មនុស្ស​​ពីរ​​នាក់​​ស្លាប់​​ក្នុង​​គ្រោះ​​អគ្គិ​ភ័យ​​ឆេះ​​ឃ្លាំង​​ស្តុក​​ទំនិញ​​មួយ​​កន្លែង​នៅ​​ខណ្ឌ​​បឹងកេង​កង

ឃ្លាំង​ស្តុក​ទំនិញ​របស់​ក្រុម​ហ៊ុន​ឡុងភឿង ក្រោយត្រូវបានអគ្គិភ័យលេបត្របាក់កាលពីយប់ឈានចូលថ្ងៃទិ២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅ​សង្កាត់​ទួលស្វាយព្រៃ១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ។ (វ៉ា សុភានុត)

​បុរស​ជា​កម្មករ​ចំនួន២នាក់បាន​ស្លាប់ក្នុង​គ្រោះ​អគ្គិ​ភ័យ​ឆេះ​ឃ្លាំង​ស្តុក​ទំនិញ​របស់​ក្រុម​ហ៊ុន​ឡុងភឿង ស្ថិតនៅ​សង្កាត់​ទួលស្វាយព្រៃ១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ។

អធិការរង​នគរបាល​ខណ្ឌ​បឹងកេងកង លោក កុយ ខាន់​ណា​រិទ្ធ បានឱ្យ​ដឹង​ថា ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះបាន​កើតឡើង​កាលពី​យប់​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​ចំនួន៤ល្វែង ក្នុង​នោះ​មានផ្ទះ​មួយ​ល្វែង​ជាទី​តាំង​ឃ្លាំង​របស់​ក្រុម​ហ៊ុន​ឡុងភឿង បណ្តាល​ឱ្យ​បុរស​ពីរ​នាក់ដែល​ធ្វើការនិង​ស្នាក់នៅ​ក្នុង​ឃ្លាំង​នោះ​បាន​ស្លាប់​បាត់បង់ជីវិត។ 

លោក​ថា៖ «មាន​មនុស្ស​ពីរ​នាក់ដែល​ជា​កម្មករ​ឃ្លាំង ត្រូវ​បាន​ស្លាប់»។

លោក​បន្ត​ថា ឃ្លាំង​ដាក់​អីវ៉ាន់​របស់​ក្រុមហ៊ុន​នោះមាន​ផ្ទុក​អីវ៉ាន់​ជាច្រើនដែល​សុទ្ធសឹងតែ​នាំចូល​ពី​ប្រទេស​វៀតណាម ដូចជា ថង់​ប្លាស្ទិក និង​ខ្នងកង់ ជាដើម។

អធិការរង​ខណ្ឌ​បឹងកេងកង​រូប​នេះបានឱ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​កំពុង​សាកសួរ​នាំម្ចាស់​ឃ្លាំង​ជុំវិញ​មូលហេតុ​នៃ​ការ​ឆេះ​នេះ ដោយ​សមត្ថកិច្ច​នៅ​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា​យ៉ាងណា​នៅឡើយ។

អ្នកស្រី ឡាយ សូ​ហ្គិច អាយុ៥០ឆ្នាំ ជា​ប្រជាពលរដ្ឋ​ម្នាក់ទៀត​ដែល​មានផ្ទះ​នៅ​ក្បែរ​ឃ្លាំង​ដែល​ឆេះ​នោះ បាន​និយាយ​ថា អគ្គិភ័យ​បាន​ឆាបឆេះ​ប្រហែលជា​ម៉ោង១ភ្លឺ ដែល​ពេលនោះ គ្រួសារ​របស់​អ្នកស្រី​កំពុង​សម្រាន្ត​លង់លក់​នៅ​ឡើយ។ អ្នកស្រី​បន្ត​ថា អ្នកស្រី​បាន​ភ្ញាក់​ដឹងខ្លួននៅពេល​អ្នកជិតខាង​ស្រែក​ប្រាប់ថា​មាន​អគ្គិភ័យ​កើតឡើង។

អ្នកស្រីមានប្រសាសន៍​ថា៖ «ភ័យ​ណាស់ ភ័យ​ឡើង​បាត់ព្រលឹង ខ្ញុំ​ចេញ​មក ខ្ញុំ​ឃើញ​ភ្លើង​ឆេះ […] បាត់ព្រលឹង​អស់រលីង ចេញ​មកដល់​នឹង​[មុខ​ផ្ទះ​] ភ្លើង​វា​មាន​ខ្យល់ វា​បក់​មក និយាយ​ពី​ថា​ក្ដៅ ឆេះ​លឿន​មែន​ទែន​ហ្មង ឆេះ​លឿន​ណាស់​ ភ័យ​ណាស់​ គួរ​ឱ្យ​ខ្លាច»។

ស្នងការ​រង​ទទួល​ផែនការ​ងារ​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ និង​អគ្គិភ័យ លោក ឈាង ផាន់​ណា​រ៉ា មានប្រសាសន៍​ថា នាយកដ្ឋាន​នគរបាល​ពន្លត់​អគ្គិភ័យ បាន​ប្រើប្រាស់​រថយន្ត​ចំនួន២០គ្រឿង ស្មើ​នឹង១០០ជើង និង​ចំណាយពេល​ជិត៦ម៉ោង ដើម្បី​ពន្លត់​អគ្គិ​ភ័យ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ