កសិករឥណ្ឌាតវ៉ាបង្អត់អាហារប្រឆាំងច្បាប់ថ្មី

កសិករឥណ្ឌាតវ៉ានៅក្រុងញូដេលីប្រឆាំងច្បាប់ថ្មីនៅថ្ងៃទី២៦ខែមករាឆ្នាំ២០២១។ រូបពីAP

កសិករឥណ្ឌារាប់សែននាក់តវ៉ាបង្អត់អាហារពេញមួយថ្ងៃនៅថ្ងៃសៅរ៍នេះ ដើម្បីបង្ហាញការមិនពេញចិត្តចំពោះច្បាប់ថ្មីដែលផ្តល់ប្រយោជន៍ច្រើនដល់ឈ្មួញធំៗ ខណៈកសិករត្រូវចំណាយដើមទុនច្រើនក្នុងការធ្វើកសិកម្ម។​

តាមការចុះផ្សាយរបស់សារព័ត៌មានChannel News Asia  បានឱ្យដឹងថា កសិកររាប់សែននាក់ បាននាំគ្នាបោះជុំរុំតវ៉ានៅជាយក្រុងញូដេលីប្រមាណ២ខែមកហើយ ដើម្បីទាមទារឱ្យគិតគូពីផលប្រយោជន៍របស់ពួកគេ។ អ្នកតវ៉ាអះអាងថា ច្បាប់បានផ្តល់ប្រយោជន៍លើសលប់ដល់ក្រុមហ៊ុនធំៗជាឈ្មួញទិញកសិផល។​

កាលពីសប្តាហ៍មុនមានការប៉ះទង្គិចគ្នារវាងអ្នកតវ៉ា និងសមត្ថកិច្ចដែលបណ្តាលឱ្យអ្នកតវ៉ាម្នាក់ស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស។​

លោក Samyukt Kisan Morcha មេដឹកនាំកសិករតវ៉ាបញ្ជាក់ថា ការបង្អត់អាហារជាសញ្ញាបញ្ជាក់ប្រាប់មេដឹកនាំថា ការតវ៉ាធ្វើឡើងដោយសន្តិវិធី ទាមទារឱ្យដោះស្រាយទុក្ខលំបាករបស់កសិករ។​

លោក Samyukt Kisan Morcha៖«ចលនារបស់កសិករធ្វើឡើងដោយសន្តិវិធីនៅពេលនេះ ហើយពេលបន្ទាប់ក៏ធ្វើឡើងដោយសន្តិវិធីដែរ»។​

ឥណ្ឌាមានប្រជាជន១,៣ពានលាននាក់ ជាប្រទេសមានប្រជាជនច្រើនលំដាប់ទី២បន្ទាប់ពីចិន។ ប្រជាជនឥណ្ឌា៥០ភាគរយជាកសិករ។ ចំពោះបញ្ហាច្បាប់ថ្មីនេះតំណាងកសិករ និងរដ្ឋាភិបាលបានជួបចរចាចំនួន​១១លើកហើយ តែនៅមិនទាន់ទទួលបានផលនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ