ចំណូល​​ពន្ធ​-​អាករ​​ឆ្នាំ​២០២០​​កើន​ឡើង​​ជិត​៤​%​ បើ​​ទោះ​​កម្ពុជា​​ជួប​​វិបត្តិ​​កូ​វីដ១៩​

ទិដ្ឋភាពនៅពីមុខអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅជិតស្ពានអាកាស៥មករា ក្រុងភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។ (ហួត វុទ្ធី)

​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យ​ដឹង​ថា ​ចំណូល​ពន្ធ​-អាករ​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ​ប្រមូល​បាន​ក្នុង​ឆ្នាំ២០២០ មាន​ចំនួន​ជិត៣ ០០០លាន​ដុល្លារ​អាមេរិក ដែល​ចំនួន​នេះមានការ​កើនឡើង​ជិត៤ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៩ បើ​ទោះជា​កម្ពុជា​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ១៩ យ៉ាងណា​ក្តី។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃម្សិលមិញ លើកឡើង​ថា ចំណូល​ពន្ធ​-អាករ​ដែល​ប្រមូល​បាន​ក្នុង​ឆ្នាំ២០២០ មាន​ចំនួន​ប្រមាណ២ ៨៨៩,០២លាន​ដុល្លារ​អាមេរិក ស្មើនឹង១០១,៣៦​% នៃ​ផែនការ​ប្រចាំឆ្នាំ ហើយ​បើ​ធៀប​នឹង​ចំណូល​ពន្ធអាករ​ឆ្នាំ២០១៩ មានការ​កើនឡើង​ប្រមាណ១០៤,៤៩លាន​ដុល្លារ ស្មើនឹង៣,៧៣​%។ 

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនី​រ័ត្ន បានវាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធ​ផល​នេះ បើ​ទោះជា​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​លំបាក​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩ក៏ដោយ។

សម្រាប់​ការងារ​ប្រមូល​ពន្ធ​-អាករ​នៅ​ឆ្នាំ២០២១នេះ លោក អូន ព័ន្ធ​មុនី​រ័ត្ន បាន​ណែនាំ​ដល់​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ បន្ត​ពិនិត្យ​និង​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល​ដែល​មាន​សក្តា​នុ​ពល​ផ្សេងទៀត ដូចជា ប្រភព​ចំណូល​លើ​វិស័យ E-Commerce វិស័យ​ប្រេងកាត វិស័យ​ធនធាន​រ៉ែ ព្រមទាំង​វិស័យ​ដែល​មាន​សក្តា​នុ​ពល​ផ្សេងទៀត និង​ត្រូវ​ពង្រឹង​ការចុះបញ្ជី​ពន្ធដារ និង​ជំរុញ​ការ​បំពេញ​កាតព្វកិច្ច​សារ​ពើ​ពន្ធ​សម្រាប់​សហគ្រាស​ក្នុង​វិស័យ​កាស៊ីណូ ដើម្បី​ធានា​បាន​នូវ​តម្លាភាព​សារពើពន្ធ។ 

លោក​ក៏​ណែនាំ​ឱ្យ​បន្ត​អនុវត្ត​កំណែទម្រង់​ស្ថាប័ន ពង្រឹង​ការចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បន្ត​បញ្ជ្រាប​វប្បធម៌​បង់ពន្ធ ព្រមទាំង​ពង្រឹង​ការ​ផ្សព្វផ្សាយ​និង​ការអនុវត្ត​បទបញ្ញត្តិ​ថ្មី​ពាក់ព័ន្ធ​នឹង​ពន្ធ​ដារ ដល់​មន្ត្រី​អនុវត្ត​ច្បាប់ អ្នកជាប់ពន្ធ និង​សាធារណជន​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ