តុលាការ​សួរ​អតីត​មន្រ្តី CNRP ជុំវិញ​ការ​ប្រើ​ពាក្យ​«រំដោះ​ប្រទេស​ ផ្ដួល​រំលំ​ និង​ជន​ផ្ដាច់​ការ​»​

លោក ជា យ៉ា​ម៉ន (ឆ្វេង​) និង​លោក ព្រំ រ័ត្ន (ស្តាំ​) ជា​អតីត​មន្រ្តី​បក្ស​សង្រ្គោះ​ជាតិ និយាយទៅ​កាន់​អ្នកសារព័ត៌មាន​ក្រោយ​ចេញពី​សវនាការ​នា ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។ (អ៊ូច សូ​នី​)

អំឡុង​ពេល​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចៅក្រម​និង​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សួរដេញដោល និង​ឱ្យ​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​បកស្រាយ​ពាក្យ «ផ្ដួលរំលំ រំដោះប្រទេស និង​ជន​ផ្ដាច់ការ» ដែល​ពួក​គេ​បាន​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​សង្គម។

សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការសំណុំរឿងសកម្មជនអតីត​គណបក្សសង្គ្រោះ​ជាតិ ចំនួន៤​នាក់ ក្នុងនោះរួមមាន លោក ហេង ចន្ទសុធី, លោក ជា យ៉ាម៉ន, លោក ព្រំ រ័ត្ន និង​កញ្ញា ឡី លាក់ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ 

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានសួរដេញដោល ទៅអតីតប្រធាន​ប្រតិបត្តិ​​ខណ្ឌ​ពោធិ៍សែនជ័យ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហេង ចន្ទសុធី ដោយឱ្យបកស្រាយពីគោលបំណងដែលលោកសរសេរ​​​ពាក្យ «ផ្ដួលរំលំ រំដោះប្រទេស និង​​ពាក្យជនផ្ដាច់ការ» ដែលលោកបានបង្ហោះ​លើបណ្ដាញសង្គមហ្វេសប៊ុកនាពេលកន្លងមក​។

លោក ហេង ចន្ទសុធី ដែលឈរនៅរង្វង់ក្រចកសេះ បានឆ្លើយប្រាប់​ចៅក្រមថា សារដែល ចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុក គឺលោកបានមកពីលោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​អតីតបក្សប្រឆាំងមួយ​រូប ហើយបានយកមកសរសេរបង្ហោះបន្ត​លើបណ្ដាញសង្គម។ 

លោក សុធី អះអាងទៀតថា ពាក់ព័ន្ធសារដែលប្រើពាក្យថា «ផ្តួលរំលំ និងរំដោះប្រទេសចេញពីជនផ្ដាច់ការ» វិញ គឺសរសេរក្នុងអត្ថន័យផ្លាស់ប្ដូរថ្នាក់ដឹកនាំតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដែលមានចែងនៅក្នុងច្បាប់ ហើយលោកចាត់ទុកការសរសេរសារលើបណ្ដាញសង្គមនេះថា គ្រាន់តែ​ជាការបញ្ចេញមតិប៉ុណ្ណោះ​។

ចៅក្រមក៏បានសួរបន្ត ដោយបញ្ជាក់ទៅលោក សុធី ថាតើអ្នកណាជាជនផ្ដាច់ការ និងអ្វីទៅជារបបផ្ដាច់ការ។

ចៅក្រមបាន​សួរដេញដោលទៀតថា៖ «លោក [សុធី] ថា ជនផ្ដាច់ការសំដៅលើមនុស្សរូបវន្តបុគ្គល ហើយការប្រើសារបែបហ្នឹងជាបញ្ចេញមតិឬជាការអំពាវនាវ។ សួរថា តើពាក្យទាំងអស់ហ្នឹងជាការបញ្ចេញមតិឬជាការអំពាវនាវពិតឬទេ?»។

លោក ហេង ចន្ទសុធី បានអះអាងថា ជនផ្ដាច់ការដែលរូបលោកនិយាយនោះ គឺបុគ្គលណាដែលធ្វើអ្វីផ្ទុយពីច្បាប់ ហើយថា ពាក្យដែលលោកសរសេរទាំងអស់នេះជាការបញ្ចេញមតិ។

 លោក ហេង ចន្ទសុធី ថ្លែងថា៖ «បុគ្គលណាមួយដែលធ្វើអ្វីផ្ទុយពីច្បាប់ ជាជនផ្ដាច់ការហើយ។ ការបោះឆ្នោតមិនត្រឹមត្រូវ […] គណបក្សសង្គ្រោះជាតិបោះឆ្នោតចេញពីប្រជាពលរដ្ឋ ហើយរំលាយ​គណបក្សខ្ញុំ តើថា​ខុសច្បាប់ទេ?»

មិនមែនតែចៅក្រមទេដែលសួរជជីកនិងដេញដោលពាក្យ «ផ្តួលរំលំ និងរំដោះ ហើយពាក្យជនផ្ដាច់ការ» តំណាងអយ្យការ លោក សេង ហៀង ក៏បានចោទ​សួរពាក្យខាងលើនេះទៅលោក ហេង ចន្ទសុធី ដែរ។

លោក សេង ហៀង តំណាងអយ្យការ ចាត់ទុកការប្រើពាក្យទាំងនេះ​ថា បានធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំនិងក្រោកឡើង ហើយថា ការផ្លាស់ប្តូរណាមួយដែលមិនកើតចេញពីការបោះឆ្នោតគឺ​ជារដ្ឋប្រហារ។

តំណាងអយ្យការ លោក សេង ហៀង បានលើកឡើងថា៖ «ពាក្យនេះជាពាក្យបង្កប់អត្ថន័យ លោកចង់ឱ្យប្រជាពលរដ្ឋក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាល»។

បន្ទាប់ពីបញ្ចប់សួរដេញដោលទៅលើលោក ហេង ចន្ទសុធី ចៅក្រមនិងតំណាងអយ្យការបានបន្តសួរទៅអតីតចៅសង្កាត់បឹងទំពុនទី២ នារាជធានីភ្នំពេញ លោក ជា យ៉ាម៉ន ប៉ុន្តែលោក ជា យ៉ាម៉ន បានបដិសេធមិនឆ្លើយរាល់សំណួររបស់ចៅក្រមនិងតំណាងអយ្យការ ខណៈជនជាប់ចោទម្នាក់​ទៀតឈ្មោះ ណី ល័ក្ខ មិនចូលរួមសវនាការទេ ដោយសារ​មានបញ្ហាសុខភាព។ 

ក្រោយពីសួរដេញដោលពេញមួយព្រឹក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្អាកសវនាការ ដោយនឹងបន្តនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ខាង​មុខ​បន្តទៀត។

ក្រោយពីបញ្ចប់សវនាការ លោក ជា យ៉ាម៉ន ប្រាប់អ្នកសារព័ត៌មានថា មូលហេតុដែលលោកមិនឆ្លើយនឹងសំណួរចៅក្រមនិងតំណាងអយ្យការ ដោយសារ​គាត់គ្មានជំនឿលើប្រព័ន្ធតុលាការ​បច្ចុប្បន្ន។

លោកថា៖ «សំណួរទាំងអស់ជាសំណួរចាក់ដោត  ហើយមែនទែនទៅឯកសារដែល​ចោទខ្ញុំ គឺខ្ញុំមិន​មានឯកសារ​ទេ ដូច្នេះហើយខ្ញុំអត់មានអីជា​ឯកសារ ដើម្បី​ខ្ញុំឆ្លើយទៅសំណួរនោះទេ។ ទី២ ខ្ញុំអត់មានជំនឿថា រាល់ការឆ្លើយរបស់ខ្ញុំទទួលលទ្ធផលល្អទេ សម្រាប់ខ្ញុំទទួលបានយុត្តិធម៌ក្នុងពេលបច្ចុប្បន្ននេះទេ ដោយសារ ការប្ដឹងចោទប្រកាន់ខ្ញុំពីទោសក្បត់ជាតិនេះគឺជារឿងនយោបាយសុទ្ធសាធ ចំណុចតែមួយគត់ទាល់តែមានដំណោះស្រាយនយោបាយ ទើបខ្ញុំគេចផុត​ពីការចោទប្រកាន់»។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ដែលបានចូលរួមតាមដានសវនាការនៅថ្ងៃនេះ បង្ហាញការសោកស្ដាយចំពោះការចោទប្រកាន់សកម្មជនអតីត​​គណបក្សប្រឆាំង ពីបទក្បត់ជាតិ និងការជជីកសួរពាក្យពេចន៍របស់តុលាការ។ លោកស្រីចាត់ទុកការចោទប្រកាន់នេះ​ថា កំពុងប្រឆាំងនឹងប្រជាពលរដ្ឋ ទាំងដែលពួកគេមិនបានធ្វើអ្វីឱ្យបាត់បង់ផល​ប្រយោជន៍របស់ប្រទេសជាតិ។

លោកស្រីថា៖ «បើគ្រាន់តែជាការបារម្ភលើការចូលរួម​ចំណែកក្នុងសង្គម ក្នុងការចង់ឃើញប្រទេស​យើងមានការប្រកាន់លទ្ធិប្រជាធិបតេយ្យពិតបា្រកដ នោះ​ខ្ញុំគិតថា វាជាការយល់នឹងរបត់មួយ គឺការចួលរួមរបស់​ប្រជាពលរដ្ឋជាជាងការបន្តហែកហួរគ្នា ហើយក្នុងការចោទប្រកាន់ដោយ​គ្រាន់តែការបញ្ចេញទស្សនៈយោបល់ដោយមាននិន្នាការទៅគណបក្សណាមួយដែលមិនស្របនឹងរដ្ឋាភិបាល»។

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញថា លោកស្រីបាននិងកំពុងដានយ៉ាងដិតដល់នូវវិធានការផ្លូវច្បាប់និងដំណើរការនីតិវិធីរបស់តុលាការទៅលើសមាជិកនិងអ្នកគាំទ្រមួយចំនួនរបស់អតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ។

ក្រៅពីធ្វើការតាមដាន លោកស្រីក៏បង្ហាញកង្វល់អំពីការជំនុំជម្រះក្តីដែលមានលក្ខណៈទ្រង់ ទ្រាយ​ធំទៅលើ​មនុស្សដល់ទៅ​៦០នាក់ដែលបានធ្វើឡើងនៅថ្ងៃនេះ រួមនឹងការកាត់ទោសកំបាំង​មុខ បើទោះ​ជាជនជាប់ចោទបានព្យាយាមវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមក្នុងការជំនុំជម្រះក្តីនេះ​ក៏ដោយ។

លោកស្រីក៏បានស្នើ​យ៉ាង​ទទូចដល់រដ្ឋាភិបាល​កម្ពុជា គោរពសិទ្ធិទទួលបាននូវការជម្រះក្តីប្រកប​ដោយ​យុត្តិធម៌ដល់​បុគ្គលទាំងនោះ ដូចដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិ​ពលរដ្ឋនិងសិទ្ធិនយោបាយដែលប្រទេសកម្ពុជាជារដ្ឋភាគី៕

Loading data…
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ