សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ពង្រឹង​ការអនុវត្ត​សកម្មភាព​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​

យុវនារី​ម្នាក់​អង្គុយ​រៀបចំ​ការងារ​នៅក្នុង​យុទ្ធនាការ «១០០ កោដិ​សំឡេង» ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ​គោលបំណង​ផ្តល់​អំណាច​ដល់​ស្ត្រី​និង​ក្មេងស្រី និង​បញ្ឈប់​អំពើ​ហិង្សា​យេនឌ័រ ប្រព្រឹត្តឡើងនៅដើមឆ្នាំ២០២០។ (USAID Cambodia​)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ស្រ្តី ជំរុញ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អនុវត្ត​ផែនការ​សកម្មភាព​ជាតិស្ដីពី​«ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី»ឱ្យ​មាន​ប្រសិទ្ធភាព ស្រប​ពេល​ដែល​ពួក​គេ​មាន​ក្តី​បារម្ភ​ពី​ការ​កើនឡើង​នូវ​អំពើ​ហិង្សា​លើ​យេនឌ័រ ក្នុង​អំឡុង​មាន​វិបត្តិ​ជំងឺ​កូ​វីដ១៩។

ការ​ស្នើ​នេះបាន​ធ្វើឡើង​ស្រប​ពេល​ដែល​ក្រសួងកិច្ចការនារី បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការនូវ​ផែនការ​សកម្មភាពស្តី​ពី​ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ឆ្នាំ២០១៩​-២០២៣ កាលពី​ថ្ងៃអង្គារ​សប្ដាហ៍នេះ។

នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ​(GADC​) លោកស្រី រស់ សុភាព មានប្រសាសន៍​ថា តាម​ព័ត៌មាន​ដែល​លោកស្រី​ទទួល​បាន​ពី​ក្រុម​ជន​បង្គោល​នៅ​តាម​ភូមិ​មួយចំនួន ឃើញថា ជម្លោះ​ក្នុង​គ្រួសារមានការ​កើនឡើង​ជាង​មុន ដោយសារ​កត្តា​ជីវភាព​ធ្លាក់ចុះ និង​ភាព​អត់​ការងារ​ធ្វើ ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ១៩។

លោកស្រី​ថា៖ «ហើយ ​[អំឡុង​ពេល​វិបត្តិ​កូ​វីដ១៩ហ្នឹង​] បុរស​ខ្លះមក​ជុំគ្នា គាត់​ហៅ​ញាតិ មិត្ត​ភក្តិផឹក​ស៊ី​អញ្ចឹង​ទៅ ធ្វើ​ឱ្យ​ខាង​ស្ត្រីគាត់​ហាមឃាត់​មិន​ឱ្យ​ពិសា​ស្រា អញ្ចឹង​ក៏​មាន​ទំនាស់​កើតឡើង។»

លោកស្រី រស់ សុភាព បន្ត​ថា ការ​បិទ​សាលារៀន​បណ្តោះអាសន្នក្នុង​អំឡុង​ពេល​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ក៏បាន​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​ក្នុងចំណោម​សមាជិក​គ្រួសាររហូតដល់​មាន​ជម្លោះ​ទៀតផង នោះ​ដោយសារ​ពួក​គេ​ត្រូវ​ចំណាយ​ថវិកា​បន្ថែម​លើ​ការប្រើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិ​ត ដើម្បី​ឱ្យ​កូន​ៗបាន​សិក្សា។ 

លើស​ពីនេះ​ទៅទៀត លោកស្រី​ថា ស្ត្រី​ប្រកបរបរ​រកស៊ី​ផ្លូវភេទឬស្ត្រី​ដែល​បម្រើការ​ក្នុង​សេវា​កម្សាន្ត ដែល​បាត់បង់​ការងារ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​កូ​វីដ១៩ ក៏​រង​នូវ​ការ​ប៉ះពាល់​ផ្លូវចិត្ត​ផង​ដែរ នៅពេល​ដែល​ពួក​គេ​ត្រឡប់ទៅ​ស្រុកកំណើត​វិញ ត្រូវ​បាន​អ្នកភូមិនិង​គ្រួសាររើសអើងនិង​មាក់​ងាយ​ជាដើម។

លោកស្រី រស់ សុភាព បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​ចង់ឱ្យ​រាជរដ្ឋាភិបាល​លោក​មើលទៅ​លើស​កម្ម​ភាព ដែល​ធ្វើការ​លុបបំបាត់​ទៅលើ​អំពើ​ហិង្សាឱ្យ​បាន​ម៉ត់ចត់ គឺ​ឱ្យ​បាន​ចេញ​ជាសកម្ម​ភាព​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យើងគាត់​បាន​យល់ ហើយ​គាត់​អាច​បង្កើន​ទៅលើ​ការគោរព​គ្នា​ទៅវិញទៅមក ជាង​គ្រាន់តែ​មាន​ផែនការ​ហើយមិនបាន​អនុវត្ត»។

លោកស្រី សេង រាសី នាយិកា​អង្គការ​សីល​ការ ដែល​ធ្វើការ​ផ្តោត​លើ​ការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី និង​សមភាព​យេនឌ័រ ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាលបង្កើន​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​នេះ និង​ពង្រឹង​សមត្ថភាព​មន្ត្រី​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការងារ​នេះ កាន់តែ​មាន​ប្រសិទ្ធភាព និង​ជួយ​ឱ្យ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សាទទួល​បាន​នូវ​យុត្តិធម៌។

លោកស្រី​ថា៖ «[រដ្ឋ​ត្រូវ​មាន​] យន្តការ​ក្នុង​ការ​តាមដាន​ទៅលើ​ការអនុវត្ត​ច្បាប់ ជា​រឿង​សំខាន់​ដែរ។ រឿង​មួយទៀត អ្នក​ដែល​អនុវត្ត​ច្បាប់​ផ្ទាល់ គាត់​ត្រូវតែ​មានការ​យល់ដឹងអំពី​សិទ្ធិ​ស្ត្រី​ឱ្យ​បាន​ពេញលេញ នៅពេល​ដែល​អត់ទ​ទួ​លបា​នកា​រយ​ល់​ដឹង​ទេ នៅពេល​ដែល​គាត់​អនុវត្ត​ទៅ វា​នៅតែ​មានការ​លំបាក »។

ចំណែកនាយិកា​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តី​មាន​វិ​បតិ្ត លោកស្រី ប៉ុក បញ្ញា​វិចិត្រ ក៏​សង្កេតឃើញ​មានការ​កើនឡើង​នូវ​អំពើ​ហិង្សា​លើ​យេនឌ័រ និង​ការរំលោភ​បំពាន​ផ្លូវភេទ ក្នុងអំឡុងពេល​មាន​វិបត្តិ​កូ​វីដ១៩នេះ​ផង​ដែរ ដោយសារ​ពលរដ្ឋ​ខ្លះ​រង​សម្ពាធ​ពី​ការបាត់បង់​ការងារ ហើយ​ទៅ​ទទួលទាន​គ្រឿងស្រវឹង រួច​ឈាន​ទៅ​ប្រព្រឹត្ត​សកម្មភាព​រំលោភ​សេពសន្ថវៈ​ជាដើម។ 

ជាមួយគ្នា​នេះ​ដែរ លោកស្រីក៏បាន​ស្នើ​ទៅ​ក្រសួង​ស្ថាប័ននិង​អាជ្ញាធរ​ពាក់ព័ន្ធ បង្កើន​ការ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត និង​ពង្រឹង​ការអនុវត្ត​ច្បាប់ ពាក់ព័ន្ធ​នឹង​សំណុំរឿង​រំលោភ​សេពសន្ថវៈ​ផង​ដែរ ដោយ​អាជ្ញាធរ​មិន​គួរ​ធ្វើការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​ត្រឹម​ការ​ទូរ​ទាត់​ប្រាក់សំណង​ដល់​ជនរងគ្រោះ​ឡើយ។

លោកស្រី ប៉ុក បញ្ញា​វិចិត្រ ថ្លែង​ថា៖ «ការរំលោភ​បំពាន​ផ្លូវភេទគឺជា​បទឧក្រិដ្ឋ មិន​អាចយ​កលុយ​ទៅ​ទូរ​ទាត់​បានទេ ហើយ​សំណូមពរ​មួយទៀត​ដល់​អាជ្ញាធរ​ដែនដី ក៏ដូចជា​ប្រព័ន្ធ​យុត្តិធម៌​ទាំងអស់ គឺ​មិន​ឱ្យ​លើ​កកម្ពស់​ការ​យក​លុយ​សំណង​ទូរ​ទាត់ដើម្បី​បញ្ចប់រឿង​ក្ដី​ទេ​ សំណង​ទូរ​ទាត់​សម្រាប់​ជនរងគ្រោះ​ត្រូវតែ​មាន ប៉ុន្តែ​ជនល្មើស​ត្រូវតែ​ដាក់ទោស​ទណ្ឌ»។

នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «ផែនការ​សកម្មភាព​ជាតិ ស្ដីពី​ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ២០១៩​-២០២៣» លោកស្រី អ៊ឹ​ង កន្ថា​ផា​វី រដ្ឋមន្ត្រី​ក្រសួងកិច្ចការនារី បាន​ថ្លែង​ថា ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិស្តី​ពីការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ឆ្នាំ២០១៤​-២០១៨ កន្លងមក បាន​ផ្តល់​នូវ​លទ្ធផល​វិជ្ជមាន​ជាច្រើន ខណៈ​ការស្ទង់មតិនិង​ការវាយតម្លៃ​ពាក់ព័ន្ធ​នឹង​ករណីនេះបាន​បង្ហាញថា ​មាន​ទំនោរ​ថយ​ចុះ​នៃ​អំពើ​ហិង្សា​លើ​យេនឌ័រ។

លោកស្រី​បន្ត​ថា កន្លងមក ក្រសួង​ក៏​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ ដូចជា កង្វះ​ធនធាន​ក្នុង​ការអនុវត្ត​ការងារ​បង្ការ ទប់ស្កាត់ និង​ការសម្រប​សម្រួល​លើ​ការ​ផ្តល់​សេវា ខណៈ​ទីតាំង​ផ្តល់​សេវា​មួយចំនួននៅ​ឆ្ងាយ​ពី​ជនរងគ្រោះ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ខ្វះ​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​សេវាឬត្រូវ​ចំណាយ​ថវិកា​ច្រើន​សម្រាប់​ធ្វើដំណើរ រួម​នឹង​បញ្ហា​មួយចំនួន​ទៀត។

លោកស្រី​បន្ត​ថា៖ «ហើ​យស​មត្ថភាព​របស់​អ្នកផ្ដល់​សេវា ក៏​ចាំបាច់​ត្រូវ​អភិវឌ្ឍ​បន្ថែម​ទៀត»។

ទោះ​យ៉ាងណា លោកស្រី អ៊ឹ​ង កន្ថា​ផា​វី ថាការកាត់បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រីនិង​អំពើ​ហិង្សា​ក្នុង​គ្រួសារឱ្យ​ឈាន​ដល់កម្រិត​ទាប​បំផុត នៅតែ​ជា​ចំណុច​អាទិភាព​របស់​រដ្ឋាភិបាលដែល​ត្រូវ​បន្ត​ដោះស្រាយ។ លោកស្រីក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធបន្ត​ចាត់វិធានការ​លើ​ជន​ដែល​ជាមុ​ខសញ្ញា​ទទួលខុសត្រូវ​លើ​ការប្រើ​ប្រាស់​ហិង្សា​លើ​ស្រ្តី។

រដ្ឋមន្ត្រី​ក្រសួងកិច្ចការនារី រំពឹង​ថា ផែនការ​សកម្ម​ភាពជាតិទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ឆ្នាំ២០១៩​-២០២៣នេះ នឹងអាច​ជួយ​ឱ្យ​កម្ពុជាទប់ស្កាត់​អំពើ​ហិង្សា​យេនឌ័រកាន់តែ​មាន​ប្រសិទ្ធភាព។

លោកស្រី ប៉ូលី​ន ថា​ម៉េ​ស៊ី​ស (Pauline Tamesis​) អ្នកសម្របសម្រួល​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍​នៅក្នុង​ពិធី​នោះ​ដែរ​ថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩នៅ​លើស​កល​លោក បាន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ទៅលើ​ស្ត្រីនិង​ក្មេងស្រី ក្នុង​នោះ អំពើ​ហិង្សា​លើ​យេនឌ័រ​ក៏​មានការ​កើនឡើង​ផង​ដែរ។

លោកស្រី​បន្ត​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ចាំ​បាច់​ត្រូវ​មានការ​ផ្តល់​ថវិកា​គាំទ្រនិង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ 

បើ​តាម​ការស្ទង់មតិ​មួយ​របស់ក្រ​សួង​កិច្ចការ​នារី សហការ​ជាមួយ​បណ្តាញ​អង្គការសហប្រជាជាតិ កាលពី​អំឡុង​ឆ្នាំ២០១៤ និង២០១៥ បង្ហាញថា ក្នុងចំណោម​ស្ត្រីចំនួន៣ ៥៧៤នាក់ដែល​បាន​សម្ភាស គឺ​មាន​ស្ត្រី​ម្នាក់​ក្នុងចំណោម៥នាក់ត្រូវ​បាន​រាយការណ៍​ថា ពួក​គេ​ធ្លាប់​បាន​រង​អំពើ​ហិង្សា​លើ​រូបរាងកាយឬផ្លូវភេទ​ពី​ដៃគូ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ