លោក​ កឹម​ សុខា​ ថា​នឹង​ប្រាប់​បរទេស​ពី​កិច្ច​ខិតខំ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩

លោក កឹម សុខា នាំ​យក​ថវិកា​និង​សម្ភារ​ការពារ​កូ​វីដ១៩មួយចំនួន​ទៅ​ជូន​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័​កនៅក្នុង​មណ្ឌល​ផ្ទះសំណាក់​ភ្នំ​យ៉ាត ខេត្ត​ប៉ៃលិន ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក​លោក កឹម សុខា​)

មេដឹកនាំអតីត​​គណបក្សប្រឆាំង អះអាងថា លោក​នឹងពាំនាំការ​ខិតខំរបស់កម្ពុជាក្នុងការ​ទប់ស្កាត់ជំងឺកូវីដ​១៩ និង​សុខទុក្ខរបស់ពលករខ្មែរ ទៅប្រាប់​​មិត្តបរទេសដែលជួយកម្ពុជា ខណៈខេត្តនៅតាមព្រំដែនកំពុងមមា​ញឹក​​លើ​ការការ​ពារនិងទប់ស្កាត់​ការឆ្លងរាលដាល​​ជំងឺកូវីដ១៩ក្នុងចំណោម​ពលករដែលទើបត្រឡប់មកពីថៃ។

ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលរវាងលោក កឹម សុខា មេដឹកនាំអតីតបក្សប្រឆាំង ជាមួយលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៣ ខែមករា ម្សិលមិញ។

លោក កឹម សុខា​ កំពុងស្ថិតក្នុងដំណើរសួរសុខទុក្ខដល់ពលករដែលទើបត្រលប់មកពីប្រទេសថៃនៅតាមខេត្តជាប់ព្រំដែនចំនួន៣ គឺខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុក​របស់លោក មុ​ត ចន្ថា​ អតីត​នាយក​ខុទ្ទកាល័យ​របស់លោក​ កឹម​ សុខា​ នាព្រឹកនេះ​។

ក្នុងជំនួបជាមួយអភិបាលខេត្តប៉ៃលិននោះ លោក កឹម សុខា បានថ្លែងថា លោកបានយកជំនួយសប្បុរសធម៌របស់ពលរដ្ឋ​ខ្មែររស់នៅសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងនៅក្នុងប្រទេសកម្ពុជា ដែលមានថវិកាចំនួនដប់លានរៀល (១០ ០០០ ០០០៛) និងម៉ាស់ចំនួន ៥០០០ រួមទាំងសាប៊ូលាងសម្អាតកម្ចាត់មេរោគចំនួន ៤៣២ដុំ ជូនពលករខ្មែរដែលត្រឡប់មកពីប្រទេស​ថៃ ដែល​កំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលផ្ទះសំណាក់ភ្នំយ៉ាត ខេត្តប៉ៃលិន។

លោកបន្តថា ក្រោយពីការ​ផ្តល់អំណោយនេះរួច លោកនឹងប្រាប់ទៅមិត្ត​​បរទេសដែលជួយកម្ពុជា អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្តប៉ៃលិន រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដែល​​គ្រប់គ្រងស្ថានការណ៍បានល្អលើការការពារនិង​ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

លោកថ្លែងដូចនេះថា៖ «ខ្ញុំចូលរួម ហើយខ្ញុំលើកទឹកចិត្ត សូមកោតសរសើរ ហើយអ្វីដែលខ្ញុំដឹងឮ ខ្ញុំនឹងប្រាប់មិត្តបរទេសខ្លះដែលជួយខ្មែរយើង​ ថាយើងខិតខំណាស់ ដែលយើងគ្រប់គ្រងបានល្អ»។

បន្ថែមពីនេះ លោក កឹម សុខា បញ្ជាក់ថា ទោះជាលោកមិនមានសេរីភាពពេញលេញ ជាពិសេសជាប់បម្រាម មិនអាចធ្វើសកម្មភាពនយោបាយបានក៏ដោយ ប៉ុន្តែលោកនៅតែខ្វល់ខ្វាយចង់ចូលរួមបម្រើប្រទេសជាតិតាមលទ្ធភាពដែលអាចធ្វើទៅបាន។

អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ប្រាប់លោក កឹម សុខា ក្នុងជំនួបនោះ​ថា ពលករដែលត្រឡប់មកពីប្រទេសថៃ បានសហការជាមួយសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធក្នុងការរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយពួកគេនាំគ្នាធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកស្រី បាន ស្រីមុំ បានបន្ថែមថា៖ «ឱ្យតែការចូលរួមលើកទឹកចិត្ត យើងអត់មានប្រកាន់ថាខាងនិន្នាការនយោបាយ​ណាទេ ពេលនេះយើងត្រូវរួមគ្នា ដើម្បីប្រយុទ្ធ ទប់ស្កាត់ [ជំងឺកូវីដ១៩] ក្នុងប្រទេសយើង ដើម្បីខ្មែរយើងទាំងអស់គ្នា»។

បើតាមអភិបាលខេត្តរូបនេះ គិត​មកដល់ថ្ងៃម្សិលមិញ ពលករខ្មែរដែលមកពីថៃតាមច្រកព្រំដែនក្នុងខេត្តប៉ៃលិន មាន​ចំនួនជាង៣០០នាក់ ហើយពួកគាត់កំពុងធ្វើចត្តាឡីស័កនៅទីតាំងចំនួន១៤​កន្លែង។ 

នៅថ្ងៃនេះ លោក កឹម សុខា បានបន្តដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ដោយ​មាននាំយកថវិកានិងសម្ភារការពារកូវីដ១៩ ផ្តល់ជូនអភិបាល​ខេត្តនេះដែរ។

អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ មានប្រសាសន៍ថា លោក កឹម សុខា បានផ្តល់អំណោយមនុស្សធម៌ជាប្រាក់ចំនួន១០លានរៀល ម៉ាស់៥ ០០០ និងសាប៊ូជាង៤ ០០០ដុំ។ លោកនិយាយថា លោក កឹម សុខា បាននិយាយជាមួយលោកថា ​អំឡុងពេលកូវីដ១៩នេះ ខ្មែរត្រូវសហការគ្នាជួយប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយនោះទេ។

បើតាមលោក លោក ប៉ែន កុសល្យ គិតត្រឹមថ្ងៃទី១៣ ខែមករា ម្សិលមិញ មណ្ឌលចត្តាឡីស័កនៅក្នុងខេត្តមានចំនួន១៣ទីតាំង និងមានពលករធ្វើចត្តាឡីស័កចំនួន២ ២៣៥នាក់។

ដំណើរចុះសួរទុក្ខពលករនិងការចូលរួមសកម្មភាពមនុស្សធម៌ជាមួយអាជ្ញាធរ របស់លោក កឹម សុខា ធ្វើឡើង​ស្របពេលដែលគម្រោងវិលចូលស្រុកវិញរបស់​អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ​ដែលដឹកនាំដោយលោកស្រី មូរ សុខហួរ​ ចូលមកដល់នៅថ្ងៃស្អែកនេះ ហើយនៅថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏កំពុងដំណើរការសវនាការលើអតីត​សកម្មជននិងមន្រ្តីគណបក្ស​សង្រ្គោះជាតិ ចំនួន៦០នាក់​។

អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍ​សង្គម​ លោក មាស នី យល់ថា នេះជាសញ្ញាវិជ្ជមាន​មួយសម្រាប់ប្រទេស​ប្រកាន់លទ្ធិ​ប្រជាធិបតេយ្យ ដែល​​អ្នកនយោបាយគ្រប់និន្នាការទាំងអស់បានយកជំនួយសប្បុរសធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងគ្រាលំបាក។

ប៉ុន្តែលោកថា បើប្រជាពលរដ្ឋកំពុងជួបការលំបាក ហើយអ្នកនយោបាយចេះតែឈ្លោះគ្នា ដោយមិនគិតពីសុខទុក្ខប្រជាពលរដ្ឋនោះ នឹងធ្វើឱ្យប្រទេសជិតខាងទាញយកប្រយោជន៍ពីកម្ពុជា។

លោក មាស នី មានប្រសាសន៍ថា៖ «សង្គមជាតិមួយ កាលណាអត់មានឯកភាពជាតិ វាចេះតែតានតឹងទៅៗ ហើយវិវាទនៅផ្ទៃក្នុងខ្មែរគ្នា​ឯង […] ហើយប្រទេសជិតខាង គេចេះតែមានឱកាសក្នុងការជួយហែកបន្ថែមទៀត ជាទិដ្ឋភាពពិតប្រាកដ ហែកទាំងសេដ្ឋកិច្ច ហែកទាំងនយោបាយ ហែកទាំងសង្គម»។

លោក កឹម សុខា ត្រូវដកហូតសិទ្ធិធ្វើនយោបាយជាង៣ឆ្នាំមកហើយគិតចាប់ពីថ្ងៃដែល​សមត្ថកិច្ច​ចាប់ខ្លួនលោក កាលពី​អំ​ឡុ​ង​​​ខែកញ្ញា ឆ្នាំ​២០១៧ ចោទថា ឃុបឃិតជាមួយសហរដ្ឋ​អាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាល។

ប៉ុន្តែសហរដ្ឋអាមេរិក ធ្លាប់ចេញសេចក្តីថ្លែងការណ៍​អះអាងថា អតីតមេបក្សប្រឆាំង​រូបនេះជាមនុស្សស្អាតស្អំ និងជំរុញឱ្យអាជ្ញាធរកម្ពុជាផ្តល់សិទ្ធិពេញលេញដល់​លោក កឹម សុខា ឡើងវិញ ដោយគ្មានលក្ខខណ្ឌ។

គួរបញ្ជាក់ថា គិត​មកដល់​ព្រឹក​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កម្ពុជាបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ឡើង​ដល់៤១១នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន៣៧៧នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន៣៤នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ