ក្រសួងសុខាភិបាល រកឃើញពលករខ្មែរចំនួន៤នាក់ និងអ្នកដំណើរមកពីសហរដ្ឋអាមេរិកម្នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺនេះសរុបកើនដល់៤៥៣នាក់ គិតមកដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះ ឱ្យដឹងថា ពលករខ្មែរ៤នាក់ដែលទើបមកពីប្រទសថៃ និងរកឃើញថាបានឆ្លងកូវីដនោះ មានអាសយដ្ឋាននៅខេត្តបន្ទាយមានជ័យ និងស្វាយរៀង។ ពួកគេបានមកដល់កម្ពុជា កាលពីថ្ងៃទី៦ ខែមករា និងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
ក្រៅពីនោះ ក្រសួងក៏បានរកឃើញស្ត្រីខ្មែរម្នាក់ទៀតដែលជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក មកដល់កម្ពុជានៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ក៏មានឆ្លងជំងឺកូវីដ១៩ដែរ។
ក្រសួងបន្តថា ចំពោះអ្នកធ្វើដំណើរតាមយន្តហោះជាមួយអ្នកជំងឺរូបនេះ ចំនួន១០៧នាក់ ក៏ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារ មណ្ឌលចត្តាឡីស័ក និងនៅក្នុងស្ថានទូតអាមេរិកចំនួន២នាក់ ក្នុងរាជធានីភ្នំពេញ។
ក្រសួងបន្ថែមថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក៏មានពលករចំនួន៤នាក់ត្រូវបានព្យាបាលជាសះស្បើយផងដែរ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៥៣នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយចំនួន៣៩៦នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៥៧នាក់៕