ក្រសួង​​កសិកម្ម​​ព្រមាន​​ចាត់​វិធាន​ការ​​ច្បាប់​​លើ​​អ្នក​​កាប់​​រុក​រាន​​ឬ​ដុត​​ព្រៃ​​ធ្វើ​​ឱ្យ​​ប៉ះពាល់​​បរិស្ថាន​​និង​​សេដ្ឋ​កិច្ច​​ជាតិ​

ទិដ្ឋភាពនៃការកាប់រានដីក្នុងព្រៃសហគមន៍បឹងប្រិយ ស្ថិតនៅភូមិស្រែធ្នង់ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ (Ministry of Environment)

​ក្រសួង​កសិកម្ម ព្រមាន​ចាត់វិធានការ​ច្បាប់​លើ​ជន​ណា​ដែល​កាប់​រុករានឬដុត​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម ចាប់​សត្វ និង​តាំង​លំនៅ​ដ្ឋាន​ថ្មី ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាននិង​សេដ្ឋកិច្ច​ជាតិ។

ក្នុង​សេចក្តី​ណែនាំ​របស់ក្រ​សួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បាន​លើកឡើង​ថា កត្តា​ចម្បង​ដែល​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ដោយសារ​សកម្មភាព​របស់​មនុស្ស ដូចជា កាប់ឆ្ការ​ដុត​រាន​ព្រៃ​ដើម្បី​ដាំដំណាំ​កសិកម្ម​ផ្សេង​ៗ ការ​ធ្វើ​កសិកម្ម​ពនេចរ ការ​តាំង​លំនៅ​ដ្ឋាន​ថ្មី ការ​ដុត​ព្រៃ​ដើម្បី​ចាប់​សត្វ ការ​បន្សល់​ភ្លើង​នៅក្នុង​ព្រៃ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ ឆេះ​ស្រូវ និង​ឆេះ​ផ្ទះនៅ​ក្នុង​ភូមិ​ប្រជាពលរដ្ឋ ជាដើម។ 

ក្រសួង​បន្ត​ថា ករណីនេះបាន​បង្ក​វិនាសកម្មនិង​បណ្តាល​ឱ្យ​ខាតបង់​ធ្ងន់ធ្ងរ​ដល់​សង្គម សេដ្ឋកិច្ច​ជនបទ សេដ្ឋកិច្ច​ជាតិ និង​បរិស្ថាន​ ជាដើម ។

ករណីនេះ ក្រសួង​កសិកម្ម​ធ្វើការ​ណែនាំ​ដល់​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​រាជធានី​-ខេត្ត មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ចាត់វិធានការ​ច្បាប់​លើ​ជន​ណា​ដែល​បាន​រុករាន ដុត​ព្រៃនិង​កាន់កាប់​ដី​ព្រៃឈើ​ដែល​ឆេះ​ដោយ​អនាធិបតេយ្យ ផ្ទុយ​នឹង​ច្បាប់​និង​បទបញ្ជា​នានា​របស់​រដ្ឋាភិបាល។

ក្រសួងបញ្ជាក់​ថា ដី​ព្រៃឈើនិង​ព្រៃលិចទឹក​ដែល​ឆេះ​រួច ត្រូវ​ថែរក្សា​ទុក​ឱ្យ​រុក្ខជាតិ​ដុះឡើង​វិញ​តាម​លក្ខណៈ​ធម្មជាតិ។

បន្ថែម​ពីនេះ ក្រសួង​កសិកម្ម​ក៏​ជូនដំណឹង​ទៅ​សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ និង​សហគមន៍​កសិកម្ម​ទាំងអស់ អនុវត្ត​វិធានការ​ទប់ស្កាត់​ការប្រើ​ប្រាស់​ភ្លើង​ឆេះ​ជា​មធ្យោបាយ​យក​ឃ្មុំ ការ​ដុត​ស្ទាក់​ចាប់​សត្វ ដុត​វាលស្មៅ​យក​ល្បាស់​ធ្វើ​ចំណីសត្វ ដុត​ព្រៃ​ពង្រីក​ដី​ដាំដំណាំ​កសិកម្ម និង​អ្នក​ដុត​រណ្តៅ​ជ័រ​យក​ជ័រ​ច្បោះ ត្រូវ​ពន្លត់ភ្លើងមុន​ចាកចេញ​ពី​តំបន់​នោះទើប​ទទួល​បានផល​វិជ្ជមាន​ខ្ពស់។

យោង​តាមច្បាប់​ស្តី​ពី​ព្រៃឈើនិង​ច្បាប់​ស្តី​ពី​ជលផល ចែងថា ប្រជាពលរដ្ឋ កងកម្លាំង​ប្រដាប់​អាវុធ និង​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ ត្រូវ​មានករណីយ​កិច្ច​ថែរក្សា​ព្រៃឈើ បង្ការ និង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ ការពារ​ជម្រក​មច្ឆជាតិ នៅ​តាម​មូល​ដ្ឋាន​រៀង​ៗខ្លួន​ជាដើម។

មាត្រា៩៧ នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ និង​មាត្រា៩៨ នៃ​ច្បាប់​ស្តី​ពីជលផល បាន​ចែងថា ជន​ណា​ដែល​ប្រព្រឹត្ត​ឬបង្ក​ឱ្យ​ឆេះ​ព្រៃឬភ្លើង​ឆេះ​ព្រៃលិចទឹក​ដោយចេតនា ត្រូវ​ផ្តន្ទា​ទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី១ ឬបទ​ល្មើស​ជលផល​ថ្នាក់​ទី១ ដែល​ត្រូវ​ជាប់ពន្ធ​នា​គារ​ពី៣ឆ្នាំទៅ៥ឆ្នាំ ឬពី៥ឆ្នាំទៅ១០ឆ្នាំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ