មន្រ្តី​ទូត​កម្ពុជា​ជួយ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ខុស​ច្បាប់​ជាង​៤០​នាក់​​មក​មាតុភូមិ​វិញ​

ទាហាន​ថៃ​បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន៣៧នាក់​ដែល​បាន​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ តាម​ច្រករបៀង​នៃ​ព្រំដែន​កម្ពុជា​-ថៃ ក្នុង​តំបន់​ភូមិ​ខៅ​ឌីន ស្រុក​ក្លង​ហា​ត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ (សង់​ត្រា​ល់​)

មន្ត្រីទូត​កម្ពុជា ឱ្យដឹងថា ស្ថានកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃនិង​ម៉ាឡេស៊ី បានជួយ​សម្របសម្រួលជាមួយអាជ្ញាធរថៃនិងម៉ាឡេស៊ី ដើម្បីជួយពលរដ្ឋខ្មែរជាង៤០នាក់ដែលបានធ្វើចំណាក​ស្រុក​ដោយ​ខុសច្បាប់​ទៅកាន់ប្រទេសទាំងនោះ​ ឱ្យ​បាន​ត្រឡប់មកកម្ពុជាវិញ។

កាលពីថ្ងៃម្សិលមិញ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានលើកឡើង​​នៅក្នុងទំព័រហ្វេស​ប៊ុកថា ទាហានថៃបានឃាត់ខ្លួន​ពលករខ្មែរខុសច្បាប់ចំនួន៣៧នាក់ ដែលបាន​ឆ្លងដែនខុសច្បាប់​ចូលក្នុងប្រទេសថៃ តាមច្រករបៀងនៃ​​ព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ ភូមិ​ខៅឌីន ស្រុកក្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ។

ប្រភពដដែលបន្ថែមថា កងទាហានថៃបានបញ្ជូនពលករខ្មែរទាំង៣៧នាក់ទៅប៉ុស្តិ៍ប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវ ដើម្បីបន្តដំណើរតាមច្បាប់នៃប្រទេសថៃ។

អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍នៅថ្ងៃពុធនេះ​ថា ក្រោយពីទទួលបានដំណឹងពីអាជ្ញាធរថៃជុំវិញករណីនេះ ស្ថានអគ្គ​កុងស៊ុល​កម្ពុជាដែលមានទីតាំងនៅក្បែរនោះ បានសម្របសម្រួលជាមួយអាជ្ញាធរថៃ ដើម្បីជួយ​ពលករខ្មែរចំនួន៣៧នាក់នោះ ឱ្យ​បាន​ត្រលប់មកកម្ពុជាវិញនៅថ្ងៃដដែល។

លោកបញ្ជាក់​ថា៖ «[ពលករខ្មែរ] ៣៧នាក់នោះ គឺគាត់ចូលទៅ ​[ប្រទេសថៃ] ដោយខុសច្បាប់ តាមច្រករបៀង ហើយ​ខាងភាគីថៃគេឃាត់ខ្លួន ហើយគេបានទាក់ទងទៅអគ្គកុងស៊ុលយើងនៅក្បែរនោះ ហើយអគ្គកុងស៊ុលបានសម្របសម្រួលជាមួយអាជ្ញាធរថៃ ហើយបានបញ្ជូនពួកគាត់ត្រលប់មកវិញតាំងពីពេលឃាត់ខ្លួនភ្លាមៗនោះដែរ»។

លោក កុយ គួង បាន​ឱ្យ​ដឹងបន្ថែមថា ស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី ក៏បានជួយសម្រប​សម្រួលជាមួយ​អាជ្ញាធរម៉ាឡេស៊ី ដើម្បីជួយ​​​ទារិកាម្នាក់ និងពលករ-ពលការិនីខ្មែរចំនួន៦នាក់ ដែលធ្វើការខុសច្បាប់​នៅប្រទេសនោះ ឱ្យ​វិលត្រឡប់មកកម្ពុជាវិញដែរ។

លោក​បន្តថា ពលករ-ពលការិនីខ្មែរចំនួន៦នាក់ និង​ទារិកាម្នាក់នោះ បានមកដល់ប្រទេសកម្ពុជា នៅម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរី។

ពាក់ព័ន្ធនឹងករណីនេះដែរ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋខ្មែរឱ្យបញ្ឈប់ការធ្វើចំណាកស្រុក​ដោយខុសច្បាប់។​

លោក លឹង សុផុន មន្ត្រីកម្មវិធីទេសន្តោប្រវេសន៍ប្រចាំប្រទេសថៃ នៃអង្គការ​សង់ត្រាល់​ មាន​ប្រសាសន៍ថា កន្លងមក អាជ្ញាធរថៃមានការ​រឹតបន្តឹងខ្លាំងចំពោះពលករបរទេសដែលឆ្លងដែនចូលទៅធ្វើការខុសច្បាប់​នៅប្រទេសនេះ ដោយ​មានការចាប់​ខ្លួននិងដាក់ពន្ធនាគារ​ ដើម្បីឱ្យ​ថៅកែឬសាច់ញាតិ​ទៅដោះស្រាយ​។

ប៉ុន្តែលោកថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០មក និងស្របពេលដែលករណីឆ្លងជំងឺកូវីដ​១៩ខ្លាំង អាជ្ញាធរថៃហាក់មានការ​យោគយល់ច្រើន ដោយ​ពុំមានការ​ចាប់ឃុំខ្លួន​ពលករ​បរ​ទេស​​ខុស​ច្បាប់​ដូចមុនទេ។

លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់​ មានប្រសាសន៍ថា តាមការសង្កេត​កន្លង​មក ឃើញថា ពលករខ្មែរដែល​ចំណាកស្រុកទៅធ្វើការ​ខុសច្បាប់​នៅក្រៅប្រទេស កើតឡើងដោយសារ​កត្តាជីវភាព​និងការអូសទាញរបស់​មេខ្យល់ ខណៈប្រាក់ឈ្នួលនៅប្រទេសថៃនិង​ប្រទេស​ផ្សេងទៀតមានកម្រិតខ្ពស់ជាងនៅកម្ពុជា។

លោកបន្តថា ដើម្បីដោះស្រាយបញ្ហាឆ្លងដែនខុសច្បាប់នេះ រដ្ឋាភិបាលគួរតែដោះស្រាយ​កត្តាទាំងនេះឱ្យមានប្រសិទ្ធភាព ជាពិសេសការធ្វើឱ្យប្រជាពលរដ្ឋមានការងារពិតប្រាកដមួយ។

លោកបន្ថែមថា រដ្ឋាភិបាលគួរតែពង្រឹងលើវិស័យកសិកម្ម ក្នុងការផ្ដល់បចេ្ចកទេស ដើមទុន និងការរកទីផ្សារ ជូនពលរដ្ឋ ដោយលោកអះអាងថា ពលករខ្មែរធ្វើការនៅប្រទេសថៃភាគច្រើនជាកសិករ។

លោក មឿន តុលា មានប្រសាសន៍ថា៖ «ប្រាកដណាស់ គឺគាត់ពិបាកទ្រាំក្នុងស្រុកហ្នឹងប្រហែលជាគាត់អត់មានមុខរបរពិតប្រាកដ រកការងារមិនបានធ្វើ ឬមានការងារដែរតែមិនប្រាកដប្រជាអ៊ីចឹងទៅ។ ហើយមួយទៀត គឺគាត់ត្រូវសងបំណុលនៅធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញ​វត្ថុហ្នឹង ត្រង់នេះ​ហើយដែលធ្វើឱ្យគាត់ប្រថុយប្រថាន​»។

ជាមួយ​គ្នានេះដែរ លោកក៏បានជំរុញឱ្យរដ្ឋាភិបាលគួរតែពង្រឹងវិធានការអនុវត្តច្បាប់បន្ថែមទៀតនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ដើម្បីតាមចាប់មេខ្យល់ដែលនាំពលករឆ្លងដែនដោយ​​ខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ