កម្មករ​​មួយ​ចំនួន​​ព្រួយ​បារម្ភ​​ពី​​បញ្ហា​​ជីវភាព ​ខណៈ​​តម្លៃ​​សាច់​​កើន​ឡើង​

អាជីវករ​លក់​សាច់​មាន់​ឈ្មោះ គឹម ជា (រូប​ឆ្វេង​) និង​អាជីវករ​លក់​សាច់​ជ្រូក​ឈ្មោះ មុត ភាព (រូប​ស្តាំ​) នៅមុខ​រោងចក្រ Y&W Garment Factory in ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៤ខែមករា​ឆ្នាំ២០២១។

​កម្មករ​រោងចក្រនិង​កម្មករ​សំណង់​មួយចំនួនបារម្ភ​ពី​ការ​ខ្វះខាត​ជីវភាព​ បន្ទាប់ពី​តម្លៃ​សាច់​ជ្រូកនិង​សាច់​មាន់​ជាដើម បន្ត​ឡើងថ្លៃ​ក្នុង​មួយ​រយៈ​ចុងក្រោយ ដែល​បញ្ហា​នេះ ​ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វ​ថា កើតឡើង​ដោយសារ​កង្វះ​ផលិតកម្ម​សត្វ​ក្នុង​ប្រទេស។

កម្មករ​ផ្នែក​ដេរ​នៅ​រោងចក្រ Y&W Garment Factory នៅ​ខណ្ឌដង្កោ លោក វែន អ៊ី​ហុង លើកឡើង​ថា តម្លៃ​សាច់​ជ្រូក​ដាក់​លក់​នៅមុខ​រោងចក្រ បាន​កើន​ពី១៨ ០០០រៀល​ដល់ទៅ២២ ០០០ពាន់​រៀល ដែល​ធ្វើ​ឱ្យ​លោក​ត្រូវ​កាត់បន្ថយ​ការ​ចំណាយ​មិន​ចាំ​បាច់​ផ្សេង​ៗ និង​ប្តូរ​មក​ទិញ​ម្ហូប​ណា​ដែល​មានតម្លៃ​ទាប។

លោក អ៊ី​ហុង ប្រាប់​ថា៖ «ម្ហូប​យើង​ក៏​អត់​សូវ​ហ៊ាន​ហូប​ឆ្ងាញ់​ដែរ ព្រោះអី​វា​ថ្លៃ អ៊ីចឹង​អត់​សូវ​ហ៊ាន​ហូប​ឆ្ងាញ់​ទេ យើង​ហូប​តែ​ត្រី។ និយាយទៅ ​ជួនកាល​ខ្ញុំ​អត់​ហ៊ាន​សូវ​ទិញ​អ៊ីចឹង​ទៅ ទិញ​មី ទិញ​ត្រីខ​អ៊ីចឹង​ទៅ​ ទុក​ហូប ជួន​កា​លប​ណ្តោះៗ​ពង​ទា​អ៊ីចឹង​ទៅ។ ព្រោះអី​បន្លែ​និង​សាច់​វា​ឡើង»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​អត់​ដឹង​ថាម៉េច​ដែរ ព្រោះ​ឥលូវ​វា​ស្បើយ​ការងារ​រោងចក្រ​ទៀត បើ​បន្លែ​សាច់​នៅតែ​ថ្លៃ​ទៀត មិនដឹងជា​អនាគត​ទៅ​ម៉េច​ដែរ»។

កម្ម​ការិនីនៅ​រោងចក្រ​ដដែល ឈ្មោះ ចន សា​វៀន លើកឡើង​ថា នាង​បាន​កាត់បន្ថយ​ការទិញ​សាច់​ជ្រូក ហើយ​ទិញ​សាច់​ត្រី​ជំនួស​វិញ​ ដើម្បី​រក្សា​ការ​ចំណាយ​លើ​ថ្លៃ​ម្ហូប​ឱ្យ​នៅ​ត្រឹម១៥ ០០០ពាន់​រៀល ទៅ២០ ០០០រៀល ​ក្នុង១ថ្ងៃ សម្រាប់​គ្នា២នាក់​ប្តី​ប្រពន្ធនិង​កូនតូច​មួយ ខណៈ​ចំណូល​ប្រចាំខែ​ពី​ការ​ធ្វើការងារ​ទទួល​បាន​ពី២០០ដុល្លារ​ទៅ២៥០ដុល្លារ បូករួម​ទាំង​ប្រាក់ឈ្នួល​ថែម​ម៉ោង។

កម្ម​ការិនី ចន សា​វៀន និយាយ​ថា៖ «ពេលខ្លះ​អត់​សូវ​ហ៊ាន​ហូប​សាច់​អ៊ីចឹង​ទៅ ទិញ​តែ​ត្រី​ថោ​កៗ​ល្មម​ៗ វា​ជួយ​កាត់បន្ថយ​ការ​ហូប​សាច់​ច្រើន​អ៊ីចឹង​ទៅ។»

សា​វៀន បន្ថែម​ថា៖ «បារម្ភ​រឿង​ខ្លាច​ប្រាក់ខែ​ឡើងថ្លៃ​តិចតួច ម្ហូប​ឡើង​កាន់​តែ​ច្រើន​អ៊ីចឹង ហើយ​បារម្ភ​ខ្លាច​ទប់ទល់​គ្រួសារ​មិន​ឈ្នះ»។

កម្មករ​សំណង់​ផ្នែក​វាយ​ឥដ្ឋ​ម្នាក់​ដែល​ធ្វើការ​ក្បែរ​រោងចក្រ អ្នកស្រី ណែត ចិន្តា លើកឡើង​ថា បច្ចុប្បន្ន គាត់​ត្រូវ​ចំណាយ​លើ​ថ្លៃ​ម្ហូប​ប្រចាំថ្ងៃ​សម្រាប់​សមាជិក​គ្រួសារ៤នាក់​ ចន្លោះ​ពី ៣០ ០០០ទៅ៤០ ០០០រៀល ឬអាច​ដល់៥០ ០០០រៀល ខុសពី​មុន​ពេល​ផ្ទុះ​កូ​វីដ​ចុងក្រោយ​នៅមុន​ខែវិច្ឆិកា ដែល​គាត់​ចំណាយ​អស់​ចន្លោះ​ពី២០ ០០០ទៅ៣០ ០០០រៀល។

អ្នកស្រី​ថា បញ្ហា​ម្ហូប​ឡើងថ្លៃ​នេះ ធ្វើ​ឱ្យ​អ្នកស្រី​ពិបាក​សន្សំ​លុយ​សម្រាប់​សង​រំលស់​ប្រាក់កម្ចី​ពី​ធនាគារ​ដែល​អ្នកស្រី​បាន​ខ្ចី​នា​ពេល​កន្លងមក។

អ្នកស្រី ចិន្តា ប្រាប់​ថា៖ «ចំណូល​យើង​ចូល​ដូច​ថា​មួយថ្ងៃ៣០ ០០០អ៊ីចឹង យើង​នៅតែ៣០ ០០០ដដែល ហើយ​ដល់ពេល​ម្ហូប​ឡើងថ្លៃ​អ៊ីចឹង វា​ចំណាយ​អស់​ច្រើន។ អ៊ីចឹងយើង​ចូល​តិច​អ៊ីចឹងវា​មិនសូវ​សល់​លុយ​ដូចមុន»។

អ្នកលក់សាច់​ជ្រូក​ម្នាក់​នៅ​ពីមុខ​រោងចក្រ Y&W លោក មុត ភាព ប្រាប់​ថា បច្ចុប្បន្ន លោក​លក់​ចេញ​សាច់​ជ្រូក​ក្នុង​មួយ​គីឡូ​ពី២០ ០០០ទៅ២២ ០០០រៀល ដោយ​តម្លៃ​ទិញ​ចូល​ជាង១៧ ០០០ ដោយ​បាន​កើនឡើង​ពី១៥ ០០០រៀល​កាលពី២ខែមុន។ លោក​ថា ការ​កើនឡើង​នេះ ធ្វើ​ឱ្យ​លោក​ត្រូវ​បន្ថយ​ការទិញ​ចូល​សាច់​ពី៤០គីឡូក្រាម​ក្នុង​មួយថ្ងៃ​ មក​នៅ​ត្រឹម២០គីឡូក្រាម​ប៉ុណ្ណោះ។

លោក មុត ភាព និយាយ​ថា៖ «បាទ​ថយៗ​! សូម្បី​លក់​នៅ​ផ្សារ​បឹងត្របែក​សព្វថ្ងៃ​ហ្នឹង គ្មាន​មនុស្ស​ដើរ។ ប្រពន្ធ​ខ្ញុំ​ធ្លាប់​លក់​បាន១លានជាង ៧០​[ទៅ]៨០ម៉ឺន ឥលូវ​ធ្លាក់​មក​សល់៣០ម៉ឺន​មុន​ម៉ោង១អីហ្នឹង។ មកដល់​ផ្ទះ​ បាន​ត្រឹម៣០ម៉ឺន»។

រី​ឯអ្នកលក់សាច់​មាន់​ម្នាក់ លោក គឹម ជា ប្រាប់​ថា ចាប់ពី​ខែវិច្ឆិកា​មក សាច់​មាន់​ក្នុង១គីឡូក្រាម​បាន​កើន​ជាបន្តបន្ទាប់​ពី​ជាង៤ ០០០ ដល់៧ ០០០ ទៅ៨ ០០០រៀល ដែល​ធ្វើ​ឱ្យ​បរិមាណ​សាច់​ដែល​ធ្លាក់​លក់​បាន​ជាង១០០គីឡូ​ក្នុង១ថ្ងៃ បាន​ធ្លាក់ចុះ​ជិត៥០ភាគរយ។

លោក គឹម ជា ប្រាប់​ថា៖ «តែមួយ​ខែ​ហ្នឹង ផ្ទុះ​កូ​វី​ដម្តង​ទៀត​ហ្នឹង»។

ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា លោក ស្រ៊ុ​ន ពៅ លើកឡើង​ថា ក្នុងរយៈពេល១០ថ្ងៃ​ចុងក្រោយ តម្លៃ​ជ្រូក​រស់​បាន​ឡើង​ពី១២ ០០០ពាន់​រៀល​ ដល់១២ ៥០០ ទៅ១៣ ៥០០រៀល​ក្នុង​មួយ​គីឡូក្រាម នៅ​តាម​តំបន់និង​ខណ្ឌ​ស្រុក​ផ្សេង​ៗ។

លោក​ថា មូលហេតុ​ឡើងថ្លៃ ​គឺ​ដោយសារ​ផលិតកម្ម​ជ្រូក​នៅ​វៀតណាមដែល​ជា​ប្រទេស​នាំចូល​ជ្រូក​មក​កម្ពុជា​ ជួប​បញ្ហា​ដោយសារ​ការ​វាយលុក​ពី​ជំ​ងឺ​ប៉េសជ្រូក​អាហ្វ្រិក ដែល​នាំ​ឱ្យ​សត្វ​ជ្រូក​ក្នុង​ប្រទេស​នេះត្រូវ​ស្លាប់​និង​ត្រូវ​បាន​សម្លាប់ចោល​អស់​រាប់​លាន​ក្បាល។ 

លោក ស្រ៊ុ​ន ពៅ ប្រាប់​ថា៖ «វា​ឡើង​ដោយសារ​អ៊ីចឹង​ទេ មិនមែន​ឡើង​ដោយសារ​បងប្អូន​យើង​មានការ​ហូបចុក​ច្រើនជាង​មុន​ទេ អត់មាន​ទេ។ បាន​សេចក្តី​ថា បើ​យើង​គិត​ស្ថិតិ​ចូល​ទីផ្សារ វា​ថយ​ចុះ​នៅ​អត់​ទាន់​ដល់កម្រិត​ដើម​នៅឡើយ​ទេ ដែល​ឡើងថ្លៃគឺ​ដោយសារ​ប្រទេសជិតខាង​យើង​វា​ឡើងថ្លៃ»។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ លោក តាន់ ផាន់​ណា​រ៉ា បដិសេធ​ចំពោះ​ការ​ឡើងថ្លៃ​ជ្រូក ដោយ​ថា ខាង​ក្រសួង​បាន​ព្យាយាម​រក្សា​តុល្យភាព​តម្លៃ​ជ្រូក​បាន​យ៉ាង​ល្អ​ក្នុង​តម្លៃ១២ ០០០រៀល​ក្នុង១គីឡូក្រាម​ សម្រាប់​ជ្រូក​រស់។ 

លោក តាន់ ផាន់​ណា​រ៉ា ប្រាប់​ថា៖ «បាទ​! មាន​ឡើង​ឯណា! យើង​ធានា​ស្ថិរភាព​តម្លៃ​ ធ្វើ​ម៉េច​កុំឱ្យ​ប៉ះពាល់ ​ចង់និយាយ​ទាំង​អ្នក​ចិញ្ចឹមនិង​អ្នក​បរិភោគ​ក៏​ដូចគ្នា»។

បើ​តាម​ធនាគារជាតិ​កម្ពុជា អតិផរណា ឬស្ថាន​ភាព​តម្លៃ​ទំនិញ​សម្រាប់​ឆ្នាំ២០២០កន្លងមក​នេះ បាន​កើនឡើង​ក្នុង​កម្រិត​ជាមធ្យម២,៩ភាគរយ ដែល​បណ្ដាលមកពី​កំណើន​តម្លៃ​ម្ហូបអាហារ​នៅ​អំឡុង​ពេល​មាន​ករណី​ជំងឺ​កូ​វីដ​-១៩ដំបូង និង​ជំនន់​ទឹកភ្លៀង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ