រដ្ឋា​ភិបាល​​កាត់​​ដី​​ទំហំ​​២៦០០​​ហិកតា​​ផ្ដល់​​ទៅ​​ក្រុម​ហ៊ុន​​អភិ​វឌ្ឍន៍​​ព្រលាន​​យន្ត​​ហោះ​​ថ្មី​

លោក ង៉ុយ គឹម បានដើរឆ្លងទឹកដែលមានជម្រៅប្រមាណ១ម៉ែត្រ ដោយបានប្រមូលនិងចាប់អង្រួនសំណាញ់ នៅទីតាំងដីតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះ ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ (Danielle Keeton-Olsen)

លោក ជឿ អាយុ​៣០​ឆ្នាំ ដែលជាអ្នកនេសាទនៅក្នុងស្រុកកណ្តាលស្ទឹង បានរៀបរាប់ថា កាលពីប៉ុន្មានឆ្នាំមុន លោកអាច​រកត្រីបានប្រមាណពី៥ទៅ៧​គីឡូ​ក្រាម​ក្នុងមួយថ្ងៃ តាមរយៈការដាក់សៃយ៉ឺន​នៅក្នុងបឹងដែលធ្លាប់មានទឹកឡើងស្រកជាប្រចាំ នៅក្នុងឃុំអំពៅព្រៃ ខេត្តកណ្តាល។

ប៉ុន្តែបន្ទាប់ពីផែនការសម្រាប់អាកាសយានដ្ឋានភ្នំពេញថ្មីមួយដែលនឹងមានផ្លូវរត់ចម្ងាយឆ្ងាយជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ បានលេចចេញនៅខេត្តកណ្តាលកាលពី២​ឆ្នាំមុន លោក ជឿ បាននិយាយថា ការនេសាទត្រី​ប្រចាំថ្ងៃរបស់គាត់បានធ្លាក់ចុះដល់ប្រហែល១​គីឡូក្រាម​ ដោយសារតែកម្មកររបស់ព្រលានយន្តហោះបានកំពុងចាក់បំពេញបឹងនោះយ៉ាងសកម្ម។

លោក ជឿ ដែលទើបងើបឡើងពីក្នុងទឹកបន្ទាប់ពីបានយកសំណាញ់របស់គាត់ចេញពីក្នុងទឹក បាននិយាយនៅ​ដើម​ខែ​មករា​នេះថា គាត់ដឹងថា ការស្ថាបនាអាកាសយានដ្ឋានភ្នំពេញថ្មីនេះនឹងធ្វើឱ្យគាត់បាត់បង់ការងារជាអ្នកនេសាទ។​

លោកបានមានប្រសាសន៍ថា៖ «៤ឬ៥ឆ្នាំទៀត បឹងនេះនឹងត្រូវអស់ហើយ ព្រោះពួកគេបានចាប់ផ្តើមចាក់ដីបំពេញជាបន្តិចម្តងៗ»

អនុក្រឹត្យដែលទទួលបានក្នុងខែនេះ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំមុន បានផ្តល់​ដីរដ្ឋដល់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា ដែលជាការវិនិយោគរួមគ្នារវាងសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ដីឡូតិ៍ដែលបង្ហាញលើអនុក្រឹត្យនេះលាតសន្ធឹង​លើ​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ និងមានទំហំប្រហែល២ ៦០០​ហិកតា។

អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា កិច្ចព្រមព្រៀងដំបូងដើម្បីអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល មានផ្ទៃដីប្រមាណ៩០០​ហិកតា ប៉ុន្តែមន្ត្រីគណៈកម្មាធិការអភិវឌ្ឍន៍ដីធ្លីទទួលបានដីចន្លោះពី១ ០០០ទៅ ២ ០០០​ហិកតាបន្ថែមទៀត សម្រាប់ការអភិវឌ្ឍទីក្រុងព្រលានយន្តហោះឬការធ្វើអាជីវកម្មនៅខាងក្រៅតំបន់ព្រលានយន្តហោះ។

លោកបានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍអាកាសយានដ្ឋានសព្វថ្ងៃនេះ ត្រូវបានបញ្ចូលក្នុងទីក្រុងព្រលានយន្តហោះ ដើម្បីគាំទ្រការអភិវឌ្ឍព្រលានយន្តហោះ ជាមួយនឹងប្រភពចំណូលផ្សេងទៀត ដើម្បីជួយដល់ប្រតិបត្តិការអាកាសយានដ្ឋាន»។ លោកបានបន្ថែមថា អាកាសយានដ្ឋាននេះអាចនឹងរកបានផលចំណេញនៅក្នុងឆ្នាំ២០៤០។

លោកបានបង្វែរសំណួរលម្អិតពាក់ព័ន្ធអំពីដីនិងទីក្រុងព្រលានយន្តហោះ ទៅក្រុមហ៊ុន អូស៊ីអាយស៊ី និរដ្ឋមន្រ្តីក្រសួងដែនដី លោក ជា សុផារ៉ា។ លោកបានបន្តថា អាកាសចរណ៍ស៊ីវិលមានតែកាន់កាប់ភាគហ៊ុន១០​ភាគរយតែប៉ុណ្ណោះនៅក្នុងការវិនិយោគព្រលានយន្តហោះនេះ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានពិពណ៌នាព្រលានយន្តហោះថ្មីនេះថា ជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន ហើយវានឹងនាំមកនូវចំណូល​ពន្ធ ការងារ និងការវិនិយោគបរទេសមកប្រទេសកម្ពុជា។ លោកបានបដិសេធថា ការផ្តល់ដីមិនមានអ្វីជាប់ទាក់ទងនឹងខ្សែ​ស្រឡាយរវាងរដ្ឋាភិបាល និងប្រធានក្រុមហ៊ុន OCIC គឺលោក ពុង ឃាវសែ នោះទេ។

លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖ «សមិទ្ធផលដំបូងរបស់ក្រុមហ៊ុន គឺកោះពេជ្រ ហើយវាជានិមិត្តរូបនៃការអភិវឌ្ឍប្រទេសកម្ពុជា។ គាត់ [ពុង ឃាវសែ] បានវិនិយោគនៅអាកាសយានដ្ឋាននេះ ដូច្នេះវាមានន័យថា គាត់មានសមត្ថភាពកែលម្អទីតាំងនេះទៅជាការអភិវឌ្ឍប្រកបដោយសក្តានុពលក្នុងការផ្តល់ការងារដល់ប្រជាជននិងប្រាក់ចំណូលសម្រាប់រដ្ឋ»

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្តាល បានមានប្រសាសន៍ថា មានវិវាទដីធ្លីនៅស្រុកកណ្តាលស្ទឹងនាពេលកន្លងមក ប៉ុន្តែបានអះអាងថា បញ្ហាត្រូវបានដោះស្រាយ។ ទោះបីជាលោកមិនបានដឹងព័ត៌មានលម្អិតអំពីអនុក្រឹត្យខែមិថុនាក៏ដោយ លោកបាននិយាយថា ផ្ទៃដីជាដីរបស់រដ្ឋដែលកសិករត្រូវបានអនុញ្ញាតឱ្យដាំដុះ។

លោក គ្រុយ ម៉ាឡែន បានបញ្ជាក់ថា៖ «និយាយសរុបទៅ ដីនេះគឺជាបឹងដែលជាកម្មសិទ្ធិរបស់រដ្ឋ ហើយប្រជាជនធ្លាប់ធ្វើស្រែនាពេលកន្លងមក ហើយត្រូវបានទទួលដំណោះស្រាយ។ ក្រៅពីនេះមិនមានបញ្ហាទេ ពីព្រោះគម្រោងព្រលានយន្តហោះបានចាប់ផ្តើមធ្វើរួចហើយ»

លោក មាស អ៊ុយ នាយករដ្ឋបាលខេត្តតាកែវ បានបន្ថែមថា ទាំងក្រុមការងារខេត្ត និងមន្ត្រីក្រសួងរៀបចំដែនដី បានវាស់វែងនិងកាត់ដីរួចហើយ។

អ្នកនេសាទ២នាក់ និងអ្នកយាមម្នាក់ បាន​ឱ្យ​ VOD ដឹងថា តំបន់ភាគខាងជើងដែលមានព្រលានយន្តហោះនឹងសាងសង់នេះ គឺជាដីរបស់ឧកញ៉ា៣នាក់គឺ អ្នកស្រី សៀង ចាន់ហេង លោកឧកញ៉ា ឃុន សៀ និងលោក គន់ គីម។

នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែល​ជា​ទេសរដ្ឋមន្ត្រី ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអតីតអគ្គបញ្ជាការរងទ័ព ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកដៅទុកថាជាអ្នកដែលពាក់ព័ន្ធនឹងអំពើពុករលួយ និងការបំពារបំពានដីធ្លី ខណៈម្ចាស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង ត្រូវបានសហរដ្ឋអាមេរិកដកហូត VISA ដោយសារពាក់ព័ន្ធនឹងបញ្ហាជម្លោះដីធ្លីនៅតំបន់ព្រលានយន្តហោះ។ ចំណែកលោកឧកញ៉ា ឃុន សៀ ដែលបានទទួលសិទ្ធិពីរដ្ឋាភិបាលក្នុងការ​បូម​ខ្សាច់​ចាក់​លុប​ដីដុះ​តាម​ដង​ទន្លេ​មេគង្គ និង​ពង្រីក​ចូល​ទន្លេ​មេគង្គ​នៅ​តំបន់​អរិយ​ក្សត្រ​ជិត​១​០០​ហិកតា ឋិត​នៅ​ទល់មុខ​កោះនរា និង​កោះ​ពេជ្រ​ ហើយលោកត្រូវបានគេចោទប្រកាន់ថា បានប្រើកលល្បិចកខ្វក់នៅក្នុងជម្លោះដីធ្លីនៅទីក្រុងភ្នំពេញឆ្នាំ២០១៣ ។

ប្រជាពលរដ្ឋពីរនាក់នៅតំបន់នោះ បាននិយាយថា លោក គន់ គីម គឺជាម្ចាស់ដីនៅខាងជើងដីព្រលានយន្តហោះដីថ្មី ខណៈពេលដែលដីរបស់​អ្នកស្រី សៀង ចាន់ហេង លោក ឃុន សៀ នៅ​ខាងលិចនិង​ពាយព្យ​នៃព្រលានយន្ត​ហោះ។

កំពុងលីដុំអុសដែលប្រមូលបានត្រឡប់មកដីស្រែរបស់គាត់វិញ លោក មួន ដារ៉ា អាយុ៥២​ឆ្នាំ បាននិយាយថាប្រជាជនធ្លាប់ជាម្ចាស់ដីនៅទីនេះ ប៉ុន្តែអ្នកស្រី សៀង ចាន់ហេង បានទិញដីរបស់ប្រជាពលរដ្ឋតាំងពីប្រមាណ១០ឆ្នាំមុន ដែលដីនៅមានតម្លៃថោកនៅឡើយ។​

លោក មួន ដារ៉ា និយាយថា៖ «ពួកគេបានលក់ដីឱ្យ​ក្រុមហ៊ុនហេង [អភិវឌ្ឍន៍] តាំងពីយូរយារណាស់មកហើយ ប្រហែលជា១០ឆ្នាំមុន»

លោកបានមានប្រសាសន៍ថា ប្រជាជនភាគច្រើនមិនអាចចិញ្ចឹមត្រីបានទៀតទេ ប៉ុន្តែលោកមិនមានការព្រួយបារម្ភថា កសិករនឹងបាត់បង់ទឹកប្រើប្រាស់នៅឡើយទេ។

គាត់បន្ថែមថា៖ «នៅពេលគ្មានទឹក ក្រុមហ៊ុននឹងរកដំណោះស្រាយជូនប្រជាជន»

អ្នកនេសាទភាគច្រើនបានបោះបង់ចោលការងាររបស់គាត់ និងចាប់យកការងារជាកម្មករសំណង់ ប៉ុន្តែលោក ង៉ុយ គឹម អាយុ៤៦ឆ្នាំ បាននិយាយថា គាត់បានធ្វើផ្ទុយពីនេះ។ គាត់ធ្លាប់ធ្វើការជាកម្មករសំណង់ ប៉ុន្តែគាត់បានប្តូរទៅនេសាទនៅជិតព្រលានយន្តហោះ បន្ទាប់ពីបញ្ហាថ្លើមរបស់គាត់រារាំងគាត់មិនឱ្យធ្វើពលកម្មដោយដៃដែលមានគ្រោះថ្នាក់។

ជាមួយនឹងបារីនៅនឹងបបូរមាត់របស់គាត់ លោក ង៉ុយ គឹម បានដើរឆ្លងទឹកដែលមានជម្រៅប្រមាណ១ម៉ែត្រ ដោយបានប្រមូលនិងចាប់អង្រួនសំណាញ់ដែលគ្មានត្រីទាល់តែសោះ បាននិយាយថា៖ «វាមិនទៀងទាត់ទេ។ ពេលខ្លះយើងអាចចាប់បានដើម្បីលក់ ហើយពេលខ្លះយើងមិនចាប់បានអ្វីសោះ»

លោក ជឿ ដែលប្រកបរបរនេសាទតាំងពីនៅវ័យក្មេង បាននិយាយថា គាត់មានការព្រួយបារម្ភពីចំនួនត្រីដែលកាន់តែថយចុះ បើប្រៀបធៀបទៅនឹងអតីតកាលនៅពេលដែលគាត់អាចផ្គត់ផ្គង់គ្រួសាររបស់គាត់បាន ដោយគ្រាន់តែទៅនេសាទនៅក្បែរបឹងដែលពោរពេញដោយត្រី និងមានសល់លុយសន្សំប្រាក់បាន។

លោកថា៖ «វាពិបាកណាស់ ព្រោះយើងជាមនុស្សធម្មតា។ […] យើងឥតឥទ្ធិពល ហើយយើងអត់អាចធ្វើអ្វីបានទេ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ