មហាសេដ្ឋីម៉ាឡេស៊ី និងជាម្ចាស់កាស៊ីណូណាហ្គា បានទទួលសញ្ជាតិខ្មែរ កាលពីអំឡុងខែតុលា ឆ្នាំមុន នេះបើតាមឯកសារព្រះរាជកិច្ចដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែមករាថ្មីៗនេះ។
ព្រះរាជក្រឹត្យចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដោយប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ បានផ្ដល់សញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្មដល់លោក Chen Lip Keong ជនជាតិម៉ាឡេស៊ី សញ្ជាតិម៉ាឡេស៊ី កើតនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៤៧ នៅរដ្ឋ Perak ប្រទេសម៉ាឡេស៊ី។
ការណ៍ដែលសេដ្ឋីរូបនេះទទួលបានសញ្ជាតិខ្មែរ នឹងអាចនាំឱ្យរូបគាត់អាចកាន់កាប់អចលនទ្រព្យស្របច្បាប់នៅក្នុងប្រទេសកម្ពុជា រួមមាន អាគារ ផ្ទះសម្បែង និងដីធ្លីជាដើម ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខណៈច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស បានចែងថា ជនបរទេសអាចមានសិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចាប់ពីជាន់ទី១ (មួយ) ឡើងទៅប៉ុណ្ណោះ។
លោក Chen Lip Keong ជាថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ និងជាម្ចាស់អាជ្ញាបណ្ណកាស៊ីណូផ្ដាច់មុខតែមួយគត់នៅរាជធានីភ្នំពេញ ដែលអាជ្ញាបណ្ណនោះមានសុពលភាពរហូតដល់ឆ្នាំ២០៦៥។ ទស្សនាវដ្ដី Forbes បានផ្សាយថា លោកមានទ្រព្យសម្បត្តិប្រមាណ ៤,៤ពាន់លានដុល្លារ គិតត្រឹមខែមករា ឆ្នាំ២០២១។
ផ្នែកទំនាក់ទំនងសាធារណៈរបស់ណាហ្គាវើលដ៍ មិនឆ្លើយតបអ៊ីម៉ែលចំពោះសំណួរដែលទាក់ទងនឹងការទទួលបានសញ្ជាតិរបស់លោក លីបគង់ ឡើយ គិតត្រឹមថ្ងៃចន្ទនេះ។
អ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គឹមជាតិ មានប្រសាសន៍ថា លោកបានដឹងថា លោក ជេន លីបគង់ បានស្បថបំពេញនីតិវិធីចូលសញ្ជាតិខ្មែរកាលពីឆ្នាំមុន ប៉ុន្តែមិនចាំពីកាលបរិច្ឆេទនៃថ្ងៃស្បថឡើយ។
អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ លោក កង សុខន មានប្រសាសន៍ថា មានជនបរទេសជាច្រើនដែលបានដាក់ពាក្យសុំសញ្ជាតិខ្មែរកាលពីឆ្នាំមុន ប៉ុន្តែលោកមិនបានកត់សម្គាល់ពីមុខរបរឬអាជីវកម្មអ្នកសុំសញ្ជាតិទាំងនោះទេ។
កាលបរិច្ឆេទទួលបានសញ្ជាតិខ្មែររបស់លោក Chen Lip Keong មានរយៈមិនដល់មួយខែផង មុនថ្ងៃដែលក្រុមហ៊ុនរបស់លោកប្រកាសពីគម្រោងបោះទុនវិនិយោគចំនួន៣៥០លានដុល្លារ លើការសាងសង់រមណីយដ្ឋាន «Angkor Lake of Wonder» (ALOW) ដែលនៅចម្ងាយប្រមាណ៥០០ម៉ែត្រពីតំបន់ហាមឃាត់ឧទ្យានអង្គរ ខេត្តសៀមរាប។
ក្រុមហ៊ុនណាហ្គាវើលដ៏ បានប្រកាសក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានជួលដីទំហំ៧៥ហិកតា ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រពីឧទ្យានអង្គរ ទៅឱ្យក្រុមហ៊ុនណាហ្គាខប ចំនួន៥០ឆ្នាំ គឺចាប់ពីខែមករា ឆ្នាំ២០២០ ដល់ឆ្នាំ២០៧០។
ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមនៅកម្ពុជា ដាក់ការសង្ស័យថា សញ្ជាតិខ្មែរអាចជាកាដូដែលរដ្ឋាភិបាលកម្ពុជាផ្ដល់ឱ្យលោក Chen Lip Keong ដើម្បីលើកទឹកចិត្តក្នុងនាមជាអ្នករកស៊ីយូរឆ្នាំនៅកម្ពុជា។
នាយកប្រតិបតិ្តនៃអង្គការតម្លាភាពអន្តរជាតិកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា គ្មានអ្នកណាអាចឆ្លើយបានឡើយថា ហេតុអ្វីសេដ្ឋីល្បែង លោក ជេន លីបគង់ ទើបតែទទួលបានសញ្ជាតិខ្មែរនៅពេលនេះ ខណៈដែលគាត់មករកស៊ីនៅស្រុកខ្មែរជាង២០ឆ្នាំមកហើយ។
លោក ប៉ិច ពិសី ថ្លែងថា៖ «លោកនាយកណាហ្គាហ្នឹង គាត់មកយូរហើយ តាំងពីរកស៊ីលើទូក[កប៉ាល់កាស៊ីណូ]។ បើមើលប្រវត្តិគាត់ គាត់មានសម្បទាគ្រប់គ្រាន់ហើយ ក្នុងការដាក់ពាក្យចូលសញ្ជាតិ បើគាត់ចេះភាសាខ្មែរទៅទៀត គាត់មានបំណងសុំចូលសញ្ជាតិដោយសទ្ធាចិត្តទៅទៀត មិនមែនជារឿងលំបាកទេ»។
លោកបន្ថែមថា កន្លងទៅ ជនបរទេសមួយចំនួនបានប្រើប្រាស់សញ្ជាតិខ្មែរ ដើម្បីមានសិទ្ធិលើដីធី្លនិងអចលនទ្រព្យប៉ុណ្ណោះ។ លោកអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ភាពមិនប្រក្រតីនានា ជុំវិញដំណើរការផ្ដល់សញ្ជាតិខ្មែរដល់ជនបរទេស។
លោក ប៉ិច ពិសី បន្តទៀតថា៖ «កន្លងទៅយើងធ្លាប់ទទួលព័ត៌មានមកថា ការរៀបចំឯកសារផ្សេងៗដើម្បីដាក់ស្នើសុំសញ្ជាតិខ្មែរលើករណីខ្លះ ក៏មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទៀតផង ដែលចាំបាច់ត្រូវមានការរឹតបន្តឹងនិងស៊ើបអង្កេត»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គីមអេង មានប្រ សាសន៍ថា លោកនៅមានចម្ងល់ថា តើថៅកែកាស៊ីណូរូបនោះពិតជាចង់ចូលសញ្ជាតិខ្មែរដោយស្រឡាញ់ជនជាតិខ្មែរ ស្រឡាញ់ប្រទេសខ្មែរ ឬចូលសញ្ជាតិដើម្បីប្រយោជន៍ផ្ទាល់ខ្លួន? លោកស្នើឱ្យអាជ្ញាធរមានតម្លាភាពចំពោះមុខសាធារណជន ក្នុងករណីផ្ដល់សញ្ជាតិខ្មែរឱ្យជនបរទេស លើកក្រោយៗទៀត។
លោកនិយាយថា៖ «យើងចង់ឃើញថា យ៉ាងហោចណាស់ អាជ្ញាធរគួរសរសេរព័ត៌មានជាសាធារណៈខ្លះៗតាមច្បាប់ ដើម្បីឱ្យពលរដ្ឋអាចមើលឃើញនិងអាចយល់បាន និងមិនត្រូវលាក់លៀមព័ត៌មានទៀតទេ»។
វីអូឌី បានស្រង់ទិន្នន័យពីឯកសាររាជកិច្ចដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាបានសម្រេចផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសជិត២០សញ្ជាតិ ដែលមានចំនួន២៧៥នាក់ ក្នុងនោះមានជនជាតិចិន២២០នាក់។
លោក Chen Lip Keong រកស៊ីមុខរបរមួយចំនួន រួមមាន កាស៊ីណូ អចលនទ្រព្យ ថាមពល។ល។ លោកជាសេដ្ឋីលំដាប់ទី៤ ក្នុងចំណោមសេដ្ឋីទាំង៥០ របស់ម៉ាឡេស៊ី និងស្ថិតក្នុងចំណោមសេដ្ឋីទី៤៣៧ ក្នុងចំណោមសេដ្ឋីៗលើពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes។ ក្រុមហ៊ុន ណាហ្គាវើលដ៍ គឺជាកាស៊ីណូធំជាងគេនៅឥណ្ឌូចិន។ ណាហ្គាខប គឺជាក្រុមហ៊ុនកាស៊ីណូដំបូងគេដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនហុងកុង។
កាលដើមឡើយ កាស៊ីណូណាហ្គាវើលដ៍ បើកនៅលើកប៉ាល់ម្ដុំកោះពេជ្រ បន្ទាប់មកក្រុមហ៊ុននេះរីកចម្រើនជាបន្តបន្ទាប់រហូតមានសណ្ឋាគារកាស៊ីណូធំៗផ្កាយ៥ ចំនួន២កន្លែង និងចាប់ផ្ដើមសាងសង់កាស៊ីណូណាហ្គាទី៣ បន្ថែមទៀត។
ក្នុងអំឡុងរដ្ឋាភិបាលអាណត្តិទី៤ កាស៊ីណូណាហ្គា ធ្លាប់ត្រូវបានអតីតតំណាងរាស្ត្រគណបក្សប្រឆាំង និងជាអតីតអនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចហិរញ្ញវត្ថុរដ្ឋសភា លោក សុន ឆ័យ ចោទថាបានបន្លំគេចពន្ធ ដោយទាមទារឱ្យរដ្ឋាភិបាលស៊ើបអង្កេតនិងចាត់វិធានការ។ ប៉ុន្តែតំណាងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាត់ចោលការលើកឡើងនេះ៕