លោក ស ខេង ព្រមានចាត់វិធានការច្បាប់លើអ្នកកែច្នៃយានយន្តខុសបច្ចេកទេស

ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ អាជ្ញាធរ​និង​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​អន្តរាគមន៍​និង​ត្រួតពិនិត្យ ឃាត់​បាន​ម៉ូតូ​ដែល​បំពាក់​សុី​ម៉ាំង​ប្រេ​នប​ង្ក​សំ​ឡេង​ខ្លាំង​ៗ កែច្នៃ​ខុស​លក្ខិ​ណៈ​បច្ចេក ទេស​ទម្រង់​ដើម ចំនួន០៦គ្រឿង។ (អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ព្រមានចាត់វិធានការច្បាប់លើអ្នកដែលកែច្នៃយានយន្តខុសបច្ចេកទេសបង្កសំឡេងរំខានដល់អារម្មណ៍ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ភាពថ្លៃថ្នូរក្នុងសង្គម។

ក្នុងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងនៅថ្ងៃទី១៧ ខែមករានេះថា  គណៈបញ្ជាការឯកភាពរដ្ឋ     បាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ជាសេនាធិការ ត្រូវចុះត្រួតពិនិត្យ និងធ្វើការអប់រំណែនាំ ដល់ម្ចាស់ទីតាំងកែច្នៃយានយន្តឱ្យបញ្ឈប់រាល់ ការកែច្នៃយានយន្តខុសបច្ចេកទេស ដូចជា កែបំពង់ស៊ីម៉ាំងម៉ូតូ ឬរថយន្តគ្រប់ប្រភេទបង្កការំខានដល់សិទ្ធិប្រជាពលរដ្ឋ និងភាពថ្លៃថ្នូរក្នុងសង្គមជាដើម។

សេចក្តីណែនាំក៏បានប្រាប់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ពិសេសស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យលើដងផ្លូវ ទីប្រជុំជន និងធ្វើការឃាត់អប់រំបឋមឱ្យបញ្ឈប់សកម្មភាព ព្រមទាំងធ្វើកិច្ចសន្យាយកយានយន្តទៅបំពាក់បំពង់ស៊ីម៉ាំងតាមបច្ចេកទេសឱ្យបានត្រឹមត្រូវវិញ។

ករណីនៅតែមានអ្នកបន្តលបលួចកែច្នៃ និងអ្នកប្រើប្រាស់បំពង់ស៊ីម៉ាំង ឬដោះប៉ពង់ស៊ីម៉ាំង បង្កសំឡេងរំខានដល់អារម្មណ៍ប្រជាពលរដ្ឋ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់។

បន្ថែមពីនេះ លោក ស ខេង ក៏ណែនាំដល់កម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបំពេញតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ហ្មត់ចត់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគ្មានការលើកលែង។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា សន ជ័យ មានប្រសាសន៍ថា លោកមិនមានជំនឿច្រើន លើសមត្ថកិច្ចក្នុងការទប់ស្កាត់ ការកែច្នៃយានយន្តខុសបច្ចេកទេស ដូចជា កែបំពង់ស៊ីម៉ាំងម៉ូតូ ឬរថយន្តគ្រប់ប្រភេទបង្កការំខានដល់សិទ្ធិប្រជាពលរដ្ឋ និងភាពថ្លៃថ្នូរក្នុងសង្គមបាននោះទេ ដោយថាកន្លងមកវិធានការទប់ស្កាត់ការមិនឱ្យមានរថយន្តតទ្រុងខុសបច្ចេកនៅតែបន្តកើតមានរហូតមកដល់សព្វថ្ងៃនេះផងដែរ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនមានជំនឿច្រើនទេ ដោយសាររថយន្តតទ្រុង កាត់តខុសបច្ចេកទេសដើម កំពុងតែបើកបរចរាចរណ៍នៅក្នុងប្រទេសកម្ពុជា យើងមើលដូចជា រថយន្តដឹកអេដចាយដែលមានបិទស្លាកឡូហ្គោរបស់ក្រុមមនុស្សដែលមានឥទ្ធិពល តាមខ្ញុំដឹងស្លាកសញ្ញា ឬឡូហ្គោទាំងនោះត្រូវបានគេទិញដាក់ខែ ឱ្យតែឃើញឡូហ្គោទាំងអស់ហ្នឹងប៉ូលីសចរាចរណ៍មិនហ៊ានអើតកជាមួយទេ បើយើងមើលទិដ្ឋភាពនេះ ឆ្លុះបញ្ចាំងរឿងម៉ូតូធំ ​រថយន្តដែលកែច្នៃបំពង់ស៊ីម៉ាំងនេះមិនមែនជារបស់មនុស្សស្លូតត្រង់ប៉ុន្មានទេ»។

លោក សន ជ័យ បន្ថែមថា ដើម្បីទប់ស្កាត់បញ្ហាទាំងនោះឱ្យមានប្រសិទ្ធិភាពខ្ពស់បាន លុះត្រាតែរដ្ឋាភិបាលមានវិធានការតឹងរឹង បញ្ជាឱ្យសមត្ថកិច្ចចុះបង្ក្រាបទីតាំងកែច្នៃផ្ទាល់ ដោយកុំយោគយល់ និងប្រកាន់បក្ខពួកជាដើម។

នៅក្នុងមាត្រា៧នៃអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនិងច្បាប់ចរាចរណ៍ផ្លូវគោក ចុះថ្ងៃ៨ ខែកក្កដា ឆ្នាំ២០១៥ បានចែងថា អ្នកបើកបរយានយន្តដែលម៉ាស៊ីនបញ្ចេញសំឡេងខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេសសម្រាប់ទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ត្រូវផាកពិន័យ ២០ ០០០រៀល។ ចំណែក យានយន្តធុនស្រាលផាកពីន័យ ៤០ ០០០រៀល និងយានយន្តធុនធ្ងន់ផាកពិន័យ ៧៥ ០០០រៀល។

មាត្រា១០នៃអនុក្រឹត្យដដែលចែងថា ក្នុងករណីដែលជនល្មើសមិនបានបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃដែលបានទទួលបង្កាន់ដៃបង់ប្រាក់ពិន័យ ចំនួនទឹកប្រាក់ពិន័យនេះនឹងត្រូវដំឡើងជា២ដង។ បើលើសពី៩០ថ្ងៃ មន្ត្រីមានសមត្ថកិច្ចត្រូវរៀបចំសំណុំឯកសារបញ្ជូនទៅអយ្យការអមសាលាដំបូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ