ក្រសួង​ធន​ធាន​ទឹក​​អំពាវ​នាវ​​ឱ្យ​​ពលរដ្ឋ​​នៅ​​ជន​បទ​​រក្សា​​និង​​ប្រើ​ប្រាស់​​ទឹក​​ដោយ​​សន្សំ​សំចៃ​​នៅ​​រដូវ​ប្រាំង​​

ទិដ្ឋភាពតំបន់រស់នៅរបស់ប្រជាសហគមន៍មួយ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង។ រូបភាព៖ ឃុត សុគន្ធ

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​រក្សា​និង​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ខណៈ​ការ​ព្យាករ​បង្ហាញថា ​បរិមាណ​ទឹកភ្លៀង​ដែល​ធ្លាក់​មក​នៅ​រដូវប្រាំងនិង​ដើ​មរ​ដូ​វវស្សា មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ប្រើ​ប្រាស់​ភ្លាម​ៗ។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង ចុះផ្សាយ​នៅ​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បាន​លើកឡើង​ថា ផ្អែក​តាម​ការវាយតម្លៃ​ពី​អន្តរជាតិ ក៏ដូចជា​តំបន់ បង្ហាញថា កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​បាតុភូត អែន​សូ​ (ENSO​) ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​រង​បាតុភូត​ធម្មជាតិ២ដែល​មានឈ្មោះ​ថា La Naina ត្រជាក់៥០ភាគរយ និង​បាតុភូត Neutral ក្តៅ​ត្រជាក់៥០ភាគរយ ដែល​បាតុភូត​ទាំងពីរ​នេះបាន​ធ្វើ​ឱ្យ​អាកាសធាតុ​សម្រាប់​រដូវប្រាំងនិង​ដើ​មរ​ដូ​វវស្សា​ឆ្នាំ២០២១នេះ អាច​នឹង​មាន​លក្ខណៈ​អំណោយផល​ល្អ។

ក្រសួង​បញ្ជាក់​ថា ក្នុង​ខែមេសា និង​ដើ​មរ​ដូ​វវស្សា អាច​នឹង​មាន​ភ្លៀងកក់ខែ​ច្រើន តែ​បរិមាណ​ទឹកភ្លៀង​ដែល​ធ្លាក់​មកគឺ​មិនទាន់​សម​ល្មម​សម្រាប់​ប្រើប្រាស់​ឆ្លើយតប​ទៅតាម​តម្រូវ​ការ​ភ្លាម​ៗនោះ​ទេ។ 

ករណីនេះ ក្រសួង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​រក្សា​ទឹកនិង​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ជាពិសេសតំបន់ជនបទ​ដាច់ស្រយាល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក។

ចំពោះ​ស្ថានភាព​សីតុណ្ហភាព ក្រសួង​ថា ក្នុង​ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមានឹងអាច​ស្ថិតនៅ​ក្នុងរង្វង់​ពី១៣ទៅ២២អង្សាសេ សីតុណ្ហភាព​មធ្យម​អតិបរមា​អាច​នឹង​កើនឡើង​ពី៣០ទៅ៣៧អង្សា​សេ អាស្រ័យ​ទៅតាម​តំបន់ ខណៈ​ពី​ខែមីនាដល់​ខែមេសា ធាតុអាកាស​នឹង​កើន​កម្តៅ​ជាបន្តបន្ទាប់ ក្នុង​នោះ​កម្រិ​តសី​តុ​ណ្ហ​ភាព​អតិបរមាអាច​នឹង​កើនឡើង​ខ្ពស់​បំផុត​ក្នុងរង្វង់៣៩អង្សា​សេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ