រដ្ឋា​ភិបាល​​និរាករ​​លើ​​លិខិត​​សំ​ណើ​​មួយ​ចំនួន​​ដែល​​សុំ​​កាត់​​ផ្ទៃ​​បឹង​​តា​មោក​៣០​ហិ​កតា​​

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

រដ្ឋា​ភិ​បាលសម្រេច​និរាករឬបដិសេធ​លើ​លិខិត​សំ​ណើ​មួយចំនួនដែល​ស្នើសុំ​កាត់​ឆ្វៀល​ផ្ទៃដី​បឹង​តា​មោក (បឹង​កប់​ស្រូវ​) ប្រមាណ៣០ហិ​កតា សម្រាប់​សាងសង់​អគារ​រដ្ឋ ខណៈ​រដ្ឋាភិបាលក៏​សម្រេច​ដោះដូរ​ទីតាំង​ក្រសួង​ស្ថាប័ន​មួយចំនួន​ផង​ដែរ។

យោង​តាម​លិខិត​របស់​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី ផ្ញើ​ជូន​ក្រសួង​និង​ស្ថាប័ន​មួយចំនួនកាលពី​ថ្ងៃចន្ទដើមសប្ដាហ៍នេះ ឱ្យ​ដឹង​ថា កាលពី​អំឡុង​ខែកញ្ញា និង​ខែតុលា ឆ្នាំ២០២០ មាន​សំ​ណើឱ្យ​និរាករ ​(បដិសេធ​) លើ​លិខិត​មួយចំនួនដែល​សុំ​កាត់​ឆ្វៀល​ដី​ផ្ទៃ​បឹង​តា​មោក ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​សាងសង់​អគារ​រដ្ឋ​មួយចំនួន។

លិ​ខិត​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី បន្ត​ថា តាមរយៈ​ការ​ស្នើ​នោះ រដ្ឋាភិបាលបានសម្រេច​និ​រា​ករលិ​ខិត​ដែល​ស្នើសុំ​កាត់​ផ្ទៃ​បឹង​តា​មោក​ទំហំ១៥ហិ​កតា ស្ថិតនៅ​ខណ្ឌ​ព្រែកព្នៅ ដែល​គ្រោង​សាងសង់​អគារ​អភិវឌ្ឍន៍ជនបទ និង​និរាករ​លិខិតស្នើ​សុំ​ដោះដូរ​ដី​ទំហំ១៥,៣៣ហិ​កតា របស់ក្រ​សួង​អភិវឌ្ឍន៍​ជនបទ ជាមួយ​ក្រុមហ៊ុន ធី​ភី ម៉ូរា​ល់​គ្រុប។ 

លិខិត​ដដែលក៏បាន​បញ្ជាក់​ពី​ការ​និរាករ​លិខិតស្នើ​សុំ​កាត់​ផ្ទៃដី​បឹង​តា​មោកទំហំ១៥ហិ​កតា​ផ្សេងទៀត ដើម្បី​សាងសង់​អគារ​គណៈ​កម្មា​ការ​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អគារ​គណៈកម្មការ​ធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​អគារ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​សកម្មភាព​មីននិង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ ផង​ដែរ។

ក្រៅពីនោះ លិខិត​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី បន្ត​ថា រដ្ឋាភិបាលក៏​សម្រេច​និរាករ​លិខិតស្នើ​សុំ​ដោះដូរ​និង​ផ្ទេរ​កម្មសិទ្ធិ​ដី​ទី​តាំងអគារ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អគារ​គណៈកម្មា​ធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​អគារ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​មីន​និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន ជាមួយ​ក្រុមហ៊ុន ធី​ភី នោះ​ផង​ដែរ។

វី​អូ​ឌី បាន​សុំ​ការ​អត្ថា​ធិប្បាយ​បញ្ជាក់​បន្ថែមពីលោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី នៅ​ថ្ងៃអង្គារ​ម្សិលមិញ ប៉ុន្តែលោក​បដិសេធ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន មានប្រសាសន៍​ថា ការដែល​រដ្ឋាភិបាលសម្រេច​និរាករនេះ ធ្វើឡើង​តាម​ការ​ស្នើ​សុំ​របស់ក្រ​សួងនិង​ស្ថាប័ន​ពាក់ព័ន្ធ។

លោក​បញ្ជាក់​ថា៖ «រាជរដ្ឋាភិបាលតែងតែ​ធ្វើអ្វីតាមរយៈ​ការ​ផ្តល់​នៃ​សេចក្តី​ស្នើសុំ​ពី​អន្តរក្រសួង។ នេះ​មិនមែន​ជា​និ​រាក​រណ៍​លើកទីមួយ​នោះ​ទេ មានរឿង​ច្រើនណាស់​ដែល​បាន​និរាករបន្ទាប់ពី​ការពិនិត្យ​សារ​ជាថ្មី​ម្តង​ទៀត ហើយ​ការ​និរាករ​ហ្នឹងគឺ​ដើម្បី​ថែរក្សា​ផលប្រយោជន៍​សាធារណៈ ហើយដោយ​អាស្រ័យ​ទៅលើ​ផលប្រយោជន៍​សាធារណៈធំជាង​អ្វី​ដែល​ជា​ផលប្រយោជន៍​ឯកជន​របស់​រដ្ឋ»។

អ្នកស្រី ផន សុខុម ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​បឹង​តា​មោក​ជា​យូរឆ្នាំមកហើយ តែ​មិនទាន់​ទទួល​បាន​បណ្ណ​កម្មសិទ្ធិ​រស់នៅ​ស្របច្បាប់​នោះ ហាក់​មិនទាន់​សាទរ​ចំពោះ​រក្សាទុក​ផ្ទៃ​បឹង​តា​មោក​ប្រមាណ៣០ហិ​កតា​នេះ​ទេ។ 

អ្នកស្រី​ថា៖ «យើង​មិនដឹង​ថា ​គាត់​ [រដ្ឋាភិបាល​] ទុក​ហ្នឹង ហើយ​គាត់​បម្រុងនឹងធ្វើ​ម៉េច យើង​អត់​ដឹង ដូច្នេះ​យើង​អត់​ទាន់​រីករាយ​ទេ។ ពេលណា​ដែល​គាត់​ថា អត់​អភិវឌ្ឍន៍​បឹង​ហ្នឹង​ទៀត បាន​ពួក​ខ្ញុំ​សប្បាយចិត្ត​ […] យើង​នៅតែ​ខ្វល់​ នៅតែ​គិត​ ពីព្រោះ​ដី​ផ្ទះ​របស់ខ្ញុំ​នៅ​ទី​ហ្នឹង​ដែរ»។

ជាមួយគ្នា​នេះ អ្នកស្រីក៏បាន​ស្នើ​ដល់​រដ្ឋាភិបាលផ្តល់​បណ្ណ​កម្មសិទ្ធិ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ជិត២០០គ្រួសារ​ផង​ដែរ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ បាន​សាទរ​ចំពោះ​ការ​និរាករលើ​លិខិតស្នើ​សុំ​កាត់​ផ្ទៃ​បឹង​តា​មោក​នេះ ខណៈ​លោក​ថា រដ្ឋាភិបាល​បាន​ចាប់ផ្តើម​យកចិត្ត​ទុក​ទៅលើ​សំឡេង​របស់​ប្រជាពលរដ្ឋ ដែល​បាន​បង្ហាញ​ពី​ក្តី​បារម្ភនិង​ការ​មិន​សប្បាយចិត្ត​របស់​ពួក​គេចំពោះ​ការ​លុប​បឹង​ជាបន្តបន្ទាប់​ដែល​បណ្តាល​ឱ្យ​មានការ​ជន់​លិច។

លោក​ថា៖ «ពីព្រោះ​អី រឿង​បឹង​ធម្មជាតិ រឿង​ប្រឡាយ​មេ ដែល​ជា​សម្បត្តិ​រដ្ឋ​នេះ វា​គួរតែ​មានការ​ការពារ​ឱ្យ​បាន​ច្រើន ជា​ប្រយោជន៍​ដើម្បី​បន្សាំ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជាមួយនឹង​គ្រោះ​ធម្មជាតិ ដូចជា ភ្លៀង ទឹកជំនន់​អី​ជាដើម ព្រោះ​បើ​មាន​ទឹកជំនន់ វារ​កកន្លែង​ហូរ​អត់​បាន វា​ត្រូវ​លិច​លំនៅឋាន​ពលរដ្ឋ​ហើយ»។ 

ក្រៅពី​​និរាករណ៍​លើ​លិខិតស្នើ​សុំ​កាត់​ឆ្វៀល​ផ្ទៃ​បឹង​តាមោ​កនោះ លិខិត​របស់​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី ក៏បាន​បញ្ជាក់​ដែរពី​ការសម្រេច​របស់​រដ្ឋាភិបាល ពី​ការ​ប្រគល់​អគារ​ទី​ស្តី​ការក្រ​សួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បច្ចុប្បន្ន ទៅ​ឱ្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ប្រគល់​ទី​ស្តី​ការក្រ​សួង​អភិវឌ្ឍន៍​ជនបទ​ បច្ចុប្បន្ន ឱ្យទៅ​មន្ទីរ​រៀបចំ​ដែនដី​រាជធានី​ភ្នំពេញ។

ចំណែកទីតាំង​ទី​ស្តី​ការក្រ​សួង​រ៉ែ និង​ថាមពល បច្ចុប្បន្ន នឹង​ប្រគល់​ទៅ​ឱ្យ​គណៈ​កម្មា​​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​មីន​និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា។ 

លោក សារិ​ន វណ្ណា ប្រធានមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយា​ដី រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា លោក​បានឃើញ​លិខិត​របស់​រដ្ឋាភិបាលពាក់ព័ន្ធ​នឹង​ការដោះដូរ​ទីតាំង​ក្រសួងនិង​ស្ថាប័ន​មួយចំនួន​តាម​បណ្តាញ​សារព័ត៌មាន​ដែរ។ លោក​ថា មន្ទីរ​រៀបចំ​ដែនដី នឹង​ផ្លាស់​ប្តូរ​ទីតាំង​ទៅកាន់​ក្រសួង​អភិវឌ្ឍន៍​ជនបទ នៅពេល​ណា​ដែល​ក្រសួង​នេះ​រើ​ទៅ​ក្រសួង​រៀបចំ​ដែនដី​រួច។

លោក​បាន​បញ្ជាក់​ថា៖ «ប៉ុន្តែ​ត្រង់ថា​កំណត់ពេលវេលា ពេលណា​នោះ អត់​ទាន់​ដឹង! ពីព្រោះ​អី រហូតដល់​ក្រសួង​ដែន​ដី​នៅ​ហ្គ្រេន ​[ភ្នំពេញ​] សង់​ហើយ បាន​ក្រសួង​ដែនដី​រើ​ទៅ ហើយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ រើ​តាម​ក្រោយ​ហើយ បាន​បន្តិចបាន​[យើង​]រើ​ទៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ»។

ទោះ​យ៉ាងណា លោ​ក សារិ​ន វណ្ណា មិនបាន​ដឹង​ថា តើ​រដ្ឋាភិបាល​នឹង​ប្រគល់​ទីតាំង​មន្ទីរ​រៀបចំ​ដែនដី​បច្ចុប្បន្ន​ទៅ​ឱ្យ​ស្ថាប័ន​មួយ​ណា​គ្រប់គ្រង​បន្ត​ទៀត​នោះ​ទេ។

លោក​បាន​បន្ថែម​ថា៖ «បច្ចុ​ប្ប​ន្ន មន្ទីរ​យើង​ស្ថិតនៅ​ក្រោយ​ក្រសួង​រៀបចំ​ដែនដី អគារ​ជាប់គ្នា​ហ្នឹង យើង​អត់​ដឹង​ទេ​ខាងមុខ​ទៀត។ អគារ​របស់​រដ្ឋ​យើង ហើយ​រដ្ឋ​ជា​អ្នកចាត់ចែង​ហើយ យើង​មិន​អាច​ឆ្លើយ​បានទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ