ក្រុមការងារក្រសួងមហាផ្ទៃ កំពុងដំណើរការស៊ើបអង្កេតករណីបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលចោទស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង ពាក់ព័ន្ធនឹងសំណុំរឿងជំរិតទារប្រាក់ពីពលរដ្ឋ។
អ្នកនាំពាក្យអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ លោក ឯម វិចិត្រ ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះថា ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងពីពលរដ្ឋដែលប្ដឹងថា លោក ហ៊ិន សុខខេង និងមន្ត្រីប៉ូលិសមួយចំនួនទៀត ថាបានជំរិតទារប្រាក់ពីពួកគាត់កាលពីខែកក្កដា ឆ្នាំ២០២០។
លោកបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានសម្រេចជាគោលការណ៍ឱ្យអគ្គាធិការដ្ឋានស៊ើបអង្កេតករណីនេះ។ ទោះជាយ៉ាងណា លោកបដិសេធមិនអត្ថាធិប្បាយលម្អិតពីករណីនេះទេ។
លោក ឯម វិចិត្រ មានប្រសាសន៍ថា៖ «ក្នុងនីតិវិធីស៊ើបអង្កេត ពេលដែលលិខិតបង្គាប់ការណ៍ចេញយើងផ្ដើមការ[ស៊ើបអង្កេត] ខាងជំនាញកំពុងធ្វើការ។ បើសិនជាបានលទ្ធផលយ៉ាងណាហ្នឹង ជំនាញនឹងជម្រាបជូនជាសាធារណៈតែម្ដង»។
លិខិតបង្គាប់ការណ៍របស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានចាត់ឱ្យលោកឧត្តមសេនីយ៍ ឯកសេង វណ្ណៈ ដឹកនាំមន្ត្រីនគរបាលចំនួន៥នាក់ផ្សេងទៀត ចុះទៅបំពេញបេសកកម្មនៅខេត្តតាកែវ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ។
បេសកកម្មស្រាវជ្រាវពាក្យបណ្ដឹងរបស់មន្ត្រីនគរបាល និងពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវ ដែលសុំមិនបញ្ចេញឈ្មោះ បានប្ដឹងចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តតាកែវ។
លោក ហ៊ិន សុខខេង បដិសេធមិនឆ្លើយតបនឹងសំណួររបស់វីអូឌីឡើយ ខណៈដែលស្នងការនគរបាលខេត្តតាកែវ លោក សុខ សំណាង ក៏មិនឆ្លើយតបដែរនៅថ្ងៃចន្ទនេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ស្វាគមន៍ចំពោះចំណាត់ការណ៍របស់ក្រសួងមហាផ្ទៃ ដែលចុះស៊ើបអង្កេតលើបណ្ដឹងរបស់ប្រជាពលរដ្ឋនេះ។ ក៏ប៉ុន្តែលោកស្នើឱ្យក្រសួងមហាផ្ទៃ អនុវត្តច្បាប់ជាធរមាន ប្រសិនបើរកឃើញថាមានការប្រព្រឹត្តខុសច្បាប់ប្រាកដមែននោះ។
លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា៖ «បើសិនរកឃើញជនហ្នឹងបានប្រព្រឹត្ត គួរតែមានការដាក់ទោសទណ្ឌទាំងផ្នែករដ្ឋបាលនិងក្រមព្រហ្មទណ្ឌនៃកម្ពុជាហ្នឹង។ កាលណាអនុវត្តច្បាប់តឹងរ៉ឹង អាចនឹងកាត់បន្ថយភាពអសកម្មនេះនៅពេលខាងមុខ»។
គេហទំព័រកម្ពុជាថ្មី សរសេរដោយស្រង់ខ្លឹមសារនៃពាក្យបណ្ដឹងរបស់ពលរដ្ឋនោះ ដោយបានលើកឡើងថា កាលពីឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង និងបក្ខពួកបានចាប់បង្ខាំងមនុស្សជំរិតយកប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះ នាយនគរបាលរូបនេះនិងមនុស្សក្រោមបង្គាប់ បានចាប់បង្ខាំងជនបរទេសចំនួន៣នាក់និងជនជាតិខ្មែរ២នាក់ និងដកហូតយកខ្សែដៃ ខ្សែក ចិញ្ចៀនពេជ្រ ពីអ្នកទាំងនោះផង។
ប្រភពដដែលបានផ្សព្វផ្សាយបន្តទៀតថា លុះដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានតំណាងជនរងគ្រោះ២នាក់បានមកប្ដឹងតវ៉ាដល់ស្នងការដ្ឋាន ក្នុងគោលបំណងទាមទារឱ្យអនុវត្តច្បាប់ចំពោះមន្ត្រីនគរបាលខាងលើ និងទាមទារយកសម្ភារដែលដកហូតពីជនបរទេសត្រឡប់មកវិញ។
ក្រោយមានបណ្ដឹងតវ៉ា ក៏មានស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវមួយរូប (មិនស្គាល់ឈ្មោះ) បានយកសម្ភារទៅប្រគល់ឱ្យជនរងគ្រោះវិញដល់រាជធានីភ្នំពេញ។
លេខាធិការដ្ឋានសាលាដំបូងខេត្តតាកែវ លោក ង៉ែត ដាវុធ ឱ្យដឹងនៅថ្ងៃនេះថា លោកបានទទួលព័ត៌មានថា ករណីនេះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្លាប់បានកោះហៅ លោកឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង ទៅសាកសួរជុំវិញដំណើររឿងនេះម្ដងរួចមកហើយ ក្នុងអំឡុងឆ្នាំ២០២០។
លោក ង៉ែត ដាវុធ៖ «ខាងតំណាងអយ្យការ ហៅគាត់ [ហ៊ិន សុខខេង] មកសួរម្ដងហើយ នៅឆ្នាំ២០២០ ប៉ុន្តែខាងបងមិនទាន់បានមើលឯកសារទេថារឿងយ៉ាងម៉េចៗ ចាំជូនព័ត៌មានពេលក្រោយ»៕