ក្រសួង​​ថា​ បណ្តា​​ខេត្ត​​មួយ​ចំនួន​នឹង​​ចុះ​​ត្រជាក់​​ខ្លាំង​​នៅ​ចន្លោះ​​ថ្ងៃ​ទី​៩​ដល់​​ថ្ងៃ​ទី​១៤​មករា​

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវមួយកន្លែងអំឡុងពេលមានភ្លៀងធ្លាក់ ស្ថិតនៅខេត្តកោះកុង ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ (ក្រសួងធនធានទឹក និងឧតុនិយម)

​ក្រសួងធនធានទឹក និងឧតុនិយម ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី៩ ដល់​ថ្ងៃទី១៤ ខែមករា ធាតុអាកាស​នៅ​កម្ពុជានឹង​ចុះ​ត្រជាក់​ខ្លាំងនៅ​តំបន់​មួយចំនួន ជាពិសេសនៅ​តំបន់​ជួរភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន ។

សេចក្តី​ជូនដំណឹង​ស្តី​ពីស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា របស់ក្រ​សួង​ធនធានទឹក និងឧតុនិយម នៅ​ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ បានឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី៦ ដល់ទី១២ ខែមករា កម្ពុជានឹង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​ឦសាន​ជាមធ្យម​ទៅ​ខ្លាំង ដែល​ស្ថានភាព​បែបនេះនឹង​ធ្វើ​ឱ្យ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ចាប់ពី​ថ្ងៃទី៩ ដល់​ថ្ងៃទី១៤ ខែមករា។

សេចក្តី​ជូនដំណឹង​បន្ត​ថា បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ចាប់ពី​ថ្ងៃទី៩ ដល់​ថ្ងៃទី១៩ នឹង​មាន​សីតុណ្ហភាព​អប្បបរមា​ពី ១៥​ – ១៧​°C (អង្សា​សេ​) និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៤ – ២៧​°C ខណៈ​បណ្តា​ខេត្ត​ជាប់​ជួរភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន នឹង​មាន​សីតុណ្ហភាព​អប្បបរមាពី ១២ ​- ១៤​°C និង​សីតុណ្ហភាព​អតិបរមាពី ២៣ ​- ២៦​°C ជាមួយ​ខ្យល់ខ្លាំង។

ចំណែក​នៅ​តំបន់​មាត់សមុទ្រ ក្រសួង​ថា នឹង​មាន​សីតុណ្ហភាព​អប្បបរមាពី ១៨ ​- ២១​°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៥ ​- ២៨​°C ជាមួយ​ខ្យល់ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ៗនៅ​ថ្ងៃទី១២ ខែមករា។

ករណីនេះ ក្រសួងបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ជាពិសេស​កងទ័ពនិង​កងកម្លាំង​នគរបាល រស់នៅនិង​ឈរជើង​នៅ​តំបន់​ជួរភ្នំ​ដងរែកនិង​ខ្ពង់រាប​ភាគ​ឦសាន បង្កើន​ការ​យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាពចំពោះ​ធាតុអាកាស​ចុះ​ត្រជាក់​ខ្លាំង​នេះ។ 

ដោយឡែក សម្រាប់​ប្រជា​នេសាទនិង​អ្នកដំណើរ​សមុទ្រ ក្រសួង​ក៏បាន​អំពាវនាវ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ខ្យល់បក់​ខ្លាំងនិង​រលក​សមុទ្រ​ខ្ពស់​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ