ក្រសួង​​ថា​ ភ្ញៀវ​​ទេសចរ​​អន្តរ​ជាតិ​​មក​​កម្ពុជា​​ក្នុង​​ឆ្នាំ​២០២០​ធ្លាក់ចុះ​៨០​% ​ធៀប​​នឹង​​ឆ្នាំ​២០១៩​

ភ្ញៀវទេសចរធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (រូបភាព៖ បញ្ញា ឆពណ្ណ)

ក្រសួងទេសចរណ៍ ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០២០ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តែ១,៣១ លាន​នាក់ ដែល​ចំនួន​នេះ​មានការ​ថយ​ចុះ៨០​% និង​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង៩លាន​នាក់ ថយ​ចុះ២០​% បើ​ធៀប​នឹង​ឆ្នាំ២០១៩។

នៅក្នុង​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី២ នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃម្សិលមិញ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ត្រូវ​បាន​ស្រង់​សម្តី​មក​ផ្សព្វផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​របស់ក្រ​សួង​ថា ការ​ថយ​ចុះ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិនិង​អន្តរជាតិ​នេះ ដោយសារតែ​ពិភពលោក ក៏ដូចជា​កម្ពុជា បាន​និង​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩។

លោក​បាន​ថ្លែង​ថា៖ «ស្ថិត​ក្នុង​បរិការណ៍​ប្រឈម​ខាងលើ ​[វិបត្តិ​កូ​វីដ១៩​] ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ត្រឹមតែ​ប្រមាណ១,៣១លាន​នាក់ ក្នុង​ឆ្នាំ២០២០ ថយ​ចុះ៨០​% ធៀប​នឹង​ឆ្នាំ២០១៩»។

តែ​យ៉ាងណា លោក​ថា សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង បាន​បង្ហាញ​សញ្ញា​នៃ​ការ​ងើបឡើង ដោយ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ប្រមាណ៩លាន​នាក់ ថយ​ចុះ២០​% ដែល​និន្នាការ​នេះ​បាន​ជួយ​ទ្រទ្រង់​វិស័យ​ទេសចរណ៍​កម្ពុជា​មួយ​ផ្នែក ពិសេស​បាន​ជួយ​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​មួយចំនួនបើក​ដំណើរការ​ឡើងវិញ ស្របតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​បាន​បង្កើត​ប្រាក់ចំណូល​ដោយ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ផង​ដែរ។

យោង​តាម​ទិន្នន័យ​របស់ក្រ​សួង​ទេសចរណ៍ កាលពី​ឆ្នាំ២០១៩ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ សរុប​ចំនួន៦,៦១លាន​នាក់ កើនឡើង៦,៦ភាគរយ និង​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​មាន​ជាង១១,៥លាន​នាក់ កើនឡើង​ប្រមាណ២ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៨។

បើ​តាម​ក្រ​សួង​ទេសចរណ៍ វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាស​កល ទាំង​អាយុ​ជីវិ​របស់​មនុស្សជាតិ វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​របស់​ពិភពលោក ក្នុង​នោះ​ប្រទេស​កម្ពុជា​ក៏​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផង​ដែរ។ 

ក្រសួង​បន្ត​ថា ក្រៅពី​បង្ក​ការ​ឆ្លង​រីក​រាលដាល​ដល់​ប្រជាពលរដ្ឋ ផល​ប៉ះពាល់​នៃ​ជំងឺ​នេះ​ក៏​បង្ក​ជា​វិបត្តិ​ដល់​វិស័យ​មួយចំនួន​ផង​ដែរ ពិសេស​គឺ​វិស័យ​ការងារនិង​វិស័យ​ទេសចរណ៍ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ជាង​គេ ទើប​រាជរដ្ឋាភិបាល​សម្រេច​បញ្ចេញ​កញ្ចប់​ថវិកានិង​ចំណាត់ការ​គ្រប់រូប​ភាព ដើម្បី​ជួយ​ទ្រទ្រង់​ដល់​វិស័យ​ទាំងពីរ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ