ស្រ្តី​​ខ្មែរ​​រង​គ្រោះ​​ដោយ​​ការ​​ជួញដូរ​​នៅ​​ចិន​​ដែល​​ដង្ហោយ​​រក​​អ្នក​ជួយ​​តាម​​ហ្វេស​ប៊ុក​ បាន​​មក​ដល់​​កម្ពុជា​

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​ស្រ្តី​ខ្មែរ​រងគ្រោះ​ដែល​បង្ហោះ​សារ​រក​ជំនួយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក កាលពី​ខែធ្នូ ត្រូវ​បាន​អាជ្ញាធរ​ជួយ​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​រូប​គាត់​ត្រូវ​បាន​ឃាត់ទុក​នៅ​ប៉ុស្តិ៍​ប៉ូលិ​សចិន អស់​រយៈពេល​ជាង១ខែ។ 

ស្រ្តី​រងគ្រោះ​ម្នាក់​ដែល​មាន​ស្រុកកំណើត​ក្នុង​ខេត្តក្រចេះ និង​បានសម្រេច​ចាកចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន តាម​ការ​អូសទាញ​របស់​មេខ្យល់​នៅឆ្នាំ២០១៨ ក្នុង​វ័យ១៧ឆ្នាំ ប្រាប់ VOD ឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា នាង​បាន​មកដល់​កម្ពុជា​វិញហើយ ជាមួយ​ស្រ្តី​ខ្មែរ​ម្នាក់​ផ្សេងទៀត កាលពី​ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពី​អាជ្ញាធរ​ចិន​ឃុំ​ទុក​នៅ​ទីស្នាក់ការ​របស់​ប៉ូលិ​សក្នុង​តំបន់​អស់​រយៈពេល​ប្រមាណ៩០ថ្ងៃ។ 

ស្រ្តី​រងគ្រោះ​ដដែល ប្រាប់​ថា ប៉ូលិ​សចិន​បាន​ជូន​គាត់​ដល់​ព្រលា​នយន្តហោះ​នៅ​ប្រទេស​ចិន ហើយ​ពេល​នាង​ដល់​ព្រលា​នយន្តហោះ​អន្តរជាតិ​ពោធិ៍ចិនតុង មាន​អាជ្ញាធរ​កម្ពុជាទៅ​ទទួលនិង​ជូន​នាង​ឱ្យមក​ស្នាក់នៅ​ក្នុង​ស្នាក់​ការ​ប៉ូលិ​សមួ​យកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ចត្តាឡីស័​ក។

ជនរងគ្រោះ​រូប​នេះ​ប្រាប់​ថា៖ «ដូច​បាន​កើត​ម្តង​ទៀ​តអ៊ីចឹង! ប៉ុណ្ណឹង​រំភើប! មកដល់​ខ្មែរ​រំភើប​ប៉ុណ្ណឹង​ហើយ ប្រសិន​បាន​ទៅដល់​ផ្ទះ​ជួប​គ្រួសារ​ទៀត មិនដឹង​រំភើប​ប៉ុណ្ណា​ទេ»។

ម្តាយ​ស្រ្តី​រងគ្រោះ ប្រាប់​ថា គាត់​គេង​មិន​លក់​ពេញ​មួយ​យប់ ដោយសារ​ត្រេកអរ​ពេល​ឮដំណឹង​ថា កូនស្រី​ត្រូវ​បាន​ជួយសង្គ្រោះ​មកដល់​កម្ពុជា​វិញ។ អ្នកស្រី​បន្ត​ថា កូនស្រី​របស់​គាត់​បាន​ផ្តាំ​ឱ្យ​គាត់​ផ្ញើ​ខោអាវ​សម្រាប់​ទុក​ឱ្យ​នាង​ផ្លាស់​ប្តូរ ដោយ​ថា អំឡុង​ពេល​នៅក្នុង​ប្រទេស​ចិន រយៈពេល៤ឆ្នាំ គ្រួសារ​បុរស​ចិន​មិនបាន​ទិញ​ខោអាវ​ឱ្យ​នាង​ស្លៀក និង​មិនបាន​ផ្តល់​លុយ​ឱ្យ​នាង​នោះ​ទេ។ 

អ្នកស្រីបន្ថែម​ថា គាត់​ចង់ទៅ​ជួប​កូនស្រី​ណាស់ ប៉ុន្តែគាត់​សោក​ស្តាយ​ដែល​មិនទាន់​មានលទ្ធភាព​ចំណាយ​លើ​ការ​ធ្វើដំណើរ និង​ម្យ៉ាង​កូនស្រី​របស់​គាត់កំពុង​ឋិត​ក្នុង​ការ​ធ្វើ​ចត្តាឡីស័​ក១៤ថ្ងៃ ដែល​មិន​អនុញ្ញាត​ឱ្យ​សាច់​ញាតិ​ជួប​សួរសុខទុក្ខ​ដោយ​ផ្ទាល់​នៅឡើយ។ 

អ្នកស្រី​ប្រាប់​ថា៖ «ចង់​លោកគ្រូ! ប៉ុន្តែ​អត់​លុយ ហើយ​ឮគេ​ថា​អត់​បាន​ជួប​ផ្ទាល់​ទៀត។ ទាល់​គេ​ឃុំ​[ធ្វើ​ចត្តាឡីស័​ក]បាន​ពីរ​អាទិត្យ បាន​យើង​បាន​ទៅ​យកកូនមក​ផ្ទះ​ហ្មង»។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ប្រាប់ VOD ឱ្យ​ដឹង​តាមសារ​ប្រព័ន្ធ​តេឡេក្រាម​(Telegram​)ថា ក្រសួង​បាន​ជួយ​សម្របសម្រួល​បញ្ជូន​ស្រ្តី​រងគ្រោះ​ខាងលើ រួម​ជាមួយ​ស្រ្តី​រងគ្រោះ​ម្នាក់​ផ្សេងទៀត ឱ្យ​បាន​មកដល់​កម្ពុជា នៅ​ល្ងាច​ថ្ងៃពុធ ទី២៧ ខែមករា។

លោក​ឱ្យ​ដឹង​បន្ថែម​ថា ស្ថានទូត​កម្ពុជាក៏បាន​ជួយ​ស្រ្តី​រងគ្រោះ៨នាក់​ផ្សេងទៀតមក​ដល់​ព្រលា​នយន្តហោះ​ភ្នំពេញ នៅ​យប់​ថ្ងៃជា​មួយ​គ្នា​នេះ​ដែរ តាម​ជើងហោះហើរ​មួយផ្សេងទៀតពី​ព្រលា​នយន្តហោះ​ខេ​ត្ត​ហ្វូ​ជាន ប្រទេស​ចិន។ 

ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នីតិជន លោក ជាវ ផល្លី មិនទាន់​អាច​ផ្តល់​ព័ត៌មាន​ជុំវិញ​ជនរងគ្រោះ​ដែល​សង្គ្រោះ​បាន​នៅឡើយ ដោយសារ​ពួក​គេ​ត្រូវ​ឆ្លងកាត់​វិធានការ​ធ្វើ​ចត្តាឡីស័​ក១៤ថ្ងៃជា​មុន​សិន ខណៈ​ជនរងគ្រោះ​កំពុង​ត្រូវ​បាន​ជួយសង្គ្រោះ​ជាបន្តបន្ទាប់។ 

លោក ជាវ ផល្លី ប្រាប់​ថា៖ «យើង​សង្គ្រោះ​ជាបន្តបន្ទាប់​ហ្នឹង ត្រឡប់មកវិញ​ជាបន្តបន្ទាប់​ហ្នឹង ហើយ​កំពុងតែ​រង់ចាំ​វិធាន​ចត្តាឡីស័ក។ ក្រោយ​ចត្តាឡីស័ក ​យើង​នឹង​ចាត់ការ​បន្ត។ យើង​នឹង​សម្ភាសស្វែងរក​មេខ្យល់ ចាត់ការ​តាមផ្លូវ​ច្បាប់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ