មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ឱ្យដឹងថា ភាគីចិននឹងបញ្ជូនវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូសមកកម្ពុជា ក្នុងអំឡុងខែកុម្ភៈខាងមុខនេះ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលចិនបានប្រកាសជួយវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ដល់កម្ពុជា ចំនួន១លានដូស ប៉ុន្តែការផ្តល់នេះនឹងធ្វើតាមដំណាក់កាលៗ។
លោកស្រីបន្តថា ក្នុងដំណាក់កាលដំបូង រដ្ឋាភិបាលចិននឹងផ្តល់វ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូហ្វាម ដល់កម្ពុជា ចំនួន៣០ម៉ឺនដូសជាមុនសិន។
លោកស្រីថ្លែងថា៖ «តាមប្រសាសន៍របស់សម្ដេច លោកបានប្រកាសរួចហើយ លោកថាចង់ឱ្យវ៉ាក់សាំងនេះមកដល់ ដើម្បីប្រើប្រាស់មុនថ្ងៃចូលឆ្នាំចិន។ ចូលឆ្នាំចិន ពាក់កណ្ដាលខែកុម្ភៈ អ៊ីចឹងអាស្រ័យលើការផ្គត់ផ្គង់ពីប្រទេសចិន»។
លោកស្រី ឱ វណ្ណឌីន បន្តថា ស្របពេលដែលចិនផ្តល់ជំនួយវ៉ាក់សាំងនេះ ថ្នាក់ដឹកនាំក្រសួង ក៏បានស្នើទៅរដ្ឋាភិបាលចិន ផ្តល់អ្នកជំនាញបច្ចេកទេសសម្រាប់ជួយដល់កម្ពុជា ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះផងដែរ។
ចំពោះកម្រិតប្រសិទ្ធភាពរបស់វ៉ាក់សាំង ស៊ីណូហ្វាម នេះ មន្ត្រីសុខាភិបាលរូបនេះថា មានប្រសិទ្ធភាពរហូតដល់៧៩,៣៤ភាគរយ ហើយបច្ចុប្បន្ន វ៉ាក់សាំងនេះត្រូវបានប្រើប្រាស់ជាង២២០លានដូស នៅក្នុងប្រទេសមួយចំនួនលើពិភពលោក។
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកនឹងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ «ស៊ីណូហ្វាម» ដែលជាជំនួយរបស់សាធារណរដ្ឋចិននេះមុនគេ ដើម្បីបង្ហាញពីការជឿជាក់និងប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា ក្រៅពីនាយករដ្ឋមន្ត្រី អ្នកដែលត្រូវទទួលបានវ៉ាក់សាំងនេះមុនគេ ក៏មានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀត រួមនឹងមន្ត្រីបម្រើការនៅរដ្ឋសភា ព្រឹទ្ធសភា ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានជាប់ពាក់ព័ន្ធនឹងការជួយអន្តរាគមន៍នៃការរីករាលដាលជំងឺកូវីដ១៩។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បង្ហាញក្តីរីករាយនៅពេលទទួលបានដំណឹងថា កម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ក្នុងពេលឆាប់ៗនេះ។
លោកបានថ្លែងថា៖ «ចាក់ [វ៉ាក់សាំង] បាទ! នៅពេលវ៉ាក់សាំងមកដល់ [កម្ពុជា] ខាងរដ្ឋសភាក៏មានចំណែកដែរ គឺតាមផែនការរបស់សម្ដេច លោកលើកឡើងថា អ្នកដែលនៅជុំវិញថ្នាក់ដឹកនាំ គឺថានឹងបានចាក់វ៉ាក់សាំងហ្នឹង ដោយសារកូវីដ១៩ វាឆ្លងរហ័សណាស់។ ដូច្នេះហើយដើម្បីរក្សាសន្តិសុខ សុខភាពថ្នាក់ដឹកនាំ អ្នកដែលធ្វើការជាប់ថ្នាក់ដឹកនាំ នឹងទទួលបានវ៉ាក់សាំងនេះជាលើកដំបូង»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍កាលពីថ្ងៃម្សិលមិញថា ក្រសួងបាននិងកំពុងធ្វើលិខិតស្នើមួយច្បាប់ទៅកាន់ប្រមុខរដ្ឋាភិបាល ដើម្បីសុំបញ្ចូលមន្ត្រីជួរមុខជាអ្នកសារព័ត៌មានវិទ្យុ ទូរទស្សន៍ជាតិ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានវិជ្ជាជីវៈ ក្នុងបញ្ជីអាទិភាព ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។ នេះបើតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។
លោកថា ការគ្រោងស្នើនេះធ្វើឡើងក្រោយពីអ្នកសារព័ត៌មានវិជ្ជាជីវៈទាំងអស់ បានស្នើទៅប្រមុខរដ្ឋាភិបាលតាមរយៈរូបលោក កាលពីអំឡុងវេទិកានិពន្ធនាយក ក្នុងខែធ្នូ ឆ្នាំ២០២០។
ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិនៅសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គីមហុង ចាត់ទុកការប្រកាសចាក់វ៉ាក់សាំងរបស់ប្រមុខរដ្ឋាភិបាលនិងមន្ត្រីៗ ថាជាគំរូល្អ ដើម្បីបង្ហាញភាពជឿទុកចិត្ត បើទោះបីជាវ៉ាក់សាំងរបស់ប្រទេសចិនមិនទាន់ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ក៏ដោយ។
លោកថា៖ «ធម្មតា វ៉ាក់សាំងដែលមិនទាន់ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកដែលជាអង្គការជំនាញនាំមុខផ្នែកវេជ្ជសាស្រ្តហ្នឹង គឺយើងនៅតែមានការបារម្ភ ថាតើមានគុណភាពកម្រិតណា? ហើយការប្រើប្រាស់ហ្នឹង តើមានគុណភាពដែរឬទេ?»
លោកបន្ថែមថា៖ «ហើយទន្ទឹមនឹងការពារហ្នឹង វាប៉ះពាល់ទៅលើផ្នែកផ្សេងដែរឬទេ? ដូច្នេះ ខ្ញុំយល់ថា រដ្ឋាភិបាលគួរតែពិចារណារង់ចាំបន្តិច រហូតអង្គការសុខភាពពិភពលោកគាត់បានទទួលស្គាល់វ៉ាក់សាំងណាមួយ ដែលទទួលស្គាល់ជាផ្លូវការថា ធានាប្រើប្រាស់ទៅមានប្រសិទ្ធភាព និងមិនប៉ះពាល់សុខភាព»។
ក្រៅពីជំនួយរបស់ប្រទេសចិននេះ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ស្នើសុំជំនួយវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ពីប្រទេសឥណ្ឌាផងដែរ ព្រោះប្រទេសនេះផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនពលរដ្ឋឥណ្ឌាជាង៣០០លាននាក់នៅឆ្នាំនេះ៕