ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៖ ភរិយារបស់សកម្មជនបក្សប្រឆាំងមួយរូប បានសុំប្ដូរទីតាំងសម្ភាសពីផ្ទះរបស់គាត់ទៅលំនៅឋានមួយទៀត ព្រោះតែផ្ទះរបស់គាត់ស្ថិតក្រោមការឃ្លាំមើល និងមានទីតាំងនៅក្បែរទីតាំងសាលាឃុំមេមត់។
អ្នកស្រី តឹក សុខឡន គឺជាភរិយារបស់លោក ព្រៅ ចាន់ធឿន ដែលជាអតីតសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតនៅឃុំមេមត់ ជាឃុំមួយដែលដឹកនាំដោយបេក្ខជនជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីបក្សប្រឆាំងមួយនេះឈ្នះការបោះឆ្នោតជាមួយសំឡេងភាគច្រើននៅឆ្នាំ២០១៧កន្លងមក។
នៅក្នុងកិច្ចសម្ភាសក្នុងផ្ទះបិទទ្វារជិតនោះ អ្នកស្រី សុខឡន និយាយថា បច្ចុប្បន្នគាត់កំពុងប្រឈមមុខនឹងភាពភ័យខ្លាចនិងបញ្ហាផ្សេងទៀត បន្ទាប់ពីស្វាមីរបស់គាត់ត្រូវបានចាប់ខ្លួនកាលពីពាក់កណ្ដាលខែមករានេះ។

អ្នកស្រី តឹក សុខឡន ប្រាប់ថា៖ «ឥលូវហ្នឹងរឿងក្រុមគ្រួសារ វាចេះតែភ័យដែររឿងកូនចៅ ព្រោះអីគេតាមដានណាស់នៅហ្នឹង។ ដូច្នេះចេះតែភ័យកូនដែរ ហើយណាមួយផ្ទះខ្ញុំល្វឹងល្វើយ ហើយណាមួយខ្ញុំជាស្ត្រី ចេះតែភ័យដែរ ហើយបញ្ហាជីវភាពអត់មេគ្រួសារក៏មិនស្រួលដែរ តែយើងចេះតែប្រឹងទៅ ព្រោះខ្ញុំបានត្រៀមខ្លួនហើយ។ ប្តីខ្ញុំក៏បានផ្តាំហើយដែរ គាត់ថា គាត់ដើរនយោបាយមួយ បើមិនមិនងាប់ក៏ជាប់គុក បើរស់គឺសុខសាន្តទាំងអស់គ្នា»។
លោក ព្រៅ ចាន់ធឿន អាយុ៤២ឆ្នាំ ត្រូវបានចាប់ខ្លួនរួមគ្នាជាមួយលោក ម៉ក់ សំអាន ដែលជាសមាជិកជាប់ឆ្នោតមួយរូបទៀតនៅក្នុងស្រុកមេមត់ អំឡុងពេលពួកគាត់បង្ហាញខ្លួននៅក្នុងការប្រមូលផ្ដុំមួយនៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ចំថ្ងៃដែលតុលាការមួយនេះបើកសវនាការជំនុំជម្រះសំណុំរឿង «សមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ពាក់ព័ន្ធនឹងសកម្មជនបក្សប្រឆាំងជាង១៣០នាក់ ក្នុងនោះមានទាំងលោក សម រង្ស៊ី ផងដែរ។
អ្នកស្រី សុខឡន រៀបរាប់ទៀតថា អ្វីដែលបានកើតឡើងលើប្តីគាត់ពេលនេះ ហាក់ដូចទៅនឹងក្តីបារម្ភរបស់គាត់ ក្រោយពីឃើញសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតនៅក្នុងឃុំនេះដែលជាសហការីរបស់ស្វាមីគាត់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់មកនោះ បើទោះបីជាពួកគេមិនបានធ្វើសកម្មភាពនយោបាយក៏ដោយ។
អ្នកស្រី តឹក សុខឡន ប្រាប់ថា៖ «ខ្ញុំអត់ដឹងទេ! ឮគេប្រាប់ថា ប្តីខ្ញុំត្រូវគេចាប់ ខ្ញុំមកពីលក់ ខ្ញុំស្លុតគ្មានអីបកស្រាយ។ ដល់អ៊ីចឹង ខ្ញុំចេះតែនឹង[មាន]អារម្មណ៍មួយថា ប្តីខ្ញុំមើលទៅមិនអាចរត់រួចទេ ព្រោះគាត់គេចយូរហើយដែរ។ គាត់ទៅដល់ភ្នំពេញទៀត គេតាមតាំងពីថ្ងៃ៤។ និយាយទៅ គាត់មិនដែលបានដេកស្រួលទេ២ឆ្នាំពេញហើយ។ គាត់ចេះតែទៅហើយ តាមមើលគេ[សវនាការ] ខ្ញុំគិតថា អើ!យើងគិតតែខំ ម៉ែកូនធ្វើការរកស៊ីបានប៉ុណ្ណា ខ្ញុំគិតប៉ុណ្ណឹង»។
អាជីវករអាយុ៤១ឆ្នាំរូបនេះដែលកំពុងរ៉ាប់រងការចិញ្ចឹមបីបាច់កូន៣នាក់តែម្នាក់ឯងនោះ និយាយទៀតថា ប្តីគាត់ជាមនុស្សចុងក្រោយគេក្នុងចំណោមក្រុមប្រឹក្សាជាប់ឆ្នោតនៅឃុំមេមត់នេះដែលមិនបានរត់គេចខ្លួនទៅក្រៅប្រទេស។
មុនរំលាយ គណបក្សប្រឆាំងដណ្តើមបានតំណែងប្រធានក្រុមប្រឹក្សាឬមេឃុំចំនួន១៦ នៅក្នុងខេត្តត្បូងឃ្មុំនេះ អំឡុងការបោះឆ្នោតឆ្នាំ២០១៧ ក្នុងនោះមានឃុំមេមត់មួយផងដែរ ដែលបក្សប្រឆាំងទទួលបាន៦អាសនៈ គណបក្សប្រជាជនកម្ពុជា ទទួលបាន៥អាសនៈ។
លោក លាភ សុខផេង មកពីគណបក្សប្រឆាំងជាប់ជាប្រធានក្រុមប្រឹក្សាឬមេឃុំ ហើយសហការីគាត់៥រូបទៀត រួមទាំងលោក ព្រៅ ចាន់ធឿន ផង ជាប់ជាសមាជិកក្រុមប្រឹក្សាដឹកនាំរដ្ឋបាលឃុំមួយនេះ។
រីឯលោក ម៉ែន សំអុល មកពីគណបក្សកាន់អំណាចដែលធ្លាប់ជាមេឃុំ ធ្លាក់មកនៅជំទប់ទី២ មុននឹងលោកបានកាន់តំណែងជាមេឃុំវិញ ក្រោយគណបក្សប្រឆាំងត្រូវបានរំលាយ។ នៅឯសាលាឃុំមេមត់ លោក ម៉ែន សំអុល សុំមិនធ្វើអត្ថាធិប្បាយជុំវិញការលើកឡើងនេះទេ ដោយគ្រាន់តែនិយាយថា ការចាប់ខ្លួនអតីតសមាជិកជាប់ឆ្នោតនៃក្រុមប្រឹក្សាឃុំមេមត់ វាជាចំណាត់ការរបស់ថ្នាក់ជាតិ។
ប៉ុន្តែលោក លាភ សុខផេង អាយុ៥៩ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ជាមួយលោក អ៊ុំ យ៉េត ជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិរបស់បក្សប្រឆាំងនៅក្រុងសួង ដែលពួកគេរងការចោទដូចលោក ព្រៅ ចាន់ធឿន។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ធ្លាប់ប្រាប់វីអូឌីថា ការចាប់ខ្លួនពួកគាត់គឺជាការអនុវត្តច្បាប់តាមដីការបស់តុលាការខេត្តត្បូងឃ្មុំ ដែលអ្នកចាប់ខ្លួនជាប់ពាក់ព័ន្ធទៅនឹងបទល្មើស«សមគំនិតក្នុងអំពើញុះញង់ប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរក្នុងសង្គម»។
អ្នកស្រី ពុយ ច័ន្ទលី ភរិយារបស់លោក ម៉ក់ សំអាន និយាយរៀបរាប់ថា ក្រោយពីប្តីគាត់ត្រូវបានចាប់ខ្លួន គាត់កំពុងមានក្ដីបារម្ភនិងប្រឈមបញ្ហាជាច្រើន ដែលតម្រូវឱ្យគាត់ចេញមុខដោះស្រាយតែម្នាក់ឯង។

ប៉ុន្តែស្រ្តីអាយុ៤០ឆ្នាំរូបនេះ និយាយថា ការស្លុតចិត្តនេះវាបានថមថយទៅវិញ នៅពេលដែលគាត់នឹកឃើញបណ្តាំប្តីដែលធ្លាប់និយាយប្រាប់មុនចូលធ្វើនយោបាយជាមួយគណបក្សប្រឆាំង។
អ្នកស្រី ពុយ ច័ន្ទលី ប្រាប់ថា៖ «ខ្ញុំត្រៀមចិត្តយូរហើយ។ ត្រៀមដើម្បីអ្វី? ព្រោះដឹងថា ប្តីខ្ញុំមិនស្ថិតស្ថេរទេខាងនយោបាយហ្នឹង មានតែជាប់គុក ហើយនិងស្លាប់ប៉ុណ្ណឹង! គឺខ្ញុំត្រៀមចិត្តយូរហើយ។ អ៊ីចឹងបានជាខ្ញុំមិនសូវជាតក់ស្លុតប៉ុន្មានទេ ព្រោះខ្ញុំដឹងអស់ហើយ បើយើងឆុងៗថ្មីពេក [មិនបានត្រៀមចិត្ត] អាហ្នឹងស្លុតដូចគ្នាហ្នឹង»។
ស្ត្រីមានកូន៣នាក់រូបនេះ និយាយទៀតថា គាត់មិនបាក់ទឹកចិត្តទេ ដោយថា ប្តីគាត់ដែលត្រូវចាប់ខ្លួននោះមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ឡើយ។
អ្នកស្រី ពុយ ច័ន្ទលី ប្រាប់ថា៖ «ខ្ញុំសូមផ្តាំទៅស្ត្រីគ្រប់គ្នាដែលប្តីជាប់ឃុំដូចជាប្តីនាខ្ញុំ ដែលគេបានចាប់ប៉ុន្មានថ្ងៃមុននេះ សូមឱ្យយើងតាំងជំហរឡើង ព្រោះប្តីរបស់ពួកយើងធ្វើមិនមែនខុសទេ គឺធ្វើនេះត្រឹមត្រូវណាស់ ព្រោះគាត់ស្រឡាញជាតិសាសន៍របស់យើង មិនឱ្យជាតិសាសន៍របស់យើងបាត់បង់ទៅមុខទៀត ឱ្យវាផ្អាកត្រឹមហ្នឹងចុះ។ ក្មេងជំនាន់ក្រោយក៏អ៊ីចឹងដែរ កុំគិតតែសប្បាយភ្លើតភ្លើន ឱ្យគិតពីអនាគត គិតពីជាតិ»។
វិធានការចាប់ខ្លួនក្រុមប្រឹក្សាជាប់ឆ្នោតមកពីគណបក្សប្រឆាំង បានចាប់ផ្តើមជាបន្តបន្ទាប់ជាង២ឆ្នាំមកនេះ ក្រោយពីមានសាលដីការំលាយរបស់តុលាការកំពូល ចុះថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧។
មុនរំលាយ គណបក្សសង្គ្រោះជាតិក្ដោបក្ដាប់អាសនៈជាប់ឆ្នោតនៅតាមក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៥០០៧ ក្នុងនោះតំណែងប្រធានក្រុមប្រឹក្សា ឬមេឃុំ-ចៅសង្កាត់ ចំនួន៤៨៩ ខណៈទទួលបានសន្លឹកឆ្នោតជាង៣លាន ស្មើនឹង៤៣,២៧ភាគរយ ប្រហាក់ប្រហែលនឹងបក្សកាន់អំណាចបច្ចុប្បន្នដែរ។
តែអាសនៈទាំងអស់ត្រូវបានរឹបអូសយកទៅចែកបក្សផ្សេងដែលពលរដ្ឋមិនបានបោះឆ្នោតឱ្យទៅវិញ តាមស្មារតីច្បាប់មួយចំនួនដែលតំណែងរាស្ត្របក្សកាន់អំណាចធ្វើវិសោធនកម្មត្រៀមទុកមុន។
ប្រធានផ្នែកសិទ្ធិមនុស្សសមាគមអាដហុក លោក នី សុខា មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ អតីតសកម្មជនបក្សប្រឆាំងដែលបង្ហាញជំហរនៅស្មោះស្ម័គ្រនឹងបក្សរបស់ខ្លួននោះ ពួកគេតែងតែទទួលរងនូវការយាយី ដូចជា ការលបវាយឱ្យរបួសពីជនមិនស្គាល់មុខ ការចោទប្រកាន់ និងការចាប់ឃុំខ្លួន ជាដើម។
លោកក្រើនរំឭកថា រូបភាពនេះហាក់ឆ្លើយតបទៅនឹងសហគមន៍អន្តរជាតិ ដែលវាយតម្លៃថា របត់នយោបាយនៅកម្ពុជាកំពុងដើរចេញពីគន្លងប្រជាធិបតេយ្យ បើមិនប្រញាប់ស្តារស្ថានការណ៍នេះឡើងវិញ។
លោកថា កត្តានេះនឹងជំរុញប្រទេសជាតិទាំងមូលឱ្យប្រឈមកាន់តែខ្លាំងទៅនឹងវិបត្តិអត់ការងារធ្វើដល់ស្រទាប់កម្មករក្នុងវិស័យកាត់ដេរនិងពលរដ្ឋក្រីក្រនៅមូលដ្ឋាន។
លោកថា៖ «អាហ្នឹងហើយដែលធ្វើឱ្យបណ្តាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យដែលមានសហភាពអឺរ៉ុបក្តី សហរដ្ឋអាមេរិកក្តី អ្នកជំនាញអង្គការសហប្រជាជាតិក្តី ដែលគេបានចាត់ទុកថា ប្រទេសកម្ពុជាកំពុងតែដើរប្រាសចាកពីគន្លងនៃការអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សហើយ»។
ទោះជាយ៉ាងណា អ្នកស្រី តឹក សុខឡន ដែលប្តីគាត់កំពុងឃុំខ្លួននៅពន្ធនាគារខេត្តត្បូងឃ្មុំ ទាមទារឱ្យរដ្ឋាភិបាលដោះលែងប្តីគាត់ឱ្យមានសេរីភាពវិញ ដោយចាត់ទុកថា ស្វាមីគាត់មិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ទេ។
អ្នកស្រី តឹក សុខឡន ប្រាប់ថា៖ «និយាយរួមទៅ ចាប់ប្តីខ្ញុំ អ្នកខ្លះគេថាជារឿងអាម៉ាស់ បើចំពោះខ្ញុំ វាជាកិត្តិយស៌របស់ខ្ញុំ ប្តីខ្ញុំគាត់លះបង់ដើម្បីប្រទេសជាតិ។ ខ្ញុំគាំទ្រទៅចុះ ខ្ញុំគាំទ្រទៅហើយ។ គាត់លះបង់មិនមែនបុគ្គលទេ ដើម្បីប្រជាពលរដ្ឋទាំងអស់គ្នា បើដើម្បីបុគ្គល គាត់នៅផឹកនៅស៊ី មិនចាំបាច់ទៅលិចទៅកើតអ៊ីចឹងទេ។ អ៊ីចឹងបានខ្ញុំសូមរដ្ឋាភិបាលកុំធ្វើអ៊ីចឹងអី ដោះលែងគាត់ទៅ គាត់គ្មានកំហុសអីទេ។ ពីមុនមក គាត់អតីតមែន តែតាំងពីគេរំលាយមក គាត់មានធ្វើអ្វីទៀត ខ្ញុំសូមប៉ុណ្ណឹងៗទេ»៕