អាជ្ញាធរត្រៀមជម្លៀសពលរដ្ឋជាង៣០គ្រួសារដែលរស់នៅ​​​ឧទ្យានជាតិតេជោសែនឫស្សីត្រឹប

ប្រធានរាជបណ្ឌិតសភាកម្ពុជា និង​ជាអ្នកគ្រប់គ្រងឧទ្យានជាតិតេជោសែន​ប្ញស្សីត្រឹប លោក សុខ ទូច បានថ្លែង​​ក្នុងសន្និសិទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ (ឃុត សុគន្ធ)

អាជ្ញាធរខេត្តព្រះវិហារ កំពុង​បន្តនីតិវិធីក្នុង​ការ​​ជម្លៀសប្រជាពលរដ្ឋជាង៣០គ្រួសារចេញពីតំបន់អភិរក្សឧទ្យានជាតិតេជោសែន​ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ដើម្បីធានាពីការទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងតំបន់នោះឱ្យមានប្រសិទ្ធភាព។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង​ជាអ្នកគ្រប់គ្រងឧទ្យានជាតិតេជោសែន​ប្ញស្សីត្រឹប លោក សុខ ទូច បានថ្លែង​​ក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃចន្ទនេះ​ថា បច្ចុប្បន្នក្នុង​តំបន់អភិរក្សនៃ​ឧទ្យានជាតិមួយនេះបានកើតមាននូវបទល្មើសព្រៃឈើ​មួយចំនួន ដូចជា ការកាប់ឈើលក់ ការកាប់ឈើទន្ទ្រានយកដីធ្វើកសិកម្ម​ និងកាប់ឈើដើម្បីចាប់សត្វព្រៃ​ជាដើម។

លោកបានបង្ហាញការ​ព្រួយ​​បារម្ភពីវិនាសកម្មព្រៃឈើក្នុងតំបន់អភិរក្សនេះ ប្រសិនបើអាជ្ញាធរ​ពាក់ព័ន្ធមិនចូលរួមដោះស្រាយ និងទប់ស្តាត់ឱ្យបានទាន់ពេលវេលាទេនោះ ជាពិសេសការដោះស្រាយប្រជាពលរដ្ឋជាង៣១គ្រួសារដែលកំពុងរស់នៅតំបន់ការពារនោះ ដែលសកម្មក្នុងការកាប់បំផ្លាញព្រៃឈើ។

លោកបន្ថែមថា៖ «ខ្ញុំឃើញដើមឈើ វាកាប់ច្រើនពេក ជាពិសេសដើមធ្នង់​ហ្នឹងតែម្តង។ ហើយខ្ញុំជិះម៉ូតូតាមរហូតដល់ក្រោយផ្ទះ ពេលចូលទៅមើលសុទ្ធតែពំនូក​ឈើកម្ពស់ណាណី សុទ្ធតែធ្នង់។ យើងទៅ១៥ផ្ទះ មានទាំង១៥ផ្ទះ សុទ្ធតែពំនូក​ឈើ»

លោក សុខ ទូច គូសបញ្ជាក់​ថា៖ «ជួនកាលមួយអាទិត្យអី ខ្ញុំរាប់​ទៅ ជួនកាល២ ០០០ដើម ទៅ៣ ០០០ដើម ហើយ​ដើមធ្នង់ហ្នឹង គឺជាសត្រូវតែម្តងរបស់ប្រជាជននៅតំបន់ហ្នឹងតែម្តង មិនដឹងជាយ៉ាងម៉េច»។

អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សេរី បានទទួលស្គាល់ថា ពិតជាមានបទល្មើសព្រៃឈើក្នុងតំបន់អភិរក្សឧទ្យានជាតិ​តេជោសែន​ប្ញស្សីត្រឹបនេះមែន។ លោកបន្ត​ថា បទល្មើសទាំង​នោះ ប្រព្រឹត្តដោយពលរដ្ឋនៅក្នុងតំបន់នោះនិងពលរដ្ឋមកពីក្រៅស្រុក។

អភិបាលរងខេត្តរូបនេះបន្តថា មានពលរដ្ឋតែ៣១គ្រួសារប៉ុណ្ណោះដែលកំពុងរស់នៅក្នុងតំបន់អភិរក្សមួយ​នេះ។ លោកថា អាជ្ញាធរខេត្តនិងស្រុក កំពុងរៀបចំទីតាំង​ថ្មី ដើម្បីឱ្យពលរដ្ឋទៅរស់នៅផុតពីតំបន់អភិរក្សនេះ។

លោកបន្ថែមថា៖ «អាជ្ញាធរខេត្តយើងតែងតែយកចិត្តទុកដាក់នូវអ្វីដែលមានបទល្មើសនៅក្នុងតំបន់ការពារឧទ្យាន​ប្ញស្សីត្រឹបនោះ។ កន្លងមក យើងបានដោះស្រាយបញ្ហាជាច្រើននៅក្នុងតំបន់នោះ ប៉ុន្តែយើងឃើញពលរដ្ឋ៣១គ្រួសារប៉ុណ្ណោះដែលពួកគាត់ទៅរស់នៅតំបន់នោះ ក្រោយពីចេញព្រះរាជក្រឹត្យ​ហើយ មន្ត្រីជំនាញយើង​កំពុងសិក្សាស្រាវជ្រាវដោះស្រាយ​គាត់ចេញពីតំបន់នោះទៅនៅតំបន់ផ្សេង»

បើតាមអភិបាលរងខេត្តរូបនេះ មានពលរដ្ឋចំនួន៧គ្រួសារបានស្ម័គ្រចិត្តរុះរើផ្ទះចេញពីតំបន់អភិរក្ស​នេះហើយ ដែលករណីនេះ លោកស្នើជាថ្មីដល់ពលរដ្ឋដែលនៅសេសសល់ ចូលរួមសហការក្នុងការរុះរើលំនៅឋានចេញពីតំបន់នោះទៅកាន់ទីតាំងថ្មីដែលអាជ្ញាធរបានរៀបចំជូន។

មេឃុំឆែប លោក ហ៊ឹម យ៉ាន ឱ្យដឹងកាលពីខែធ្នូថា មានពលរដ្ឋ​ខ្លះបានស្ម័គ្រចិត្តរុះរើផ្ទះទៅកាន់ទីតាំងថ្មីលើដីទំហំប្រមាណ១០ហិកតាដែលអាជ្ញាធរខេត្តបាន​រៀបចំជូនពួកគាត់ ប៉ុន្តែនៅមានពលរដ្ឋ១២គ្រួសារដែលមិនព្រមចាកចេញដោយទាមទារសំណងផ្សេងៗ ខណៈពលរដ្ឋ​មួយចំនួន​តូច​ហាក់មិនសូវអើពើនឹងការ​ស្នើ​ឱ្យដោះដូរទីតាំងនេះ។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ មានប្រសាសន៍នៅថ្ងៃនេះថា មន្ត្រីបរិស្ថាន ធ្លាប់បានចាប់និងឃាត់ខ្លួនជនល្មើសដែលទៅកាប់ឈើចេញពីឧទ្យានជាតិនេះជាច្រើនករណីដែរ ដោយបានដកហូតឈើ អប់រំ និងឱ្យ​ពួកគាត់​ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសច្បាប់​នេះ​ ប៉ុន្តែមិនបានកសាងសំណុំរឿងទៅតុលាការនោះទេ។ លោកបន្ត​​ថា បញ្ហាដែលពិបាកក្នុងការការពារព្រៃឈើនៅតំបន់​នោះ ដោយសារតែមន្ត្រីឧទ្យានុរក្សមានចំនួនតិច ខណៈតំបន់ដែលត្រូវការពារមានទំហំធំ។

លោកបន្ថែមថា៖ «ឈ្មួញឈើមិនដែលចេញមុខទេ ចំពោះការចូលកាប់ឈើនេះ។ ជាធម្មតា គឺប្រជាពលរដ្ឋអ្នកនៅមូលដ្ឋានហ្នឹងឯងដែលចូលទៅកាប់ ហើយពេលដែលយើងចាប់ឃាត់ ហើយយើងសួរនាំគាត់ គឺចម្លើយ​នៅតែដដែល គឺកាប់ឈើនោះយកមកប្រើប្រាស់តម្រូវការរបស់គាត់ធ្វើផ្ទះសម្បែង។ អ៊ីចឹងបញ្ហានេះហើយដែលយើងពិបាកស្វែងរកមេខ្លោងឬឈ្មួញឈើនោះ»

សកម្មជនការពារព្រៃឈើនៅ​សហគមន៍​ព្រៃ​ឡង់​ខេត្តព្រះវិហារ លោក ស្រី ថី និយាយ​ថា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាព លុះត្រាតែអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ ហើយ​​​រដ្ឋាភិបាលត្រូវលុប​បំបាត់អំពើពុករលួយនៅ​តាមច្រកចេញចូលតំបន់ការពារ។

លោកបន្ថែមថា៖ «បញ្ហាទប់ស្កាត់បទល្មើសព្រៃឈើ​មិនបាន ដោយសារមន្ត្រីមិនយកចិត្តទុកដាក់ក្នុងការការពារ និងមានអំពើពុករលួយ។ ខ្ញុំឃើញប៉ុន្មានខែចុងក្រោយនេះ មានមន្ត្រីយាមតាមផ្លូវ ហើយជនល្មើសដឹកឈើឆ្លងកាត់ផ្លូវនោះ គេអត់ចាប់ទេ គេឱ្យ​តែលុយហើយៗ។ អ៊ីចឹងទង្វើនោះហើយដែលធ្វើឱ្យមានការដឹកឈើចេញទាំងយប់ទាំងថ្ងៃនោះ អ៊ីចឹងរដ្ឋាភិបាលត្រូវពិនិត្យលើករណីនេះឡើងវិញ»

មន្ត្រីសមាគមការពារសិទ្ធិមនុស្ស​​អាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ បានគាំទ្រឱ្យមានការជម្លៀសពលរដ្ឋពីតំបន់ការពារនោះ ប៉ុន្តែលោកស្នើឱ្យអាជ្ញាធរគិតទៅលើជីវភាពរបស់ប្រជាពលរដ្ឋ និងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធជូនពលរដ្ឋឱ្យបានគ្រប់គ្រាន់នៅទីតាំងថ្មី​ដែលផ្លាស់ប្តូរនោះ។

មន្ត្រីសិទ្ធិមនុស្សរូបនេះលើកឡើងថា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់នោះឱ្យមានប្រសិទ្ធភាព អាជ្ញាធរត្រូវបង្កើតការងារឱ្យពលរដ្ឋ​ធ្វើនៅក្នុងតំបន់ឱទ្យាននោះ និងត្រូវបង្ក្រាបរាល់បទល្មើស​ព្រៃឈើឱ្យ​មានប្រសិទ្ធភាព។

លោកបន្ថែមថា៖ «ពីព្រោះប្រសិនជាអត់មានឈ្មួញកណ្តាលសម្រាប់ទិញឬក៏ជួលគាត់ឱ្យកាប់ឈើទេ ប្រហែល​ពួកគាត់អត់អាចទៅកាប់ឈើបានទេ»។

ឧទ្យានជាតិ​តេជោសែន​ប្ញស្សី​ត្រឹប មាន​ផ្ទៃដី​សរុប១១,៤៣៥គីឡូម៉ែត្រ​ក្រឡា​ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ត្រូវបាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ កាលពីថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៤ ដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រាជបណ្ឌិត្យសភាកម្ពុជា។​

បើតាមលោក សុខ ទូច ឧទ្យាន​នេះ​មាន​តំបន់​ជីវ​ចម្រុះនិង​សក្តានុពល​ជាច្រើន​ ដូចជា ធនធាន​ព្រៃឈើ សត្វព្រៃ វត្ថុបុរាណ ដែលអាច​បម្រើ​ដល់​មុខងារ​ក្នុង​បរិស្ថាន ​ព្រៃឈើ ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​ដ៏​ទាក់ទាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ