វិភាគ៖ ភាព​គំរូ​របស់​លោក​ Abe​ Shinzo​ ហ៊ាន​ប្រឈម​មុខ​នៅ​តុលាការ​

លោក អាបេ ក្នុងថ្ងៃប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ (Twitter of Abe/ 安倍晋三)

តុលាការបានដំណើរការស៊ើបអង្កេតលើករណីមន្ត្រីរបស់លោក  Abe Shinzo  អតីតនាយករដ្ឋមន្ត្រីជប៉ុន ចំពោះការប្រើប្រាស់ថវិកាជិត៣០ម៉ឺនដុល្លារ (២៨៩ ០០០ដុល្លារ)​ មិនត្រឹមត្រូវទៅតាមច្បាប់ស្តីពីថវិកាចំណាយរបស់គណបក្សនយោបាយ។​

នៅគ្រប់ដំណាក់កាលនៃការស៊ើបអង្កេត អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានស្ម័គ្រចិត្តចូលរួមទាំងការបំភ្លឺនៅក្នុងសភា និងការបំភ្លឺនៅស្ថាប័នអយ្យការនៅតុលាការ គឺលោកបញ្ជាក់ជំហរចូលរួមដើម្បីស្វែងរកការពិត ពាក់ព័ន្ធមន្ត្រី២រូបផ្សេងទៀត ទោះករណីនេះមិនពាក់ព័ន្ធរូបលោកក៏ដោយ។​

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក Abe បានចូលខ្លួនទៅបំភ្លឺនៅចំពោះមុខព្រះរាជអាជ្ញា និងនៅថ្ងៃទី២៥ ខែឆ្នាំដដែល លោកបានចូលខ្លួនទៅបំភ្លឺនៅចំពោះមុខសមាជិកសភា។

លោក Abe Shinzo កាន់​តំណែង​យូរ​ជាងគេ ​គឺ​ធ្វើជា​នាយក​រដ្ឋមន្ត្រី​ជិត៨ឆ្នាំ ជួយ​ជំរុញ​ឱ្យ​ជប៉ុន មានការ​រីកចម្រើន​ទាំង​ក្នុង​ប្រទេស និងបាន​ពង្រីក​ឥទ្ធិពល​នៅ​លើឆាកអន្តរជាតិ ប៉ុន្តែ​លោក​ជា​មនុស្ស​ដាក់ខ្លួន​ មិន​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ចងចាំ​គុណសម្បត្តិ​របស់​លោក​នោះ​ទេ។

លោក Abe Shinzo វ័យ៦៥ឆ្នាំ បាន​ដាក់ពាក្យ​លាលែង​ពី​តំណែង​ជានា​យក​រដ្ឋមន្ត្រី​ កាលពី​ចុងខែ​សីហា ក្រោម​ហេតុផល​ជំងឺ​រលាក​សួត។ ត្បិត​តែ​លោក​ប្រើ​ហេតុផល​លាលែង​ដោយសារ​ជំងឺ​ប៉ុន្តែ​ស្ថានភាពជំងឺមិនដល់​ថ្នាក់​ធ្វើឱ្យលោកដេកដួល​នោះ​ទេ។ ចាប់តាំងពីលោកលាលែងកាលពីខែកញ្ញា ឆ្នាំ២០២០ រហូតដល់ដើមឆ្នាំ២០២១ ​គឺ​លោក​នៅតែ​ធ្វើដំណើរនិង​ចូលរួម​កម្ម​វិធី​សំ​ខាន់​ៗរបស់​ជាតិ​បាន​ធម្មតា។

ចំពោះ​សមិទ្ធផល​ការងារ​ គឺ​លោក​បាន​ប្រឹងប្រែង​បំពេញការងារ​ក្នុង​ពេល​កាន់​តំណែង ដោយ​ពង្រឹង​បន្ថែម​ការិយាល័យ​សន្តិសុខជាតិ ធ្វើ​ឱ្យ​ជប៉ុន​ក្លាយជា​អ្នកចូលរួម​បង្កើត​ច្បាប់​ឬគោលការណ៍​អន្តរជាតិ​ឆ្ពោះទៅ​រក​ការ​ពង្រឹង​សណ្តាប់​ធ្នាប់​នៅក្នុង​តំបន់​និង​ពិភពលោក ការពារ​ពី​ការវាយប្រហារ​ទាំង​ខាងក្នុងនិង​ខាងក្រៅ។

កាលពី​ខែកញ្ញា ឆ្នាំ២០១៥ ជប៉ុន​បានសម្រេច​រៀបចំ​ច្បាប់និង​សម្របសម្រួល​ជាមួយ​ស្ថានភាព​នយោបាយ​អន្តរជាតិ​ ឈាន​ដល់ជប៉ុន​អាច​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​ធ្វើសង្គ្រាម​នៅ​លើឆាកអន្តរជាតិ​បាន​វិញ ក្នុង​គោលបំណង​ថែរក្សា​សន្តិសុខ​ពិភពលោក។ ក្នុងចំណោម​ហេតុផល​ជាច្រើន​ គឺ​ការ​ប្រឹងប្រែង​រៀបចំ​ឱ្យ​មាន​សិទ្ធិ​បញ្ជូន​កងទ័ព​ទៅក្រៅ​ប្រទេស​បាន​នេះ ​ក៏​ជា​ការ​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួនទប់ទល់​ការ​គំរាមកំហែង​ពី​ចិននិង​កូរ៉េខាងជើង​ជា​ប្រទេស​ក្បែរ​ខាង​ដែរ។

បើ​ទោះជា​លោក Abe ជា​មេដឹកនាំ​ដែល​កាន់​តំណែង​ក្នុង​ប្រវត្តិសាស្ត្រ​ គឺ​រយៈពេល​ជិត៨ឆ្នាំ ក៏លោកនៅតែ​មានការ​គាំទ្រ​ច្រើនពីពលរដ្ឋ។ ហើយ​លោកក៏បានកសាង​សមិទ្ធផល​ច្រើន​សម្រាប់​ប្រទេស កិត្តិយស​ប្រទេស និងពិភពលោក​ ប៉ុន្តែ​មេដឹកនាំ​រូប​នេះមិនដែល​អួតអាង​ទាមទារ​គុណសម្បត្តិ គំរាមកំហែង​ក្រុម​ផ្សេងទៀត ឬទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​អរគុណ​រូបលោក​នោះ​ទេ។

នៅ​ថ្ងៃ​ធ្វើសន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​លាឈប់​ពី​តំណែង​ កាលពី​ថ្ងៃទី២៨ ខែសីហា ​ឆ្នាំ២០២០ លោក Abe បាន​សុំទោស​ប្រជាពលរដ្ឋ​ដែល​លោក​សម្រេច​លាឈប់​ចំ​ពេល​ដែល​ប្រទេសជាតិ​ជួប​វិបត្តិ​មេរោគ​កូ​វីដ១៩ ហើយ​គោលនយោបាយ​របស់​លោក​មិនទាន់​បានសម្រេច​អស់។

បើទោះជាលោក Abe កាន់តំណែងយូរជាងគេប្រៀបធៀបជាមួយមេដឹកនាំផ្សេងទៀត លោកបានសាងគុណសម្បត្តិច្រើននិងនៅតែមានអ្នកគាំទ្រច្រើនក៏ដោយ ក៏លោកមិនបានប្រើប្រាស់សិទ្ធិអំណាចណាមួយរារាំងតុលាការមិនឱ្យស៊ើបអង្កេតលើការសង្ស័យលើរូបលោក ក្រុមការងារ ឬក្រុមគ្រួសាររបស់លោកនោះទេ។​

ការចោទប្រកាន់និងស៊ើបអង្កេតមិនមែនទើបតែធ្វើឡើងនៅពេលដែលលោក Abe  លាលែងពីតំណែងនោះទេ គឺមានការចោទតាំងពីលោកនៅក្នុងតំណែងជានាយករដ្ឋមន្ត្រី ហើយពេលនោះលោកក៏បញ្ជាក់ជំហរសហការស្វែងរកការពិតក្នុងគ្រប់ដំណាក់កាលរបស់ស្ថាប័នពាក់ព័ន្ធ។​

កាលពី​អំឡុង​ខែឧសភា ឆ្នាំ២០១៧ លោក Abe Shinzo និងភរិយា​របស់​លោក គឺ​លោកស្រី Akie Abe ត្រូវ​បាន​ចោទប្រកាន់​ថា មានរឿង​អាស្រូវ​ក្នុង​ការ​ឈរ​មុខ​ឱ្យ​សាលា​មត្តេយ្យ​មួយ​មាន​ប្រជាប្រិយ​ភាព ហើយ​ទទួលអំណោយ​ដោយសម្ងាត់។ ករណីនេះ ក៏​តុលាការ​ជប៉ុន​បើក​ការស៊ើបអង្កេតដោយ​គ្មាន​ការ​រារាំងណាមួយ​ដែរ។

ការមិនប្រកាន់ជំហររឹងត្អឹងឬមិនប្រកាសច្រានចោលការចោទប្រកាន់ ហើយបែរជាស្តាប់និងចូលខ្លួនសហការនេះ គឺជាជំហរមួយដែលហាក់ខុសប្លែកពីមេដឹកនាំផ្សេងៗទៀត។ មេដឹកនាំមួយចំនួន​តែងតែខិតខំប្រើគ្រប់មធ្យោបាយទាំងស្របច្បាប់និងមិនស្របច្បាប់ ដើម្បីការពារអំណាចឬដើម្បីកម្ចាត់គូប្រជែងរបស់ខ្លួន។​

បើយើងពិនិត្យមើលមេដឹកនាំចិន លោក ស៊ី ជីនពីង ដែលចូលកាន់តំណែងកាលពីឆ្នាំ២០១៣ ហើយតាមច្បាប់របស់ចិន គឺអាចកាន់តំណែងយ៉ាងយូរត្រឹម១០ឆ្នាំ គឺត្រូវបញ្ចប់នៅឆ្នាំ២០២៣។ ប៉ុន្តែលោក ស៊ី ជីនពីង បានកែប្រែច្បាប់ដើម្បីឱ្យលោកអាចកាន់តំណែងអស់មួយជីវិតឬកាន់តំណែងតាមការចង់បានរបស់លោកដោយមិនកំណត់ពេល។​

ចាប់តាំងពីលោកចូលកាន់តំណែងមក មេដឹកនាំចិនរូបនេះតែងតែប្រកាសពីវិធានការក្តៅកម្ចាត់អំពើពុករលួយតាំងពីមន្ត្រីជាន់ខ្ពស់រហូតដល់មន្ត្រីថ្នាក់ក្រោម។ ជាក់ស្តែង មន្ត្រីជាច្រើនត្រូវបានលោកចាប់ខ្លួនជាបន្តបន្ទាប់ ប៉ុន្តែអ្នកឃ្លាំមើលកិច្ចការអន្តរជាតិមួយចំនួនអះអាងថា លោក ស៊ី ជីនពីង ក៏ឆ្លៀតប្រើលេសកម្ចាត់អំពើពុករលួយ មកកម្ចាត់មន្ត្រីដែលមានទស្សនៈប្រឆាំងឬអ្នកដែលព្យាយាមបើកកកាយកំហុសរបស់លោក។​

តាំងពីលោក ស៊ី ជីនពីង ចូលកាន់តំណែងមក មិនដែលមានមន្ត្រី ឬស្ថាប័ន ឬប្រជាពលរដ្ឋណាហ៊ានបើកកកាយពីចំណុចខ្វះចន្លោះរបស់លោកដោយបើកចំហនោះទេ។​

នេះយើងនិយាយពីចិនជាប្រទេសកុម្មុយនីស្ត ប៉ុន្តែបើនិយាយពីមេដឹកនាំអាមេរិកជាប្រទេសកាន់របបសេរី ក៏មានការចោទប្រកាន់ថា លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីចាំផ្ទះ បានគំរាមកំហែងដល់អ្នកដែលស៊ើបអង្កេតលើចំណុចខ្វះចន្លោះរបស់លោកដែរ។​

លោក ដូណាល់ ត្រាំ ក្រោយពេលចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ រងការចោទថា លោកបានគំរាមកំហែងដល់ថ្នាក់ដឹកនាំ FBI។ ការគំរាមកំហែងនេះធ្វើឡើងដោយសារតែស្ថាប័ន FBI បានបើកការស៊ើបអង្កេតលើលោក ដូណាល់ ត្រាំ ករណីសង្ស័យថា បានឃុបឃិតជាមួយរុស្ស៊ីកែប្រែលទ្ធផលនៃការបោះឆ្នោតកាលពីចុងឆ្នាំ២០១៦ ទើបលោកឈ្នះការបោះឆ្នោត។​ នៅក្នុងតំណែង លោក ត្រាំ ក៏បានដកតួនាទីមន្ត្រីបន្តបន្ទាប់ ចំពោះករណីមិនធ្វើតាមបញ្ជារបស់លោក ឬព្យាយាមស៊ើបរកកំហុសរបស់លោក។​

ទិដ្ឋភាពទាំងនេះបង្ហាញថា លោក Abe Shinzo ជាមេដឹកនាំគំរូមួយរូបក្នុងការគោរពច្បាប់ ហ៊ានប្រឈមមុខនៅតុលាការ ហើយមិនបានធ្វើឱ្យពលរដ្ឋឈឺចាប់ដោយភាពអយុត្តិធម៌ទាំងពេលដែលលោកកាន់តំណែងនិងពេលចុះចេញពីតំណែង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ