ស្រុកព្រៃឈរ កំពង់ចាម៖ នៅឯឃុំគរ មានចម្ងាយប្រហែល១០គីឡូម៉ែត្រពីផ្សារព្រៃទទឹង ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក គង់ ប៊ុនឈឿន អតីតមេឃុំជាប់ឆ្នោតមកពីគណបក្សសិទ្ធិមនុស្ស និងជាអតីតសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សសង្គ្រោះជាតិ ធ្លាប់ដឹកនាំក្រុមអ្នកគាំទ្រដ៏ធំសម្រាប់ការប្រមូលផ្ដុំខាងនយោបាយនៅក្នុងការបោះឆ្នោតកាលពីពេលកន្លងមក ជជែកអំពីនយោបាយរបស់ប្រទេសជាតិ រិះគន់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកោតសរសើរគោលនយោបាយដែលដាក់ចេញដោយអតីតប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា ដែលសព្វថ្ងៃនេះគឺជាប្រធានបក្សប្រឆាំងដ៏ធំជាងគេដែលត្រូវបានរំលាយចោល។
ប៉ុន្តែបុរសវ័យ៧៣ឆ្នាំរូបនេះបានលាឈប់ពីឆាកនយោបាយហើយ ហើយនិយាយតិចតួចប៉ុណ្ណោះអំពីបញ្ហានយោបាយនៅកម្ពុជា បន្ទាប់ពីគណបក្សប្រឆាំង CNRP ត្រូវបានរំលាយចោលកាលពីចុងឆ្នាំ២០១៧ ហើយប្រធានគណបក្ស លោក កឹម សុខា ត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ត្រូវបានហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ និងប្រឈមមុខនឹងសវនាការមួយមិនច្បាស់លាស់ដែលមិនទាន់ត្រូវបានកំណត់កាលបរិច្ឆេទបើកការជំនុំជម្រះឡើងវិញនៅឡើយទេចាប់តាំងពីខែមីនាឆ្នាំមុនមក។
បច្ចុប្បន្នេះ លោក ប៊ុនឈឿន បានចំណាយពេលភាគច្រើនរបស់គាត់ផ្ដោតទៅលើការដាំដុះបន្លែនៅក្នុងសួនច្បារ ស្ថិតក្នុងបរិវេណផ្ទះរបស់លោក និងជួយធ្វើនំបញ្ចុកភរិយារបស់លោក។ អតីតមេឃុំរូបនេះប្រាប់ថា លោកនឹងមិនចូលរួមជីវភាពនយោបាយជាមួយគណបក្សដទៃទៀតឡើយ បើទោះបីជាលោកត្រូវបានគេបញ្ចុះបញ្ចូលឱ្យចូលរួមជាមួយគណបក្សនយោបាយដទៃទៀតអស់រយៈពេលជាច្រើនឆ្នាំមកហើយក្ដី។
និយាយមកកាន់អ្នកយកព័ត៌មាន វីអូឌី កាលពីដើមសប្ដាហ៍នេះ លោក ប៊ុនឈឿន ស្នើសុំមិននិយាយអ្វីច្រើនទាក់ទងនឹងរឿងនយោបាយទៀតទេ ដោយថា លោកស្ថិតនៅក្រោមការឃ្លាំមើល និងតាមដានពីសំណាក់ក្រុមអាជ្ញាធរមូលដ្ឋាន ចាប់តាំងពីគណបក្សប្រឆាំងត្រូវបានរំលាយមក។
លោក ប៊ុនឈឿន ប្រាប់ថា៖ «គេតាម គេមានភ្នាក់ងាររបស់គេតាមពិនិត្យមើល យើងបាត់ពីផ្ទះឬនៅផ្ទះអ៊ីចឹង។ ព្រួយចេះតែព្រួយហើយ តែជំហរខ្ញុំនៅតែនឹងដដែល អត់មានគោលបំណងចង់ទៅណាទៅណីទៀត [ចេញទៅគណបក្សផ្សេង] ទេ»។
នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២កន្លងមក គណបក្សសិទ្ធិមនុស្សបានឈ្នះអាសនៈភាគច្រើននៅក្នុងឃុំគរ បើធៀបនឹងអាសនៈដែលគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចទទួលបាន ហើយលោក ប៊ុនឈឿន បានក្លាយជាមេដឹកនាំមូលដ្ឋានរហូតដល់ការបោះឆ្នោតឃុំ-សង្កាត់ចុងក្រោយនៅឆ្នាំ២០១៧ ដែលនៅពេលនោះ គណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការប្របាច់បញ្ចូលគ្នារវាង HRP និងគណបក្ស សម រង្ស៊ី នោះ បានឈ្នះអាសនៈភាគច្រើននៅឃុំនេះជាថ្មីម្ដងទៀត ប៉ុន្តែលោក ប៊ុនឈឿន ត្រូវបានជ្រើសរើសធ្វើជាជំទប់ទី១ ឱ្យដឹកនាំមូលដ្ឋានមួយនេះ រួមជាមួយសហការីរបស់លោក៥រូបទៀតមកពីគណបក្សប្រឆាំងតែមួយ។
សហការីម្នាក់ក្នុងចំណោមសហការី៤រូបរបស់លោក ប៊ុនឈឿន ដែលគ្រប់គ្រងនិងដឹកនាំមូលដ្ឋានឃុំគរពីឆ្នាំ២០១២រហូតដល់មុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧នោះ គឺលោក ហង់ ឆាយ ដែលមិនត្រូវបានគណបក្ស CNRP ជ្រើសរើសឱ្យចូលទៅក្នុងក្រុមប្រឹក្សាឃុំគរនោះឡើយ បន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់លើកចុងក្រោយនោះ។ បុរសវ័យ៧៣ឆ្នាំរូបនេះ ប្រាប់ថា លោកបានដកខ្លួនចេញពីរឿងនយោបាយអស់រយៈពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីការរំលាយគណបក្ស CNRP និងការចាប់ខ្លួនលោក កឹម សុខា មក។
នៅឯលំនៅឋានរបស់លោក ស្ថិតក្នុងភូមិដូនឡី ដែលជាផ្នែកមួយនៃដែនដីរដ្ឋបាលឃុំគរ អតីតសមាជិកក្រុមប្រឹក្សាឃុំគរមកពីគណបក្សសិទ្ធិមនុស្ស លោក ហង់ ឆាយ ប្រាប់ថា គាត់ឈប់ធ្វើសកម្មភាពនយោបាយជាង៣ឆ្នាំមកហើយ ក្រោយពីលោក កឹម សុខា ត្រូវចាប់ខ្លួន និងមានការរំលាយគណបក្សសង្គ្រោះជាតិ។
លោក ហង់ ឆាយ ប្រាប់ថា៖ «ពេលដែលខ្ញុំប្រាកដខ្លួនខ្ញុំថាឈប់បន្តនយោបាយហើយនោះ គឺខ្ញុំលែងរវល់ហើយ ប៉ុន្តែខ្ញុំចង់ឃើញប្រទេសជាតិរុងរឿងសម្បូរសប្បាយ ដើម្បីឱ្យកូនចៅស្រករក្រោយហ្នឹងសម្បូរសប្បាយទៅ»។
លោក កង យ៉ាង អាយុ៥៨ឆ្នាំ គឺជាសហការីម្នាក់ទៀតដែលត្រូវបានជ្រើសរើសដោយគណបក្សសិទ្ធិមនុស្ស សម្រាប់ការគ្រប់គ្រងនិងដឹកនាំឃុំគរ នៅចន្លោះឆ្នាំ២០១២ដល់ឆ្នាំ២០១៧ផងដែរ។
ដូចទៅនឹងសហការីរបស់គាត់ផងដែរ លោក កង យ៉ាង ប្រាប់ថា លោករក្សាភាពស្ងៀមស្ងាត់ ហើយក៏មិនទាន់សម្រេចចិត្តទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សផ្សេងនៅឡើយទេ។
លោក កង យ៉ាង និយាយទៀតថា បច្ចុប្បន្ន ពលរដ្ឋនៅក្នុងឃុំនេះហាក់មិនហ៊ាននិយាយរឿងនយោបាយជាសាធារណៈទេ ដោយបារម្ភពីសុវត្ថិភាព។
លោក កង យ៉ាង ប្រាប់ថា៖ «ខ្ញុំចូលចិត្ត បានជាខ្ញុំទ្រាំ! គេផ្សេងៗ គេចេះតែមក [បញ្ចុះបញ្ចូល] តែខ្ញុំមិនទៅណាទេ មិនទៅណា ព្រោះថា ខ្ញុំអត់មានសង្ឃឹម គ្មានសង្ឃឹមថានឹងឈ្នះឆ្នោត អាចយកជ័យជម្នះបាន។ ពលរដ្ឋគាត់មិនហ៊ាននិយាយរឿងនយោបាយទេ។ ឥលូវគាត់ខ្លាចព្រោះមានការប្រកាន់គណបក្ស»។
ខុសពីមេដឹកនាំមូលដ្ឋាន៣រូបខាងលើ លោក យ៉ាវ ថូ អាយុ៥០ឆ្នាំ ដែលរួមគ្នាដឹកនាំឃុំគរនៅចន្លោះឆ្នាំ២០១២ដល់ឆ្នាំ២០១៧នោះ នៅតែជាសមាជិកក្រុមប្រឹក្សាឃុំនេះដដែល បន្ទាប់ពីលោកបានចូលរួមជាមួយគណបក្សកាន់អំណាច ក្រោយពីគណបក្ស CNRP ត្រូវបានរំលាយនៅចុងឆ្នាំ២០១៧។
ពាក់អាវយឺតដែលមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា លោក យ៉ាវ ថូ សុំមិននិយាយអ្វីច្រើនអំពីលោក កឹម សុខា ដែលជាអតីតមេដឹកនាំគណបក្សសិទ្ធិមនុស្សនោះឡើយ ប៉ុន្តែលោកបង្ហាញការកោតសរសើរទៅដល់គោលនយោបាយរបស់គណបក្សនេះដែលត្រូវបានផ្ដួចផ្ដើមដោយលោក កឹម សុខា សម្រាប់យុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១២។
លោក យ៉ាវ ថូ ប្រាប់ថា៖ «ជំនាន់ហ្នឹង ខ្ញុំមើលឃើញគោលនយោបាយគាត់ល្អ អាចជួយប្រទេសជាតិបាន។ ខ្ញុំមើលទៅទុកចិត្តគាត់ដែរ។ ប៉ុន្តែកាលហ្នឹង ដឹងថា គាត់មានប្រសាសន៍មកល្អៗណាស់សម្រាប់ប្រទេសជាតិ តែឥលូវខ្ញុំភ្លេចគោលនយោបាយហ្នឹងអស់ហើយ»។
ជាពលរដ្ឋមួយរូបនៅក្នុងឃុំគរ លោក យ៉ង វិត អាយុ៦៣ឆ្នាំ និយាយថា អ្នកភូមិភាគច្រើននៅក្នុងឃុំគរ បច្ចុប្បន្ននេះ មិនហ៊ានជជែកគ្នារឿងនយោបាយទេ ដោយថា ពួកគេទំនងជាបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ទោះជាមិនមានការយាយីឬរំខានពីអាជ្ញាធរក៏ដោយ ដែលលោកថា ខុសពី៣ឆ្នាំកន្លងទៅ។
លោក យ៉ង វិត ប្រាប់ថា៖ «ជួនអីអ្នកខ្លះហ៊ានៗដែរ តែភាគច្រើនមិនហ៊ាន។ មូលហេតុមកពីខាងម្ខាងដែលគេមានប្រៀបហ្នឹង គេគ្របសង្កត់ខ្លាំងទៅ។ អ្នកដែលនិយាយហ្នឹងត្រូវតែញញើត ទោះបីគេមិនធ្វើម៉េចក៏ដោយ ក៏ត្រូវតែញញើតអ៊ីចឹងដែរ»។
គិតមកដល់ត្រឹមថ្ងៃសុក្រ ទី១៥ ខែមករានេះ វាគឺជាខួប១ឆ្នាំដែលសំណុំរឿង«ក្បត់ជាតិ»ចោទប្រកាន់ទៅលើលោក កឹម សុខា ត្រូវបាននាំយកទៅជំនុំជម្រះដោយសាលាដំបូងរាជធានីភ្នំពេញអស់រយៈពេលជាច្រើនសប្ដាហ៍ជាបន្តបន្ទាប់ មុននឹងដំណើរការជំនុំជម្រះត្រូវបានផ្អាកទៅវិញចាប់តាំងពីពាក់កណ្ដាលខែមីនាឆ្នាំមុន ដោយសារតែក្ដីបារម្ភអំពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាកាន់តែកើនឡើងនៅក្នុងប្រទេសកម្ពុជា។
កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូរ៉ូណាជាលើកដំបូង កើតលើបុរសជនជាតិចិនកាលពីចុងខែមករាឆ្នាំមុន ហើយគិតត្រឹមថ្ងៃម្សិលមិញនេះ មនុស្សដល់ទៅ៤១១នាក់ហើយត្រូវបានរកឃើញឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្នកជំងឺ៣៧៧នាក់ហើយត្រូវបានព្យាបាលជាសះស្បើយនិងត្រូវបានអនុញ្ញាតចាកចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ៣៤នាក់ទៀតកំពុងស្ថិតក្រោមការព្យាបាលបន្ត។
លោក ចាន់ ចេន សហមេធាវីការពារក្តីឱ្យលោក កឹម សុខា បានប្រាប់ថា តុលាការមិនទាន់ជូនដំណឹងពីការបើកសវនាការជំនុំជម្រះសំណុំរឿងកូនក្តីឡើងវិញនៅឡើយទេ ក្រោយពីក្រុមមេធាវីបានដាក់លិខិតស្នើសុំចំនួនពីរលើករួចមកហើយ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញបដិសេធ។
បើតាមលោក ចាន់ ចេន ក្រុមមេធាវីការពារក្ដីលោក កឹម សុខា នឹងពិភាក្សាជាមួយកូនក្តី ដើម្បីដាក់លិខិតស្នើសុំទៅតុលាការម្តងទៀតឱ្យពន្លឿនការជំនុំជម្រះសំណុំរឿងនេះ ក្រោយពីរដ្ឋាភិបាលប្រកាសដកបម្រាម ដូចជា ការបើកឱ្យក្រសួងអប់រំបើកដំណើរឡើងវិញ ជាដើម។
មេធាវីរូបនេះអះអាងថា ការពន្យារពេលបើកសវនាការជំនុំជម្រះសំណុំរឿងមួយនេះ បានរំលោភសិទ្ធិកូនក្តីធ្ងន់ធ្ងរ បើផ្អែកទៅលើច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជាដែលចែងពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។
លោក ចាន់ ចេន មានប្រសាសន៍ថា៖ «ច្បាប់អន្តរជាតិ ជាពិសេសសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ក៏ដូចជារដ្ឋធម្មនុញ្ញបានសរសេរយ៉ាងច្បាស់ថា ជនជាប់ចោទឬកូនក្តីខ្ញុំ ត្រូវទទួលបានការជំនុំជម្រះដោយយុត្តិធម៌និងឆាប់រហ័ស។ អ្វីដែលអូសបន្លាយគ្មានការកំណត់ ជាការរំលោភសិទ្ធិ និងប៉ះពាល់ផលប្រយោជន៍កូនក្តីយ៉ាងធ្ងន់ធ្ងរ»។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែងថា សំណុំរឿងលោក កឹម សុខា នៅតែបន្តបាត់សិទ្ធិធ្វើនយោបាយនិងដំណើរឆ្ពោះទៅក្រៅប្រទេស បើដំណើរការក្តីនៅតែបន្តអូសបន្លាយ បើទោះបីលោក កឹម សុខា នៅពេលនេះបាននៅក្រៅមន្ទីរឃុំឃាំងក៏ដោយ។
លោកផ្តល់ជាយោបល់ថា ដើម្បីលុបបំបាត់ការរិះគន់ថាចំណាត់ការចាប់ខ្លួនអតីតមេដឹកនាំបក្សប្រឆាំងនេះជារឿងនយោបាយ វាគួរតែពន្លឿននីតិវិធីនិងផ្តល់យុត្តិធម៌ប្រកបដោយតម្លាភាពដល់ជនជាប់ចោទ ដែលអាចឱ្យសហគមន៍ជាតិនិងអន្តរជាតិជឿបាន។
លោក អំ សំអាត មានប្រសាសន៍ថា៖ «បើសិនជានៅតែអ៊ីចឹង ទី១ ប្រឈមនឹងការរិះគន់ ទី២ គេនៅតែថារឿងខ្លះជារឿងនយោបាយ រឿងខ្លះជារឿងអនុវត្តច្បាប់ ពីព្រោះបើការអនុវត្តច្បាប់ វាត្រូវធ្វើឱ្យមានតម្លាភាពនិងស្មើភាពគ្នា»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ពន្យល់ថា ករណីលោក កឹម សុខា មិនចូលក្នុងលក្ខខណ្ឌយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការទេ ដោយថា ក្រសួងផ្តោតអាទិភាពលើសំណុំរឿងព្រហ្មទណ្ឌសម្រាប់អ្នកជាប់ឃុំ។
លោក ជិន ម៉ាលីន ប្រាប់ថា៖ «លោក កឹម សុខា នេះ គាត់មានសេរីភាពនៅក្រៅឃុំ គាត់ដើរហើរដោយសេរី គាត់ជួបទាក់ទងជាមួយសាច់ញាតិ មិត្តភក្តិ អ្នកគាំទ្រដោយសេរី អ៊ីចឹង ដូចជាមិនអាទិភាពអីជាងសំណុំរឿងព្រហ្មទណ្ឌផ្សេងទៀតដែលមានអ្នកជាប់ឃុំនៅក្នុងពន្ធនាគារ ដែលយើងត្រូវដោះស្រាយបញ្ហាចង្អៀតណែនពាក់ព័ន្ធក្នុងពន្ធនាគារនេះ»។
ភាពមិនច្បាស់លាស់នៃការចាប់ផ្ដើមឡើងវិញនៃសវនាការជំនុំជម្រះលោក កឹម សុខា នេះ បានបន្តអូសបន្លាយថែមទៀតនៅចំពោះមុខការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងចូលមកដល់នៅឆ្នាំក្រោយនេះ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅ២ឆ្នាំបន្ទាប់ទៀត។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅរាជធានីភ្នំពេញ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា លោកពិបាកមើលឃើញពីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នាពេលខាងមុខ ខណៈដែលអ្នកនយោបាយកំពូលៗរបស់ប្រទេសនៅតែប្រកាន់ជំហរខុសគ្នា ដោយមិនទាន់ឈានដល់ដំណោះស្រាយនយោបាយរួមនោះ។
លោក ឯម សុវណ្ណរ៉ា៖ «ខ្ញុំជឿថា ត្រូវមានអន្តរជាតិគាំទ្រនៅក្នុងយន្តការនៃការរៀបចំការបោះឆ្នោត បានន័យថា គណៈកម្មាធិការរៀបចំការបោះឆ្នោតមួយអាចជឿជាក់បាន»។
រហូតមកដល់ថ្ងៃនេះ គណបក្សសង្គ្រោះជាតិ និងមេដឹកនាំនៃបក្សប្រឆាំងមួយនេះ នៅតែត្រូវបានផាត់ចេញពីឆាកនយោបាយអស់រយៈពេលជាង៣ឆ្នាំហើយ ចាប់តាំងពីក្រោយការរំលាយនិងហាមឃាត់សកម្មភាពនយោបាយនៅចុងឆ្នាំ២០១៧មក។
នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពនៃការបង្កើតបក្សថ្មីដើម្បីត្រៀមទៅចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ លោក ប៊ុនឈឿន មើលមិនឃើញថាជាជម្រើសល្អសម្រាប់ឈានទៅរកជ័យជម្នះនោះឡើយ។
អតីតមេឃុំគរ លោក គង់ ប៊ុនឈឿន ប្រាប់ថា៖ «អ៊ីចឹង វាមិនអាច[ឈ្នះ]ទេ ព្រោះវាបានតែថ្មី។ ជាគំនិតរបស់ខ្ញុំ បើយក[សង្គ្រោះជាតិ]ដដែល អាចកើតវិញបាន អាចហ្នឹងបានអាចទៅរួច»៕