វិភាគ៖ មូល​ហេតុ​​ការ​អភិវឌ្ឍ​នៅ​​សិង្ហបុរី​​បង្កើន​​បឹង​​និង​​ផ្លូវ​ទឹក​​

តំបន់បឹងធម្មជាតិមួយនៅតំបន់ Punggol ប្រទេសសិង្ហបុរី។ (ហ្វេសប៊ុក៖ Lee Hsien Loong)

សិង្ហបុរី​ ជា​ប្រទេស​មួយ​តូចជាង​គេ​នៅ​តំបន់​អាស៊ាន​ក្នុងចំណោម១០ប្រទេស ​គឺ​មាន​ទំហំ​ជាង៧០០គីឡូម៉ែត្រ​ការេ ដែល​ទំហំ​នេះ​ប្រហាក់​ប្រហែល​ទំហំ​រាជធានី​ភ្នំពេញ។

សិង្ហបុរី​ មាន​ចំនួន​ប្រជាជន​ជិត៦លាន​នាក់ ហើយក៏​ជា​​ប្រទេស​ដែល​មានការ​រីកចម្រើន​ស្ទើរគ្រប់​វិស័យ​លេចធ្លោ​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន។

ត្បិត​តែ​ប្រទេស​សិង្ហបុរី​ជា​ប្រទេស​ស្ថិតនៅ​លើ​ដែន​កោះ និង​ជា​ប្រទេស​មាន​ទំហំ​តូចជាង​នៅ​តំបន់​អាស៊ាន​ ហើយក៏​ជា​ប្រទេស​ដែល​មានផ្ទៃ​ដី​ជាទី​ក្រុង១០០ភាគរយ​ គឺ​មិន​មានផ្ទៃ​ដី​សម្រាប់​ធ្វើ​កសិកម្ម​ឬផ្ទៃដី​នៅ​តំបន់ជនបទ​ដូច​ប្រទេស​ផ្សេង​ៗទៀត​នោះ​ទេ។ ប៉ុន្តែ​ចំពោះ​ការអភិវឌ្ឍគឺ​ប្រទេស​នេះ​រៀបចំ​ជា​បឹង ជា​ប្រឡាយ​ទឹក ជា​តំបន់​ឧទ្យាន​ដាំ​ព្រៃ និងរៀប​កន្លែង​ឱ្យ​សត្វព្រៃ​រស់នៅ។

នៅក្នុង​ប្រទេស​តូចជាង​នៅក្នុង​តំបន់​អាស៊ាន​មួយ​នេះ ​ក្រៅពី​ទីតាំង​ដែល​មាន​អគារ​ខ្ពស់​ៗ ក៏​មាន​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ​ រួមមាន​ ដើមឈើ សួនច្បារ បឹង និង​ប្រឡាយ​ទឹក។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ លោក លី សៀន​ឡុង​ គឺ​លោក​តែងតែ​ផ្សព្វផ្សាយ​រូបភាព​បឹង ​ឬផ្លូវទឹក ឬដើមឈើ ដែល​ជា​កន្លែង​រូបលោកនិង​ប្រជាពលរដ្ឋ​ផ្សេងទៀត​ចូលចិត្ត​ធ្វើដំណើរ​ដោយ​ថ្មើ​រជើង ឬដើរ​ហាត់ប្រាណ​នៅកន្លែង​ដែល​មាន​បរិស្ថាន​ល្អ​បែបនេះ។

លោក លី សៀន​ឡុង បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ កាលពី​ថ្ងៃទី១៥ ខែមករា ដោយ​ពិពណ៌នា​ពី​គម្រោង​ជាច្រើន​ក្នុង​ការរៀបចំ​បឹង​និង​ប្រព័​ន្ធប្រ​ឡាយ​ទឹកដែល​មាន​ដាំ​ដើមឈើ​អម​សងខាង។ លោក​ក៏បាន​លើកឡើង​ពី​ការរៀបចំ​ប្រព័ន្ធ​ផ្លូវទឹក​នៅ​តំបន់​ឈ្មោះ Junggol កាលពី​ឆ្នាំ២០០៧។

លោក​បន្ត​ថា ក្នុងរយៈពេល៩ឆ្នាំ​ ចាប់តាំងពី​ការ​បើក​ដំណើរការ​ប្រព័ន្ធ​ប្រឡាយ​ទឹក​នេះ​មក ​រួម​ទាំង​មានការ​ដាំ​ដើមឈើ​បាន​ធំឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ឃើញថា ប្រជាពលរដ្ឋ​មានការ​សប្បាយរីករាយនៅក្នុង​ស្ថានភាព​បែបនេះ។

លោក​ លី សៀន​ឡុង៖ «ដើមឈើ​ដែ​លយើង​ដាំ​នៅ​តាម​បណ្តោយ​ប្រឡាយ​ទឹក​អម​ផ្លូវ​ទាំងនេះ បាន​លូត​លាស់និង​ធំឡើង​ល្អ បាន​ធ្វើ​ឱ្យ​តំបន់ Punggol កាន់តែ​មាន​ភាព​ស្រស់ស្រាយ មាន​ទីតាំង​ពណ៌បៃតង បង្កើត​ជា​កន្លែង​លំហែកាយ និង​កន្លែង​ដែល​សត្វព្រៃ​រស់នៅ»។

នៅក្នុង​ប្រទេស​នេះ​មាន​សត្វព្រៃ​ចំនួន១១ប្រភេទ​ដែលគេ​ស្គាល់​ រួមមាន​ទាំងសត្វស្លាប សត្វ​ក្នុងទឹក និង​សត្វនៅ​លើគោក ​ក្នុង​នោះ​មាន​ទាំង​សត្វ​ខ្លានិង​ជ្រូកព្រៃ​ផង​ដែរ។

ជា​ញឹកញាប់ ​លោក លី សៀន​ឡុង តែងតែ​ផ្សព្វផ្សាយ​រូបភាព​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ហើយ​សរសេរ​បញ្ជាក់​ថា រូបភាព​ទាំងនេះ​លោក​ថត​ដោយខ្លួនឯង​ នៅពេល​លោក​ដើរតាម​ផ្លូ​វក្បែរៗ​មាត់បឹង​ឬប្រឡាយ​ទឹក។ លោក​ថា រូបលោកនិង​ប្រជាពលរដ្ឋ​ផ្សេងទៀត​បាន​សប្បាយរីករាយ​ជាមួយ​បរិយាកាស​បែបនេះ។

ពេល​ថ្លែង​សារ​មួយចំនួន​ទៅកាន់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ លោក លី សៀន​ឡុង ក៏បាន​ជ្រើសរើស​យក​ទីតាំង​ដែល​មាន​ដើមឈើនៅ​ក្បែរ​បឹង​ ដើម្បី​ថត​ជា​វី​ដេ​អូ​ថ្លែង​សារ​ទៀតផង។

នៅក្នុង​ប្រទេស​សិង្ហបុរី​មាន​បឹង​ធម្មជាតិ​ចំនួន៥ ដូចជា ​បឹង Jurong​, Symphony​, Swann​, MacRitchie​, និង​បឹង Bedok ដែល​បឹង​ទាំងនេះ​មាន​ដើមឈើ​ដុះ​អម​ជុំវិញ និង​មានការ​រៀបចំ​បន្ថែម​តាម​លក្ខណៈ​បែប​ធម្មជាតិ ហើយ​បាន​ទាក់ទាញ​ទាំង​ភ្ញៀវ​ទេសចរ​ជាតិនិង​អន្តរជាតិ​ទៅ​ទីតាំង​ទាំងនោះ។ ទីតាំង​ទាំងនោះ​បាន​ក្លាយទៅជា​កន្លែង​ដែលគេ​ដើរ​កម្សាន្ត ស្រូប​យកខ្យល់អាកាស​បរិសុទ្ធ និងជា​កន្លែង​ហាត់ប្រាណ​ដើម្បី​សុខភាព។

ចំពោះ​ផ្លូវ​សម្រាប់​ដើរ​ថ្មើរជើង​មាន​ចំនួន១១ នៅ​តាម​ប្រឡាយ​ទឹកនិង​នៅ​ក្បែរ​មាត់បឹង​មាន​ដើមឈើ​ដុះ​អម​ពេញ និយម​សម្រាប់​អ្នកដើរ​កម្សាន្តនិង​ការ​ធ្វើដំណើរ។

នៅក្នុង​ប្រទេស​សិង្ហបុរី​ ក៏បាន​ថែរក្សានិង​រៀបចំ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងជា​បន្តបន្ទាប់​ចំពោះ​អាងស្តុកទឹក​ដែល​មាន​អាយុកាល​ចាស់​ជាងគេ​នៅក្នុង​ប្រទេស​នេះ ​ដែល​កសាង​ឡើង​ដោយ​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ១៨៨៩។

អាង​ដែល​មានឈ្មោះ Bukit Timah លោក​ លី សៀន​ឡុង ​អះអាង​ថា បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅក្នុង​ប្រទេស​សិង្ហបុរី ដោយ​ជួយ​រំដោះ​ទឹក​ពេល​មាន​ទឹក​ច្រើន និង​ជួយ​បែងចែក​ទឹក​ទៅកាន់​ទី​តាំង​ផ្សេង​ៗទៀតទៅតាម​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាជន។

តើ​មូលហេតុ​អ្វី​បាន​ជា​ប្រទេសសិ​ង្ហ​បុរី​ជា​ប្រទេស​តូច ហើយ​នៅ​រក្សា​ឬពង្រីក​បន្ថែមចំនួន​បឹងនិង​ផ្លូវទឹក​ទៅវិញ​?

ចម្លើយ​ចំពោះ​សំនួរ​នេះ​ មូលហេតុ​មួយ​ដូច​លោកនាយក​រដ្ឋមន្ត្រី​ លី សៀន​ឡុង លើកឡើង ​គឺដើម្បី​គ្រប់គ្រង​ទឹក​ ការពារ​កុំឱ្យ​មានការ​ជន់​លិច​ពេល​ទឹក​កើនឡើង​ច្រើន និង​ដើម្បី​ងាយស្រួល​ក្នុង​ការបែងចែក​ទឹក​ពេល​ទឹក​ថយ​ចុះ​ ធានា​ដល់​ការប្រើ​ប្រាស់​បាន​គ្រប់គ្រាន់។

នៅ​លើ​គេហទំព័រ​របស់ Lake Home Really មើលឃើញ​ថា តួនាទី​របស់​បឹង​នៅក្នុង​ទីក្រុង ក្រៅពី​ការ​រក្សានិង​គ្រប់គ្រង​ទឹកជំនន់ ក៏បាន​ដើរតួ​នាទី​សំខាន់​សម្រាប់​ការ​កម្សាន្តនិង​ការបង្កើត​អាជីវកម្ម​ផង​ដែរ។ បឹង​ជា​កន្លែង​ដែល​មាន​ភាព​ស្រស់ស្រាយ ហើយ​មាន​ភ្ញៀវ​ទេសចរ​ទៅលេង ក៏​បង្កើត​ជា​តម្រូវ​ការ​ផ្សេង​ៗ ហើយក៏​ជា​ឱកាស​នៃ​ការបង្កើត​អាជីវកម្ម​ដើម្បី​បំពេញ​តម្រូវការ​ដល់​ភ្ញៀវ​ទេសចរ​ទាំងនោះ​ដែរ។

ចំណុច​សំខាន់​មួយទៀត ​ជួយ​ដល់​សុខភាព​ផ្លូវកាយនិង​ផ្លូវចិត្ត ដោយសារ​មនុស្ស​អាច​មានការ​កម្សាន្តនិង​លំហែកាយ​បាន​គ្រប់គ្រាន់។ ចំពោះ​សុខភាព​ផ្លូវចិត្តនិង​ផ្លូវកាយ​ល្អ​អាច​នាំ​ឱ្យ​មនុស្ស​កាត់បន្ថយ​ការប្រព្រឹត្តបទល្មើស និង​អាច​ធ្វើសកម្មភាព​ល្អដែល​ជំរុញ​ដល់​ភាព​ប្រសើរ​ឡើង​នៅក្នុង​សង្គម។

បើ​យើង​ងាក​មក​ពិនិត្យ​លើ​ស្ថានភាព​ប្រទេស​វិញ សិង្ហបុរី​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ទេសភាព​ស្អាត​ ដែល​អ្នកខ្លះ​ហៅថាជាទី​ក្រុង​ឋានសួគ៌។ សិង្ហបុរី​បាន​ក្លាយជា​គោល​ដៅ​នៃ​ភ្ញៀវ​ទេសចរ ហើយក៏​ជាគោល​ដៅ​របស់​អ្នកមាន​ទ្រព្យ​នៅក្នុង​តំបន់និង​ពិភពលោក ទៅ​ទិញ​ផ្ទះ​ដើម្បី​រស់នៅ​ ទោះជា​ផ្ទះនៅ​ទីនោះ​មានតម្លៃ​ខ្ពស់​ក៏ដោយ។

ទាំង​រដ្ឋាភិបាលនិងក្រុមហ៊ុនទេសចរណ៍បាន​ប្រើប្រាស់​រូបភាព​សម្រស់​ផ្ទៃ​បឹង​ជា​មធ្យោបាយ​មួយ​ក្នុងចំណោម​មធ្យោបាយ​ផ្សេងទៀតសម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

Marina Bay ជាទី​តាំង​ពេញនិយម​សម្រាប់​ភ្ញៀវ​ទេសចរ​នៅក្នុង​ប្រទេស​សិង្ហបុរី​ ទីនេះក្រៅពី​មានផ្ទៃ​ទឹកសមុទ្រ​នៅ​ខាងមុខ​សម្រាប់​ភ្ញៀវ​ទេសចរ​ថត​យក​រូបភាព​ភ្ជាប់​ជាមួយ​អគារ​ដែល​មាន​រូប​ដូច​ទូក​នៅ​ខាងលើ​នោះ នៅ​បរិវេណ​ខាងក្រោយ មាន​ឧទ្យាន​ដែល​មាន​បឹង មាន​ព្រៃឈើ មាន​សត្វព្រៃ​ច្រើន​ប្រភេទ​ទៀត ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មួយចំនួន​ធំ​ឱ្យ​ចំណាយពេល​ដើរ​កម្សាន្តមើល​ព្រៃនិង​បឹង​ទាំងនោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ