ក្រសួង​​ស្នើ​​មន្ត្រី​​ពាក់​ព័ន្ធ​​សហការ​​ជាមួយ​​មន្ត្រី​​សុរិយោ​​ដី​​​ពេល​​ចុះ​​វាស់​វែង​​ព្រំ​​ដី​​

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ។ (វណ្ណ វិចារ/ ២៧ មិថុនា ២០១៩)

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើ​ក្រសួង​ស្ថាប័ន​ដែល​ជា​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ និង​រដ្ឋបាល​រាជធានី​ខេត្ត ឱ្យ​សហការ​និង​ផ្ទៀងផ្ទាត់​ក្បាលដី​ជាមួយ​មន្ត្រី​សុរិយោដី ពេល​ចុះ​អង្កេត​វាស់វែង​និង​កំណត់​ព្រំ​ដី ដើម្បី​ចៀសវាង​ការ​កើតមាន​វិវាទ​ដីធ្លី។

ការ​ស្នើ​នេះបាន​ធ្វើឡើង​តាមរយៈ​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុ​ផា​រ៉ា ផ្ញើ​ជូន​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប្រធាន​ក្រសួង​ស្ថាប័ន​ដែល​ជា​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ និង​អភិបាល​រាជធានី​-ខេត្ត នៅ​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ។

លិខិត​នោះបាន​លើកឡើង​ថា កន្លងមក ក្រសួង​រៀបចំ​ដែនដីបាន​សង្កេតឃើញ​មាន​ករណី​នៃ​ការវាស់វែងនិង​កំណត់​ព្រំ​ក្បាលដី​ក្នុង​គោលដៅ​ផ្តល់​កម្មសិទ្ធិនិង​សិទ្ធិ​ជួលដី​ឯកជន​របស់​រដ្ឋ ដោយ​គ្មាន​ការពិនិត្យនិង​ផ្ទៀងផ្ទាត់​ពីរ​ដ្ឋ​បាល​សុរិយោដី ដែល​ធ្វើ​ឱ្យ​និយាម​ការ​នៃ​ក្បាលដីខ្វះ​ភាព​សុ​ក្រឹត្យ ជាន់​ក្បាលដី​គ្នានិង​បង្ក​ឱ្យ​មាន​វិវាទ​ដីធ្លី។

ដើម្បី​ចៀសវាង​បញ្ហា​ទាំងនេះ ក្រសួង​រៀបចំ​ដែនដី បាន​ស្នើ​ដល់​ក្រសួង​ស្ថាប័ន​ដែល​ជា​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ និង​រដ្ឋបាល​រាជធានី​-ខេត្ត នៅពេល​ចុះ​អង្កេត​វាស់វែង​ក្បាលដី ត្រូវ​មានការ​ចូលរួម​អនុវត្ត​និង​ផ្ទៀងផ្ទាត់​ដោយ​រដ្ឋបាល​សុរិយោដី ដែល​ជា​អង្គភាព​មានសមត្ថកិច្ច​តែមួយគត់ ក្នុង​ការវាស់វែង​កំណត់​ព្រំ​ក្បាលដីស្របតាម​ច្បាប់​ភូមិបាល។ 

ក្រសួងបាន​ណែនាំ​បន្ត​ថា រាល់​ទិ​ន្នន័យវាស់វែង​ក្បាលដី​ក្នុង​គោលដៅ​ស្នើសុំ​គោលការណ៍​រាជរដ្ឋាភិបាល ដើម្បី​ផ្តល់​កម្មសិទ្ធិនិង​សិទ្ធ​ជួល​ដី​ឯកជន​របស់​រដ្ឋ ត្រូវ​បញ្ជូន​ទៅ​អគ្គនាយក​ដ្ឋាន​សុរិយោដី និង​ភូមិ​សាស្រ្ត​របស់ក្រ​សួង ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាមុន ហើយ​រាល់​ការជួល​ដី​ឯកជន​របស់​រដ្ឋ ត្រូវ​ចុះបញ្ជី​ចេញ​បណ្ណ​កម្មសិទ្ធិ​ជា​ដី​ឯកជន​របស់​រដ្ឋ​ជាមុន​ដែរ។

ក្រសួង​ក៏បាន​តម្រូវ​ឱ្យ​រដ្ឋបាល​រាជធានី​-ខេត្ត ត្រូវ​ប្រគល់​ភារកិច្ច​ឱ្យ​មន្ទីររៀ​បចំ​ដែនដី​រាជធានី​-ខេត្ត ក្នុង​ការ​ចុះ​វាស់វែង​កំណត់​និយាម​ការ និង​ផ្ទៀងផ្ទាត់​ជាមួយ​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​សុរិយោដី​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ