ក្រសួង​ព័ត៌មាន​ រក​​ឃើញ​​គណនី​​ហ្វេស​ប៊ុក​​ក្លែង​ក្លាយ​​ជិត​២០០​បង្ហោះ​​ព័ត៌មាន​​ក្លែង​ក្លាយ​​និង​​ញុះញង់​​

គណនីហ្វេសប៊ុកក្លែងក្លាយដែលបង្ហោះសារបែបរិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាល។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

ក្រសួងព័ត៌មាន ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០២០ ក្រសួង​បាន​ស្រាវជ្រាវ​រក​ឃើញគណនី​ហ្វេសប៊ុក (Facebook​) ប្រមាណ២០០គណនី បាន​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ ញុះញង់ និង​ជេរប្រមាថ​ព្រះមហាក្សត្រនិង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល។

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក ផុស សុវណ្ណ មានប្រសាសន៍​នៅ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ​ថា តាម​របាយការណ៍​ដែល​ក្រសួង​បាន​ស្រាវជ្រាវ​នោះ ក្រុម​ដែល​លួច​បង្កើត​គណនី​ហ្វេសប៊ុក (Facebook Account​) និង​ទំព័រ​ហ្វេសប៊ុក (Facebook Page​) ក្លែងក្លាយ​ទាំងនោះ មាន​ទាំង​អ្នក​រស់នៅ​ក្នុង​ប្រទេសនិង​ក្រៅប្រទេស ដោយ​ពួក​គេ​បាន​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ជាច្រើន ជាពិសេស​រឿង​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ១៩ ព័ត៌មាន​បែប​ញុះញង់ ជេរប្រមាថ​ព្រះមហាក្សត្រ រដ្ឋាភិបាល និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយចំនួន​ទៀត ដែល​សរុប​មាន១ ៣៤៣ករណី។

ពាក់ព័ន្ធ​នឹង​ករណីនេះ លោក ផុស សុ​ណ្ណ បញ្ជាក់​ថា ក្រសួងព័ត៌មានបាន​បញ្ជូន​ឈ្មោះ​គណនី​ហ្វេសប៊ុក​ទាំងនោះ​ទៅ​ក្រសួងមហាផ្ទៃ​ហើយ ដើម្បី​ស្រាវជ្រាវនិង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់។

លោក​មានប្រសាសន៍​ថា៖ «យើង​ធ្វើ​រាល់ថ្ងៃ យើង​បន្សាប យើង​យក​ព័ត៌មាន​ពិត​មក​ជំនួស​ព័ត៌មាន​កន្លែង​ដែល​គាត់​ផ្សាយ។ ហើយ​វិធីសាស្ត្រ​មួយទៀត យើង​ផ្តល់​ជូន​ទៅ​សមត្ថកិច្ច​ឱ្យ​គាត់​មាន​វិធានការ​ ឱ្យ​គាត់​ធ្វើ​យ៉ាងម៉េច​អនុវត្ត​ច្បាប់​ដែល​នៅ​មាន​ជាធរមាន»។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ព័ត៌មាន កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឱ្យ​ដឹង​ថា ក្រោយពី​បាន​រក​ឃើញ​គណនី​ហ្វេសប៊ុក​ដែល​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ ក្រសួង​ក៏បាន​ជូនដំណឹង​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បានដឹង​ផង​ដែរ ក្នុង​នោះ បាន​ផ្ញើ​ទៅ​អគ្គនាយក​ដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍ ​ចំនួន៤៩ករណី អគ្គស្នងការ​នគរបាល​ជាតិ ចំនួន៣៦ករណី និយ័ត​ទូរគមនាគមន៍​ ចំនួន២ករណី និង​រាយការណ៍ ​(report​) ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក​ ចំនួន៨ករណី។

ក្រសួង​បន្ត​ថា ក្រៅពីនោះ ក្រសួង​ក៏បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយដែល​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិតនិង​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ចំនួន២អង្គភាព និង​លុបចោល​អាជ្ញាបណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយដែល​ផ្សាយ​ព័ត៌មាន​បំពានច្បាប់​ធ្ងន់ធ្ងរ​ចំនួន៣អង្គភាព​ផង​ដែរ ដូចជា គេហទំព័រ​ចក្រ​វឡ​, TV អន​ឡាញ, គេហទំព័រ TVFB និង​ គេហទំព័រនិង​វិទ្យុ​រិទ្ធិ​សែន​ជាដើម។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ១៦ ខែមេសា ឆ្នាំ២០២០ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជាបាន​ដាក់ចេញ​នូវ​យុទ្ធ​សាស្រ្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ក៏​មាន​អ្នកបង្កើត Profile និង Page មិន​ពិតជា​ច្រើន​ក្នុង​ហ្វេសប៊ុក ដោយ​ដាក់ឈ្មោះ «សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា» ក្នុង​ចេតនា​មិនល្អ រួម​ទាំង​បង្ហោះ​សារនិង​ប្រឌិត​នូវ​ព័ត៌មាន​មិន​ពិតជា​ច្រើន ដើម្បី​បោកប្រាស់ បំភ័ន្ត​ភ្នែក​សាធារណជន ក្នុង​គោលបំណង​បំពុលសង្គម​ជាតិ​ផង​ដែរ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ផាត សុ​ផា​និ​ត មានប្រសាសន៍​ថា ក្រសួង​នៅ​មិនទាន់​ទទួល​បាន​សំ​ណើឬការ​ជូនដំណឹង​ផ្លូវការពី​ក្រសួងព័ត៌មាន​នៅឡើយ ហើយ​ចំពោះ​ចំណាត់ការ​បង្ក្រាប​យ៉ាងណា​នោះ លោក​បាន​ជំរុញ​ឱ្យ​សួរ​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​វិញ។

ប្រធាន​នាយកដ្ឋាន​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ លោក ជា ពៅ បាន​បដិសេធ​អត្ថា​ធិប្បាយ​ ដោយមានប្រសាសន៍​យ៉ាង​ខ្លី​ថា៖ «ខ្ញុំ​ឆ្លើយ​អត់​បានទេ! ខ្ញុំ​ថ្នាក់​អគ្គ អញ្ចឹង​វា​មាន​ថ្នាក់​អគ្គ​ផ្សេង​ៗទៀត​គេ​ស្រាវជ្រាវ​ទៀត​ដែរ មាន​នាយក​ដ្ឋាន​ផ្សេង​ៗទៀត​ក្រោម​ក្រសួង សុំ​សួរ​ទៅ​អ្នកនាំពាក្យ​ក្រសួង ​[មហាផ្ទៃ​] បាន​ព័ត៌មាន​ច្បាស់​ជាង»។

រី​ឯអ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ ពុំ​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះបានទេ នៅ​ថ្ងៃនេះ។

នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា និង​ជា​អ្នកវិភាគ លោក ប៉ា ចន្ទ​រឿន សង្កេតឃើញ​ថា ក្រោយពី​មានការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយចំនួនតែងតែ​បង្កើត​ឈ្មោះ​ហ្វេសប៊ុក​ដាក់ឈ្មោះ​អ្នកដទៃ ដើម្បី​វាយប្រហារ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ជាដើម។ 

ករណីនេះ លោក​ថា មិន​គាំទ្រ​នឹង​ការ​ជេរប្រមា​ថ ញុះញង់ និង​គំរាមកំហែង​គ្រប់រូប​ភាពតាមរយៈការ​ប្រើប្រាស់​បណ្តាញ​សង្គម​បែបនេះ​​ទេ និង​បាន​អំពាវនាវ​ដល់​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម ត្រូវ​មាន​សីលធម៌និង​ចែកចាយ​នូវ​ព័ត៌មាន​ពិត។

ទោះជាយ៉ាងណា លោក ប៉ា ចន្ទ​រឿន ស្នើ​ថា មុននឹង​ចាត់វិធានការ​ច្បាប់ឬស្នើ​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក​បិទ​គណនី​អ្នក​ដែល​រិះគន់​ថ្នាក់ដឹកនាំ​នោះ រដ្ឋាភិបាល​និង​ស្ថាប័ន​ជំនាញគួរតែ​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ ។

លោក​មានប្រសាសន៍​ថា៖ «រាល់​ចំណាត់ការ​ក្នុង​ការ​បិទប្រកាស​ស្នើ​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក នៅក្នុង​ការ​បិទ​គណនី​ហ្វេសប៊ុក​ណាមួយ គឺត្រូវ​ធ្វើ​ដោយ​តម្លាភាព ប្រកាន់យក​យុត្តិធម៌​ជាគោល ទើប​មិន​បង្ក មិន​ប៉ះពាល់​ទៅដល់​សិទ្ធិ​សេរីភាព​អ្នកដទៃ​ទៀត ក្នុង​ការប្រើ​ប្រាស់​បណ្តាញ​សង្គម ក្រោម​គំនាប​ណាមួយ​នៃ​អ្នកនយោបាយ»។

តាម​របាយការណ៍​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ឱ្យ​ដឹង​ថា គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ២០២០ នៅក្នុង​ប្រទេស​កម្ពុជា មាន​អ្នក​ប្រើ​អ៊ី​នធឺ​ណិ​ត សរុប​ជាង១៥លាន​នាក់ និង​អ្នកប្រើ​ប្រាស់​គណនីហ្វេសប៊ុកសរុប​ជាង១០លាន​គណនី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ