ក្រសួង​រ៉ែ​ និង​​ថាមពល​ ដាក់​ដេញ​ថ្លៃ​​សិទ្ធិ​​ធ្វើ​អាជីវ​កម្ម​​ខ្សាច់​​ជាង​២​ពាន់​​ហិក​តា​​នៅ​​ខេត្ត​​ពីរ​​ក្បែរ​​ឆក​សមុទ្រ​

ទូក​បូម​ខ្សាច់​មួយ​គ្រឿង​ចូល​ចត​នៅ​ក្បែរ​ឆក​ឆ្នេរ​រាម ស្ថិតនៅ​ខេត្ត​ព្រះសីហនុ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។ (Danielle Keeton​-Olsen​)

​ក្រសួង​រ៉ែ និង​ថាមពល កំពុង​បើក​ទទួលពាក្យ​ដាក់ដេញថ្លៃ​យក​សិទ្ធិ​ធ្វើអាជីវកម្ម​បូម​ខ្សាច់​តាម​ឆកសមុទ្រ​ជាង២ពាន់​ហិ​កតានៅក្នុង​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ដោយ​ថា ​ការងារ​នេះ​គឺ​ដើម្បី​ស្តារ​ផ្លូវទឹក។ 

ក្រសួង​នឹង​បើក​ឱ្យ​មាន​វគ្គ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយនៅពេល​ក្រោយ​ ក្នុង​ខែ​នេះ អំពី​ដំណើរការ​នីតិ​វិធី​ដាក់​ឱ្យ​ដេញថ្លៃ បន្ទាប់ពី​ចេញផ្សាយ​លិខិត​ជូនដំណឹង​មួយ​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​ក្រសួងរ៉ែ និង​ថាមពល នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា​ ឆ្នាំ២០២០។ 

យោង​តាម​លិខិត​នោះ ក្រសួង​បើក​តំបន់​ចំនួន៧ទីតាំង​ផ្សេងគ្នា ដោយមាន៣ទីតាំងនៅ​ខេត្តកោះកុង និង៤ទីតាំង​ទៀតនៅ​ខេត្ត​ព្រះសីហនុ ដែល​មានផ្ទៃ​ក្រឡា​សរុប​ទំហំ២ ១៤៣ហិ​កតា។

អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក យស មុនី​រ៉ាត់ លើកឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ការសម្រេច​ជ្រើសរើស​ក្រុមហ៊ុន​ឱ្យធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ខេត្ត​មាត់សមុទ្រ​នេះ គឺ​ដើម្បី​ស្តារ​ផ្លូវទឹក​ហូរ​ដែល​បាន​កកស្ទះ​ដោយសារ​លំហូរ​ល្បាប់​ខ្សាច់​នៅ​តាម​តំបន់​ទាំងនោះ។

លោក​បន្ថែម​ថា ការ​កើនឡើង​នូវ​តម្រូវការ​ខ្សាច់​ចាក់​បំពេញ​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​ក្បែរ​ខាង និង​ការ​រកចំណូល​ចូល​រដ្ឋ​ពី​ការ​ផ្តល់​អាជ្ញា​បណ្ណ​អាជីវកម្ម​បូម​ខ្សាច់ក៏​ជាហេតុ​ផល​សំខាន់​មួយទៀត​ដែរ បើ​ទោះ​បី​ជា​ក្រសួង​មិនទាន់​អាច​ប៉ាន់​ស្មានថា​នឹង​ទទួល​បាន​ចំណូល​ប៉ុន្មាន​ក្តី។

លោក យស មុនី​រ៉ាត់ មានប្រសាសន៍​ថា៖ «កាលណាមាន​ក្រុមហ៊ុន​ច្រើន​ចង់​បាន​អញ្ចឹង យើង​ក៏​ប្រកាស​ដាក់​ឱ្យ​មាន​ប្រកួតប្រជែង [រកមើល​ថា​] តើ​ក្រុមហ៊ុន​ណា​អាច​ផ្តល់​ផលប្រយោជន៍​ឱ្យ​រដ្ឋ​ច្រើនជាង​គេ យើង​នឹង​ជ្រើសរើស​ក្រុមហ៊ុន​ហ្នឹងឱ្យធ្វើ​ការ​អភិវឌ្ឍ​ការងារ​ហ្នឹង»។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ធនធាន​រ៉ែ​រូប​នេះ និយាយ​ថា ការសិក្សា​លើ​ផលប៉ះពាល់​បរិស្ថាន នឹង​ត្រូវ​ធ្វើឡើង​ដោយក្រុម​ហ៊ុន​ដាក់ដេញថ្លៃ មិនមែន​ក្រសួង​នោះ​ទេ ហើយ​លោក​ថា ខ្សាច់​ដែល​បូម​បាន​នឹង​អនុញ្ញាត​ឱ្យ​ប្រើ​តែ​ក្នុង​ស្រុក នៅ​តំបន់​ក្បែរ​ទីតាំង​បូម​ប៉ុណ្ណោះ។

បើ​តាម​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ​តែមួយ​ប៉ុណ្ណោះ​ក្នុង​តំបន់​រាម ដែល​ត្រូវការ​ខ្សាច់​បរិមាណ​ច្រើន​ចាក់​បំពេញ ដោយ​នោះ​ជា​គម្រោង​អភិវឌ្ឍន៍​“ទីក្រុង​រាម​” របស់​ក្រុមហ៊ុន Canopy Sands មានតម្លៃ១៦ពាន់​លាន​ដុល្លារ និង​លាតសន្ធឹង​តាម​បណ្តោយ​ឆ្នេរសមុទ្រ ស្ថិតនៅស្រុក​ព្រៃនប់ លើ​ផ្ទៃដី៨៣៤ហិក​តា។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ក្នុង​ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រ​សួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ឱ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រាម គ្រោង​នឹង​សាងសង់​រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន អាគារ​លំនៅ​ដ្ឋាន អាគារ​ស្នាក់នៅ​រួម និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ជាដើម។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក ឃាង ភា​រម្យ និយាយ​ថា៖ «ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន​អភិវឌ្ឍ​ន៍ដែល​មាន​តម្រូវការ​ចាក់​បំពេញ​ខ្សាច់​ហ្នឹង បច្ចុប្បន្ន​ដូច​មានតែ​មួយ​ក្រុមហ៊ុន ​គឺ​នៅ​រាម តំបន់​រាម»។ 

លោក​បន្ថែម​ថា ទោះ​យ៉ាងណា មានតែ​ក្រុមហ៊ុន​បូម​ខ្សាច់​តែមួយ​ប៉ុណ្ណោះ​ក្នុងចំណោម៣ ដែល​កំពុង​ដំណើរការ​បូម​ខ្សាច់​ក្នុង​ខេត្ត​ក្នុងរយៈ​ពេល​ថ្មី​ៗនេះ។

ចំ​ណេ​កអ្នកនាំពាក្យ​រដ្ឋបាល​ខេត្តកោះកុង លោក សុខ សុទ្ធី និយាយ​ថា មិន​មាន​គម្រោង​អភិវឌ្ឍន៍​ណាមួយ​ត្រូវការ​ខ្សាច់​ចាក់​បំពេញ​ក្នុង​ខេត្ត​នេះ​ទេ។

លោក សុទ្ធី និយាយ​ថា៖ «មាន​គម្រោង​គេ​ធំៗ​យូរហើយ​តើ​បាទ! ហើយ​ដូច​អត់មាន​ត្រូវការ​ចាក់បំពេញដី​អី​ទៀតផង តែ​ប្រហែលជា​ខ្ញុំ​អត់​ទាន់បាន​ដឹង»។

សម្រាប់ការបូមខ្សាច់នៅតាមឆកសមុទ្រ ធ្លាប់មានបញ្ហាចម្រូងចម្រាសមួយ ដោយមានអ្នកតវ៉ាត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០​១៧ ខណៈពួកគេឃ្លាំមើលដំណើរការដឹកជញ្ជូនខ្សាច់ ហើយបន្ទាប់មកការនាំចេញខ្សាច់ទៅក្រៅប្រទេសពីខេត្តកោះកុងត្រូវបានហាមឃាត់

ស្ថាបនិក​ក្រុមសកម្ម​ជន​បរិស្ថាន​មាតា​ធម្មជាតិ លោក Alex Gonzalez​-Davidson បង្ហាញ​ក្តី​បារម្ភ​ថា អាជីវកម្ម​បូម​ខ្សាច់​អាច​នឹង​ប៉ះពាល់​ដល់​ជីវភាព​របស់​អ្នកនេសាទ ខណៈ​ពួក​គេ​ធ្លាប់​បាន​ជួបប្រទះ​កាលពី​កន្លងមក។ 

លោក Alex បន្ថែម​ថា គាត់​ធ្លាប់ធ្វើ​ការ​ជាមួយ​អ្នកស្រុក​នៅ​ខេត្តកោះកុង ដោយ​ពួក​គេ​បាន​ប្រាប់​គាត់​ថា មិន​មាន​តំបន់​ណាមួយ​ដែល​មាន​ល្បាប់​ខ្សាច់​គោក​រាក់បង្ក​ការ​រាំងស្ទះ​ផ្លូវទឹក និង​ត្រូវការ​បូម​ស្តារ​នោះ​ទេ។ 

លោក​ថា៖ «ទោះបីជា​លើក​នេះ​គេ​ថា ខ្សាច់​ហ្នឹង គឺ​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក​ក៏ដោយ យើង​បារម្ភ​ថា ​ថ្ងៃណាមួយ​អាច​នឹង​បង្វែ​រទិសដៅ​ទៅ​រក​ផ្លូវ​នាំចេញ​វិញ ដូច​ស្ថាន​ភាព​ដើម​អញ្ចឹង»។

លោក​បន្ថែម​ថា៖ «ទោះបីជា​បូម​ខ្សាច់​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក ក៏​ផល​ប៉ះពាល់​ទៅលើ​បរិស្ថាន​ហ្នឹង​វា​អាច​ធ្ងន់ធ្ងរ​ដែរ»។

សកម្មជនបរិស្ថានរូបនេះ ក៏អំពាវនាវឱ្យមានតម្លាភាពកាន់តែធំធេង ដោយរាប់បញ្ចូលទាំងការចេញផ្សាយជាសាធារណៈអំពីរបាយការណ៍សិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានដែលមានភាគីជំនាញឯករាជ្យចូលរួម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ