សមត្ថ​កិច្ច​​គ្រោង​​បញ្ជូន​​យោធា​​ម្នាក់​​ទៅ​​តុលាការ ក្រោយ​​វាយ​​សន្តិ​សុខ​​ឱ្យ​​របួស​​ព្រោះ​តែ​​រឿង​​បាត់​​ស្បែក​ជើង​​

បុរស​ឈ្មោះ ហេង គា​ហុង អាយុ៤១ឆ្នាំ ជា​បុគ្គលិក​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព សុខ ម៉េ​ង ស្ថិតនៅ​ភូមិ​អង្គស្នួល​ទី៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវ​បាន​ឃាត់ខ្លួន​ក្រោយ​ប្រើ​ហិង្សា​ដោយចេតនា ដោយ​យក​អាវុធ​ខ្លី​វាយ​ទៅ​សន្តិសុខ​យាម​គ្លីនិក​រហូត​បែកក្បាល​កាលពី​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកណ្តាល – Police Commissariat Of Kandal Province​)

សមត្ថកិច្ច​ខេត្តកណ្តាល ត្រៀម​បញ្ជូន​មន្ត្រី​យោធា​ផ្កាយ​មួយម្នាក់​ទៅ​សាលាដំបូង​ខេត្ត ក្រោយ​មន្ត្រី​យោធា​រូប​នោះបាន​ប្រើ​អាវុធ​វាយក្បាល​សន្តិសុខ​យាម​គ្លីនិក​ឯកជន​មួយ កាលពី​ម្សិលមិញ​នេះ ដោយសារតែ​រឿង​បាត់​ស្បែកជើង។

យោង​តាម​ហ្វេសប៊ុក​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកណ្តាល បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ មន្ត្រី​យោធា​ម្នាក់ ឈ្មោះ ហេង គា​ហុង អាយុ៤១ឆ្នាំ និង​ជា​បុគ្គលិក​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុខ ម៉េ​ង ស្ថិតនៅ​ភូមិ​អង្គស្នួល​ទី៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​ប្រើ​ហិង្សា​ដោយចេតនា ដោយ​យក​អាវុធ​ខ្លី​វាយ​ទៅ​សន្តិសុខ​យាម​គ្លី​និក​រហូត​បែកក្បាល។

បើ​តាម​ស្នងការ​ខេត្ត ដើមចម​ដែល​បណ្តាល​ឱ្យ​កើត​អំពើ​ហិង្សា​នេះ គឺ​ដោយសារ​មន្ត្រី​យោធា​រូប​នោះបាន​បាត់​ស្បែកជើង ​អំឡុង​ពេល​ជនរងគ្រោះកំពុង​យាម​នៅមុខ​គ្លីនិក។

ស្នងការ​នគរបាល​ខេត្តកណ្តាល លោក ឈឿន សុចិត្ត ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃអង្គារ​នេះ​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន នគរបាល​ខេត្តសហការ​ជាមួយ​នគរបាល​ស្រុក​អង្គស្នួល បាន​ចុះទៅ​ដល់កន្លែង​កើតហេតុ ដើម្បី​ស្រាវជ្រាវនិង​ស៊ើបអង្កេត ដោយ​រក​ឃើញថា ជនសង្ស័យ​បាន​ប្រើ​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក CF98 ដែល​ក្នុង​បង់​មាន​គ្រាប់​ចំនួន​មួយ​ផង​នោះ បាន​វាយ​ទៅលើ​ជនរងគ្រោះ បណ្តាល​ឱ្យ​រង​របួស​ដេកដួល​មុខ​គ្លីនិក។

ស្នងការ​រូប​នេះបន្ត​ថា សន្តិសុខ​ដែល​រងគ្រោះ​នោះមានឈ្មោះ ច្រឹក ស៊ី​ណា អាយុ៣០ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​ប្រុយ ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​រង​របួស​បែកក្បាល​ផ្នែក​ខាងឆ្វេង លើ​ត្រចៀក១កន្លែង និង​បាន​ដេរ៣ថ្នេរ។ លោក​ថា បច្ចុប្បន្ន​ ជនសង្ស័យដែល​ជាម​ន្ត្រី​យោធា ឈ្មោះ ហេង គា​ហុង កំពុង​ត្រូវ​បាន​បញ្ជូន​ពី​ស្រុក​មក​ខេត្ត ហើយ​ថា សមត្ថកិច្ច​នឹង​បញ្ជូន​បន្ត​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃនេះ។

លោក​បន្ថែម​ថា៖ «នីតិវិធី​យើង​ធ្វើ​ចប់​អស់ហើយ ឥលូវ​ហ្នឹង​គេ​កំពុង​បញ្ជូន​ពី​ស្រុក​មក ពេល​មកដល់​ខេ​ត្ត​ៗនឹង​បញ្ជូន​បន្ត​ទៅ​តុលាការ​ហើយ​នៅ​រសៀ​លនេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ