អ្នក​រក​​របរ​​ដឹក​ជញ្ជូន​​ត្អូញ​ត្អែរ​​ពី​​ផល​លំបា​ក​ពេល​​ប្រេង​​ឥន្ធ​នៈ​​និង​​ហ្គាស​​ឡើង​ថ្លៃ​ ខណៈ​​ជំងឺ​​កូ​វី​ដ​មិន​​ទាន់​​ធូរ​ស្រាល

ម៉ូតូ​កង់​បី​បំពាក់​ដោយ កម្មវិធី​កក់​សំបុត្រ​តាម​ទូរសព្ទ ចត​តម្រៀប​គ្នា​រង់ចាំ​អ្នកដំណើរ​ហៅ​ជិះ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ​)

​អ្នក​ប្រកបរបរ​សេវា​ដឹកជញ្ជូន​ភ្ញៀវ​មួយចំនួន បាន​ត្អូញត្អែរ​ពី​ផល​លំបាក​ក្នុង​ការ​រកទទួលទាន ក្រោយពី​តម្លៃ​ប្រេង​ឥន្ធនៈនិង​ឧស្ម័នអិ​លភី​ជី ​(ឬហ្គាស​) ឡើងថ្លៃ ខណៈ​ស្ថានភាព​ជំងឺ​កូ​វីដ១៩ នៅ​បន្ត​កើតមាន។

អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​នៅ​ម្តុំ​ផ្សារ​អូរ​ឫស្សី រាជធានី​ភ្នំពេញ លោក ខឿន ហៀប និយាយ​ថា មុន​ពេល​មាន​ជំងឺ​កូ​វីដ១៩ឆ្លង​រាលដាល​មកដល់​កម្ពុជា ហ្គា​សក្នុង១លីត្រតម្លៃ​ប្រហែលជា២២០០​រៀល ប៉ុន្តែ​ក្រោយមក ​នៅ​អំឡុង​ឆ្នាំ២០២០ ដែល​ជំងឺ​កូ​វីដ១៩បាន​ឆ្លង​រាលដាល​ដល់​សហគមន៍​នោះ តម្លៃ​ហ្គា​សបាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម១៥០០រៀល​ក្នុង១លីត្រ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ លោក​អះអាង​ថា នៅដើម​ឆ្នាំ២០២១នេះ ក្រោយពី​ស្ថានភាព​កូ​វីដ១៩ ធូរស្រាល​បន្តិច បែរ​ជា​តម្លៃ​ហ្គាស​ឡើង​រហូតដល់២១០០រៀល​វិញ​ក្នុង១លីត្រ ធ្វើ​ឱ្យ​ពួក​គេ​ជួប​បញ្ហា​ប្រឈម​ច្រើន​ក្នុង​ការ​រកចំណូល​មក​ទ្រទ្រង់​ជីវភាព​គ្រួសារ។

លោក​និយាយ​ថា៖ «ប្រឈម​ច្រើន ព្រោះ​ខ្ញុំ​រកស៊ី​ឥលូវ​ជំពាក់គេ​ដែរ ឥលូវ​ត្រូវ​បង់​ការ​ធនាគារ​មួយ​ខែ៥០០ដុល្លារ យើង​ពិបាក​ទប់ទល់ ណាមួយ​ស្ទះចរាចរណ៍ ដឹក​អ្នកដំណើរ​ក៏​មិនបាន​ច្រើន​ជើង​ដែរ ព្រោះ​ឥលូវ​វា​ស្ទះ​ពេក ផ្លូវ​ឥលូវ ដឹង​ស្រាប់ហើយ ហើយ​ទើប​ងើប​ពី​កូ​វី​ដទៀត និយាយរួម​ទៅ អញ្ចឹង​វា​ពិបាក​ក្នុង​ការ​រកស៊ី»។

រី​ឯអ្នកបើកបរ​រថយន្តឈ្នួល​ពី​ភ្នំពេញ​ទៅ​ខេត្តកំពត ដែល​សំចត​នៅ​ម្តុំ​ផ្សារ​ដើម​គ រាជធានី​ភ្នំពេញ លោក ប៉ែន សាវឿ​ន បាន​លើកឡើង​ស្រដៀងគ្នា​នេះ​ដែរ​ថា ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​កូ​វីដ១៩នេះ ការ​រកទទួលទាន​ប្រចាំថ្ងៃ​របស់​លោក​បាន​ធ្លាក់ចុះ​ខ្លាំង ដោយសារ​ពុំ​មាន​ភ្ញៀវ​ធ្វើដំណើរ​ច្រើន​ដូចមុន។ 

អ្នកបើកបរ​រថយន្តឈ្នួល​ម្នាក់ទៀត លោក សេង វឌ្ឍនា និយាយ​ថា តម្លៃ​ប្រេងសាំងនិង​ហ្គាស រួម​នឹង​ទំនិញ​មួយចំនួន បាន​ឡើងថ្លៃ​ជាបន្តបន្ទាប់​នៅដើម​ឆ្នាំ២០២១នេះ ធ្វើ​ឱ្យ​គាត់​ត្រូវ​ចំណាយ​ច្រើន ខណៈ​ការរកចំណូល​បាន​តិចតួចដោយសារតែ​ពុំសូវ​មាន​អ្នកធ្វើ​ដំណើរ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​កូ​វីដ។

លោក​និយាយ​ដូច្នេះថា៖ «សម្រាប់​ពួក​ខ្ញុំ​តាក់ស៊ី​នេះ ចៀស​មិន​រួច​ទេ ទោះបីជា​ប្រេងឬហ្គាស​ឡើងថ្លៃ​ម៉េច ក៏​នៅតែ​រក​ដែរ គ្រាន់តែ​ប្រឈមមុខនឹង​ការ​លំបាក រាល់ថ្ងៃ​យើង​រក​មួយថ្ងៃ​ហូប​មួយថ្ងៃ វា​មិនបាន​រាល់ថ្ងៃ»។

ក្រុម​អ្នក​ប្រកបរបរ​សេវា​ដឹកជញ្ជូន​ភ្ញៀវ​ទាំងនេះបាន​ស្នើ​ដូច​ៗគ្នា​ដល់​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ឱ្យ​តម្លៃ​ហ្គាសនៅ​ត្រឹម១៥០០រៀល​ក្នុង១លីត្រ​ដដែល ទើប​ធ្វើ​ឱ្យ​ពួក​គេ​អាច​រក​ប្រាក់​មក​ទ្រទ្រង់​ជីវភាព​គ្រួសារ​សមរម្យ​បាន។

លោក លឿង តៃ​សេង អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់ទៀត បាន​ស្នើ​ថា៖ «សូម​ឱ្យ​រដ្ឋាភិបាល​ជួយ​ឱ្យ​[តម្លៃ​]ហ្គាស​ចុះថោក ឱ្យ​នៅ​តម្លៃ១លីត្រ១៥០០រៀល​ដដែល។ ហ្គាស​ថោក ​វា​ជួយ​ឱ្យ​យើង​រកលុយ​បាន​ច្រើន ហើយ​ធូរ​ថ្លៃ​។ បើ​ហ្គាស​ថ្លៃ​ វា​ពិបាក ណាមួយ​សេដ្ឋកិច្ច​កំពុង​ពិបាក​ដែរ កូ​វី​ដមិន​ទាន់​ធូរស្រាល យើង​ពិបាក​រកលុយ ហើយ​ភ្ញៀវ​គេ​ជិះ​រក​តែ​ធូរ​ៗថ្លៃ ដល់​ពេល​ហ្គាស​ឡើងថ្លៃ​ វា​ពិបាក»។

យោង​តាម​តម្លៃ​ប្រេងឥន្ធនៈ​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម ឱ្យ​ដឹង​ថា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​ការអនុវត្ត ចាប់ពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ សាំង​ធម្មតា១លីត្រ ​តម្លៃ៣៣៥០រៀល ប្រេងម៉ាស៊ូត១លីត្រ តម្លៃ៣០០០រៀល ខណៈ​សាំង​ស៊ុ​ពពែ១លីត្រ តម្លៃ៣៩០០រៀល។

អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​ម្តុំ​គុក​ទួល​ស្លែង លោក សៅ លឿន និយាយ​ថា កាលពី​អំឡុង​ឆ្នាំ២០២០ តម្លៃ​ប្រេងឥន្ធនៈ​ចុះ​នៅ​ត្រឹម​ប្រហែលជា៣០០០រៀល ធ្វើ​ឱ្យ​ពួក​គាត់​ងាយស្រួល​រកចំណូល​ទ្រទ្រង់​ជីវភាព​គ្រួសារ។ ប៉ុន្តែ​លោក​ថា ក្រោយពី​ស្ថានភាព​កូ​វីដ១៩ ធូរស្រាល​បន្តិច តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​ដល់​ជាង៣០០០រៀល​ទៅ​ជិត៤០០០រៀល​វិញ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ជួប​បញ្ហា​ប្រឈម​ច្រើន ស្រប​ពេល​មិនសូវ​មាន​ភ្ញៀវ​ធ្វើដំណើរ​ច្រើន​ដូចមុន។

លោក​មានប្រសាសន៍​ថា៖ «ពីមុន​ ដឹក​ភ្ញៀវ​ខ្មែរ ភ្ញៀវ​បរទេស​ខ្លះ ឥលូវភ្ញៀវ​បរទេស​អត់មាន ខ្មែរ​មិនសូវ​មាន តាម​ផ្សងព្រេង​ហើយ​ឥលូវ គេ​ហៅ​ជិះ​តែ​ភ្ញៀវ​ស្គាល់​គ្នា​មួយ​ៗ ដល់​ភ្ញៀវ​ប្លែក​ៗ អត់​ជិះ គេ​ហៅ​តែ​កង់​បី​ឥណ្ឌា គេ​ហៅ​តាម​ទូរសព្ទ»។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ មានប្រសាសន៍​ថា ក្រសួង​រ៉ែ ក្រសួងហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម បាន​ធ្វើការ​កំណត់​តម្លៃ​ប្រេង​ឥន្ធ​នៈ​ជា​រៀងរាល់១៥ថ្ងៃ​ម្តង ស្របតាម​ទីផ្សារ​អន្តរជាតិ។ លោក​បន្ត​ថា តម្លៃ​ប្រេង​ឥន្ធនៈ​ឡើងថ្លៃឬធ្លាក់ចុះ គឺ​អាស្រ័យ​ទៅលើ​តម្លៃ​ប្រេង​ឥន្ធនៈ​ទីផ្សារ​អន្តរជាតិ ដោយក្រុម​ហ៊ុន​ប្រេងឥន្ធនៈ​មិន​អាច​លក់​តម្លៃ​ចុះ​ជាង​តម្លៃ​ទីផ្សារ​អន្តរជាតិ​បាន​នោះ​ទេ។

លោក​ថា៖ «សព្វថ្ងៃ​យើង​យក​តម្លៃ​ប្រេង​ជាមធ្យម​ពីទី​ផ្សារ​អន្តរជាតិ នៅ​ប្រទេស​សិង្ហបុរី បើ​ចង់បាន​តម្លៃ​ធ្លាក់ចុះ​ដូច​សម័យ​កូ​វីដ យើង​ដឹង​ហើយ​សម័យ​កូ​វីដ ផលិតកម្ម​ទាំងអស់ ជាពិសេស​ការ​ដឹកជញ្ជូន យើង​ឃើញ​យន្តហោះ​ឈប់​សម្រាក​អស់ហើយ ការ​ដឹកជញ្ជូន​ផ្សេងទៀត​ក៏ដោយ ផលិតកម្ម​ក៏​មានការ​ថមថយ​ដែរ ដូច្នេះ​ប្រេង​បានន័យ​ថា ការផលិត​មក​ច្រើនជាង​តម្រូវការ​ ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ធ្លាក់ចុះ ប៉ុន្តែ​ឥលូវធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​បន្តិចមក​វិញ»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹម​អេង មានប្រសាសន៍​ថា ក្នុង​ស្ថានភាព​កូ​វីដ១៩នេះ រដ្ឋាភិបាល​ត្រូវ​យកចិត្ត​ទុកដាក់​រក្សា​នូវ​តម្លៃ​ប្រេងឥន្ធនៈ រួមមាន ប្រេងសាំងនិង​ហ្គាស ឱ្យ​នៅ​តម្លៃ​ទាប ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកបរបរ​រត់​រថយន្តឈ្នួល និង​ម៉ូតូ​កង់​បី ឬម៉ូតូឌុប​ជាដើម ដើម្បី​ជួយ​សម្រួល​ឱ្យ​ពួក​គាត់​មានលទ្ធភាព​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​គ្រួសារ​បាន។

លោក​មានប្រសាសន៍​ថា៖ «រាជរដ្ឋាភិបាល​គាត់​គួរតែ​មាន​មធ្យោបាយ​ដោះស្រាយ​នូវ​បញ្ហា​ប្រេងឥន្ធនៈ វា​នៅក្នុង​កម្រិត​មួយ​នៅនឹង ហើយ​អាច​ឱ្យ​ចុះ​ទាប​ជាង​នេះ វា​អាច​ជួយ​បង្កើន​ប្រាក់ចំណូល​សម្រាប់​ពួក​គាត់​ដែរ បើមិនអញ្ចឹងទេ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួក​គាត់​ដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ