ឧត្តមសេនីយ៍យោធាម្នាក់ បានប្តឹងបកទាមទារសំណង១៣ ០០០ដុល្លារពីគ្រួសារមួយ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តរបស់ខ្លួននិងម៉ូតូរបស់ពលរដ្ឋមួយគ្រួសារនោះ ដែលក្នុងឧបទ្ទវហេតុនោះ កូនប្រុសអាយុ៣ឆ្នាំរបស់អ្នកជិះម៉ូតូបានបាត់បង់ជីវិត។
ឧត្តមសេនីយ៍យោធាផ្កាយមួយ លោក កង ប៊ុនធឿន នាយកសាលាពលទាហានយោធភូមិភាគពិសេសតំបន់៦ បានជាប់ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នេះបើតាមការបញ្ជាក់ពីអធិការរងស្រុករលាប្អៀរ លោក សម សុខា។
លោក សុខា បានបន្ថែមថា រថយន្តលោក ប៊ុនធឿន បានបត់ឆ្វេងចេញពីផ្លូវជាតិលេខ៥ ចូលមូលដ្ឋានយោធា ខណៈពេលកំពុងឆ្លងផ្លូវ រថយន្តរបស់លោកបានបុកជាមួយម៉ូតូរបស់លោក វិន សុឡា។ លោក សុឡា អាយុ២៧ឆ្នាំ ជាជាងម៉ូតូ កំពុងជិះម៉ូតូឌុបភរិយាវ័យ៣៥ឆ្នាំដែលជាកម្មការិនីរោងចក្រ និងកូនប្រុសអាយុ៣ឆ្នាំរបស់លោក។
អធិការរងរូបនេះបានបន្តថា រថយន្តលោក ប៊ុនធឿន បានចូលទៅផ្លូវខាងស្តាំដែលជាផ្លូវម៉ូតូ។ លោក សុខា បានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនេះ ដោយលោកថា វាបានកើតឡើងដោយសារតែភាពធ្វេសប្រហែសរបស់អ្នកបើកបររថយន្តដែលបានបត់ដោយមិនបានប្រុងប្រយ័ត្ន។
មេប៉ុស្តិ៍ឃុំព្រៃបាក់ ស្រុករលាប្អៀរ លោក ស សុភក្រ បានលើកឡើងថា លោកគ្មានពាក្យនឹងថ្លែងទេនៅពេលដែលបានដឹងថា មន្រ្តីយោធារូបនោះបានប្តឹងបកគ្រួសារអ្នកជិះម៉ូតូវិញនោះ។
លោក សុភក្រ បានឱ្យដឹងទៀតថា នគរបាលខេត្តប្រាប់លោកថា លោក កង ប៊ុនធឿន បានដាក់ពាក្យបណ្តឹងទាមទារសំណង១៣ ០០០ដុល្លារ ដោយចោទលោក សុឡា ថា បានបុករថយន្តរបស់គាត់ហើយបណ្តាលឱ្យកូនខ្លួនឯងស្លាប់។
លោក សុភក្រ បានបន្ថែមថា៖ «ជាទូទៅ នៅពេលដែលមានករណីរបួសឬធ្វើឱ្យគេស្លាប់ យើងរកដំណោះស្រាយរួមគ្នា ដើម្បីបញ្ចប់ករណីហ្នឹង»។
ករណីគ្រោះថ្នាក់ចរាចរណ៍ ជាទូទៅ ត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយភាគីបង្កយល់ព្រមផ្តល់ជាសំណងហិរញ្ញវត្ថុដល់ជនរងគ្រោះឬគ្រួសាររបស់ពួកគេ។
លោក សុភក្រ បានឱ្យដឹងបន្ថែមថា លោក កង ប៊ុនធឿន មិនបានប្រើភ្លើងស៊ីញ៉ូនៅពេលបត់ទេព្រោះថា ភ្លើងស៊ីញ៉ូរថយន្តរបស់គាត់បានខូច ហើយពេលនោះរថយន្តក៏បើកលឿនទៀត។
លោក សុភក្រ បាននិយាយបន្តថា៖ «បន្ទាប់ពីបុកគ្នា គាត់បានទូរសព្ទទៅកូនចៅគាត់ឱ្យចេញក្រៅ ហើយគាត់រត់ចូលបន្ទាយបាត់»។
លោក សុភក្រ បានឱ្យដឹងថា ក្មេងប្រុសដែលជិះនៅលើម៉ូតូបានហោះខ្ទាតចេញពីមុខម៉ូតូនៅពេលមានគ្រោះថ្នាក់នោះ។
លោក សុភក្រ បានបន្ថែមថា៖ «យើងបានបញ្ជូនសំណុំរឿងទៅតុលាការហើយ។ ប្រសិនបើតុលាការមិនចាត់ការបណ្តឹងយើង ហើយទទួលបណ្តឹងគាត់វិញ ខ្ញុំមិនដឹងជានិយាយថាម៉េចទេ»។
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហាមមិនឱ្យភាគីណាមួយដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ចាកចេញពីកន្លែងកើតហេតុ ដោយមិនទាន់ព្រមព្រៀងគ្នាឬគ្មានការអនុញ្ញាតពីសមត្ថកិច្ចនោះឡើយ។
លោក វិន សុភា ដែលជាបងប្រុសរបស់លោក សុឡា បាននិយាយថា ក្រុមគ្រួសារប្អូនប្រុសលោកកំពុងធ្វើដំណើរនៅម៉ោងប្រមាណ៧យប់ បន្ទាប់ពីនាំកូនរបស់ពួកគេទៅលេងជាមួយជីដូន។
លោក សុភា បានឱ្យដឹងថា ក្មួយប្រុសរបស់លោកត្រូវបាននាំយកទៅព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធ្វើការវះកាត់ ប៉ុន្តែគាត់បានបាត់បង់ជីវិតបន្ទាប់ពីដល់មន្ទីរពេទ្យបន្តិច។ ចំណែកលោក សុឡា កំពុងព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា អស់រយៈពេល៥ថ្ងៃ៥យប់ហើយ។
លោក សុភា បានប្រាប់ថា៖ «គាត់ [លោក សុឡា] ឈឺចាប់ដែលបាក់ជើង ហើយបាត់បង់កូនជាទីស្រលាញ់ ហើយគាត់ត្រូវអស់លុយថ្លៃពេទ្យ ធ្វើបុណ្យខ្មោចកូន តែផ្ទុយទៅវិញ គេប្តឹងគាត់ទៀត។ វាអស់ពាក្យអីនិយាយតែម្តង»។
តាមលោក សុភា ឧត្តមសេនីយ៍យោធារូបនោះបានអះអាងថាខ្លួនមិនមែនជាអ្នកបើករថយន្តនៅពេលមានគ្រោះថ្នាក់ចរាចរណ៍នោះទេ ប៉ុន្តែក្រោយពេលប៉ះគ្នាជាមួយម៉ូតូប្អូនប្រុសលោកហើយ លោកថា មិនមានវត្តមានអ្នកបើកបរនៅដោះស្រាយឡើយ។ លោក សុភា ថាគ្រួសារលោកបានទាមទារសំណង២ម៉ឺនដុល្លារពីម្ចាស់រថយន្តនោះ។
ឧត្តមសេនីយ៍យោធាផ្កាយមួយ លោក កង ប៊ុនធឿន បានថ្លែងប្រាប់អ្នកសារព័ត៌មានបេះដូងរាស្រ្តថា លោកមិនបានបើករថយន្តនោះទេ ហើយរថយន្តរបស់លោកបានបើកក្នុងល្បឿនក្រោម២០គីឡូម៉ែត្រក្នុងមួយម៉ោង។ លោកបានបន្ទោសថា ម្ចាស់ម៉ូតូបានបើកក្នុងល្បឿនយ៉ាងលឿនទើបបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ។ លោកបានបន្ថែមថា លោកមិនបានគេចចេញពីហេតុការណ៍ឡើយក្រោយពីមានគ្រោះថ្នាក់នោះ។
លោកបានបន្ថែមថា ក្រោយពីកើតហេតុ លោកក៏បានព្យាយាមសម្របសម្រួលរហូតដល់ទៅ៤លើកជាមួយភាគីម្ចាស់ម៉ូតូ ដោយថា នឹងផ្តល់សំណងចំនួន៤ពាន់ដុល្លារ ប៉ុន្តែភាគីខាងលោក សុឡា មិនទទួលយកនោះទេ។
លោកបានបញ្ជាក់ថា លោកពិតជាបានប្តឹងបកវិញមែន ដោយលោកចោទថា ម្ចាស់ម៉ូតូដឹកមនុស្សលើសចំណុះដោយមានគ្នារហូតដល់៥នាក់ជិះលើម៉ូតូតែមួយនោះ។ លោកថា លោកទៅវិញទេដែលជាជនរងគ្រោះ ព្រោះថា ម៉ូតូបានបើកមកបុករថយន្តលោក។
លោកបានថ្លែងថា៖ «ខ្ញុំសំណូមពរទៅខាងព្រះរាជអាជ្ញាទៅខាងតុលាការ ឱ្យគាត់រកយុត្តិធម៌ឱ្យរូបខ្ញុំផង មិនមែនចេះតែទៅតាមសង្គមហ្វេសប៊ុកដែលចេះតែនិយាយ ដើម្បីបង្ខូចខ្ញុំជាមន្រ្តីរាជការម្នាក់។ អញ្ចឹងខ្ញុំគោរពច្បាប់ ធ្វើអ្វីក៏ផ្អែកទៅតាមច្បាប់ដែរ»។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ឡុង ស៊ីថា បានប្រាប់ថា តុលាការកំពុងដំណើរការសាកសួរអ្នកដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍ហើយបើករត់ដែលពាក់ព័ន្ធនឹងមន្រ្តីឬសាច់ញាតិរបស់ពួកគេបានក្លាយជាចំណងជើងធំៗក្នុងទំព័រសារព័ត៌មានជាច្រើនឆ្នាំមកហើយ ដូចជា ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៣ ដែលពាក់ព័ន្ធនឹងរថយន្តលោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ករណីកូនប្រុសរដ្ឋមន្រ្តីម្នាក់នៅឆ្នាំ២០១៤ និងករណីរថយន្តរបស់ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាមដែលបានបើកគេចពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមនុស្ស២នាក់បានស្លាប់កាលពីឆ្នាំ២០១៤៕
ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេស