ពលរដ្ឋ​ខ្មែរ​កើន​ឡើង​ជាង​២​លាន​១​សែន​នាក់​បន្ថែម​ទៀត​ក្នុង​​១១​ឆ្នាំ​ចុង​ក្រោយ​

ពលរដ្ឋធ្វើចរាចរណ៍តាមដងវិថីមួយកន្លែងក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ មករា ២០២០)

របាយការណ៍ជាតិលទ្ធផលចុងក្រោយនៃជំរឿនដែលចេញផ្សាយដោយក្រសួង​ផែនការ ថ្ងៃ​ទី២៦​ខែ​មករា​នេះ បង្ហាញថា កម្ពុជាមានពលរដ្ឋជាង១៥លាន៥សែននាក់ គិតត្រឹមខែមីនា ឆ្នាំ២០១៩ ខណៈដែល១១ឆ្នាំមុន គឺនៅឆ្នាំ២០០៨ មានចំនួន​ជាង​១៣លាន៣សែននាក់ ( ១៣ ៣៩៥ ៦៨២) នាក់។

របាយការណ៍ដដែលបង្ហាញថា ចំនួនមនុស្សប្រុសមាន៤៨,៧ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប ខណៈពេលដែលចំនួនស្ត្រីមានស្មើនឹង៥១,៣ភាគរយនៃចំនួនប្រជាជនសរុប។ ពលរដ្ឋរស់នៅ​ជន​បទមាន៣៩,៤ភាគរយ ឯអ្នក​រស់នៅទីប្រជុំជនមាន៦០,៦ភាគរយ។ ដង់ស៊ីតេប្រជាជន គឺ​កម្ពុជា​មានប្រជាជន​ចំនួន៨៧នាក់រស់នៅលើផ្ទៃដីក្នុង១គីឡូម៉ែត្រការ៉េ។ ជំរឿនក៏រកឃើញដែរថា ជនអន្តោប្រវេសន៍រស់នៅកម្ពុជាមានប្រមាណ៩ម៉ឺន៨ពាន់នាក់។

របាយការណ៍ដដែលបន្តទៀតថា អត្រាកំណើនប្រជាជនប្រចាំឆ្នាំ បានថយចុះពី១,៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨ មក១,២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩។

រដ្ឋមន្ត្រីក្រសួងផែនការ លោក ឆាយ ថន មានប្រសាសន៍ថា អត្រាកំណើនរបស់ប្រជាជនកម្ពុជា មានការប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ក្នុងនោះ​អត្រាកំណើន​ថ្នាក់ជាតិមានត្រឹម១,៤ភាគ រយ។ លោកបន្ថែមថា សព្វថ្ងៃនេះគូស្រករនៅកម្ពុជា​មានកូនជាមធ្យមត្រឹម២ទៅ៣នាក់ប៉ុណ្ណោះ ដោយសារតែពួកគេប្រើប្រាស់​ផែន​ការគ្រួសារឬវិធីពន្យារកំណើត។

លោក ឆាយ ថន មានប្រសាសន៍ថា៖​ «ការចុះអត្រាលទ្ធភាពបង្កើតកូននិង​កំណើនកម្លាំង​ពលកម្ម ​គឺជាឱកាសនិងភាគលាភប្រជាសាស្ត្រ។ ​ភាគលាភប្រជាសាស្ត្រ​នេះគួរ​តែទទួលការចាប់អារម្មណ៍ ជាពិសេសក្នុងចំណោមអ្នករៀបចំផែនការ អ្នកគ្រប់​គ្រងនិង​អ្នកនយោបាយ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខ»។

ប្រធានស្ដីទីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា លោក ដានីញែល អាលេមូ លើកឡើងថា ទិន្នន័យ​ជំរឿនជាប្រភពព័ត៌មាន​ដ៏​មាន​សារៈសំខាន់ សម្រាប់ អ្នករៀបចំគោល​នយោបាយឆ្លើយតបឱ្យកាន់​តែមានប្រសិទ្ធភាពចំពោះក្រុមងាយរងគ្រោះ។​

លោក ដានីញែល អាលេមូ បានថ្លែងបន្ថែមថា៖ «សមាមាត្រកុមារអាយុក្រោម១៥ឆ្នាំ ​មាន​ការ​ធ្លាក់​​ចុះ​ជាលំដាប់ ដែលផ្ទុយពីសមាមាត្រប្រជាជនមានអាយុ៦០ឆ្នាំ មានការ​កើនឡើង។ របាយ​អាយុប្រជាជន​កំពុងមានទំនោរពីអាយុវ័យក្មេង​ទៅវ័យ​កណ្ដាល ហើយឈាន​ទៅរកវ័យ​ចាស់​បន្តិចម្ដងៗ ដែលទាមទារឱ្យមានការ​បង្កើន​​​ការវិនិយោគទៅលើក្រុមប្រជាជនវ័យ​ក្មេង ដើម្បី​ឱ្យ​កម្ពុជា​មាន​ភាគលាភប្រជាសាស្ត្រ»។

លទ្ធផលជំរឿនឆ្នាំ២០១៩ ដដែលបង្ហាញថា ប្រជាជនរស់នៅកម្ពុជាអាយុពី០ដល់១៤ឆ្នាំ មានចំនួនជាង៤លាន៥សែន (៤ ៥៧១ ១៤០) នាក់។ ប្រជាជនមានអាយុ១៥​ឆ្នាំដល់១៩ឆ្នាំ មាន​ចំនួនជាង៩លាន (៩ ៦០២ ៣៨៣) នាក់។ ប្រជាជនមានអាយុ​ចាប់​ពី៦០ឆ្នាំឡើង មានចំនួន ជាង១លាន៣សែននាក់ (១​ ៣៧៨ ៦៨៨) នាក់។​

អត្រាចេះអក្សររបស់​ប្រជាជន​ដែល​មាន​អាយុ៧​​ឆ្នាំ​ឡើង មានចំនួន៨៨,៥ភាគ​រយ។ មនុស្សអាយុពី១៥ ដល់៥៩ឆ្នាំ ដែលចូលរួមកម្លាំង​ពលកម្ម​ មាន​ចំនួន​៨១,៧ភាគរយ។ គ្រួសារចំនួនជាង៦០ភាគរយ ប្រើអុសសម្រាប់ចម្អិនអាហារ ។

​អត្រាមរណភាពទារកមានចំនួន១៨នាក់ក្នុងកំណើត១ ០០០កំណើត។ អត្រាមរណភាពមាតា មានចំនួន១៤១នាក់ក្នុងចំណោមកំណើតរស់១០០ ០០០​កំណើត។

ចំណែកឯអាយុសង្ឃឹមរស់នៅកម្ពុជា គឺ៧៦ឆ្នាំ ក្នុងនោះបុរស៧៤ឆ្នាំ ហើយស្ត្រី​៧៧ឆ្នាំ។​

ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣មក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់ធ្វើជំរឿនចំនួន៣ដងរួចមកហើយ។ ជំរឿនលើកទី១ នៅឆ្នាំ១៩៩៨ រកឃើញប្រជាជនចំនួនជាង១១,៤លាននាក់។ ជំរឿនឆ្នាំ២០០៨ រកឃើញប្រជាជនមានចំនួន១៣,៤លាននាក់។ ជំរឿនឆ្នាំ២០១៩ ប្រជាជនរស់នៅកម្ពុជា មានចំនួន១៥,៥លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ