នគរ​បាល​ផ្អាក​ការ​ចាប់​ឃាត់​ម៉ូតូ​ធំ​ដែល​កែ​ច្នៃ​បំពង់​ស៊ីម៉ាំង​ដោយ​រង់​ចាំ​ការ​ណែនាំ​ថ្មី​ពី​​ក្រសួង​​

ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ អាជ្ញាធរ​និង​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​អន្តរាគមន៍​និង​ត្រួតពិនិត្យ ឃាត់​បាន​ម៉ូតូ​ដែល​បំពាក់​សុី​ម៉ាំង​ប្រេ​នប​ង្ក​សំ​ឡេង​ខ្លាំង​ៗ កែច្នៃ​ខុស​លក្ខិ​ណៈ​បច្ចេក ទេស​ទម្រង់​ដើម ចំនួន០៦គ្រឿង។ (អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​)

អគ្គស្នងការដ្ឋាន​នគរបាលជាតិ ​ឱ្យ​​ផ្អាកវិធានការចាប់ឃាត់ម៉ូតូធំដែលកែច្នៃបំពង់ស៊ីម៉ាំងបង្កសំឡេងរំខានជាបណ្តោះអាសន្នសិន​ ខណៈក្រសួងមហាផ្ទៃ កំពុងរៀបចំសេចក្តីណែនាំថ្មីជុំវិញវិធានការទៅលើម៉ូតូធំដែលកែច្នៃបំពង់ស៊ីម៉ាំងទាំងនោះ។​

អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជា​ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃចន្ទថា សមត្ថកិច្ចពិតជាបាន​​សម្រេច​ផ្អាកសកម្ម​ភាព​​ចាប់ម៉ូតូធំ​ដែលមានបំពង់ស៊ីម៉ាំងឮខ្លាំងដែល​បង្កការរំខានដល់ប្រជាពលរដ្ឋជាបណ្ដោះ​អាសន្ន​​មែន។

លោកបានបញ្ជាក់ថា៖ «យើងកំពុងតែរៀបចំធ្វើ ព្រឹកមិញយើងបានប្រជុំគ្នា ហើយ​ដើម្បីរកផ្លូវកណ្តាលមួយ ដើម្បីអនុវត្តយ៉ាងម៉េច មានឧបកណ៍វាស់កម្រិតសំឡេងឱ្យ​វាស្របទៅតាម អនុក្រិត្យឬច្បាប់។ អ្វីដែលយើងបានធ្វើកន្លងទៅ យើងបានធ្វើការអប់រំណែនាំពួកគាត់កុំឱ្យ​គាត់បន្តជិះ[ម៉ូតូ]ដែលកែច្នៃដែលខុស​ពីលក្ខណៈបច្ចេកទេសរបស់គេ»។

ជាមួយគ្នានេះដែរ លោកថា សមត្ថកិច្ចកំពុងសហការជាមួយមន្ត្រីក្រសួងសាធារណការ និងក្រសួងបរិស្ថាន ដើម្បីសិក្សានិងដាក់ចេញ​​វិធានការ​ទៅលើម៉ូតូធំដែលកែច្នៃបំពង់ស៊ីម៉ាំងលើសពីការកំណត់។

លោកបានបន្ថែមថា៖ «អាហ្នឹងវាមានស៊ីម៉ាំង មានកែច្នៃខ្លះ ហើយយើងកំពុងតែរួមគ្នាធ្វើជាមួយ​​សាធារណការ និង​បរិស្ថាន ដោយសារតែខាងបរិស្ថាន គេមាន​ឧបករណ៍វាស់សំឡេង […] កាលណាវាឮលើសពីសំឡេងកំណត់ វាខុសហើយ និងត្រូវឃាត់ទុក»។

បើតាមលោក ស ថេត ក្នុងប្រតិបត្តិការរយៈពេលប៉ុន្មានថ្ងៃនេះ សមត្ថកិច្ចខណ្ឌទាំង៩ បាន​ចាប់ឃាត់​ម៉ូតូធំដែលបំពាក់បំពង់ស៊ីម៉ាំងឮសំឡេងខ្លាំងបានប្រមាណ៦០គ្រឿង។

ការបញ្ជាឱ្យផ្អាកវិធានការ​ទៅលើម៉ូតូធំដែលកែច្នៃបំពង់ស៊ីម៉ាំងរំពងសំឡេងនេះ បាន​ធ្វើឡើងបន្ទាប់ពីមានការរិះគន់មួយចំនួននៅលើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញវិធានការរបស់​សមត្ថកិច្ច ដែលចាប់ឃាត់ម៉ូតូកែច្នៃខុសបច្ចេកទេសឬបំពាក់បំពង់ស៊ីម៉ាំងបំពងសំឡេងដែលចតស្ងៀម​នៅលើទ្រូងផ្លូវ កាលពីចុងសប្តាហ៍នេះ។​

តែយ៉ាងណា លោក ស ថេត បានគូសបញ្ជាក់ថា ពុំមានករណីឃាត់ម៉ូតូធំដែលកែច្នៃបំពង់ស៊ីម៉ាំង ដូចការរិះគន់ក្នុងបណ្តាញសង្គមនោះទេ។

លោកថា៖ «អត់មានឃាត់ទេ! គេគ្រាន់តែចុះស្រង់ទិន្នន័យទេតើ! មិនមាន​នរណាគេទៅយកពីផ្ទះគេមក គឺអត់មាននោះទេ។ ឃាត់នៅពេលដែលគាត់ធ្វើចរាចរណ៍តាមផ្លូវទេតើ! សមត្ថកិច្ចធ្វើត្រឹម​​ណា និយាយត្រឹមហ្នឹង កុំបំផ្លើស គ្មាននរណាទៅរឹប​អូសពីផ្ទះនោះទេ ចេះតែបំភ្លៃមក។ គេគ្រាន់តែស្រង់ទិន្នន័យទេ ដើម្បីដឹងចំនួន ហើយគេផ្សព្វផ្សាយអប់រំនិងអំពាវនាវ»។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ក្រោយពីមានកិច្ចប្រជុំអន្តរក្រសួងជុំវិញបញ្ហានេះ ក្រសួងមហាផ្ទៃនឹងចេញសេចក្តីណែនាំមួយពាក់ព័ន្ធនឹងវិធានការ​លើម៉ូតូធំដែលកែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំង នៅក្នុងសប្តាហ៍នេះ។

លោកបានថ្លែងយ៉ាងខ្លីដូច្នេះថា៖ «ក្រសួងមហាផ្ទៃ បាននិងកំពុងតែរៀបចំសេចក្តីព្រៀងសេចក្តី​ណែនាំមួយ ចាំស្អែកឬខានស្អែកចេញហើយ។ យើង​ត្រូវការពេលវេលា​បន្ថែមបន្តិច ចាំ២ទៅ៣ថ្ងៃទៀត វិធានការបែបម៉េច ចេញមកឃើញហើយ»។

​ប្រធាន​គណបក្ស​ខ្មែរក្រោក លោក​ សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានសរសេរនៅលើទំព័រ​​ហ្វេស​​ប៊ុករបស់លោកថា កន្លងមកនេះ មានការអនុវត្ត​ច្បាប់តឹងតែងចំពោះម៉ូតូធំៗ រហូតមានការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋមួយចំនួនដែលនិយមប្រើប្រាស់​ម៉ូតូធំ។

លោក​បន្តថា ក្រោយពីមានការណែនាំរបស់​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានមន្ត្រីថ្នាក់​ក្រោម​ខ្លះ បាន​អនុវត្តចាប់ម៉ូតូធំទាំងអស់តែម្តង បើទោះជាម៉ូតូនោះមានបំពង់ស៊ីម៉ាំងដែលមានសំឡេងឮខ្លាំងមកស្រាប់ក៏ដោយ។

លោកបានបញ្ជាក់ថា៖ «កម្លាំងម៉ាស៊ីនគ្នាធំ បើកបរពិតជាមានសំឡេងខ្លាំង ទោះគ្មានការកែច្នៃ​ក៏ដោយ ចង់បញ្ឈប់វត្តមានម៉ូតូនោះ គួរណាបិទការនាំចូលតែម្ដង ម៉ូតូខ្លះទៀតមានក្រុមហ៊ុននាំចូលនិងបង់ពន្ធជូនរដ្ឋទៀតផង បើមិនចង់ឮសំឡេង​ ទាល់តែប្រាប់ក្រុមហ៊ុនហ្នឹងថាម៉ូតូនាំចូល​​មកកម្ពុជា ត្រូវកុំឱ្យ​លឺសំឡេង។ ឯម៉ូតូខ្លះ កម្លាំងមិនខ្លាំងទេ តែកែច្នៃ​បំពង់ស៊ីមាំង ឱ្យ​មានការរំខានដល់សណ្តាប់ធ្នាប់សាធារណៈប្រាកដ ដែលសមនឹងចាប់ដាក់ពិន័យប្រាកដមែន»។

ក្នុងកិច្ចប្រជុំអន្ដរក្រសួង​ដើម្បីកែសម្រួល​លក្ខណៈ​សម្បត្តិនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព កាលពី​ថ្ងៃទី០៨ ខែ​មករា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​បញ្ជា​ទៅ​កម្លាំង​នគរបាលសហការ​ជាមួយ​ក្រសួងសាធារណ​ការ ​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​​​ម្ចាស់​ម៉ូតូ​ធំដែល​កែច្នៃ​បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ។

លោក ស ខេង បានកត់សម្គាល់ថា កន្លងទៅ អ្នកជិះម៉ូតូធំៗនេះ គឺជិះលឿនៗ ហើយខ្លះបានបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងពេលខ្លះ​រំខានដល់ដំណេករបស់ថ្នាក់ដឹកនាំថែម​ទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ