តុលាការ​ខេត្ត​​កណ្តាល​ សម្រេច​​ឃុំ​ខ្លួន​​យោធា​​ម្នាក់​​ដែល​​ប្រើ​​អាវុធ​​វាយ​ក្បាល​​សន្តិ​សុខ​​ឱ្យ​​របួស​​

បុរស​ឈ្មោះ ហេង គា​ហុង អាយុ៤១ឆ្នាំ ជា​បុគ្គលិក​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព សុខ ម៉េ​ង ស្ថិតនៅ​ភូមិ​អង្គស្នួល​ទី៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវ​បាន​ឃាត់ខ្លួន​ក្រោយ​ប្រើ​ហិង្សា​ដោយចេតនា ដោយ​យក​អាវុធ​ខ្លី​វាយ​ទៅ​សន្តិសុខ​យាម​គ្លីនិក​រហូត​បែកក្បាល​កាលពី​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកណ្តាល – Police Commissariat Of Kandal Province​)

តុលាការខេត្ត​កណ្តាល សម្រេច​ឃុំខ្លួន​មន្ត្រី​យោធា​ផ្កាយ​មួយម្នាក់ ក្រោយ​មន្ត្រី​យោធា​រូប​នោះ បាន​ប្រើ​អាវុធ​វាយក្បាល​សន្តិសុខ​យាម​នៅ​គ្លីនិក​ឯកជន​មួយ បណ្តាល​ឱ្យ​របួស​ក្បាល។

យោង​តាម​ហ្វេសប៊ុក​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកណ្តាល បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា កាលពី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ មន្ត្រី​យោធា​ម្នាក់ ឈ្មោះ ហេង គា​ហុង អាយុ៤១ឆ្នាំ និង​ជា​បុគ្គលិក​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុខ ម៉េ​ង ស្ថិតនៅ​ភូមិ​អង្គស្នួល​ទី៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​ប្រើ​ហិង្សា​ដោយចេតនា ដោយ​យក​អាវុធ​ខ្លី​វាយ​ទៅ​លើសន្តិសុខ​យាម​គ្លី​និក​រហូត​បែកក្បាល។

បើ​តាម​ស្នងការ​ខេត្ត ដើមចម​ដែល​បណ្តាល​ឱ្យ​កើតមាន​អំពើ​ហិង្សា​នេះ គឺ​ដោយសារ​មន្ត្រី​យោធា​រូប​នោះបាន​បាត់​ស្បែកជើង ​អំឡុង​ពេល​ជនរងគ្រោះកំពុង​យាម​នៅមុខ​គ្លីនិក។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល លោក សូ សារិ​ន ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃពុធ​នេះ​ថា លោក ហេង គា​ហុង ជាម​ន្ត្រី​យោធា ដែល​បាន​ប្រើ​អាវុធ​វាយ​ទៅលើ​សន្តិសុខ​នោះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សម្រេច​ឱ្យ​ឃុំខ្លួន​ហើយកាលពី​រសៀល​ថ្ងៃម្សិលមិញ ក្រោម​បទ​ចោទ​ពី​បទ «ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត»

លោក​បន្ថែម​ថា៖ «ក្រោយ​សាកសួរ​រួច ចៅក្រម​បានសម្រេច​ឱ្យ​ឃុំខ្លួន​ហើយពី​ម្សិលមិញ»។

ស្នងការ​នគរបាល​ខេត្តកណ្តាល លោក ឈឿន សុចិត្ត ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃអង្គារ​ថា មន្ត្រី​យោធា ឈ្មោះ ហេង គា​ហុង បាន​ប្រើ​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក CF98 ដែល​ក្នុង​បង់​មាន​គ្រាប់​ចំនួន​មួយ​ផង​នោះ បាន​វាយ​ទៅលើ​ជនរងគ្រោះបណ្តាល​ឱ្យ​រង​របួស​ដេកដួល​មុខ​គ្លីនិក។

ស្នងការ​រូប​នេះបន្ត​ថា សន្តិសុខ​ដែល​រងគ្រោះ​នោះមានឈ្មោះ ច្រឹក ស៊ី​ណា អាយុ៣០ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​ប្រុយ ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​រង​របួស​បែកក្បាល​ផ្នែក​ខាងឆ្វេងលើ​ត្រចៀក១កន្លែង និង​បាន​ដេរ៣ថ្នេរ។ 

អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុ​ជាតិ មានប្រសាសន៍​ថា ករណី​មន្ត្រី​យោធា​យក​កាំភ្លើង​ទៅ​វាយ​សន្តិសុខ​នោះ ជា​រឿង​បុគ្គល ​មិន​ពាក់ព័ន្ធ​ជាមួយ​ការងារ​របស់ក្រ​សួង​ឬស្ថាប័ន​ឡើយ។ លោក​ថា ករណី​នេះត្រូវ​អនុវត្ត​ទៅតាមច្បាប់។

លោក​បន្ថែម​ថា៖ «អាហ្នឹង​ជា​រឿង​បុគ្គល រឿង​ហ្នឹង​អត់​ទាក់ទង​ជាមួយ​ក្រសួង​ទេ យើង​អនុវត្ត​តាមច្បាប់​ទៅ។ យើង​មានសមត្ថកិច្ច យើង​មាន​អាជ្ញាធរ​ដែនដី​ ធ្វើការងារ​តាម​ហ្នឹង​ទៅ ក្រសួង​អត់មាន​ពាក់ព័ន្ធ​ទេ»។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា ករណី​មន្ត្រី​យោធា​ប្រើ​កាំភ្លើង​វាយ​ទៅលើ​សន្តិសុខ​នេះ ជា​ទង្វើ​ខុសច្បាប់និង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់​ធរ។

លោក​បន្ថែម​ថា៖ «ពីព្រោះ​ក្នុងនាម​ជាម​ន្ត្រី​យោធា ទី១ ការប្រើ​ប្រាស់​អាវុធ​ហ្នឹង គឺ​ខុសច្បាប់ ទោះបី​គាត់​មានច្បាប់​អនុញ្ញាត​ក៏ដោយ តែ​គាត់​យក​មក​ប្រើប្រាស់​ខុសច្បាប់។ ទី២ វា​ជា​បទល្មើស​ព្រហ្មទណ្ឌ។ ទី៣ ក្នុងនាម​ជាម​ន្ត្រី​យោធា យើង​ប្រើ​អំពើ​ហិង្សា ​វា​កាន់តែ​ជា​រឿង​មួយ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត។ អ៊ីចឹង​ករណីនេះ ​ត្រូវតែ​ចាត់វិធានការ ដើម្បី​កុំឱ្យ​ករណីនេះកើតឡើង​តទៅទៀត ហើយ​កុំឱ្យ​មាន​និ​ទណ្ឌ​ភាព​ក្នុង​ការអនុវត្ត​ច្បាប់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ