ក្រសួង​បរិស្ថាន​​បង្ក្រាប​​បទ​ល្មើស​​ធន​ធាន​​ធម្មជាតិ​​បាន​​ជិត​៩​ពាន់​​ករណី​​ក្នុង​​ឆ្នាំ​២០២០

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាន ចុះទស្សនកិច្ច ស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ខេត្ត មណ្ឌលគិរី នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។ (ពេជ្រ សុធារី)

​មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០២០ មន្ត្រី​ឧទ្យានុ​រក្សនិង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ទប់ស្កាត់និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ជិត៩ ០០០ករណី ដែល​ចំនួន​បង្ក្រាប​នេះ​មានការ​កើនឡើង​ប្រមាណ៣០​% បើ​បៀ​បធៀប​នឹង​ឆ្នាំ២០១៩។

រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា លើកឡើង​នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ថា នៅ​ឆ្នាំ២០២០ មន្ត្រី​ឧទ្យានុ​រក្ស​បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចំនួន៨ ៩១៧ករណី ដែល​ការ​បង្ក្រាប​នេះ​មានការ​កើនឡើង​ចំនួន៣ ៤៤២ករណី ឬស្មើ​ប្រមាណ៣០​% បើ​ធៀប​នឹង​ឆ្នាំ២០១៩ ដែល​បង្ក្រាប​បានតែ៥ ៤៧៥ករណី។

លោក​បន្ត​ថា បទល្មើស​ដែល​បង្ក្រាប​បាន​ភាគច្រើនជា​បទល្មើស​លួច​កាប់​ឈើ ការរុករាន​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់ ការ​បរបាញ់​សត្វ និង​ការ​ដាក់អន្ទាក់​ចាប់​សត្វ​ ជាដើម។

លោក នេត្រ ភក្ត្រា ថ្លែង​ថា៖ «ការ​បង្ក្រាបនិង​ទប់ស្កាត់​បទល្មើសមានការ​កើនឡើង បាន​បង្ហាញ​ពី​ការអនុវត្ត​ច្បាប់​កាន់តែ​មានប្រសិទ្ធភាព និង​បង្ហាញ​ពី​ការ​ខិតខំ​របស់​មន្ត្រី​ឧទ្យានុ​រក្ស សហគមន៍​តំបន់ការពារធម្មជាតិ និង​អ្នក​ពាក់ព័ន្ធ​ ដោយ​មិន​ខ្លាច​នឿយហត់​ក្នុង​ការ​ចុះ​ល្បាត​ការពារ​ព្រៃឈើ​និង​ជីវ​ចម្រុះ»។

លោក នេត្រ ភក្ត្រា បន្ត​ថា ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​នេះ សមត្ថកិច្ច​ក៏បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន៦០៥ករណី ហើយ​ផាកពិន័យ​អន្តរការណ៍​លើ​ជន​ប្រព្រឹត្ត​ល្មើស​ចំនួន​៨៥៧ករណី និង​អប់រំធ្វើ​កិច្ចសន្យា​ចំនួន២ ៩៤៦ករណី។

ក្រៅពីនោះ លោក​ថា ក៏​មានការ​រឹបអូស​វត្ថុ​តាង​ដែល​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ទៀតផង​ដែរ ក្នុង​នោះមាន​រណារ​យន្ត​ចំនួន៤ ០០៤គ្រឿង រថយន្ត២១៥គ្រឿង គោយន្ត​ចំនួន៦១១គ្រឿង ម៉ូតូ​ចំនួន៥៩០គ្រឿង កាំភ្លើង​កែច្នៃ​ដែល​ប្រើ​សម្រាប់​បរបាញ់​សត្វ​ចំនួន៧៣៧ដើម និង​ឈើ​ចំនួន២ ៧១៨ម៉ែត្រគូប។

មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​រូប​នេះ បន្ត​ថា ចំពោះ​ការ​ចុះ​ល្បាត​របស់​មន្ត្រី​ឧទ្យានុ​រក្ស​ទាំង១ ២០០នាក់ នៅ​ឆ្នាំនេះ​ ក៏​មានការ​កើនឡើង​ដែរ គឺ​បាន​ចុះ​ល្បាត​ចំនួន២៧ ៥៨៨លើក ខណៈ​​ការ​ចុះ​ល្បាត​នៅ​ឆ្នាំ២០១៩ មានតែ​ចំនួន២៤ ០៤៨លើក។

លោក​ នេត្រ ភត្ត្រា គូសបញ្ជាក់​ថា៖ «នេះ​ជាប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​នេះ បទល្មើស​ព្រៃឈើ​ខ្នាត​ធំ​លែង​មាន​ទៀតហើយ គឺ​នៅ​មាន​បទ​ល្មើ​លព្រៃ​ឈើ​ខ្នាត​តូច ​ដែល​មន្ត្រី​ឧទ្យានុ​រក្ស​នៃ​ក្រសួងបរិស្ថាននឹង​បន្ត​សហការ​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ អង្គការ​ដៃគូ​ បន្ត​អប់រំ​ផ្សព្វផ្សាយ​ច្បាប់និង​អនុវត្ត​ច្បាប់ ដើម្បី​ទប់ស្កាត់និង​បង្ក្រាប​បទល្មើស​បន្ត​ទៀត»។

បើ​ទោះបីជា​ក្រសួងបរិស្ថាន​បាន​អះអាង​ថា ​ការ​បង្រ្កាបនិង​ចុះ​ល្បាត​មានការ​កើនឡើង​យ៉ាងនេះ​ក្តី ប៉ុន្តែ​សម្រាប់​ក្រុមសកម្ម​ជន​បរិស្ថាននិង​សកម្មជន​ព្រៃ​ឡង់​នៅតែ​បារម្ភ​ពី​ការបាត់បង់​ព្រៃឈើ ដោយ​ពួក​គេ​លើកឡើង​ថា ​បទល្មើស​នៅតែ​បន្ត​កើតមានឡើង​ជា​ហូរហែ។ 

សកម្មជន​បរិស្ថាន លោក សាន ម៉ា​ឡា បាន​លើកឡើង​ថា របាយការណ៍​របស់ក្រ​សួង​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅតែ​មិន​មានការ​ថយ​ចុះ ដូចដែល​សហគមន៍និង​សកម្មជន​បរិស្ថានតែងតែបាន​លើកឡើង។ 

លោក​ថា៖ «អ៊ីចឹង​ហាក់​មិន​មានការ​ថយ​ទេ គឺ​ដូច​ការ​លើកឡើង​ក្រុម​អ្នកធ្វើការ​ខាង​បរិស្ថាន។ អ៊ីចឹង​ក្រសួងបរិស្ថាន គួរ​ធ្វើការ​កែទម្រង់​បែប​ម៉េច​វិញ ឬក៏​ការ​ពង្រឹង​នូវ​ការ​ត្រូវ​ពិនិត្យទៅលើ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ថ្នាក់ក្រោម ឬក្រសួង​ត្រូវ​កែ​ឥរិយាបថ អាច​ធ្វើការ​ចុះសម្រុងឬក៏​ទទួល​នូវ​មតិ​រិះគន់ ជា​អនុសាសន៍​ទាំងឡាយ​ណា​ដែល​លើកឡើង​ដោយក្រុម​អ្នកធ្វើ​បរិស្ថាន ដើម្បី​ឱ្យ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​របស់​គាត់​ខ្លាំង ហើយ​កាត់បន្ថយ​បទល្មើស​បាន»។

នាយក​កម្មវិធី​ប្រចាំ​ប្រទេស​នៃ​អង្គការ WCS លោក កែន សេរី​រដ្ឋា សង្កេតឃើញ​ថា ប្រជាពលរដ្ឋ​មួយចំនួនបាន​នាំគ្នា​ប្រកបរបរ​កាប់​ឈើ​លក់ បន្ទាប់ពី​ពួក​គាត់​បាត់បង់​ការងារនិង​បាត់បង់​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ​កូ​វីដ១៩។ 

លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាលនិង​ក្រសួង មិន​ធ្វើការ​អប់រំនិង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋនិង​ជួយ​រក​ការងារ​ឱ្យ​ពួក​គាត់​ធ្វើ​នោះ​ទេ នោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅតែ​បន្ត​កើតឡើង​ដដែល ។

លោក​ រដ្ឋា ថ្លែង​ថា៖ «អ៊ីចឹង​ជា​ការ​ផ្ដល់​ឱកាស​មួយឱ្យ​គាត់​ចូលរួម​បំផ្លិច​បំផ្លាញ ជួន​កាល​គាត់​មិនមែន​មិនដឹង​ច្បាប់​ថាកន្លែង​ជា​កន្លែង​ការពារ​ទេ ប៉ុន្តែ​គាត់​អត់មាន​ជម្រើស ដោយសារ​បញ្ហា​សេដ្ឋកិច្ច​អីហ្នឹង។ អ៊ីចឹង​ការ​លើកកម្ពស់​ការយល់​ដឹង និង​ផ្ដល់​ឱកាស​ការងារ​ឱ្យ​គាត់​ និង​ការអនុវត្ត​ច្បាប់​តឹង​រ៉ឹង បានន័យ​ថា ច្បាប់​មួយ​ទាំងអស់គ្នា មិនមែន​ច្បាប់​សម្រាប់​អ្នកនេះ អ្នកនោះ​ទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ