កម្មករ​​រោងចក្រ​៣​ផ្សេង​គ្នា​​នៅ​​ភ្នំពេញ​​និង​​កំពង់ស្ពឺ​​ធ្វើ​កូដ​កម្ម​​ទាមទារ​​អត្ថ​​ប្រយោជន៍​​ការងារ​

កម្មករ​-កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Y&W ស្ថិតនៅ​ភូមិ​ព្រែកជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​និង​បិទផ្លូវ​លេខ២១៧ ទាមទារ​ដំណោះស្រាយ​ការងារ នៅ​ព្រឹក​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។ (ជន ចាន់​រ៉ែ​ន)

​កម្មករ​រោងចក្រ​យ៉ាងតិច​ណាស់​ចំនួន៣នៅ​ទីតាំង​ផ្សេងគ្នា​ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើកូដកម្ម​ទាមទារ​អត្ថ​ប្រយោជន៍​ការ​ងារ​រៀង​ៗខ្លួន​ នៅ​ថ្ងៃទី២២ ខែមករា ​ឆ្នាំ២០២០នេះ។ 

រោងចក្រ​ដែល​មានកម្ម​ករ​ធ្វើកូដកម្ម​នោះ​ រួមមាន ​រោងចក្រ Y&W, រោងចក្រ​ ខេន​ធើ​រេន​ (Centeren Apparel Co LTD​,) និង​ក្រុម​ហ៊ុន ​ហូលី​ដេ​ឌីហ្សាញ។ រោងចក្រ Y&W ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ២១៧ ក្នុង​សង្កាត់​ព្រែកជ្រៃ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ដែល​មានកម្ម​ករ​តវ៉ា​ប្រមាណ​ជាង៥០០នាក់។ រោងចក្រ​ ខេន​ធើ​រេន (Centeren Apperel Co LTD​,) ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ងស្រេង សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​ ដែល​មានកម្ម​ករ​តវ៉ា​ប្រមាណ​ជិត៤០០នាក់ ។ ក្រុមហ៊ុន ហូលី​ដេ​ឌីហ្សាញ ​ស្ថិតនៅឃុំ​ព្រៃល្វា ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មានកម្ម​ករ​តវ៉ា​ប្រមាណ​ជិត៣០០នាក់។

ក្នុងចំណោម​រោងចក្រ​ទាំង​បី មានកម្ម​ករ​រោងចក្រ​ចំនួន២នៅ​ភ្នំពេញ​ ព្រម​ចូល​ធ្វើការ​វិញ ខណៈ​ដែល​កម្មករ​រោងចក្រ​មួយ នឹង​បន្ត​ធ្វើកូដកម្ម​នៅ​ថ្ងៃស្អែក​ទៀត។

តំណាង​កម្មករ​រោងចក្រ Y&W លោក ផាន់ បុរី ឱ្យ​ដឹង​ថា កម្មករ​រោងចក្រ Y&W បាន​ព្រមព្រៀង​ចូល​ធ្វើការ​វិញត្រឹម​ម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី២២ ខែមករា​ បន្ទាប់ពី​តវ៉ា២ថ្ងៃ​មក​នោះ។

លោក​បន្ត​ថា ក្រុមហ៊ុន​ព្រមព្រៀង​កំណត់កាល​បរិច្ឆេទ​បើកប្រាក់​អតីតភាព​ឆ្នាំ២០២០ និង​ប្រាក់​អតីតភាព​ការងារ​មុន​ឆ្នាំ២០១៩ ឱ្យ​បាន​មុន​ថ្ងៃចូលឆ្នាំ​ខ្មែរ​ខាងមុខ ព្រមទាំង​មិន​កាត់ប្រាក់ខែ​កម្មករ​ក្នុងរយៈពេល​ដែល​កម្មករ​នាំគ្នា​ធ្វើកូដកម្ម​លើក​នេះ​ឡើយ។

​ប្រសាសន៍លោក ផាន់ បុរី៖ «ការ​តវ៉ា​កម្មករ២ថ្ងៃ​ហ្នឹង​ បានសម្រេច​លទ្ធផល​ភាគច្រើន ទើប​ពួក​យើង​ចូល​ធ្វើការ​វិញ»។

តំណាង​កម្មករ​នៅ​រោងចក្រ​ ខេន​ធើ​រេន (Centeren Apperel Co LTD​,) អ្នកស្រី ណុប បូ​ផាន ឱ្យ​ដឹង​ថា កម្មករបម្រើការងារនៅរោងចក្រ​នេះ​ បានសម្រេច​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃទី២៣ ខែមករា បន្ទាប់ពី​ភាគី​រោងចក្រ​ព្រមព្រៀង​តាម​ចំណុច​មួយចំនួន​ដែល​កម្មករ​ទាមទារ​មក​នោះ។

ប្រសាសន៍អ្នកស្រី ណុប បូ​ផាន៖ «ខាង​ក្រុមហ៊ុន​គេ​ព្រម​បើកប្រាក់​ឱ្យ​ពួក​យើង​បាន​ទៀងទាត់​ជាង​មុន និង​ព្រម​ចរ​ចា​កំណត់​ថ្ងៃ​បើកប្រាក់​អតីតភាព​ការងារ។ ដូច្នេះ​ពួក​យើង​ព្រម​ចូល​ធ្វើការ​វិញ បើ​ពួក​គេ​ក្រឡាស់​ពាក្យ​ យើង​នឹង​ចេញ​តវ៉ា​ជាថ្មី​ទៀត»។

តំណាង​សហជីព​ប្រចាំ​រោង​ចក្រ​ ហូលី​ដេ​ឌីហ្សាញ លោក ឱ សុផល ឱ្យ​ដឹង​ថា​ កម្មករ​ប្រមាណ​ជាង៣រយ​នាក់ធ្វើកូដកម្ម​មួយ​ព្រឹក​ថ្ងៃទី២២ ខែមករា​នេះ ដើម្បី​ទាមទារ​ឱ្យ​រោងចក្រ​បើកប្រាក់​អតីតភាព​ការងារ គោរព​សិទ្ធិ​កម្មករ​ និង​ទាមទារ​ឱ្យ​រោងចក្រ​អនុញ្ញាត​ឱ្យ​តំណាង​សហជីព​ចូល​ធ្វើការ​វិញ។ លោក​ថា​ ភាគី​រោងចក្រ​មិនទាន់​ឆ្លើយតប​ចំពោះ​ការ​ទាមទារ​របស់​កម្មករ​នៅឡើយ។

លោក ឱ សុផល មានប្រសាសន៍​ថា៖ «កម្មករ​នឹង​នៅតែ​ធ្វើកូដកម្ម​បន្ត​ទៀត ​បើសិនជា​នៅតែ​មិន​មាន​ដំណោះស្រាយ»។

វិ​អូ​ឌី ​មិន​អាច​ទាក់ទងតំណាង​រោង​ចក្រ​ ហូលី​ដេ​ឌីហ្សាញ​ ដើម្បី​បំភ្លឺ​បញ្ហា​នេះ​បានទេ​ នៅ​ថ្ងៃទី២២ ខែមករា ​ឆ្នាំ២០២១។

ប្រធាន​សហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័​ណ្ឌ មានប្រសាសន៍​ថា កូដកម្ម​កើតឡើង​ភាគច្រើន​នៅក្នុង​ឆ្នាំ​ថ្មីនេះ ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​រំឭក​អតីតភាព​ការងារ។ អ្នកស្រី​បន្ត​ថា កម្មករ​ចេញ​តវ៉ា​គឺ​ដោយសារតែ​កម្មករ​គាត់​រង់ចាំ​ប្រាក់​អតីតភាព​ការងារ​រយៈពេល​យូរ​ពេក ម្យ៉ាងទៀត​ក្រុម​កម្មករ​យល់ថាពួក​គាត់​ត្រូវ​គេ​កេងប្រវ័ញ្ច។

អ្នកស្រី យ៉ាង សុភ័​ណ្ឌ និយាយ​ថា៖ «ខ្ញុំ​ចូលរួម​ជជែកគ្នា​ជាមួយ​ក្រុមហ៊ុន​ច្រើន​គួរសម​ដែរ ដើម្បី​ដាក់ពាក្យសុំ​បើកប្រាក់​អតីតភាព​ការងារ ក្រុមហ៊ុន​ភាគច្រើន​គាត់​ឆ្លើយ​ថា បើ​រដ្ឋាភិបាល​សម្រេច​ម៉េច​ គេ​ធ្វើ​អ៊ីចឹង។ ខ្ញុំ​យល់ថា​ ខាង​ក្រុមហ៊ុន​គេ​ចាំ​ធ្វើតាម​ក្រសួងការងារ​ប៉ុណ្ណោះ»។

ទាក់ទង​នឹង​បញ្ហា​ប្រាក់​អតីតភាព​ការងារ ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី២១ ខែមករា បាន​ជូនដំណឹង​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស​ទាំងអស់ ត្រូវ​បើកប្រាក់​រំឭក​និង​ប្រាក់​ដំណាច់​អតីតភាព​ការងារ​ជូន​កម្មករ​ឡើងវិញ ក្រោយពី​ក្រុម​កម្មករ​ផ្ទុះ​ការ​តវ៉ា​ជាបន្តបន្ទាប់​នៅដើម​ឆ្នាំ២០២១នេះ។

ក្រសួងការងារ​បញ្ជាក់​ថា ប្រាក់​រំឭក​អតីតភាព​ការងារ​មាន​មុន​ឆ្នាំ២០១៩ (ប្រសិនបើ​មាន​) ដែល​ថៅកែ​នៅ​ជំពាក់​កម្មករ​នោះ ត្រូវ​បើក​ជូន​កម្មករ​នៅ​ឆ្នាំ២០២០ ដោយ​អនុវត្ត​ទូរ​ទាត់​នៅក្នុង​ត្រីមាស​ទី១ និង​ត្រីមាស​ទី៣។ ចំណែក​ឯប្រាក់​រំឭក​អតីតភាព​ការងារ​មាន​មុន​ឆ្នាំ២០១៩នេះ​ដែរ ដែល​ត្រូវ​បើក​ក្នុង​ឆ្នាំ២០២១ គឺ​ត្រូវ​អនុវត្ត​ទូរ​ទាត់​ជូន​កម្មករ​ក្នុង​ត្រីមាស​ទី២ និង​ទី៤​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ