ក្រសួង​សុខា​ភិបាល​តម្រូវ​ឱ្យ​អ្នក​រៀប​ចំ​បុណ្យ​​និង​អាពាហ៍​ពិពាហ៍​ដាក់​ភ្ញៀវ​តែ​ត្រឹម​៥​នាក់​ក្នុងមួយតុ

រោងការដែលសង់នៅលើបណ្ដោយផ្លូវមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។ រូបភាព៖ Urban Voice Cambodia

ក្រសួងសុខាភិបាលបានដាក់ចេញវិធានការសុខាភិបាលថ្មី ដោយតម្រូវឱ្យម្ចាស់ពិធីមង្គលការឬកម្មវិធីបុណ្យនៅទូទាំង២៥រាជធានី-ខេត្ត ឱ្យរៀបចំតុសម្រាប់ភ្ញៀវអង្គុយតែ៥នាក់ក្នុងមួយតុៗ​ដើម្បីចូលរួមក្នុងការបង្ការនិងទប់ស្កាត់ការចម្លងនៃជំងឺកូវីដ១៩​។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៦ ខែមករានេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានស្នើដល់អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស ត្រូវណែនាំម្ចាស់ពិធីអាពាហ៍ពិពាហ៍និងអ្នករៀបចំកម្មវិធីបុណ្យផ្សេងៗឱ្យកាត់បន្ថយចំនួនកៅអីភ្ញៀវពី១​០មកនៅ៥កៅអីក្នុងមួយតុៗ ដើ​ម្បីរក្សាគម្លាតសុវត្ថិភាពបញ្ចៀសការឆ្លងរាលដាលជំងឺកូវីដ១៩។

ក្នុងលិខិតដដែល ក្រសួងក៏ណែនាំឱ្យអាជ្ញាធរត្រូវចាត់កម្លាំងសមត្ថកិច្ចតាមដាននិងណែនាំភ្ញៀវដែលចូលរួមក្នុងពិធីបន្ថែមទៀ​ត ដើម្បីធានាការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលមានប្រសិទ្ធភាព។

ក្នុងលិខិតជូនដំណឹងនោះសរសេរថា៖ «រៀបចំទីតាំងឈរឬអង្គុយសម្រាប់ភ្ញៀវនិងអ្នកបម្រើសេវាកម្មក្នុងពិធី ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គលបានយ៉ាងតិច១,៥ម៉ែត្រឡើងទៅពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។ រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹ​មប្រាំនាក់ក្នុងមួយតុដែលទម្លាប់ពីមុនអង្គុយ១០នាក់»

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន លើកឡើងថា ការដែលក្រសួងប្រកាសពីវិធានការនេះ គឺដោយសារខាងក្រសួងសង្កេតឃើញពលរដ្ឋកម្ពុជាទូទៅ និងនៅតាមពិធីមង្គលការឬពិធីជួបជុំផ្សេងៗ ហាក់ភ្លេចខ្លួន ដោយមិនបានគោរពនិងអនុវត្តវិធីរស់ក្នុងគន្លងថ្មីដែលត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោច១ម៉ែត្រកន្លះ ពាក់ម៉ាស់មុខ និងឧស្សាហ៍លាងដៃនឹងទឹកអាល់កុលជាដើម ក្រោយ«ព្រឹត្តិការណ៍២៨វិច្ឆិកា»ត្រូវបានប្រកាសបិទបញ្ចប់។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ «អ៊ីចឹងវាជាការព្រួយបារម្ភមួយសម្រាប់ក្រសួងសុខាភិបាល បើសិនមានករណីឆ្លងនូវវីរុសកូវីដ១៩។ អ៊ីចឹងយើងនឹងមានការលំបាកហើយ។ វានឹងអាចមានការផ្ទុះការចម្លងហ្នឹងនៅក្នុងសហគមន៍ នៅក្នុងទ្រង់ទ្រាយមួយដែលយើងពិបាកនឹងប៉ាន់ប្រមាណបាន»។

អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ប្រាប់ថា​ សេចក្តីណែនាំនេះមិនមែនជារឿងថ្មីនោះទេ។ លោ​កថា អាជ្ញាធរបានចុះផ្សព្វផ្សាយនិងណែនាំឱ្យពល​រដ្ឋ ក៏ដូចជាម្ចាស់ពិធីការផ្សេងៗឱ្យអនុវត្តតាមនាពេលកន្លងមករួចមកហើ​​យ។ យ៉ាងណា លោកបន្ថែមថា សម្រាប់ការជូនដំណឹង​ជា​ថ្មី​នេះ អាជ្ញាធររាជធានីនឹងបន្តពង្រឹងបន្ថែមទៀត។

លោក ម៉េត មាសភក្តី មានប្រសាសន៍ថា៖ «យើងនឹងគិតគូរតាមជំនាញរបស់យើងបន្តទៀត។ ខ្ញុំអត់ទាន់អាចជម្រាបជូនថាយើ​ងនឹងត្រូវធ្វើយ៉ាងម៉េច ប៉ុន្តែប្រាកដណាស់ថា ធ្វើយ៉ាងណាដើម្បីសំដៅទៅលើការអនុវត្តតាមការណែនាំរបស់ក្រសួងហ្នឹងឱ្យមា​នប្រសិទ្ធភាព»

ចុងភៅទទួលរៀបចំម្ហូបការនៅភ្នំពេញមួយរូបឈ្មោះ សៀង រ៉ានី ឱ្យដឹងថា ចាប់ពីករណីឆ្លងកូវីដ១៩ក្នុងប្រទេសស្ងប់ស្ងាត់ឡើងវិញ អ្នកស្រីបានទទួលការកក់សេវារៀបចំម្ហូបសម្រាប់ពិធីមង្គលការជាបន្តបន្ទាប់ ដោយជ្រើសរើសត​ម្លៃម្ហូបមួយតុសម្រាប់មនុស្ស១០នាក់តាមធម្មតា និងមានភ្ញៀវបានកក់ទុកពី១០ទៅ១៥រោងក្នុង១ខែ។

អ្នកស្រីបន្ថែមថា ចាប់ពីក្រសួងចេញសេចក្តីប្រកាសជាថ្មីនេះ ពុំទាន់មានភ្ញៀវណាម្នាក់បានទាក់ទងអ្នកស្រីដើម្បីកែប្រែចំនួនកៅអីក្នុងតុនី​មួយៗតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅឡើយ។

អ្នកស្រី សៀង រ៉ានី ប្រាប់បន្ថែមថា៖ «ដោយសារយើងត្រូវការកាត់បន្ថយម្ហូប អ៊ីចឹងតម្លៃគាត់យកទៅតាមការបន្ថយម្ហូបរបស់គាត់។ ឧទាហរណ៍ថា គាត់ញ៉ាំធ្លាប់៨មុខ អ៊ីចឹងដល់ពេលគាត់បន្ថយយក៦មុខវិញ អ៊ីចឹងគាត់ត្រូវមកពិភាក្សាតម្លៃសារថ្មី ហើយតម្លៃរបស់យើងដាក់ទៅតាមមុខម្ហូបដែលគាត់កម្ម៉ង់នីមួយៗ»

លោក សុផា រស់នៅខេត្តតាកែវ បានស្នើសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំពិធីមង្គលការកូននៅគេហដ្ឋាននៅដើមខែមីនា និងបានកក់តុការចំនួន៣០ សម្រាប់ភ្ញៀវចំនួន៣០០នាក់រួចរាល់ហើយ។ លោកថា លោកមិនទាន់មានគម្រោងថានឹងកាត់បន្ថយចំនួនកៅអីមកនៅត្រឹម៥ក្នុងមួយតុតាមការកំណត់របស់ក្រសួងនៅឡើយ ប៉ុន្តែលោកថា លោកនឹងអនុវត្តតាមបើមិនមានការផ្លាស់ប្តូរទេនោះ។

លោកគ្រូ សុផា មានប្រសាសន៍ថា៖ «ខ្ញុំតាម ដឹងតែតាមហើយ! អត់តាមម៉េចកើត! គ្រាន់តែថា មិនទាន់ប្រាកដទេ ក្រែងលោក្រសួងសុខាភិបាលប្រែយ៉ាងម៉េចទៀត។ ទាល់តែតាមអ៊ីចឹងដែរបានគេឱ្យធ្វើ ហើយបើមិនតាម រដ្ឋអំណាចគេមិនឱ្យធ្វើទេ»

សេចក្តីជូនដំណឹងដដែល ក្រសួងសុខាភិបាលក៏តម្រូវឱ្យអ្នករៀបចំកម្មវិធីបំពាក់ឧបករណ៍វាស់កម្តៅស្វ័យប្រវត្តិ ដាក់ទឹកអា​កុលឬជែលលាងដៃ ដាក់បង្ហាញស្លាកសញ្ញាណែនាំពីវិធីបង្ការនិងទប់ស្កាត់ការចម្លងរបស់មេរោគកូវីដ១៩ និងចៀសវាងការប៉ះប្រាស្រ័យគ្នាជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ