ចៅ​អធិការ​វត្ត​​សសរ​១០០​ ត្រូវ​​តែង​តាំង​​ឡើង​វិញ​​ទោះ​​បំណុល​​វត្ត​២២​ម៉ឺន​​ដុល្លារ​​មិន​ទាន់​​ដោះ​ស្រាយ​​

វត្ត​សរសេរ១០០ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ចម្ងាយ ៣៦ គ.ម ពីទី​រួម​ខេត្ត។ (វេ​បសាយ៖ រដ្ឋបាល​ខេត្តក្រចេះ​/ kratie.gov.kh​)

​ថ្នាក់ដឹកនាំ​សង្ឃ​ក្នុង​ខេត្តក្រចេះ សម្តែង​ការ​មិន​សប្បាយចិត្តនិង​ព្រមាន​លាលែង​ពី​តួនាទី ក្រោយពី​គណៈសង្ឃ​នាយកប្រកាស​តែងតាំង​អតីត​ព្រះគ្រូចៅអធិការ​វត្ត​សសរ១០០ ដែល​ធ្លាប់​រង​ការ​ចោទ​ថា​ បាន​ធ្វើ​ឱ្យ​វត្ត​ជាប់បំណុល​ចំនួន២២ម៉ឺន​ដុល្លារនិង​មិនទាន់​បាន​ដោះស្រាយ ឱ្យធ្វើ​ជា​ព្រះគ្រូចៅអធិការ​វត្ត​នេះ​ឡើងវិញ។

កាលពី​ចុងខែ​សីហា ឆ្នាំ២០២០ សម្តេច​ព្រះសង្ឃនាយក នន្ទ ង៉ែត បានសម្រេច​បញ្ចប់​តួនាទី​ព្រះគ្រូចៅអធិការ​វត្ត​ព្រះវិហារ​ធំ​សសរ១០០ ពីព្រះ​តេជគុណ អេង ផល្លា និង​បាន​ព្យួរ​តួនាទី​ជា​អនុគណស្រុក​សំបូរ​ផង​ដែរ ក្រោយពី​ព្រះអង្គត្រូវ​បាន​គណៈកម្មការ​វត្តនិង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​មួយចំនួនចោទប្រកាន់​ថា បាន​ប្រើប្រាស់​ថវិកា​បច្ច័យ​ខ្វះ​តម្លាភាពនិង​ធ្វើ​ឱ្យ​វត្ត​ជំពាក់បំណុល​ចំនួន២២ម៉ឺន​ដុល្លារ។

ប៉ុន្តែនៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ សម្តេច​ព្រះសង្ឃនាយក នន្ទ ង៉ែត បាន​ចេញ​សង្ឃប្រកាស​ផ្តល់​តួនាទី​ជា​ព្រះគ្រូចៅអធិការ​វត្ត​ព្រះវិហារ​ធំ​សសរ១០០ ដល់ព្រះ​តេជគុណ អេង ផល្លា ជាថ្មី ខណៈ​បំណុល​ចំនួន២២ម៉ឺន​ដុល្លារនៅ​មិនទាន់​ដោះស្រាយ។ 

សង្ឃប្រកាស​បាន​លើកឡើង​ថា៖ «ត្រូវ​បាន​ប្រគល់​តំណែង​ព្រះចៅ​អធិការ​វត្ត​ព្រះវិហារ​ធំ​សសរ១០០ ប្រគេន​ព្រះ​សិរី​សម្ភារ៍ អេង ផល្លា ដើម្បី​ដឹកនាំ​គ្រប់គ្រងនិង​ទទួលខុសត្រូវ​សារ​ជាថ្មី​ឡើងវិញ​នូវ​រាល់​កិច្ចការ​ទាំងឡាយ រួមមាន ការងារ​សាងសង់ ការងារ​សា​លា​ពុទ្ធិ​កសិក្សា​ក្នុង​វត្ត អប់រំ​ភិក្ខុសាមណេរ​ឱ្យ​ស្ថិត​ក្នុង​ធម៌​វិន័យ និង​ថែរក្សា​បេតិកភណ្ឌ និង​គរុភណ្ឌ​វត្ត ចាប់ពី​ខែមករា ឆ្នាំ២០២១ តទៅ»។

នៅក្នុង​សង្ឃប្រកាស​ដដែល ក៏បាន​កំណត់​ឱ្យព្រះ​តេជគុណ អេង ផល្លា ត្រូវតែ​រាយការណ៍​ថ្វាយ​គណៈសង្ឃ​នាយក អំពី​ប្រាក់ចំណូលនិង​ចំណាយ​ទាំងអស់ជា​រៀងរាល់​មួយ​ត្រីមាស​ម្តង និង​ត្រូវ​ទូរ​ទាត់​សំណង​ដល់​ជាង​ម៉ៅការ​សំណង់ចំពោះ​សំណង់​ដែល​កំពុង​សាងសង់​ក្នុង​វត្ត ទៅតាម​កិច្ចសន្យា​ដែល​បាន​ធ្វើ​ហើយ។

សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះប្រធាន​លេខាធិការ​ដ្ឋាន​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សង្ឃដីកា​ថា ការតែងតាំង​នេះគឺ​ទាក់ទង​ទៅ​នឹង​ការ​ស្នើសុំ​របស់​ម្ចាស់បំណុល។

ព្រះអង្គមាន​សង្ឃដីកា​បន្ត​ថា ដំបូង​ឡើយ ម្ចាស់បំណុលឈ្មោះ ជា ដារ៉ា បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​ឱ្យ​ដក​ភិក្ខុ អេង ផល្លា ចេញ ព្រោះ​វត្ត​មិនបាន​សងបំណុល ប៉ុន្តែ​ព្រះគ្រូចៅអធិការ​ថ្មីនិង​គណៈកម្មការ​ថ្មី ក៏​មិន​អាច​សងបំណុល​បាន​ដែរ ទើប​ម្ចាស់បំណុល​បាន​ស្នើសុំ​ឱ្យ​ដាក់​ភិក្ខុ អេង ផល្លា មកវិញ ដើម្បី​ទទួលខុសត្រូវនិង​សងបំណុល។

បំណុល​ប្រហែល២២ម៉ឺន​ដុល្លារ គឺ​សម្រាប់​គម្រោង​សាងសង់​សាលា​ក្នុង​វត្ត នៅក្នុង​ស្រុក​សំបូរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន។ 

លោក ជា ដារ៉ា ជា​ម្ចាស់បំណុល បាន​ប្រាប់​វី​អូ​ឌី​យ៉ាង​ខ្លី​ថា លោក​ពុំ​មាន​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទៀត​ទេ ដោយសារ​ករណីនេះត្រូវ​បាន​ថ្វាយ​ប្រគេន​សម្តេច​ព្រះសង្ឃនាយក ក្នុង​ការសម្រប​សម្រួល​ដោះស្រាយ​ហើយ។

លោក​មានប្រសាសន៍​ថា៖ «សម្តេច​សង្ឃ លោកអ្នក​សម្របសម្រួល​ចប់ហើយ។ ខ្ញុំ​អត់មាន​អ្វី​ត្រូវ​ចេញ​យោបល់​ទៀត​ទេ»។

លោក ជា ដារ៉ា ក៏​មិន​ប្រាប់​ឱ្យ​ចំ​ថា ​តើ​លោក​បាន​ទទួល​ប្រាក់​វិញ​ហើយ​ឬនៅ ឬទទួល​បាន​ពី​អ្នកណា​ទេ។

ពាក់ព័ន្ធ​នឹង​ករណីនេះ ព្រះមេ​គណ​ខេត្ត ព្រះ​តេជគុណ ទេព ហត្ថា និង​ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ឋានានុ​ក្រម​ទូទាំង​ខេត្តក្រចេះ បាន​ថ្វាយ​លិខិត​ជូន​សម្តេច​ព្រះសង្ឃ​គណៈ នន្ទ ង៉ែត នៅមុន​ពិធី​ប្រកាស​តែងតាំង កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដោយ​ប្រកាស​ជំទាស់​នឹង​ការតែងតាំងភិក្ខុ អេង ផល្លា ជា​ព្រះគ្រូចៅអធិការ​វត្ត​ព្រះវិហារ​ធំ​សសរ១០០ ឡើងវិញ។

លិខិត​ដដែលបាន​ស្នើ​ដល់​សម្តេច​ព្រះសង្ឃ​គណៈ ជួយ​សម្រួល​រក​ដំណោះស្រាយ​ប្រកបដោយ​ភាព​ត្រឹមត្រូវ​យុត្តិធម៌​ទៅលើ​អធិករណ៍​នៅក្នុង​វត្ត​ព្រះវិហារ​ធំ​សសរ១០០ ដែល​អាច​ទទួលយក​បាន​ទាំង​ប្រជា​ពុទ្ធ​បរិស័ទនិង​អាជ្ញាធរ​ខេត្តក្រចេះ​ទាំងមូល។

លិខិត​ដដែល​បញ្ជាក់​ថា៖ «ប្រសិនបើ​ក្នុងករណី​ដែល​មិនបាន​ទទួល​ដំណោះស្រាយ​ប្រកបដោយ​ភាព​យុត្តិធម៌ ដែល​ប្រជា​ពុទ្ធបរិស័ទនិង​អាជ្ញាធរ​ខេត្តក្រចេះ​ទាំងមូលទទួលយក​បាន​នោះ​ទេ ទូលព្រះបង្គំ ព្រះករុណា​ទាំងអស់​អង្គ នឹង​លាលែង​ពី​តួនាទីព្រះ​មន្ត្រី​សង្ឃ​តាម​ឋានានុ​ក្រម»។

លោក ជុំ សា​វ៉ន មេឃុំ​សំបូរ មានប្រសាសន៍​ថា ក្រៅពី​បញ្ហា​នេះ ព្រះ​តេជគុណ អេង ផល្លា ក៏​ប្រឈម​នឹង​ការ​ប្តឹងផ្តល់​ពី​ប្រជា​ពុទ្ធបរិស័ទ​ក្នុង​មូលដ្ឋាន​ផង​ដែរ ដែល​បាន​ជំទាស់​នឹង​ការ​ចាក់​ដី​លុប​ស្រះទឹក​បុរាណ​មួយ​ក្នុង​វត្ត។ ប៉ុន្តែ​ភិក្ខុ អេង ផល្លា នៅតែ​បន្ត​លុប​ស្រះទឹក​និង​វាយកម្ទេច​សំណង់​ដទៃទៀត​នៅក្នុង​វត្ត។

មេឃុំ​រូប​នេះបន្ត​ថា ការសាងសង់​សាលា​ពុទ្ធិក​សិក្សាបាន​ចាប់ផ្តើម​នៅ​ចុងឆ្នាំ២០១៧ ប៉ុន្តែ​បាន​ផ្អាក​ទៅវិញបន្ទាប់ពី​សាងសង់​បាន​ពាក់កណ្តាល។ លោក​បាន​បន្ថែម​ថា ព្រះ​តេជគុណ អេង ផល្លា មាន​កំហុស​ក្នុង​ការបំផ្លាញ​បេ​តិ​កភណ្ឌ​ក្នុង​វត្ត និង​ការចាត់ចែង​ប្រាក់​មិនបាន​ត្រឹមត្រូវ។

លោក សា​វ៉ន និយាយ​ថា៖ «បើ​រក​ឃើញថា គាត់ ​[ព្រះ​តេជគុណ អេង ផល្លា​] ប្រព្រឹត្ត​ខុសច្បាប់ គួរតែ​ផ្តន្ទា​ទោស​គាត់​តាមច្បាប់។ មាន​ព្រះសង្ឃ​ច្រើនណាស់​ដែល​មាន​សមត្ថភាពជំនួស​គាត់»។

ចំណែកលោកតា សោ ម៉ុន ជា​អតីត​អាចារ្យ​នៅ​វត្ត​នេះ ឱ្យ​ដឹង​ថា ប្រជា​ពុទ្ធបរិស័ទ​ប្រហែល៧០​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​វត្ត កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ដើម្បី​ជំទាស់​នឹង​ការសម្រេច​តែងតាំង​ព្រះ​តេជគុណ អេង ផល្លា ជា​ព្រះគ្រូចៅអធិការ​វត្ត​ព្រះវិហារ​ធំ​សសរ១០០នេះ។

លោកតា​បាន​និយាយ​ថា៖ «ប្រជាពលរដ្ឋ​ជំទាស់នឹង​ការ​វិលត្រឡប់​មកវិញ​របស់​ភិក្ខុ អេង ផល្លា»។

លោកតា​អះអាង​ដែរ​ថា ព្រះ​តេជគុណ អេង ផល្លា ចាក់​ដី​លុបចោល​នូវ​ស្រះទឹក​បុរាណ​ដែល​មាន​អាយុកាល​តាំងពី​ឆ្នាំ១៥២៩ រួម​នឹង​បំផ្លាញ​ចោល​នូវ​សាល​ចាស់​មួយ​ដែល​រក្សាទុក​គំនូរ​បុរាណ​ផង​ដែរ។

ព្រះ​តេជគុណ អេង ផល្លា មិន​អាច​ទាក់ទង​សុំ​សង្ឃដីកា​បានទេ។ 

ព្រះ​តេជគុណ ឌន ស៊ី​ដន មន្ត្រី​សង្ឃ​សាលា​គណៈខេត្ត​ក្រចេះ មាន​សង្ឃដីកា​ថា គណៈ​កម្ម​ការ​វត្ត​ថ្មី បាន​សង​ប្រាក់​ចំនួន៣០លាន​រៀល (ប្រហែល៧ ៥០០ដុល្លារ​) នៃ​បំណុល​ចំនួន២២ម៉ឺន​ដុល្លារ មុន​ពេល​មានការ​តែងតាំងព្រះ​តេជគុណ អេង ផល្លា ប៉ុន្តែ​ម្ចាស់បំណុល​មិនបាន​យល់ព្រម​តាម​ផែនការ​សង​ប្រាក់​រយៈពេល២ឆ្នាំ​ទេ និង​ទាមទារ​ឱ្យ​ព្រះ​តេជ​គុណ អេង ផល្លា វិលត្រឡប់​មកវិញ។

ព្រះ​តេជគុណ ស៊ី​ដន មាន​សង្ឃដីកា​ថា៖ «ការតែងតាំង​ឡើងវិញ​នេះ ហាក់ដូចជា​មិនទាន់​មាន​តម្លាភាព​គ្រប់គ្រាន់​ទេ»។

លោក ស៊ូ សែ ប្រធានមន្ទីរ​ធម្មការ និងសាសនា​ខេត្តក្រចេះ មានប្រសាសន៍​ថា ដោយសារ​មាន​ភាព​ចម្រូង​ចម្រាស​ច្រើន​នៅក្នុង​វត្ត​នេះកាលពី​អំឡុង​បុណ្យកឋិន​ទាន​ប្រចាំឆ្នាំ កាលពី​ថ្ងៃទី២៦ ខែតុលា វត្ត​នេះ​ពុំសូវ​ទទួល​បា​នប​ច្ច័យ​ច្រើន​ពី​ប្រជាពលរដ្ឋដូច​ឆ្នាំ​មុន​ៗនោះ​ទេ ដែល​ធ្វើ​ឱ្យ​វត្ត​ក៏​មិន​មាន​បច្ច័យ​សម្រាប់​សង​ម្ចាស់បំណុល​ដែរ។

លោក​បាន​មានប្រសាសន៍​ថា៖ «ម្ចាស់បំណុល​គាត់​អស់សង្ឃឹមនិង​មិន​ទុកចិត្ត ហើយ​គាត់​បាន​ទាក់ទង​ទៅ​គណៈសង្ឃ​នាយក ដើម្បី​ស្នើសុំ​ឱ្យ​យក​ព្រះ​តេជគុណ អេង ផល្លា មក ​[កាន់​តួនាទី​ជា​ព្រះចៅ​អធិការ​វត្ត​] វិញ ដើម្បី​រក​ប្រាក់​សង​គាត់»។

លោក ងឹម សុខ នាយ​ប៉ុស្តិ៍​ឃុំ​សំបូរ បាន​មានប្រសាសន៍​ថា ភាគី​ទាំងសងខាង​មាន​កំហុស​ដូចគ្នា​ជុំវិញ​ការគ្រប់គ្រង​ប្រាក់កាស។

លោក​ថា៖ «ប្រសិនបើ​យើង​ទះដៃ​ម្ខាង វា​មិនឮ​ទេ។ ទាំងសងខាង​មាន​កំហុស​តិចតួច​ដូចគ្នា ប្រសិនបើ​មានការ​យោគយល់​គ្នា បញ្ហា​នេះ​នឹង​មិន​អូស​បន្លាយ​យូរ​អ៊ីចឹង​ទេ»។

បើ​តាម​សង្ឃប្រកាស​របស់​គណៈសង្ឃ​នាយក បានសម្រេច​ដាក់វត្ត​ព្រះវិហារ​ធំ​សសរ១០០ ឱ្យ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​គណៈសង្ឃ​នាយក រហូតដល់​វត្ត​នេះមាន​ភាព​ប្រក្រតីនិង​ស្ថិរ​ភាព​ដូចដើម​វិញ ទើប​គណៈសង្ឃ​នាយកប្រគល់​វត្ត​នេះ​ទៅ​ឱ្យ​គណៈសង្ឃ​មូលដ្ឋាន​ខេត្តក្រចេះគ្រប់គ្រង​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ