អង្គការ​​តម្លា​ភាព​​អន្តរ​ជាតិ​​ថា ​កម្ពុជា​​នៅ​​បន្ត​​ស្ថិត​នៅ​​ក្នុង​​ចំណាត់​ថ្នាក់​​ពុក​រលួយ​​ខ្ពស់​​ជាង​គេ​​ក្នុង​​តំបន់​​អាស៊ាន​​

ពលរដ្ឋ​ធ្វើ​ដំណើរតាម​យាន​ជំនិះ​នៅ​លើ​ផ្លូវ​ជាតិ​លេខ ៣ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២០។ (ឆពណ្ណ បញ្ញា)

អង្គការ​តម្លាភាព​អន្តរជាតិ (TI​) បាន​ចាត់​ថ្នាក់​កម្ពុជាស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ដដែល​នៃ​អំពើពុករលួយសម្រាប់​ឆ្នាំ២០២០ ហើយ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ទាំង១០នៅក្នុង​តំបន់​អាស៊ាន គឺ​កម្ពុជា​នៅ​បន្ត​ពុករលួយ​ខ្លាំង​ជាងគេ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​នៅ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ បង្ហាញថា លទ្ធផល​សន្ទស្សន៍​នៃ​ការយល់ឃើញ​អំពើពុករលួយ​ក្នុង​ឆ្នាំ២០២០ បង្ហាញថា ប្រទេស​កម្ពុជាឈរ​នៅ​ចំណាត់ថ្នាក់​ទី១៦០ ក្នុងចំណោម​ប្រទេសនិង​ដែនដី​សរុប១៨០ ដែល​បាន​ដាក់បញ្ចូល​ក្នុង​ការវាយតម្លៃ​អំពី​បញ្ហា​អំពើពុករលួយ។

សេច​ក្តី​ថ្លៃ​ងការណ៍​ដដែលឱ្យ​ដឹង​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ២១ប៉ុណ្ណោះលើ​ពិន្ទុ​អតិបរមា១០០ពិន្ទុ ដែល​ជា​ការ​កើនឡើង១ពិន្ទុ ចាប់តាំងពី​ឆ្នាំ២០១៨។

នៅក្នុង​កម្រិត​តំបន់ លទ្ធផល​សន្ទស្សន៍​របស់​អង្គការ TI បង្ហាញថា កម្ពុជា​បន្ត​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​មាន​ពិន្ទុ​តិច​ជាងគេ​ទី៣ នៅ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិ​ក ហើយក៏​ជា​ប្រទេស​មាន​ពិន្ទុ​ទាប​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ាន។

សេចក្តី​ថ្លែងការណ៍បញ្ជាក់​ថា ប្រទេស​នៅ​តំបន់​អាស៊ានដែល​មាន​ចំណាត់ថ្នាក់​មិនល្អ​ដែរ​នោះ ប៉ុន្តែ​ស្ថិតនៅ​លើ​កម្ពុជា គឺ​ប្រទេស​មី​យ៉ាន​ម៉ា បាន​ធ្លាក់ចុះ​ពិន្ទុ​ពី ២៩ មក ២៨​, ប្រទេស​វៀតណាម​ធ្លាក់ចុះ​ពិន្ទុ​ពី ៣៧ មក ៣៦​, ម៉ាឡេស៊ី​ ធ្លាក់ចុះ​ពិន្ទុ​ពី ៥៣ មក ៥១ និង​ឥណ្ឌូ​នេ​ស៊ី​ ធ្លាក់ចុះ​ពិន្ទុពី ៤០ មក ៣៧ ខណៈ​ប្រទេស​ថៃ ឡាវ ព្រុយ​ណេ និង​ហ្វីលីពីន ពិន្ទុ​នៅ​ដដែល​បើ​ប្រៀបធៀបនឹង​ឆ្នាំមុន។

បើ​តាម​សេចក្តី​ថ្លៃ​ការណ៍​ដដែល​នេះ នៅក្នុង​តំបន់​អាស៊ាន ប្រទេស​សិង្ហបុរីទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ គឺ​ទទួល​បាន​ពិន្ទុ៨៥ ដែល​ជា​ចំណាត់ថ្នាក់​ល្អ​លេខ៣លើ​ពិភពលោក និង​លេខ១នៅ​តំបន់​អាស៊ាន។

ទោះ​យ៉ាងណា អង្គការ​តម្លាភាព​អន្តរជាតិ បាន​លើកឡើង​ថា លទ្ធផល​របស់​ប្រទេស​កម្ពុជា​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ប្រសើរ​ឡើង​មួយចំនួន ដូចជា ការ​ខិតខំ​កាត់បន្ថយ​អំពើពុករលួយ​ក្នុង​វិស័យ​ឯកជន កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ តាមរយៈ​ការ​កៀរ​គរ​ធនធាន ការ​ជំរុញឱ្យ​មាន​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច និង​ការ​លើ​កម្ពស់​សេវា​សាធារណៈ ជាពិសេស​ការ​ឆ្លើយតប​នឹង​វិបត្តិ​កូ​វីដ១៩។

ប៉ុន្តែអង្គការ​នេះ​ថា ភាព​ប្រសើរ​ឡើង​នេះគឺ​មាន​តិចតួច​ប៉ុណ្ណោះ ខណៈ​កំណែទម្រង់​រចនាសម្ព័ន្ធនិង​ប្រព័ន្ធ​ ជុំវិញ​បញ្ហា​អំពើពុករលួយ​ទ្រង់ទ្រាយ​ធំ អំពើពុករលួយ​ផ្នែក​នយោបាយ និង​ការ​ពង្រឹង​នីតិរដ្ឋ​ នៅ​មិនទាន់​មាន​ភាព​ប្រសើរ​ឡើង​នៅឡើយ។

នាយក​ប្រតិបត្តិ នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ដែល​បាន​ស្រង់​សម្តី​ដាក់​ក្នុង​សេចក្តី​ថ្លៃ​ងការណ៍​នេះ​បាន​លើកឡើង​ថា ការដែល​កម្ពុជា​បន្ត​ទទួល​បាន​ពិន្ទុ​ទាប​នេះ បង្ហាញថា កម្ពុជា​មាន​បញ្ហា​សំ​ខាន់​ៗជាច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ។

អង្គការ​តម្លាភាព​កម្ពុជា បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ពន្លឿន​របៀបវារៈ​កែទម្រង់​មួយចំនួន ដូចជា ធ្វើ​វិសោធនកម្ម​មាត្រា​មួយចំនួនក្នុង​ច្បាប់​ប្រឆាំង​អំពើពុករលួយ ជាពិសេស​ពាក់ព័ន្ធ​ការប្រកាស​ទ្រ​ព្យស​ម្ប​ត្តិ, ពន្លឿន​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពីសិទ្ធិ​ទទួល​បាន​ព័ត៌មាន ច្បាប់​ការពារ​បុគ្គល​រាយការណ៍ និង​ច្បាប់​ការពារ​សាក្សី អ្នកជំនាញ និង​ជនរងគ្រោះ​ដែល​ស្រប​ទៅតាម​បទដ្ឋាន​អន្តរជាតិ បង្កើត​យន្តការ​ធានា​គណនេយ្យ​ភាពនិង​បញ្ហា​ផ្សេង​ៗទៀត។

វី​អូ​ឌី ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ជុំវិញ​លទ្ធផល​សន្ទស្សន៍​នេះពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក​ ឱម យិន​ទៀង និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បានទេ នៅ​ថ្ងៃនេះ។

ប៉ុន្តែ​តាមរយៈ​លទ្ធផល​សន្ទស្សន៍​កាលពី​ឆ្នាំមុនដែល​មាន​លទ្ធផល​ដូចគ្នា​នេះ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាលបាន​ច្រានចោល​របាយការណ៍​នោះ និង​ចាត់ទុកថា ​ការ​ចេញ​របាយការណ៍​បែបនេះ គ្រាន់តែ​ជា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មដើម្បី​ផលប្រយោជន៍​ផ្ទាល់​របស់​ពួក​គេ និង​គ្មាន​តម្លៃ​ផ្លូវច្បាប់​នៅ​កម្ពុជា​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ