អាមេរិក​ផ្តល់​ជំនួយ​ជាង​៤០​ម៉ឺន​ដុល្លារ​សម្រាប់​អភិរក្ស​ប្រាសាទ​ពីរ​នៅ​កម្ពុជា​

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូតដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ផាទ្រីកមឺហ្វី (W. Patrick Murphy) ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅប្រាសាទភ្នំបាខែង ខេត្តសៀមរាប។ (ហ្វេសប៊ុក៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

រដ្ឋាភិបាលអាមេរិក ផ្តល់ជំនួយ​ជាង៤០ម៉ឺនដុល្លារដល់អាជ្ញាធរជាតិព្រះវិហារ និង​មូលនិធិប្រាសាទពិភពលោក សម្រាប់ការអភិរក្ស​ប្រាសាទព្រះវិហារ និងប្រាសាទបាក់ខែង។

សេចក្តីប្រកាសព័ត៌មាន​រួមរបស់​ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និង​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ឱ្យដឹងថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បាន​​អនុម័តលើជំនួយជាថវិកាចំនួន១២ម៉ឺនដុល្លារ ជូនដល់​អាជ្ញាធរជាតិព្រះវិហារ ដើម្បី​អភិរក្សជណ្តើរខាងជើង​នៃប្រាសាទដែលត្រូវបានសាងសង់ឡើងនៅសតវត្សទី១១ និង​ជួសជុលឡើងវិញប្រព័ន្ធបង្ហូរទឹកសម័យបុរាណនៅសងខាងនៃជណ្តើរ។

សេចក្តីប្រកាសព័ត៌មាន បន្តថា ស្ថានទូតក៏មានកិច្ចព្រមព្រៀងមួយទៀតក្នុងទឹកប្រាក់ចំនួន៣០​ម៉ឺន​ដុល្លារ ផ្តល់​ជូន​មូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់់​បន្តការងារអភិរក្សប្រាសាទភ្នំបាខែង នាខេត្តសៀមរាប ក្នុងដំណាក់​កាលទី៥ផងដែរ។ គម្រោង​នេះ​នឹងដំណើរការក្នុង​រយៈពេល២៤ខែ រហូតដល់ឆ្នាំ២០២២ ទៅ​ក្នុងបរិបទ​នៃទំនាក់ទំនងរយៈពេលយូរ​របស់អង្គការ WMF ជាមួយអាជ្ញាធរជាតិអប្សរា។

បើតាមសេចក្តីប្រកាសព័ត៌មាន ជំនួយទាំងនេះទទួល​បាន​មកពី​មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ជាកម្មវិធីជំនួយមួយរបស់ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក។ ពិធីចុះហត្ថលេខាផ្តល់ជំនួយទាំងនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករានេះ រវាង​​លោកឯក​អគ្គរដ្ឋទូត W. Patrick Murphy និង​លោក​ស្រី​ ភឿង សកុណា រដ្ឋ​មន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​​កម្ពុជា នៅលើភ្នំបាខែង ខេត្តសៀមរាប។

ឯកអគ្គរដ្ឋទូត W. Patrick Murphy បានមានប្រសាសន៍ក្នុងពិធីនោះថា ទីតាំងប្រវត្តិ​សាស្រ្ត​ទាំង​​នេះជាចំណែកដែលនៅស្ថិតស្ថេរយូរអង្វែងនៃបេតិកភណ្ឌវប្បធម៌យ៉ាងពិសេស​​របស់​កម្ពុជា ដែលត្រូវបានទទួលស្គាល់និងផ្តល់តម្លៃនៅ​ទូទាំងពិភពលោក។

លោក​បន្ត​ថា៖ «ថវិកា​នេះនឹងជួយអភិរក្សប្រាសាទ​​ទាំងនេះ សម្រាប់មនុស្សជំនាន់ក្រោយៗទៀត»។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈកម្ពុជា​ លោកស្រី ភឿង សកុណា បានមានប្រសាសន៍ថា ជំនួយនេះ​បង្ហាញពីការគាំទ្រយូរអង្វែង និងការប្តេជ្ញាចិត្ត​របស់រដ្ឋាភិបាលអាមេរិករួមជាមួយ​សហគមន៍អន្តរជាតិ ក្នុងការការពារ អភិរក្ស និងជួសជុល​បេតិកភណ្ឌវប្បធម៌នៅកម្ពុជា។

លោកស្រីថា៖ «ខ្ញុំជឿថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដែលឈរលើគុណតម្លៃរួម រវាងប្រទេសកម្ពុជា និងរដ្ឋាភិបាលនិងប្រជាជនអាមេរិក នឹងបន្តមានភាពរឹងមាំបន្ថែមទៀត។»

ចំណែក ប្រធាន និងជា​នាយិកាប្រតិបត្តិមូលនិធិប្រាសាទ​ពិភពលោក លោកស្រី Bénédicte de Montlaur បានថ្លែងអំណរគុណដល់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់ការគាំទ្រ​ក្នុងការអភិរក្សប្រាសាទភ្នំបាខែង ដែលជាប្រាសាទស្នូលក្នុងការអភិវឌ្ឍនូវសិល្បៈនិងការផ្សព្វផ្សាយ​នូវទស្សនៈរបស់ខ្មែរ។

គួរបញ្ជាក់ថា ក្រោមជំនួយជាថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ​នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួនជាង៤លានដុល្លារហើយដល់ប្រទេសកម្ពុជា ដោយគិតពីឆ្នាំ២០០១មក។ ក្រៅពីនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បាន​​ផ្តល់​ជំនួយ​ជាថវិកាផងដែរ សម្រាប់អភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗដទៃទៀតនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ