រដ្ឋា​ភិបាល​​កាត់​​ដី​​ដែន​​គម្រប​​ព្រៃឈើ​​ជិត​១០០​ហិ​កតា​​ឱ្យ​​ក្រុម​ហ៊ុន​​ឯក​ជន​​ពីរ​​កាន់​កាប់​​ស្រប​ច្បាប់​​

ទិដ្ឋភាពនៅតំបន់ពលរដ្ឋរស់នៅ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

រដ្ឋាភិបាលសម្រេច​កាត់​ឆ្វៀល​ផ្ទៃដី​ជិត១០០ហិ​កតា ស្ថិត​ក្នុង​ដែន​គម្រប​ព្រៃឈើ២០០២ នៅ​ខេត្ត​ព្រះសីហនុ ឱ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន២ ដើម្បី​កាន់កាប់​ជា​កម្មសិទ្ធិ។

យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដែល​វី​អូ​ឌី​ទើប​ទទួល​បាន បានសម្រេច​កាត់​​ឆ្វៀល​ដីទំហំ​ជាង៦១​ហិ​កតា ស្ថិត​ក្នុង​ដែន​គម្រប​ព្រៃឈើ២០០២ នៅ​ភូមិ​ពូ​ធឿង ភូមិ​ចំណោត​រាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ធ្វើ​អនុប្បយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ ប្រគល់​ឱ្យទៅ​ក្រុមហ៊ុន ប៊ូលែ​នរៀល​អ៊ី​ស្ទេ​ត ដែល​តំណាងដោយ​ឈ្មោះ ឡៅ អា​នី។

យោង​តាម​អនុក្រឹត្យ​ដាច់ដោយឡែក​មួយទៀត ចុះ​ថ្ងៃទី៣ ខែ​ធ្នូ ឆ្នាំ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​កាត់​ដី​ទំហំ ២៥ហិ​កតា៩៣អា ស្ថិត​ក្នុង​ដែន​គម្រប​ព្រៃឈើ២០០២ នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ប្រគល់​ឱ្យទៅ​ក្រុមហ៊ុន ហ្វូ​ហាយ​អ៊ិ​នវេ​សមេន។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន មានប្រសាសន៍​នៅ​ថ្ងៃពុធ​ម្សិលមិញ​ថា ការ​កាត់​ឆ្វៀល​ដី​នេះបង្ហាញ​ពី​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​មាន​ភាព​ចាំបាច់ក្នុង​ការ​អភិវឌ្ឍ​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ។ លោក​បន្ត​ថា វា​មាន​សារៈសំខាន់​ណាស់ដែល​ត្រូវ​កែច្នៃ​តំបន់​នោះទៅជា​របស់​ឯកជន ដើម្បី​ទទួល​បាន​ពន្ធ​ដារ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់។

លោក​បាន​ថ្លែង​ថា៖ «វា​ជា​សេចក្តី​ត្រូវការ​ជាចាំបាច់ក្នុង​ការ​អភិវឌ្ឍ ហើយ​គ្មាន​ការ​អភិវឌ្ឍ​ណា​ដែល​មិន​មានការ​លះបង់​ណាមួយ​នោះ​ទេ។ នៅក្នុង​គោលការណ៍​នេះ យើង​ឃើញ​ខាង​កំពង់សោម​ [ខេត្ត​ព្រះសីហនុ​] គឺ​រាជរដ្ឋាភិបាល​អត់មាន​ចេញលុយ​នោះ​ទេ ប៉ុន្តែ​រាជរដ្ឋាភិបាល​បាន​ធ្វើ​លទ្ធិ​កម្ម​រវាង​ដៃ​គូ​រដ្ឋ​និង​វិស័យ​ឯកជន ហើយ​ប្រទេស​ណា​ក៏​គេ​ធ្វើបែប​នេះ​ដែរ»។

លោក​បាន​បន្ថែម​ថា៖ «យើង​មើល​សក្តា​នុ​ពល​ថា ​តើ​ការ​ថែរក្សា​ធម្មជាតិ​ហ្នឹងវា​មានតម្លៃខ្ពស់​ជាង​ការ​អភិវឌ្ឍ ឬការ​អភិវឌ្ឍ​មានតម្លៃ​ខ្ពស់​ជាង​ការ​រក្សា​ព្រៃ។ ដូច្នេះ​ការរៀបចំ​ហ្នឹង​គឺជា​ការ​ឆ្លើយតបសេចក្តី​ត្រូវការ​ជាចាំបាច់ ហើយ​នៅក្នុង​ការ​អភិវឌ្ឍ​ វា​មាន​ចំណូល​មកដល់​រដ្ឋ»។ 

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុ​ផា​រ៉ា បដិសេធ​អត្ថា​ធិប្បាយ​ចំពោះ​ករណីនេះ។

ចំណែកលោក មាជ ចាន់ មេឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ មានប្រសាសន៍​ថា ដី​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាត់​ឱ្យ​ក្រុមហ៊ុន​ទាំងពីរ​នេះ ដោយសារតែ​ពួក​គេ​បាន​កាន់កាប់​ដី​នោះ​ជា​យូរឆ្នាំហើយ។

លោក​បាន​បញ្ជាក់​ថា៖ «កន្លងមក ខ្ញុំ​ធ្លាប់​ឮឈ្មោះ​គាត់ ​[ឡៅ អា​នី​] ដោយសារតែ​មេធាវី​របស់​គាត់​មក​កំណត់​ដី​ទីតាំង​របស់​គាត់ដែល​គាត់​បាន​គ្រប់គ្រង​និង​អាស្រ័យផល។ គាត់​បាន​កាន់កាប់​តាំងពី​ខ្ញុំ​មិនទាន់​ធ្វើមេ​ឃុំ​ឯណោះ។ គាត់​មាននៅ​ឃុំ​ចំណោត​រាម​ ១​កន្លែង ភូមិ​គ​គីរ ២កន្លែង គាត់​មាន​ដី​៣ទៅ៤កន្លែង»។

លោក​បាន​បន្ថែម​ថា ក្រុមហ៊ុន ហ្វូ​ហាយ​អ៊ិ​នវេ​សមេន ក៏​មាន​ដី​នៅក្នុង​ឃុំ​បិតត្រាំង​ដែរ តែ​គាត់​បានឱ្យ​ទៅ​ឧកញ៉ា រតនៈ សម្បត្តិ ដែល​តំណាងដោយ​ក្រុមហ៊ុន ក្រោ​នអ៊ី​ស្ពេ​ត ខណៈ​មន្ត្រី​ជាន់ខ្ពស់ និង​ឧកញ៉ា​មួយចំនួន ក៏​មាន​ដី​នៅ​តំបន់​នោះ​ដែរ។

អ្នកវិភាគ​សង្គម លោក សេង សារី បាន​ថ្លែង​ថា ដើម្បី​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច គឺ​ទាមទារ​ឱ្យ​មានការ​កែច្នៃ ប៉ុន្តែ​គួរ​ធ្វើ​ឱ្យ​មាន​ភាព​សមស្រប​មួយ ដោយសារតែ​ព្រៃ​ឧទ្យានឬព្រៃឈើជា​ធនធាន​ដ៏​កម្រ ដែល​មាន​សារៈសំខាន់​សម្រាប់​មនុស្សជាតិ។

លោក​ថា៖ «យើង​ឃើញថាមាន​អត្ថ​ប្រយោជន៍​ច្រើនណាស់ ធម្មជាតិ​ព្រៃ​ទាំងអស់​ហ្នឹង មិនមែន​ជាស​ត្រូវជា​មួយ​យើង​ទេ។ វា​គឺជា​មិត្ត​របស់​មនុស្ស ហើយ​វា​ជួយ​មនុស្ស​រហូត ដូច្នេះ​យើង​គួរ​រក្សាទុក​ខ្លះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»។

កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ រដ្ឋាភិបាលក៏បាន​កាត់​ដី​ជាង៤៤ហិ​កតា ស្ថិត​ក្នុង​ដែន​គម្រប​ព្រៃឈើ២០០២ នៅ​ភូមិ​ចំណោត​រាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នេះ​ប្រគល់​ឱ្យ​មន្ត្រី​មួយចំនួន និង​កូនស្រី​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំនួន២នាក់​ផង​ដែរ ដោយសារតែ​ពួក​គាត់​បាន​កាន់កាប់​ដី​នោះ​ជា​យូរឆ្នាំមកហើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ