ក្រសួង​​ថា ​ឆ្នាំ​២០២០​សណ្ឋា​គារ​​និង​​ភោជ​នីយ​ដ្ឋាន​​ប្រហែល​៣០​%​បិទ​ទ្វារ​ដោយ​សារ​​វិបត្តិ​​កូ​វីដ​១៩​​

ទិដ្ឋភាពនៅតំបន់មួយកន្លែងស្ថិតក្នុងក្រុងព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ (ហង់ សុខហុង)

ក្រសួងទេសចរណ៍ រក​ឃើញថា ក្នុង​ឆ្នាំ២០២០ ភោជនីយដ្ឋាន ផ្ទះសំណាក់ និង​សណ្ឋាគារ ប្រហែលជា៣០​% ក្នុ្ងចំណោម​ប្រមាណ១ម៉ឺន​ទីតាំង បាន​បិទទ្វារឬផ្អាក​ដំណើរការ​បណ្តោះអាសន្ន ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ១៩។

អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុប សុ​ភ័ក ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃសុក្រ​នេះ​ថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍ ក្នុង​នោះក៏បាន​ប៉ះពាល់​ដល់​អាជីវកម្ម​មួយចំនួនដូចជា សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ផង​ដែរ។ 

លោក​បន្ត​ថា ក្នុង​ឆ្នាំ២០២០ សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ ប្រហែល​ជាង២ពាន់​ទីតាំង ឬស្មើ​ប្រមាណ៣០​% នៃ​ចំនួន​សរុប​ប្រមាណ១ម៉ឺន​ទីតាំងនៅ​ទូទាំង​ប្រទេស បាន​បិទទ្វារឬផ្អាក​ដំណើរការ​បណ្តោះអាសន្ន ខណៈ៧០​%ទៀត​នៅ​ដំណើរការ​ធម្មតាដើម្បី​ទទួលភ្ញៀវ​ទេសចរ​ក្នុង​ស្រុក។

ទោះជា​បែបនេះ​ក្តី អ្នកនាំពាក្យ​រូប​នោះអះអាង​ថា ក្រោយពី​ជួប​បញ្ហា​ប្រឈម​នឹង​ជំងឺ​កូ​វីដ១៩ ធ្វើ​ឱ្យ​ម្ចាស់ហាង និង​ម្ចាស់​សណ្ឋាគារ ឬម្ចាស់ផ្ទះ​សំណាក់ ​បិទទ្វារ​នោះ រដ្ឋាភិបាល​បាន​ជួយ​ដោះស្រាយ​បញ្ហា​នានា​ជូន​បុគ្គលិក​ក្នុង​វិស័យ​នេះនិង​ម្ចាស់​អាជីវកម្ម​ទាំងនោះ​ទៀតផង។

លោក តុប សុ​ភ័ក មានប្រសាសន៍​ដូច្នេះ​ថា៖ «រដ្ឋាភិបាល​មានការ​លើកលែង​ការ​បង់ពន្ធ ក៏ដូចជា​ការ​ផ្តល់​នូវ​ប្រាក់ឧបត្ថម្ភ​ជាគោល​នយោបាយ​ជូន​ដល់​កម្មករនិយោជិត​ដែល​បាត់បង់​ការងារ​ចំនួន៥ទៅ៦ជុំ​ហើយ។ ចូល​ដល់​ខែមករា ឆ្នាំ២០២១នេះ ចូល​ដល់៧ជុំ​ហើយ ៣ខែ​ទៀត​ក្នុង​ឆ្នាំ២០២១ ជា​យន្តការ​របស់​រាជរដ្ឋាភិបាល​បាន​ជួយ​បន្ធូរបន្ថយ មានន័យថា បង់ពន្ធ​ជំនួស​ដល់​ប្រតិបត្តិ​ករអាជីវកម្ម​ទេសចរណ៍​ទាំងអស់»។

បន្ថែម​ពីនេះ លោក សុ​ភ័ក បញ្ជាក់​ថា ក្រោយពី​ស្ថានភាព​កូ​វីដ១៩ធូរស្រាល​ឡើងវិញ ក្រសួង​បាន​ត្រៀម​រៀបចំ​យុទ្ធ​សា​ស្ត្រផ្សេង​ៗសម្រាប់​អនាគត​ថ្មី ដើម្បី​ស្តា​រទេសចរណ៍​នៅ​កម្ពុជា​ឱ្យ​ល្អ​ឡើងវិញ​ផង​ដែរ។

អ្នកគ្រប់គ្រង​សណ្ឋាគារ​មួយ​នៅក្នុង​ខេត្តសៀមរាប សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​ថា សណ្ឋាគារ​របស់​គាត់ ​រួម​ទាំង​សណ្ឋាគារ​ក្បែរ​នោះ ភាគច្រើន​ត្រូវ​បាន​បិទនិង​ផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន ដោយសារ​មិន​មាន​ភ្ញៀវ​ទៅ​ស្នាក់នៅអំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ១៩។

លោ​បន្ត​ថា បច្ចុប្បន្ន​នេះ សណ្ឋាគារ​គាត់​បើក​ដំណើរការ​ធម្មតា ប៉ុន្តែ​មិនសូវ​មាន​ភ្ញៀវ​ចូល​ស្នាក់នៅ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​សណ្ឋាគារ​នេះ​មានការ​ខាតបង់​ច្រើន។

លោក​ថា៖ «បើ​យើង​គិតទៅ​ អូតែល​នៅ​តាមផ្លូវ​បិទ​ជិត​អស់ហើយ យើង​ទុក​នៅ​គ្រាន់តែ​សម្រាប់​មើលថែ បោសសម្អាតកន្លែង​។ ជាក់ស្តែង បើក​ដើម្បី​ចំណេញក៏​មិនមែន​ដើម្បី​ចំណេញ បើក​ដើម្បី​ខាត​ក៏​មិនមែន​ដើម្បី​ខាត គ្រាន់តែ​ថា បើក​កុំឱ្យ​ខូច​សម្ភារ។ បើ​និយាយ​ខាត​ វា​ខាត​ពេក​ហើយ»។

ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ី​វលី​ន មានប្រសាសន៍​ថា ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ ដែល​បិទទ្វារ​ អាច​មាន​ច្រើន​រហូតដល់៤០​%ឯណោះ ព្រោះ​នៅ​មាន​ម្ចាស់​អាជីវកម្ម​មួយចំនួនមិនបាន​ជូនដំណឹង​ទៅ​ក្រសួងទេសចរណ៍ ដោយសារ​មិនបាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ ដូចជា ម្ចាស់​អាជីវកម្ម​ខ្លះ​មាន​អាជ្ញាបណ្ណ​ស្របច្បាប់​តែ​មិនបាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ និង​ខ្លះទៀត​មិន​មាន​អាជ្ញាបណ្ណ​ស្របតាម​ច្បាប់​ការងារ ​ជាដើម។

ទោះជា​បែបនេះ​ក្តី លោកស្រី​អះអាង​ថា ដំណាក់កាល​កូ​វី​ដនេះ រដ្ឋាភិបាល​ត្រូវ​យកចិត្ត​ទុកដាក់​ធ្វើ​យ៉ាងណា​បង្កើត​ការងារ​ដល់​កម្មករ​ដែល​ធ្វើការ​លើ​វិស័យ​ទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ដើម្បី​កុំឱ្យ​ពួក​គេ​ផ្លាស់​ប្តូរ​ការងារ​ថ្មី​ខុសពី​ជំនាញ​របស់​ខ្លួន។ 

លោកស្រី​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​មិន​បង្កើត​ការងារនិង​រក​ការងារ​ឱ្យ​ត្រូវ​ជំនាញ​ពួក​គេ ឬផ្តល់​កម្ចី​អត្រា​ការប្រាក់​ទាប​ជាង​វិស័យ​ធនាគារ​ដល់​ម្ចាស់​អាជីវកម្ម​ទេ នៅពេល​ស្ថានភាព​កូ​វី​ដល្អ​ឡើងវិញ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខ្វះ​ធនធានមនុស្ស ពិបាក​ក្រ​កួត​ប្រជែង​ទីផ្សារ​ជាមួយ​ប្រទេស​ដែល​ជាស​មា​ជិ​កអាស៊ាន។

លោក​បញ្ជាក់​ដូច្នេះថា៖ «វិស័យ​ទេសចរណ៍​របស់​យើង ត្រូវការ​ប្រកួតប្រជែង​ក្នុង​តំបន់​អាស៊ាន បើ​យើង​ខ្វះ​ធនធានមនុស្ស ​[…] កន្លងមក​ យើង​ខ្វះ​រួចហើយ គ្រាន់តែ​យើង​ទទួល​បាន​ជា៦លាន​នាក់​កាលពី​មុខ​កូ​វីដ យើង​ខ្វះ​បាត់​ទៅ​ហើយ[នូវ]​ធនធានមនុស្ស​នៅក្នុង​វិស័យ​ទេសចរណ៍។ បើសិនជា​យើង​បណ្តែតបណ្តោយ​ឱ្យ​ខ្វះ​បន្ត​ទៅទៀត តើ​វា​នឹង​ទៅជា​យ៉ាងណា? មានការ​ប្រកួតប្រជែង​ យើង​ត្រូវ​ចាប់ផ្តើម​សារ​ថ្មី បើ​យើង​បណ្តែតបណ្តោយ​ឱ្យ​ធ្លាក់​ទៅវិញ យើង​ពិបាក​ស្តារ​ណាស់ ដើម្បី​វាយ​ចូលក្នុង​ប្រទេស​អាស៊ាន»។

កាលពី​ថ្ងៃទី២៧ ខែមករា​នេះ ក្រសួងទេសចរណ៍ឱ្យ​ដឹង​ដែរ​ថា ក្នុង​ឆ្នាំ២០២០ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តែ១,៣១លាន​នាក់ ដែល​ចំនួន​នេះ​មានការ​ថយ​ចុះ៨០​% និង​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង៩លាន​នាក់ ថយ​ចុះ២០​% បើ​ធៀប​នឹង​ឆ្នាំ២០១៩។

យោង​តាម​ទិន្នន័យ​របស់ក្រ​សួង​ទេសចរណ៍ កាលពី​ឆ្នាំ២០១៩ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ សរុប​ចំនួន៦,៦១លាន​នាក់ កើនឡើង៦,៦ភាគរយ និង​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​មាន​ជាង១១,៥លាន​នាក់ កើនឡើង​ប្រមាណ២ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៨ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ