លោក​ ហ៊ុន​ សែន​ ក្រើន​រំឭក​មន្ត្រី​​ជា​​ថ្នាក់​ដឹក​នាំ​​ឈប់​​ឱ្យ​​ភរិយា​​មក​​ឡូក​ឡំ​​ការងារ​​ដល់​​ការិ​យាល័យ​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុង​ពិធីសម្ពោធ​សមិទ្ធផល​ថ្មី​របស់ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន រួមមាន អគារ​ទី​ស្តី​ការ​ថ្មី និង​វិទ្យាស្ថាន «តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន» ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចម្រេះ២ ខណ្ឌឫស្សីកែវ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំឭក​ទៅ​រដ្ឋមន្ត្រី​មួយចំនួននិង​មន្ត្រី​ជា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ កុំឱ្យ​យក​ភរិយា​មក​លូកលាន់​ការងារ​ដល់​ការិយាល័យ និង​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ឡើងវិញ ដើម្បី​កុំឱ្យ​មន្ត្រី​ក្រោម​ឱវាទអស់ជំនឿ​លើ​ការដឹកនាំ​របស់​ខ្លួន។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធីសម្ពោធ​សមិទ្ធផល​អគារ​ថ្មី​របស់ក្រសួងសាធារណការ និង​ដឹកជញ្ជូន នា​ព្រឹក​ថ្ងៃនេះ​ថា កន្លងមក ការិយាល័យ​របស់​រដ្ឋមន្ត្រី​មួយចំនួនត្រូវ​បាន​ភរិយា​ចូល​ទៅ​រៀបចំនិង​គ្រប់គ្រង ដែល​ករណីនេះលោក​ចាត់ទុកថា​ជាទង្វើ​មិន​សមរម្យ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ និង​ធ្វើ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​អស់ជំនឿ​លើ​ការដឹកនាំ​របស់​ខ្លួន។

លោក​បាន​ថ្លែង​ថា៖ «ថ្នាក់​រដ្ឋមន្ត្រី​ក្តី ថ្នាក់​ចៅហ្វាយខេត្ត​ក្តី ចៅហ្វាយស្រុក​ក្តី ថ្នាក់​ណាក៏ដោយ យល់​ល្អ កុំឱ្យ​ប្រពន្ធ​យើង​មក​ឡូកឡំ​ក្នុង​បន្ទប់​ការងារ​របស់​យើង។ ខ្ញុំ​តាមមើល​ច្រើន​មនុស្ស​ហើយ ដែល​គ្រាន់តែ​ឡើង​តំណែង​នេះ​តំណែង​នោះ ប្រពន្ធ​ទៅ​រៀបចំ​ការិយាល័យ​ឱ្យ រៀប​ចំ​ហុង​ស៊ុយ បែរមុខ​ទៅ​ខាងណា ​ទី​ខាងណា»។

ទោះជាយ៉ាងណា លោកនាយក​រដ្ឋមន្ត្រី មិន​បាន​បង្ហាញ​ឈ្មោះ​រដ្ឋមន្ត្រីនិង​មន្ត្រី​ដែល​ត្រូវ​បាន​ភរិយា​មក​គ្រប់គ្រង​រហូតដល់​ការិយាល័យ​ធ្វើការ​របស់​រដ្ឋ​នោះ​ទេ ដោយសារ​ទុក​កិត្តិយស​ឱ្យ​ពួក​គេ​កែខ្លួន​ឡើងវិញ។

លោក​ថ្លែង​បន្ត​ថា៖ «វា​មិន​គប្បី​ភ្នែក​មន្ត្រី​ធ្វើការ​ជាមួយ​យើង ចាំបាច់​ឱ្យ​ប្រពន្ធ​មក​ត្រួត​ដល់​ការិយាល័យកន្លែង​ធ្វើការ​របស់​ប្តី​នោះ​! កន្លែង​ធ្វើការល្អ​ហើយ ប៉ុន្តែ​អ្វី​សំខាន់​ជាង​នេះ​ទៅទៀត ខ្ញុំ​សូម​រំឭក​គឺ​ប្រសិទ្ធ​ភាព​ការងារ បើ​អត់​ប្រសិទ្ធភាព​ហើយ​បាន​សេចក្តី​ថា ទោះបី​អគារ​វា​ល្អ​លើស​ហ្នឹង១០ដង ក៏​វា​នៅតែ​ប៉ុ​ណ្ណឹង​ដែរ អញ្ចឹង​កន្លែង​ការងារ​កាន់តែ​ល្អ កាន់តែ​ត្រូវ​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព ហើយ​ធ្វើ​ទំនើបកម្ម»។

អ្នកនាំពាក្យ​ប្រតិកម្ម​រហ័ស​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ី​ផាន មានប្រសាសន៍​ថា រដ្ឋាភិបាល​ក្រើនរំឭក​ដល់​រដ្ឋមន្ត្រី​របស់​ខ្លួន ដើម្បី​ឱ្យ​ពួក​គាត់​ចេះកែ​ខ្លួន​ឡើងវិញ។ 

លោក​មានប្រសាសន៍​ថា៖ «វា​មិន​ស្របច្បាប់​ទេ ខុស​ក្រមសីលធម៌ ដែល​ឡូកឡំ​បញ្ហា​គ្រួសារ ឡូកឡំ​ជាមួយ​ការងារ​នៅក្នុង​ការិយាល័យ ពីព្រោះ​ភរិយា​មិន​មាន​កាតព្វកិច្ច លិខិតស្នាម​ទទួលស្គាល់​ពីរ​ដ្ឋ​សម្រាប់​មក​បម្រើការងារ​នោះ​ទេ ប៉ុន្តែ​គាត់​អាច​ចូលរួម​ក្នុងនាម​ជា​មនុស្សធម៌និង​រឿង​ដទៃទៀត​បាន មិនមែន​ឡូកឡំ​ជាមួយ​ការងារ​នៅ​កា​រិយាល័យ​នោះ​ទេ»។

អ្នកស្រាវជ្រាវ​ប្រឹក្សា​យោបល់​ឯករាជ្យ និង​ជា​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ លោក ប៉ា ចន្ទ​រឿន ផ្តល់​ជា​អនុសាសន៍​ថា​ ដើម្បី​ទប់ស្កាត់​កុំឱ្យ​ភរិយា​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មក​លូកលាន់​ការងារ​របស់​ស្វាមី ​គឺ​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តី​ពីសហលក្ខន្តិកៈ​មន្រ្តី​រាជការ​ស៊ីវិល​ទើប​ទទួល​បានផល​វិជ្ជមាន។

លោក​មានប្រសាសន៍​ថា៖ «យើង​មានច្បាប់​ស្តី​ពី​សហ​លក្ខ​ន្តិ​កៈ​មន្ត្រី​រាជការ​ស៊ីវិល បើសិនជា​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅតាម​គោលការណ៍​ទាំងអស់​នោះ ហើយ​ប្រកាន់​ក្រមសីលធម៌​ក្នុង​ការ​ធ្វើ​កិច្ចការ​ងារ​ជាគោល ជាជាង​ការយោគយល់ឬក៏​ផ្តេក​ផ្តួល​ទៅលើ​មនុស្ស និន្នាការ​នយោបាយ​ បក្ស​ពួក្ខឬគ្រួសារនិយម ទើប​យើង​អាច​ធានា​បាន​ប្រសិទ្ធភាពនិង​គុណភាព​នៃ​ការងារ​របស់​មន្ត្រី​ក្នុង​ការ​បម្រើជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ