វិភាគ៖ ផល​ប្រយោជន៍​​វៀតណាម​​ផ្តល់​​សេវា​​ព្យាបាល​​មនុស្ស​ចាស់​

បុរស​ចំណាស់​ម្នាក់​ទទួល​បាន​លិខិតបញ្ជាក់​សុខភាព​ថា​បាន​ជាសះស្បើយ​ជំងឺ​កូ​វីដ១៩ ពី​មន្ទីរពេទ្យ Quang Nam Central ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។ (VnExpress​/Phuong Thao​)

​គោលនយោបាយ​ព្យាបាល​មនុស្ស​វ័យចំណាស់​ដោយ​មិន​គិតលុយ និង​ការ​ជួយ​ឧបត្ថ​ម្ភ​ផ្សេង​ៗទៀត​តាម​សេវា​ធានា​រ៉ាប់រង​សង្គមនេះ ក្រៅពី​ផលប្រយោជន៍​ផ្នែក​សុខភាព ក៏​ជាផ្នែក​មួយ​នៃ​ការ​ផ្តល់​ទំនុកចិត្ត​លើ​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ប្រទេស និង​ពលរដ្ឋ​មានទំនុក​ចិត្ត​លើ​រដ្ឋាភិបាល។

រដ្ឋាភិបាល​វៀតណាម​រៀបចំផែនការ​សម្រាប់​អនុវត្ត​នៅក្នុង​ឆ្នាំ២០២១ ដោយ​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ និង​ផ្តល់​ការ​ឧប​ត្ថ​ម្ភ​ផ្សេង​ៗទៀត​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី៦០ឆ្នាំ​ឡើង​ទៅ​ មាន​ចំនួន​ជិត១៣លាន​នាក់។

អគ្គនាយករង​នៃ​របប​សន្តិសុខ​សង្គម​វៀតណាម ​(VSS​) លោក Tran Dinh Dinh Lieu ថ្លែង​ថា នៅក្នុង​ឆ្នាំ២០២១ ប្រជាពលរដ្ឋ​ដែល​មាន​វ័យ​ចាប់ពី៦០ឆ្នាំ​ឡើង​ទៅ ​មាន​ចំនួន​ជិត១៣លាន​នាក់ ដែល​ស្មើនឹង១២ភាគរយ​នៃ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដែល​មាន​ចំ​នួន​ជិត១០០លាន​នាក់។

លោកបន្ត​ថា រដ្ឋាភិបាល​វៀតណាម​ត្រៀម​លុយ​ជិត៨០០លាន​ដុល្លារ​សម្រាប់​ចំណាយ​លើ​ការថែទាំ​សុខភាព និង​ព្យាបាល​ជំងឺ រួម​ទាំង​ការឧបត្ថម្ភ​ផ្សេងទៀត​ដល់​មនុស្ស​វ័យចាស់​ទាំងនេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​វៀតណាម

អាជ្ញាធរ​វៀតណាម​ក៏បាន​រៀបចំ​កម្មវិធី​លើកទឹកចិត្ត​ឱ្យ​មនុស្ស​វ័យចាស់​ទាំងនេះ​ចូលរួម​សកម្មភាពវប្បធម៌ សិល្បៈ និងកីឡា ដើម្បី​ទទួល​បាន​សេចក្តី​សុខ​ទាំង​ផ្លូវកាយនិង​ផ្លូវចិត្ត។

គេហទំព័រ​សុខភាព aetna បាន​លើកឡើង​ថា ប្រព័ន្ធ​សុខាភិបាល​របស់​វៀតណាម​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មាន​ភាព​ប្រសើរ​ឡើង ​គឺ​រដ្ឋាភិបាល​ផ្តល់​កញ្ចប់​លុយ​រហូតដល់​ជាង៧ភាគរយ​នៃ​ចំណូលជាតិ​យក​ទៅ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល។

ប្រព័ន្ធ​ថែទាំ​សុខភាព​

ក្រៅពី​គោលនយោបាយ​ការបរទេសនិង​ការបង្កើត​ច្បាប់​លក្ខន្តិកៈ​ផ្សេង​ៗដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ ហើយ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​វៀតណាម​នៅតែ​មាន​ភាពល្អ​ប្រសើរ​ក្នុង​ស្ថានភាព​កូ​វីដ១៩នេះ ប្រព័ន្ធ​ថែទាំ​សុខភាព​ក៏​ជាផ្នែក​មួយ​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន។

នៅក្នុង​អំឡុង​ពេល១ឆ្នាំ​ពេញ​នៃ​ឆ្នាំ២០២០ បើ​វៀតណាម​មិន​មានលទ្ធភាព​ក្នុងការ​គ្រប់គ្រង​មេរោគ​កូ​វីដ១៩ទេ ប្រាកដជា​ធ្វើ​ឱ្យ​វិស័យ​នានា​ទ្រទ្រង់​សេដ្ឋកិច្ច​ដែល​មានស្រាប់រង​ផល​ប៉ះពាល់ ហើយ​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ថ្មី​មិន​ហ៊ាន​ទៅ​បោះទុន​ជាមួយ​នោះ​ទេ។ 

ចំណុច​មួយចំនួន​ដែល​វៀតណាម​បង្ហាញ​ពី​គុណភាព​ប្រព័ន្ធ​សុខាភិបាល​របស់​ខ្លួន​ដែល​ប្រឹងប្រែង​ធ្វើ​កំណែទម្រង់​តាំងពី​ទសវត្សរ៍៨០មកនេះ គឺ​ការបង្កើត​ឧបករណ៍​តេ​ស្តរ​កមេរោគ​កូ​វីដ១៩ដោយខ្លួនឯង។

នៅក្នុង​អំឡុង​ពេល​កូ​វីដ១៩នេះ វៀតណាម​ក៏បាន​ប្រកាស​ពី​ដំណើរការ​នៃ​ការផលិត​វ៉ាក់សាំង​ចាក់​ការពារ​មេរោគ​កូ​វីដ១៩ដែល​ផលិត​ដោយ​វៀតណាម​ដែរ។

កត្តា​ដែល​បញ្ជាក់​ពី​គុណភាព​ប្រព័ន្ធ​សុខាភិបាល​របស់​វៀតណាម​ដែរ​នោះ គឺ​ថ្នាក់ដឹកនាំ​វៀតណាម​ស្ទើរតែ​​ទាំងអស់​ ពេល​មាន​ជំងឺ​តែង​ទទួលការ​ព្យាបាល​នៅក្នុង​ប្រទេស​របស់​ខ្លួន។

ដូច្នេះ ផ្អែកលើ​គោលនយោបាយ​ក្រៅប្រទេស​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ ការ​បង្ក​បរិយាកាស​ល្អ​នៅក្នុង​ប្រទេស និង​ប្រព័ន្ធ​សុខាភិបាល​រឹងមាំ អាច​ធ្វើ​ឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​របស់​វៀតណាម​នៅតែ​រឹងមាំ​ក្នុង​ស្ថានភាព​កូ​វីដ១៩។

ទំនុកចិត្ត​លើ​វិស័យ​សុខាភិបាល

​ប្រធានាធិបតី​វៀតណាម ​លោក ង្វ្រៀន ភូ​ត្រុ​ង (Nguyen Phu Trong​) វ័យ៧៥ឆ្នាំ ធ្លាក់ខ្លួន​ឈឺ​កាលពី​ចុងខែ​មេសា​ ឆ្នាំ២០១៩ ក្នុង​កម្រិត​ធ្ងន់​មួយ។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បញ្ជាក់​ថា ស្ថានភាព​លោក ភូ​ត្រុ​ង ធ្ងន់ធ្ងរ​ ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យយោ​ធា​មជ្ឈឹ​ម១០៨ ក្នុង​ទីក្រុង​ហាណូយ។ បន្ទាប់មក លោក​ជាសះស្បើយ​ពី​ជំងឺ​ហើយ​បំពេញការងារ​ធម្មតា​វិញ។

អតីត​ប្រធានាធិបតី​ទី៨របស់​វៀតណាម លោក ត្រាន់ ដាយ​ក្វាង (Tran Dai Quang​) ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​កាលពី​ឆ្នាំ២០១៧ ហើយ​ព្យាបាល​ជំងឺ​បន្តបន្ទាប់​នៅក្នុង​ប្រទេស រហូតដល់​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ លោក​ទទួលមរណភាព​នៅក្នុង​មន្ទីរពេទ្យ​យោធា១០៨ ក្នុង​ទីក្រុង​ហាណូយ។

អតីត​ប្រធានាធិបតី​ទី៤ របស់​វៀតណាម លោក ឡេ ដឹក​អាញ់ (Le Duc Anh​) ធ្លាក់ខ្លួន​ឈឺ​ហូរឈាម​ក្នុង​ខួរក្បាល​កាលពី​ខែ​កុម្ភៈ ឆ្នាំ២០១៨ ហើយ​ទទួលការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធា១០៨ ក្នុង​ទីក្រុង​ហាណូយ រហូត​ទទួលមរណភាព​នៅ​ទីនោះ​នៅ​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

ថ្នាក់ដឹកនាំ​កំពូល​ជ្រើសរើស​យក​ការ​ព្យាបាល​ជំងឺ​នៅក្នុង​ប្រទេស អាច​លើកទឹកចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ​ថ្នាក់​ក្រោម​ផ្សេង​ៗទៀត ក៏​មានទំនុក​ចិត្ត​ក្នុង​ការ​ព្យាបាល​ជំងឺ​នៅក្នុង​ប្រទេស។ បើ​ថ្នាក់ដឹកនាំ​ភាគច្រើន​ព្យាបាល​ជំងឺ​នៅក្នុង​ប្រទេស​នោះ ពួក​គេ​អាច​ដឹង​ច្បាស់​ពី​ចំណុចខ្លាំងនិង​ចំណុចខ្សោយ​នៃ​សេវា​ថែទាំ​សុខភាព ពេលនោះ​ចំណុចខ្សោយ​ឬភាព​ខ្វះចន្លោះអាច​ត្រូវ​លាតត្រដាង ហើយ​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ។

ចំណែក​ប្រជាពលរដ្ឋ​ក៏​ជ្រើសរើស​យក​ការថែទាំ​សុខភាព​នៅក្នុង​ស្រុក​ដែរ នៅពេល​ដែល​មេដឹកនាំ​ព្យាបាល​ជំងឺ​នៅក្នុង​ស្រុក ហើយ​ពលរដ្ឋ​នឹងមើលឃើញ​គុណភាព​នៃ​សេវា​មាន​ភាពល្អ​ប្រសើរ​ឡើង។ ពលរដ្ឋ​អាចចំ​ណេញ​លុយ​ដោយ​មិន​ធ្វើដំណើរ​ទៅ​ឆ្ងាយ ហើយ​ក៏​ចំ​ណេញ​ពេលវេលា​ដែរ។

ផលប្រយោជន៍​រួម​នោះគឺ​មោទកភាព​ជាតិ​ទាំងមូល​ដែល​បង្ហាញថា ពួក​គេ​មាន​សមត្ថភាព ជនជាតិ​គេ​មាន​សមត្ថភាព ហើយ​មនុស្ស​នៅក្នុង​សង្គម​នោះ​គាំទ្រ​សមត្ថភាព​ជំនាញ​ដែលគេ​មាន។

ផលប្រយោជន៍​លើស​ពី​សុខភាព

​បើ​ពិនិត្យមើល​លើ​គោលនយោបាយ​វៀតណាម​ជួយ​ដល់​មនុស្សចាស់ ​ឬគេ​ហៅថា​ពលរដ្ឋ​ជាន់ខ្ពស់ ជិត១៣លាន​នាក់​នេះ គឺ​ផល​បាន​លើស​ពី​សុខភាព។

ហេតុអ្វីបានជា​យើង​ហ៊ាន​អះអាង​បែបនេះ​? 

ធម្មតា​មនុស្សចាស់​មិនមែន​រស់នៅ​ម្នាក់ឯង​ឬរស់នៅ​ជា​ក្រុម​ជាមួយ​មនុស្សចាស់​ដូ​ចគ្នា​នោះ​ទេ មនុស្សចាស់​គឺ​រស់នៅ​ក្នុង​គ្រួសារ ហើយ​គាត់​ជា​អ្នកដែលមានសុខ​ភាព​ចុះ​ខ្សោយ ហើយ​ថយ​ចុះ​ចំណូលឬ មិន​មាន​ចំណូល​តែង​ម្តង។ ក្នុង​ស្ថានភាព​នេះ​ កូន​ឬសាច់ញាតិ​ផ្សេងទៀត​ជាអ្នក​ផ្គត់ផ្គង់។

ចុះបើ​រដ្ឋាភិបាល​ចេញមុខ​ជួយ​បំពេញ​តម្រូវការ​ទាំងនេះ យើង​មើល​មួយភ្លែត​ដូច​ជួយ​តែ​មនុស្សចាស់ ប៉ុន្តែ​វា​ជា​ការ​ជួយ​ដោះស្រាយ​បញ្ហា​ដល់​ប្រជាជន​ទាំងមូល ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ពេញកម្លាំង​មាន​ពេល​បំពេញការងារនិង​កាត់បន្ថយ​ការ​ចំណាយ។

ចំណុច​មួយទៀត​ បើ​មើល​ពី​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​និង​រដ្ឋាភិបាល​គឺ​ហាក់ដូចជា​កាន់តែ​ខិត​ជិត​គ្នា​ គឺពលរដ្ឋ​មានទំនុក​ចិត្ត​លើ​សេវា​របស់​រដ្ឋ ហើយ​រដ្ឋ​បំពេញ​តម្រូវការ ឬជួយ​បន្ថយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ