អាជ្ញាធរថៃ ប្រាប់ដល់អាជ្ញាធរកម្ពុជា ពីគម្រោងបិទការធ្វើអាជីវកម្មនៅផ្សាររ៉ុងក្លឿជាបណ្ដោះអាសន្ន ចាប់ពីចុងសប្ដាហ៍នេះទៅ ដោយសម្អាងថា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ខណៈជំងឺនេះកំពុងរាលដាលទៅតំបន់ជាច្រើនក្នុងប្រទេសថៃ។
បើតាមលិខិតជូនដំណឹងរបស់អាជ្ញាធរថៃ ផ្ញើមកភាគីកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ឱ្យដឹងថា អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ នឹងផ្អាកការដឹកទំនិញចេញ-ចូលផ្សាររ៉ុងក្លឿ ស្ថិតក្នុងប្រទេសថៃ ជាប់ព្រំដែនកម្ពុជា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈប្រទេសថៃកំពុងផ្ទុះជំងឺនេះ នៅក្នុងតំបន់ជាច្រើន។
លិខិតដដែលបន្តថា អាជ្ញាធរថៃក៏នឹងបង្កើតវិធានការណ៍ថ្មីដូចដែលធ្លាប់បានជជែកជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ និងបាត់ដំបង ដែលតម្រូវឱ្យជនជាតិខ្មែរចូលទៅធ្វើពាណិជ្ជកម្មនៅផ្សាររ៉ុងក្លឿ ក្រោមលក្ខខណ្ឌនៃការត្រួតពិនិត្យសុខភាពសាធារណៈ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ផងដែរ។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី ប្រាប់ វីអូឌី នៅថ្ងៃនេះថា ភាគីថៃនឹងបិទមិនឱ្យពលរដ្ឋកម្ពុជាដឹកទំនិញចេញ-ចូលទៅផ្សាររ៉ុងក្លឿ ចាប់ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ខាងមុខ ក្រោយពីថៃកំពុងផ្ទុះការឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេស។ លោកបន្តថា ការបិទបណ្ដោះអាសន្ន ពិតជានឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែនេះជាចំណាត់ការចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
លោកថា៖ «វាប៉ះពាល់ហើយ ព្រោះបើទំនិញចេញចូល សេដ្ឋកិច្ចយើងបានពន្ធពីការឆ្លងកាត់ហ្នឹង។ ទី២ ពលករយើងមួយចំនួននៅផ្សាររ៉ុងក្លឿ ក៏បានទៅលក់ដូរនៅនោះមួយចំនួនដែរ តែគ្រាន់តែថា លក់ដូរមិនបើកទូលាយដែរ ត្រូវមានការឆ្លងកាត់ពិនិត្យសុខភាព ធានាបានសន្តិសុខសណ្ដាប់ធ្នាប់»។
អភិបាលរងខេត្តរូបនេះបន្តថា គិតមកដល់ថ្ងៃនេះ ពលករដែលត្រឡប់មកពីប្រទេសថៃមានប្រហែល២ ០០០នាក់ ដែលបច្ចុប្បន្ន អ្នកទាំងនោះត្រូវបានមន្ត្រីសុខាភិបាលយកសំណាកទៅពិនិត្យនិងដាក់ឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ទាំងអស់គ្នា។
អាជីករលក់ស្បែកជើងនៅផ្សាររ៉ុងក្លឿម្នាក់ អាយុ២៥ឆ្នាំ សុំមិនបញ្ចេញឈ្មោះ បង្ហាញក្ដីបារម្ភចំពោះការផ្អាកការនាំចូលទំនិញនេះ ដោយអ្នកស្រីខ្លាចការបិទនេះមានរយៈពេលយូរដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅពួកគាត់។
អាជីវកររូបនេះថា៖ «បើសិនជាគេបើក វាធូរយើងលក់ដូរ ចេញចូលស្រួល ដល់ពេលគេបិទអ៊ីចឹង ដូចថាពេលខ្លះម៉ូយត្រូវទិញអីវ៉ាន់ យើងអត់បានរៀបចំអីវ៉ាន់ឱ្យម៉ូយអ៊ីចឹង។ ប៉ះពាល់ បាត់បង់ចំណូលអ៊ីចឹង។ និយាយទៅបារម្ភដែរ ខ្លាចគេបិទរហូត បន់ឱ្យគេបិទរយៈពេលខ្លី មិនចង់ឱ្យគេបិទរយៈពេលយូរ ប៉ុន្តែអត់ដឹងថាយ៉ាងណា។ បើបិទយូរ យើងមានតែដូរមុខរបរ»។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី បង្ហាញក្ដីបារម្ភពាក់ព័ន្ធនឹងការផ្អាកមិនឱ្យដឹកទំនិញចេញចូលទៅផ្សាររ៉ុងក្លឿនេះថា នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកថា៖ «ពេលបិទអ៊ីចឹង ប្រជាពលរដ្ឋខ្មែរយើង អ្នកដែលរកស៊ីនៅជាយដែន គឺពឹងលើការដោះដូរទំនិញចូលទៅផ្សារថៃហ្នឹង ហើយដល់ពេលធ្វើអ៊ីចឹង ប្រជាពលរដ្ឋនៅតាមជាយដែន ធ្វើឱ្យគ្នាដាច់បាយ អត់មានអ្វីដំណោះស្រាយសោះ»។
រដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ ឱ្យដឹងថា ចំពោះច្រកអន្តរជាតិរវាងកម្ពុជា-ថៃចំនួន២នៅក្នុងខេត្តនេះ រួមមាន ច្រកអន្តរជាតិដូង និងភ្នំដី គឺប្រជាពលរដ្ឋនៅអាចដឹកទំនិញចេញចូលបានធម្មតា។
លោកបន្តថា គិតមកដល់ថ្ងៃនេះ ពលករខ្មែរធ្វើការនៅប្រទេសថៃដែលចូលមកតាមច្រកព្រំដែនទាំងពីរនេះមានចំនួន១ ៨៨៨នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័ក។ លោកបញ្ជាក់ថា ក្នុងចំណោមពលករ១ ៨៨៨នាក់ គឺមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦នាក់។
ចំណែកអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង មានប្រសាសន៍ថា ពលករខ្មែរមកពីថៃនៅតាមច្រកព្រំដែនខេត្តនេះ មានចំនួន៦៣នាក់ ដោយបច្ចុប្បន្ន ពួកគេកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលដែលអាជ្ញាធរនិងមន្ទីរសុខាភិបាលរៀបចំ។ សម្រាប់ជនជាតិថៃវិញ លោកស្រីថា មិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ចូលមកទឹកដីកម្ពុជាឡើយ។
លោកស្រីថា៖ «ខេត្តដែលឆ្លងកូវីដជាប់ខេត្តកោះកុង គឺយើងពង្រឹង។ ប្រជាពលរដ្ឋខ្មែរ គឺយើងទទួលគាត់សម្រាប់ចត្តាឡីស័ក សម្រាប់ពលរដ្ឋថៃគឺយើងមិនឱ្យចូលទេមួយរយៈនេះ យើងទំនាក់ទំនងឱ្យគាត់ទៅធ្វើចត្តាឡីស័កនៅប្រទេសថៃវិញដែរ»។
លោកស្រី មិថុនា ភូថង បន្តថា ចំពោះការដឹកទំនិញចេញចូលរបស់ពលរដ្ឋវិញ នៅតែមានការដឹកចេញចូលធម្មតា ប៉ុន្តែគ្រាន់តែរឹតបន្តឹងជាងមុនប៉ុណ្ណោះ។
លោកស្រីថា៖ «អ្នកដឹកអីវ៉ាន់មក យើងមានរៀបកន្លែងបែងចែកដោយឡែកពីគ្នា ហើយកម្មករមិនឱ្យពាក់ព័ន្ធគ្នាទេ ហើយអ្នកបើករថយន្ត យើងឱ្យគាត់ទៅអង្គុយកន្លែងផ្សេង មិនឱ្យទំនាក់ទំនងជាមួយកម្មករទេ ហើយអីវ៉ាន់ យើងឱ្យគេបាញ់សម្អាត បាញ់ថ្នាំបាញ់អី»។
ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃម្សិលមិញថា រដ្ឋាភិបាលថៃបានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយថា ដើម្បីបន្តទប់ស្កាត់និងគ្រប់គ្រងការរីករាលដាលការឆ្លងជំងឺកូវីដ១៩ ដែលជារលកថ្មីនៅក្នុងប្រទេសថៃ។
ករណីនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក៏បានណែនាំឱ្យប្រជាពលរដ្ឋខ្មែរនៅថៃទាំងអស់បន្តចូលរួមសហការបន្ថែមទៀត ដើម្បីអនុវត្តនូវវិធានការណ៍នានារបស់រដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងអនុវត្តវិធានការណ៍អនាម័យ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩។
បើតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលជាបន្តបន្ទាប់ ឃើញថា គិតចាប់តាំងពីអំឡុងចុងខែធ្នូ ឆ្នាំ២០២០ មកដល់ព្រឹកថ្ងៃពុធនេះ ក្រសួងបានរកឃើញពលករខ្មែរចំនួន១៨នាក់ហើយដែលបានឆ្លងជំងឺកូវីដ១៩ ក្រោយពីពួកគេបានឆ្លងដែនមកពីប្រទេសថៃមកកាន់កម្ពុជាវិញ៕