពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​-សង្កាត់​នៅ​ឆ្នាំ២០១៧ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​លើកឡើង​ឱ្យ​មន្ត្រី​លោក​ពិនិត្យ​ករណី​សមាជិក​គណបក្សប្រជាជន​កម្ពុជា​មាន​ជិត៧លាន​នាក់ ប៉ុន្តែ​ចំនួន​អ្នកបោះឆ្នោត​គាំទ្រ​គណបក្ស​នេះ​កាលពី​ឆ្នាំ២០១៣មានតែ​ជាង៣លាន​នាក់។ 

ក្រោយពី​ការ​លើកឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅពេល​នោះ​មក​ មិន​មានការ​បកស្រាយ​ជា​ផ្លូវការ​ណាមួយ​របស់​មន្ត្រី​លោក​ជុំវិញ​ករណីនេះ​ទេ។ បញ្ហា​នេះ មាន​អ្នកស្រាវជ្រាវ​បញ្ហា​សង្គម​ខ្លះ​លើកឡើង​ថា អ្នកចូលរួម​ជាស​មា​ជិ​កឬមាន​បណ្ណ​សមាជិក​គណបក្សប្រជាជន​ខ្លះ​ទាំង​មន្ត្រី​រាជការ បុគ្គលិក​ក្រុមហ៊ុន ឬ ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ គឺ​ធ្វើឡើង​ដើម្បី​សម្របសម្រួល​ខ្លួន​កុំឱ្យ​មាន​សម្ពាធ​ផ្សេង​ៗតែប៉ុណ្ណោះ។ 

យុវតី ស៊ឹម សុភា ជា​អ្នកចូលរួម​សកម្ម​ក្នុង​សកម្មភាព​សង្គម​និង​បរិស្ថាន​ លើកឡើង​ថា ការ​ប្រកាន់បក្ស​ឬបែងចែក​មិន​ដាច់​រវាង​មន្ត្រី​បក្សនិង​មន្ត្រី​រាជការនេះ ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​បែក​បាក់​គ្នា ហើយ​ពួក​គេ​មិន​ចូលរួម​សកម្មភាព​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ទេ។

យុវតី ស៊ឹម សុភាព៖ «គា​ត់​ធ្វើ​អញ្ចឹង ​ទី១ គំរូ​អាក្រក់ និយាយទៅ​ គាត់​អាច​ធ្វើ​ឱ្យ​ប្រជាជនដែល​កាន់​បក្ស​ផ្សេងគ្នា គាត់​បែង​ចែក​គ្នាឯង គាត់​បែងចែក​បក្ខ​ពួក អញ្ចឹង​អា​ហ្នឹង​ជា​គំរូ​មិនល្អ​មួយ សម្រាប់​ភូមិ សម្រាប់​សហគមន៍»។

សុភា ថ្លែង​ថា គាត់​ធ្លាប់​ជួប​ពលរដ្ឋ​ដែល​មិន​ហ៊ាន​ទៅ​ធ្វើ​សំបុត្រមរណភាព​នៅពេល​សមាជិក​គ្រួសារ​ទទួលមរណភាព ដោយហេតុថា គាត់​កាន់​បក្ស​ផ្សេង​ពី​អាជ្ញាធរ​ឃុំ។

សម្រាប់​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា ​អះអាង​ថា កម្ពុជា​ក៏​អនុវត្ត​ដូច​នៅ​សហរដ្ឋអាមេរិក និងប្រទេស​កាន់​របប​ប្រជា​ធិប​តេយ្យ​ផ្សេង​ៗទៀត​ដែរ។ លោក​ថា ចំពោះ​ការបែងចែក​មន្ត្រី​បក្សនិង​មន្ត្រី​រាជការ ​គឺ​មិន​មាន​អ្វី​ជា​បញ្ហា​ទេ ហើយ​អ្នក​ដែល​មើលឃើញ​បញ្ហា​នោះ​មានតែ​ការ​អះអាង​ពី​ក្រុមប្រឆាំង​តែប៉ុណ្ណោះ។

លោក សុខ ឥសាន៖ «គ្មាន​អី! គេ​ធ្វើការ​ឥលូវ គណបក្សប្រជាជន​ដឹកនាំ​ប្រទេស៤០ឆ្នាំ​ជាង​ទៅ​ហើយ គ្មាន​បញ្ហា​អី។ វា​មាន​បញ្ហា​តែ​ពួក​ប្រឆាំង​ហ្នឹង​តើ! កើតទុក្ខ​អញ្ចេះអញ្ចុះ អាហ្នឹង​រឿង​គាត់​ថា។ ឱ្យ​គាត់​ថាទៅ​ ទោះ​ថាដល់​ងាប់​ទៀត​ ក៏​អត់​បានការ​អីដែរ»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ