មន្ត្រី​​ជាន់​ខ្ពស់​​បក្ស​​កាន់​អំណាច​ ក្រើន​រំឭក​មន្ត្រី​​កុំ​ឱ្យ​​យក​​ម៉ោង​​និង​​មធ្យោ​បាយ​​រដ្ឋ​ទៅ​​បម្រើ​ការ​ងារ​​បក្ស​​

លោក ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​កែសម្រួល​លក្ខណៈ​សម្បត្តិ​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក​លោក ស ខេង​)

អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃសុក្រ​នេះ បាន​ក្រើនរំឭក​ជាថ្មី​ដល់​មន្ត្រី​ ឱ្យ​ឈប់​យក​ថ្ងៃធ្វើការនិង​មធ្យោបាយ​រដ្ឋទៅ​បម្រើការ​ងារ​បក្ស​ទៀត។ 

ក្នុង​កិច្ចប្រជុំ​អន្ដរ​ក្រសួង ដើម្បី​កែសម្រួល​លក្ខណៈ​សម្បត្តិនៃ​គោលនយោបាយ​ភូមិ​ឃុំមាន​សុវត្ថិភាព នៅ​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ លោក ស ខេង ថ្លែង​ថា ការ​ពង្រឹង​ប្រជាប្រិយ​ភាព​របស់​គណបក្សប្រជាជន​កម្ពុជា សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០២២ខាងមុខ ពិតជា​មាន​សារៈសំខាន់និង​មិន​អាច​ខ្វះ​បានទេ។

លោក​បន្ត​ថា កាលពី​ឆ្នាំ១៩៩៣ លោក​បាន​ស្នើ​ឱ្យ​មា​នកុ្រ​មកា​រងា​រដើម្បី​ចុះ​ពង្រឹង​ប្រជាប្រិយ​ភាព​គណបក្ស​នៅ​មូលដ្ឋាន ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​ លោក​សង្កេតឃើញ​ថា មន្ត្រី​ដែល​ចុះទៅ​មូលដ្ឋាន​នោះ បាន​យក​មធ្យោបាយ​ឬយានយន្តនិង​ម៉ោង​ធ្វើការ​របស់​រដ្ឋទៅ​បម្រើ​បក្ស​ទៅវិញ។

លោក​ថា៖ «ដល់ហើយ​មន្ត្រី​របស់​យើង ​ចុះទៅ​មូលដ្ឋាន​ហ្នឹង យក​ថ្ងៃធ្វើការទៅ​ធ្វើការងារ​បក្ស យក​មធ្យោបាយ​របស់​រដ្ឋ​ទៅ​ធ្វើការងារ​បក្ស អ៊ីចឹង​រក​វិធី​ម៉េច​ដើម្បី​ដោះស្រាយ​ជួយ។ បង្កើត​ក្រុមការងារ​រដ្ឋ​មួយទៀត មកដល់​ឥលូវនេះ អ៊ីចឹង​យើង​ចង់​ធ្វើការ​ថ្មើរណា​ក៏បាន​ដែរ ប៉ុន្តែ​ពេល​ហ្នឹង យើង​[យក]ឡាន​រដ្ឋ​ទៅ យើង​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ប៉ូលិ​សក៏​បាន ជា​ទាហាន​ក៏បាន ជា​ស៊ីវិល​ក៏បាន ជាម​ន្ត្រី​រាជការ​ក៏បាន ម៉ោង​ណា​ក៏បាន​ដែរ ប៉ុន្តែ​យើង​ត្រូវការ​ងារ​[រដ្ឋ​]ហ្នឹង»។

ក្រៅពី​ក្រើនរំឭក​ដល់​មន្ត្រី​កុំឱ្យ​យក​យានជំនិះនិង​ម៉ោង​ធ្វើការ​របស់​រដ្ឋទៅ​ធ្វើការងារ​បក្ស​នេះ លោក ស ខេង ក៏​ជំរុញ​ឱ្យ​មន្ត្រី​ធ្វើការ​ដោះស្រាយ​ទំនាស់​នៅ​តាម​មូលដ្ឋាន និង​ពង្រឹង​ការអនុវត្ត​គោ​លន​យោ​យបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋឱ្យ​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់ថា ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ការ​ក្រើនរំឭក ដើម្បី​កុំឱ្យ​មន្ត្រី​មួយចំនួន​យក​មធ្យោបាយនិង​ម៉ោង​រដ្ឋ​ទៅ​បម្រើការ​ងារ​បក្ស​ទៀត។ 

លោក​ថា៖ «កន្លងទៅ អនុវត្ត​ជា​រួម​ បាន​ទទួលលទ្ធផល​ល្អ​ប្រសើរ​ហើយ ក៏ប៉ុន្តែ​ក៏​វា​មាន​បុគ្គល​ខ្លះ មួយចំនួន​តូច​ទេ មិនជា​មូលដ្ឋាន​ទេ ដែល​គាត់​អនុវត្ត​ទៅ​ ភ្លេច​គិត។ អ៊ីចឹង​សម្ដេច​លើកឡើង​ជា​ការ​ក្រើនរំឭកដល់​មន្ត្រី​រាជការ​ ដើម្បី​ធ្វើ​យ៉ាងម៉េច ​[ចៀសវាង​បញ្ហា​នេះ​] ព្រោះ​បញ្ហា​នេះ​ពាក់ព័ន្ធ​ដល់​កិត្តិយស សេចក្ដី​ថ្លៃ​ថ្លូរ​គណបក្ស ដោយសារ​រឿង​បុគ្គល​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស ​សេចក្ដី​ថ្លៃ​ថ្នូរ ក្នុង​ការអនុវត្ត​គោលការណ៍​គណបក្ស»។

មន្ដ្រី​ជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គ​ការ​ខុ​មហ្វ្រែល លោក កន សា​វាង្ស ស្វាគមន៍​ចំពោះ​ការ​ក្រើនរំឭកនេះ ប៉ុន្តែ​លោក​ជំរុញ​ឱ្យធ្វើ​ការ​តាមដាន ដាក់​ពិន័យ ឬក៏​មាន​វិធានការ​ច្បាប់​ទៅលើ​មន្ត្រី​រាជការ​ទាំងអស់​នោះ ជាជាង​ធ្វើការ​ក្រើនរំឭក។

លោក​ថា៖ «កុំឱ្យ​មានការ​លើកឡើង ករណី​គាត់​ទៅ​ធ្វើ​ជាក់ស្ដែង ហើយ​យើង​អត់​បាន​ធ្វើការ​ពិន័យ​ឬក៏​ដាក់ទោស​ទណ្ឌ​អី អាហ្នឹង​ជា​ចំណុច​មួយ វា​មិន​ត្រឹមត្រូវ ហ្នឹង​គឺជា​រឿង​មួយ​សំខាន់»។

កាលពី​ឆ្នាំ២០១៨ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ក៏​ធ្លាប់​បាន​ចេញ​សេចក្តី​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ-សង្កាត់ មិន​ត្រូវ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ជាស​មា​ជិ​កក្រុមប្រឹក្សា​ឃុំ​-សង្កាត់ និង​មិន​ត្រូវ​ប្រើប្រាស់​មធ្យោបាយ សម្ភារ ថវិកា ឬម៉ោង​ធ្វើការ​របស់​រដ្ឋ ទៅ​បម្រើ​ឱ្យ​សកម្មភាព​របស់​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ